សៀមរាបៈ ជាមួយ​សាវតារកើត​ក្នុង​ត្រកូលអ្នក​​ជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ​ តាំង​ពីជីតាបន្ត​រហូត​ដល់​ឪពុក​បង្កើត លោក អិក អៀម ​បាន​​ដាក់​ក្ដីស្រឡាញ់​ និង​មោទនភាព​ ក្នុង​ការ​បំពេញ​ការងារ​​ជំនាញ​បន្ត​៣​ជំនាន់ ទោះ​ជា​ប្រាក់​ចំណូល ដែល​លោក​ទទួល​បាន​​មិន​ជា​ច្រើន​ក្ដី។


ស្ថិត​ក្នុង​វ័យ ៦២​ ឆ្នាំ លោក អៀម មានកំណើត​កើត​ជា​នៅ​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប និង​ត្រូវ​បាន​ជម្លៀស​ពី​ភូមិ​កំណើត​​ក្នុង​​​របបខ្មែរក្រហម​។

លោក​បាន​រំឭក​ប្រាប់​ថា៖ «កាលពីសម័យ​ប៉ុលពត ខ្ញុំ​នៅជាកុមារ​ចល័ត​ចេញពីភូមិកំណើត​​។ ខ្ញុំ​ទៅ​នៅ​ស្រុក​ជីក្រែង ដល់​បែក​បាន​ត្រឡប់​មក​ស្រុក​វិញ»។

អ្នកជួស​ជុល​ប្រាសាទ​រូបនេះ​បាន​ឱ្យដឹង​ទៀត​ថា៖ «កាលនោះ​ចប់ពីអាពត​មកស្រុកវិញ ក៏កំព្រា​អត់​មាន​ឪពុក អត់​បាន​រៀន​សូត្រ​អីទេ នៅតែ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ប្រពន្ធ​កូន​»។


វិលមក​ភូមិកំណើត​វិញ លោក អៀម បាន​រៀបការក្នុង​ឆ្នាំ ១៩៨៦ ដោយ​មាន​កូន​​ស្រី​ ២ នាក់ និង​កូន​ប្រុស​ ៤ ​នាក់។ បន្ទាប់ពី​ការងារ​​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ លោក​បាន​​ធ្វើការងារ​​សំណង់​នៅព្រលានយន្តហោះ​ មុន​​នឹង​​​ចាប់ផ្ដើម​​ធ្វើការ​ងារ​ជួសជុល​ប្រា​សាទ​​​​នៅ​ឆ្នាំ​ ១៩៩៩។


លោក អៀម ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា៖ «ប្រាសាទ​ដំបូងគេ​ដែល​ខ្ញុំ​បាន​ចូលរួមការងារ​ជួសជុល ​គឺ​ប្រាសា​ទ​​​​បាពួន ដែល​មាន​រយៈ​ពេល​ជួស​ជុល​ជាង​​ ១៥ ​ឆ្នាំ​»។

ការ​វិវឌ្ឍ​ខ្លួន​ពី​អាជីព​ធ្វើសំណង់ មក​ជួសជុលប្រាសាទ​បុរាណ​នេះ​ ធ្វើ​ឱ្យ​លោក​​មាន​មោទនភាពដែល​បាន​​​បំពេញ​ការងារ​​​អភិរក្ស​មរតកស្ថាបត្យកម្ម​ពី​បុព្វបុរស​ខ្មែរ​ ក៏ដូចជា​បន្ត​ជំនាញពីជីតា​ឈ្មោះ អ៊ីវ និង​លោក​ឪពុក​ឈ្មោះ ​អ៊ីវ អិក។

អ្នកជួសជុលប្រាសាទ​វ័យ ​៦០​ ប្លាយរូបនេះ​បាន​បន្ត​ថា៖ «ខ្ញុំ​ធ្វើត​​ពីឪពុកខ្ញុំ ហើយ​តា​ខ្ញុំគាត់​ធ្វើ​មុន​ឪពុក​ខ្ញុំ​ទៅ​​ទៀត តា​ខ្ញុំ​គាត់​ធ្វើ​តាំង​ពី​សម័យ​អាណានិគម​​​បារាំង ​ហើយ​បាន​ឪពុក​ខ្ញុំគាត់ធ្វើ​ពី​ឆ្នាំ ​១៩៦០ ​ត​មក​ដល់​ឆ្នាំ​ ១៩៧១ ឈប់​កាល​ហ្នឹង​សង្គ្រាម​»។

ប្រវត្តិ​​ជីតា​ជួសជុល​ប្រាសាទ​​កាលពី​សម័យ​អាណា​និគម​និយម​បារាំង​ ត្រូវបាន​​ឪពុក​របស់​លោក​ អៀម តំណាល​​ប្រាប់​លោក​។ ​កាលពីកុមារភាព​ លោក​ក៏​ដិតដាម​នឹង​ទិដ្ឋភាព​​លោកឪពុក​រៀបចំ​​ ប្រដាប់ប្រដា​​ធ្វើ​ដំណើរ​ទៅ​ជួសជុល​ប្រាសាទ​ រួមទាំង​លានជល់ដំរី​ ដែល​ត្រូវបាន​កសាង​នៅ​ចុង​សតវត្ស​ទី១២ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​។

លោក អៀម បានរំឭក​ប្រាប់ថា៖ «ខ្ញុំ​តាម​ទៅ​មើល បាន​ឃើញ​គាត់​ដាប់​ គាត់​រៀប។ ​ខ្ញុំ​នៅ​តូច កាល​នោះ​ឪពុក​ខ្ញុំ​គាត់​ជួសជុល​​នៅ​​លាន​ជល់​ដំរី​ នៅ​កន្លែង​សេះ​ក្បាល​៥»។

ដោយ​វ័យនៅ​ក្មេង​ខ្ចី ​លោក​មិន​បាន​​រៀនជំនាញនេះ​​​​ពីឪពុក​បង្កើត​ទេ។ លោក​ទទួលបានចំណេះដឹង​ជួស​ជុលប្រាសាទបុរាណ​​ពីអ្នកជំនាញ​បារាំង និងបន្ត​សម្រួច​ជំនាញ​តាមរយៈ​​ពិសោធន៍​​​អនុវត្ត​​​ជា​ច្រើន​ឆ្នាំ។

លោក​ថា៖ «ខ្ញុំ​រៀន​កិច្ចការបច្ចេក​ទេស​ជួសជុល ខ្ញុំ​រៀន​មកពីអ្នកជំនាញ​បារាំង​​ រៀន​ខាង​​បច្ចេកទេស​ខាង​រៀប ខាង​បូកថ្ម បន្ទាប់មក​បាន​មាន​ខាង​និស្សិត​យើង​គាត់​ជំនាញ​ខាង​រក ខាង​រៀប។ ខ្ញុំដាប់រៀប​ផង ដាប់​ក្បាច់​​ផង»។

បច្ចុប្បន្ន​លោក អៀម កំពុង​ជួសជុល​ប្រាសាទ​តានៃ ហ៊ុមព័ទ្ធ​ដោយព្រៃ​ព្រឹក្សា។ នៅថ្ងៃ​បំពេញ​ការងារ​ ​លោក​​​នាំ​យក​នូវ​សម្ភារ​​​ ​ញញួរ​​​​តូចធំ ពន្លាក និង​ឧបរកណ៍​​ឆ្លាក់ក្បាច់​ ធ្វើដំណើរ​តាមម៉ូតូ​ទៅ​កាន់​បរិវេណ​ប្រាសាទ។

លោក​បាន​និយាយ​ថា៖ «សព្វ​ថ្ងៃ​ខាង​នេះ​អត់​ភ្លៀង​​ទេ ជាង ១ ខែ​ហើយ។ ប្រសិនបើមានភ្លៀងអី គេ​សម្រាក​​ហ្មង​អត់ធ្វើ​ការទេ​ ហើយ​ពេលរាំង​ភ្លៀង​គេ​ធ្វើទៀត។ ប្រសិន​បើ​កន្លែងណាមានតង់​អីស្រួលបួល គេបន្ត​ធ្វើ​បាន»។

អ្នក​ជំនាញ​ជួស​ជុល​ប្រាសាទ​រូប​នេះ​លើកឡើង​ថា​ បច្ចេកទេស​ជួសជុល​​ខុសគ្នា​ពីជំនាន់​ជីតា​ ជំនាន់​ឪពុក​ និង​ជំនាន់​របស់​លោក។

លោក អៀម លើក​ឡើង​ថា៖ «បច្ចេក​ទេស​យើង​សព្វ​ថ្ងៃ​វា​រីក​ចម្រើន។ ដល់​យើង​ធ្វើទៅ បទពិសោធ​ច្រើន​ទៅ វា​ចេះ​តែរីក​ចម្រើន ធ្វើទៅ​វា​ចេះ​តែ​លឿន លឿន​ជា​ងមុន​»។

លោក​បន្ត​ថា៖ «កាល​ពួក​ខ្ញុំ​ទៅជួស​ជុល​នៅអង្គរ​តូច​ ជួស​ជុល​តាំង​ពី​មុខប្រាសាទ មុខ​សសរ​កណ្ដាល​ទៅ​លិច ហើយ​ទៅ​ត្បូង ប្រហែល​ពាក់​កណ្ដាល​ខែ​ ១១​ ដល់​ពាក់កណ្ដាល​ខែ​ ៥ រួចបាត់។ យើង​រុញ​សុទ្ធ​តែ​ថ្ម​ធំៗ​​មាន​ចម្លាក់ ទម្ងន់​ដល់​ ៥​ តោន ៣-៤​​ផ្ទាំង»។

ទោះជា​បច្ចេក​វិទ្យា​ទំនើប ក៏​កិច្ចការ​ជួស​ជុល​ប្រាសាទ​នៅតែ​ទាមទារ​ក​ម្លាំង​មនុស្ស ​ដោយ​សារ​តែ​បិរវេណ​ក្នុង​ប្រាសាទ​មិន​អាច​អនុវត្ត​ការ​ប្រើ​គ្រឿង​ចក្រ​បាន​ទេ​។

​លោក អៀម​ ពន្យល់​ថា៖ «យើង​ជួសជុ​លអង្គរ​អត់​មាន​ម៉ាស៊ីន​អីទៅដល់​ទេ ប្រើ​តែ​កម្លាំង​ដូចជា​នៅ​បរិវេណ​​កំ​ពូល​​​អង្គរ។ ប្រសិន​បើ​នៅបរិវេណខាង​ក្រៅ​យើង​​អាច​ប្រើអាគ្រុយលើក​ ប្រើ​អាក្រែន​​ស្ទូច។

មិន​ខុសពីជំនាន់​ជីតា និ​ងឪពុក​លោកនោះទេ​ ភាព​ម៉ត់​ចត់ និង​អំណត់​អត់​ធ្មត់​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ចការ​ជួស​ជុល​ប្រាសាទ​បុរាណ​។

លោក​និយាយ​ថា៖ «កិច្ច​ការ​ជួសជុល​គឺវា​លំបាក​ណាស់​ មិនស្រួល​ទេ យើង​ធ្វើ​ត្រូវមើល​លំនាំ​ចាស់​របស់​ប្រាសាទ ​មើល​ក្បាច់​ មើល​លំនាំ​ក្បាច់​គេដាប់​ យើង​​ត្រូវ​មើល​ទាំង​អស់។ ប្រសិន​បើ​យើង​និយាយ​ឱ្យខ្លី​ប្រៀប​ដូចចាន​បែក​អ៊ីចឹង យើង​ត្រូវ​ផ្គុំ​វិញ​ឱ្យ​ដូចដើម ដូចសសរ​ពេជ្រ​ ១ ដើម ​២ ​ដើម​ [នៅ​ប្រាសាទតានៃ] ប្រើ​ពេល​ដាប់ឆ្លាក់​​​ ១ ​ខែ​កន្លះ»។

ជាង​២​ទសវត្សរ៍​ លោក​ អិក អៀម បាន​ចំណាយ​ពេល​​ជួស​ជុលប្រាសាទ​បុរាណ​ជាច្រើន​រួម​មាន​ ​ប្រាសាទ​បាពួន រយៈ​ពេល ​១៥ ឆ្នាំ ប្រាសាទ​តាព្រហ្ម ​៥ ឆ្នាំ ប្រាសាទ​បន្ទាយ​ឆ្មារ​ ស្រះស្រង់​ ជួស​ជុល​ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​មេបុណ្យ​ខាង​លិច ១ ឆ្នាំ និង​ប្រាសាទ​តានៃ​។

លោក អៀម បាន​រៀប​រាប់​ថា៖ «ខ្ញុំ​បានទៅ​ជួយជុល​ប្រាសាទ​បន្ទាយ​ឆ្មារ​ ១ ឆ្នាំ កាល​ហ្នឹង​ទៅ​បង្ហាត់​គេ​ទៀត។ ឥឡូវ​នៅ​បន្ទាយឆ្មារ​គេ​មានជាង​ដែលខ្ញុំបង្ហាត់ចេះអស់ហើយ​ គេអាច​ធ្វើការជួសជុល​ប្រាសាទ​បាន​ បន្ទាប់​មកប្រាសាទ​​ស្រះ​ស្រង់​​កាត់ក្បាច់​ខ្នង​នាគ​អីរួចអស់​ បាន​ខ្ញុំចូលទៅ​អង្គរតូច រួច​មក​ប្រាសាទ​​ព្រហ្ម​កិល និង​មក​ប្រាសាទ​តានៃ​​ឥឡូវ​នេះ»។

​ចំណូលពីកិច្ចការ​​ប្រចាំ​ថ្ងៃ​មិន​ច្រើនទេ តែ​លោក​នៅ​តែ​បន្ត​កិច្ចការ​ជួសជុល​ប្រាសាទ​ដោយ​ឆន្ទៈ​ចង់​ឱ្យ​ប្រាសាទ​បុរាណ​គង់​វង្ស​ដល់​ក្មេង​ជំនាន់​ក្រោយ​។

លោក​និយាយ​ថា៖ «ចំណូល​តិច​ទេ​សព្វ​ថ្ងៃ តម្លៃ​ទំនិញ​សេដ្ឋកិច្ច​ចេះតែ​ឡើង​ខ្ពស់​ ដល់ប្រាក់ខែយើង​នៅ​ដដែល។ ខ្ញុំសព្វ​ថ្ងៃ​ហ្នឹង​​ចំណូលគិត​ជា​ប្រាក់ថ្ងៃ ព្រោះ​ខ្ញុំ​ដើរ​ធ្វើច​ល័ត ប្រាក់​ចំណូលបន្តិចបន្តួច»។

លោក អៀម​ ​មាន​ជំងឺ​បេះដូង​​យូរ​ៗ​ធ្វើទុក្ខ​ម្ដង​ហើយ​លោក​ទទួល​ស្គាល់ថា សុខ​ភាពលោក​ក៏ចុះខ្សោយ​បន្តិ​ចដែរ។ ទោះ​ជាយ៉ាង​ណាក្ដី​ក៏​លោក​មិន​បោះបង់​ចោល​ជំនាញ​ជួស​ជុល​ប្រាសាទ​ ដែល​កម្រ​មាន​មនុស្ស​ចង់​​រៀន និង​អនុវត្ត​​ណាស់ សូម្បីតែ​កូនៗ​ទាំង​៦​ នាក់​របស់​លោក​ ដែល​បម្រើការ​ក្នុងវិស័យ​ទេស​ចរណ៍ សំណង់ និង​ខ្លះ​ទៀត​កំពុង​សិក្សា។

លោក​និយាយ​ថា៖​ «ស៊េរី​ចេះ​ដាប់ដូច​ខ្ញុំ​មានតិច​ណាស់ គេ​អត់មាន​ចំណាប់​អារម្មណ៍។ ​អ្នក​ខ្លះគេ​ធ្វើ​គិត​តែប្រាក់​ខែ សម្រាប់​ខ្ញុំ ខ្ញុំធ្វើ​ដោយ​ការ​ស្រឡាញ់​ ដោយការ​តាំង​ចិត្ត​ អ៊ីចឹង​ចេះ​តែខំ​ ចេះតែ​ព្យាយាម​ទៅ»។

សព្វ​ថ្ងៃ លោក​ អៀម ធ្វើការ​ងារ​បណ្ដើរ​ បង្រៀន​​អ្នក​ដែល​ធ្វើការ​នៅ​ប្រាសាទ​ជាមួយ​គ្នាបណ្ដើរ​ ដោយ​ពន្យល់​ណែនាំ​ និង​គូស​បង្ហាញ​ទម្រង់​ត្រូវ​ស្ដារ​ជួស​ជុល​ផង។

លោក​ អៀម​ និយាយ​ថា៖« ខ្ញុំ​បណ្ដុះ​បានច្រើន​ដែរ បើគ្រាន់​តែគិត​នៅបន្ទាយ​ឆ្មារ​នោះ​ ៧៣ ​នាក់។ ខ្ញុំ​វាស់ ខ្ញុំស្ទង់ ខ្ញុំ​គូរ​ឱ្យ​ទៀត​មុននឹង​ដាប់​​ ឱ្យគេ​ធ្វើ។ ធ្វើ​អ៊ីចឹង​វា​រីកចម្រើន​លឿន​ ដល់យើង​ធ្វើ​ឱ្យច្បាស់​លាស់​លម្អិត​អ៊ីចឹង ធ្វើទៅ​វា​លឿន រៀន​ក៏​ឆាប់​យល់។

លោក​ក៏​ចង់​ផ្ដាំ​ផ្ញើ​ក្មេង​ជំនាន់ក្រោយឱ្យ​ងាកមក​ចូលរួម​កិច្ចការ​អភិរក្ស​ជួសជុល​​ប្រាសាទ​បុរាណ ដើម្បីឱ្យ​​​ ស្ថាបត្យ​កម្ម​អច្ឆរិយ​នេះ​បន្ត​​ល្បី​ល្បាញ​ពេញ​ពិភព​លោក​យូរ​អង្វែង​។

លោក អៀម លើកឡើង​ថា៖ «​ការងារ​នេះ​ទោះបី​ជាបានប្រាក់​តិចតែ​យើង​បាន​បុណ្យច្រើន។ យើង​បាន​កសាង​ប្រាសាទ​មួយៗ​គឺថា វា​អត់មែន​ ១ ជំនាន់ ​២ ​ជំនាន់​ខូច​នោះទេ។ ប្រាសាទ​គឺ​ទុក​តកូនត​ចៅ​ដល់​ទួត​លួតលា​យើង​ច្រើន​ណាស់​»៕