ភ្នំពេញៈ ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការទូទាត់​ប្រាក់​សោ​ធន​និវត្តន៍​ជា​ផ្លូវការ ដែល​នឹង​ត្រូវ​កាត់​ភាគ​ទាន​ចំនួន​៤​ភាគ​រយ​ចា​ប់ពី​ថ្ងៃទី​ ១ ​ខែតុលា​តទៅ ហើយ​បាន​ណែនាំពី​បែបបទ​និង​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​សហ​គ្រាស គ្រឹះ​ស្ថាន ក្នុង​ការ​បង់​ភាគ​ទាន និង​ការផ្តល់​វិភាជន៍​បូជា​សព​នៃ​របប​សន្តិ​សុខ​សង្គម​ ផ្នែក​ប្រាក់​សោធន ​សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅក្រោ​ម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។


ការប្រ​កាស​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រកាស​ចំនួន​ ៣ ​ច្បាប់​ផ្សេង​គ្នា ចុះ​ថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២២ របស់​ក្រសួង​ការ​ងារ និ​ងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែល​ប្រកាស​នេះ មាន​គោល​បំណង​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​និវត្តន៍​សម្រាប់​បុគ្គល​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងា​រ ក្រោយ​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ឆ្នាំ​ ២០២១ ​កន្ល​ងទៅ។

ប្រកាស​ដែល​ចុះ​ហត្ថ​លេខា​របស់​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​បង់​ភាគ​ទាន​នៃ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​តាម​របប​ភាគ​ទាន​ ជា​កាតព្វ​កិច្ច ​និង​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ចា​ប់ពី​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២​០២២ តទៅ។

ប្រកាស​ទាំង​នោះ ​ក៏បាន​កំណត់​បែបបទ ​និង​នីតិ​វិធី​នៃ​ការ​ផ្តល់​វិភាជន៍​បូជាស​ព​នៃ​របប​សន្តិសុខ​សង្គមផ្នែក​ប្រាក់​សោធ​ន​សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម។


ប្រកាសបាន​បញ្ជាក់ថា«ប្រាក់​វិភាជន៍​បូជាសព​ផ្នែក​ប្រាក់​សោធន​នេះ នឹងត្រូវ​ប្រគល់​ដល់​សិទ្ធិវន្ត​នៃ​វិភា​ជន៍​បូជា​សព ឬ​អ្នក​ចាត់​ចែង​បូជា​សព ក្រោយ​ជូន​ដំណឹង​មក ប.ស.ស. ក្នុង​រយៈ​ពេល​យ៉ាង​យូរ ២(ពីរ)សប្ដាហ៍ គិត​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​សោធ​និក​ជរា​ភាព ​ឬ​សោធ​និក​ទុព្វល​ភាព​ទទួល​មរណ​ភាព»។


ប្រកាស​បាន​បញ្ជាក់​ទៀត​ថា៖ «វិភាជន៍​បូជា​សព​ផ្នែក​ប្រាក់​សោធន ត្រូវ​កំណត់​ស្មើនឹង​ ៥ (ប្រាំ) ខែ​ នៃ​ប្រាក់​សោធន​ចុង​ក្រោយ​​របស់​សាមី​ខ្លួន។ វិភាជន៍​បូជា​សព​នៃ​សោ​ធនិក​ជរា​ភាព​ឬ​សោធនិក​ទុព្វលភា​ពត្រូវ​កំណត់​អប្ប​បរមា​ស្មើនឹង ២​ ០០០​ ០០០ (ពីរលាន)​រៀល»។

ក្រៅ​ពីនេះ ប្រកាស​មួយ​ក្នុងចំ​ណោម​ប្រកា​ស​ទាំង​ ៣ ក៏បាន​បង្ហាញ​ពី​បែប​បទ និង​នីតិ​វិធី​នៃ​ការចុះ​បញ្ជី​សហ​គ្រាស គ្រឹះ​ស្ថាន ​កម្មករ​និយោ​ជិត និង​ការ​បង់​ភាគ​ទាន សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការ​ងារ ក្នុង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​ផង​ដែរ​។

ប្រកាស​នោះ​បាន​បញ្ជាក់​ថា៖ «និយោ​ជក ឬ​ម្ចាស់​សហ​គ្រាស គ្រឹះ​ស្ថាន ដែល​ស្ថិតនៅ​ក្នុង​វិសាល​ភាព​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​របប​សន្តិ​សុខ​សង្គម​ ត្រូវមាន​កាតព្វ​កិច្ច​ម​ក​ចុះ​បញ្ជី​សហ​គ្រាស គ្រឹះ​ស្ថាន​របស់ខ្លួន​នៅ ប.ស.ស.។ ចំពោះ​និយោជកឬ​ម្ចាស់​សហ​គ្រាស​ គ្រឹះ​ស្ថាន​ ដែល​កំពុង​ដំណើរ​ការនិង​មិនទាន់​បាន​ចុះបញ្ជី​នៅ ប.ស.ស. ត្រូវមាន​កាតព្វ​កិច្ច​មក​ចុះ​បញ្ជី​រយៈ​ពេល​យ៉ាង​យូរ​ ៣០ ​(សាម​សិប) ថ្ងៃ បន្ទាប់​ពី​ប្រកាស​នេះ ចូល​ជា​ធរមាន»។

ចំពោះ​និយោជក​ឬ​ម្ចាស់​សហ​គ្រាស គ្រឹះស្ថាន ដែល​បើក​ដំណើរ​ការ​ថ្មី ក្រោយពី​​ប្រកាស​នេះ​ចូល​ជា​ធរមាន​ត្រូ​វមាន​កាតព្វ​កិច្ច​មក​ចុះ​បញ្ជី​នៅ ប.ស.ស​ រយៈ​ពេល​យ៉ាង​យូរ​ ៣០ (សាមសិប) ថ្ងៃ បន្ទាប់​ពី​កាល​បរិច្ឆេទ​នៃ​ការចាប់​ផ្ដើម​បើក​សហ​គ្រាស គ្រឹះស្ថាន។ នេះ​បើតាម​ប្រកាស ខណៈ​និយោ​ជក​ឬ​ម្ចាស់​សហ​គ្រាស គ្រឹះ​ស្ថាន ដែល​បាន​ចុះបញ្ជី​នៅ ប.ស.​ស.ផ្នែក​ហានិ​ភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខ​ភាព​រួច មិន​តម្រូវឱ្យ​​ចុះបញ្ជី​សហ​គ្រាស គ្រឹះ​ស្ថាន​ឡើង​វិញ​ទេ។

លោក ហេង សុផាន់​ណា​រិទ្ធ អគ្គ​នាយ​ករង ប.ស.ស. បាន​និយាយ​ថា ការ​ផ្សព្វ​ផ្សាយ​រប​បស​ន្ដិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោ​ធន គឺជា​ការងារ​ដ៏​សំខាន់​ចំពោះ​មុខ​ដែល​ត្រូវ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​សា​ធារណ​ជន ជាពិសេស​សមា​ជិក​ ប.ស.ស.។ លោក​បាន​បន្ត​ថា មន្ត្រីក៏​ដើរតួ​យ៉ាងសំ​ខាន់​ក្នុង​ការ​ផ្ដ​ល់ព័ត៌​មាន​ទៅ​កាន់​សមា​ជិក ប.ស.ស. តាមរយៈ​ការចុះ​ផ្សព្វ​ផ្សាយ ការ​ធ្វើ​បទ​យក​ការណ៍ ការ​ផលិត​វីដេ​អូ និង​ការ​រចនា​ខិត្ត​ប័ណ្ណផ្សេងៗជាច្រើន​សម្រាប់​ផ្សព្វ​ផ្សាយ​នូវ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នេះ ទៅ​កាន់​សា​ធារ​ណ​ជន ពិសេស​សមា​ជិក ប.ស.ស. ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​អំពី​លក្ខខ​ណ្ឌ​នៅ​ពេល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្តន៍(ប្រាក់​រ៉ឺ​ត្រែ​ត)។

លោក​បាន​បញ្ជាក់​ថា៖ «របប​សន្ដិសុ​ខ​សង្គម​ផ្នែក​ប្រាក់​សោធ​ន បាន​លេច​ឡើងជា​ផ្លូវការលើ​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​មួយ​គ្នានេះ​គ្រប់​អង្គភាព​ក្នុង​ស្ថា​ប័ន ប.ស.ស. បាន​និង​កំពុង​ត្រៀម​ខ្លួន​ក្នុងការ​ផ្សព្វ​ផ្សាយ​នូវ​របប​សន្ដិ​សុខ​សង្គម​ដ៏​ល្អ​ប្រសើរ​មួយ​នេះ»។​

យោង​តាម​ច្បាប់​ស្តីពី​របប​សន្តិ​សុខ​សង្គម ចំពោះ​និយោ​ជក​នៃ​សហ​គ្រាស គ្រឹះ​ស្ថាន​ដែល​មិន​អនុវត្ត​កាតព្វ​កិច្ច​នៃ​ការបង់​ភាគ​ទាន​តាម​ការ​កំណត់​ឬ​មិន​អនុវត្ត​កាតព្វ​កិច្ច​រាយ​ការណ៍​ពី​សកម្ម​ភាព​និយោ​ជិត​ឲ្យ​បាន​ត្រឹម​ត្រូវនឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​អន្តរ​ការណ៍​ពី ​១០ ទៅ​ ៣០ ដ​ង នៃ​ប្រាក់​ឈ្នូ​ល​យោង​ប្រចាំ​ថ្ងៃ ហើយ​ការពិ​ន័យ​នេះត្រូវ​អនុវត្ត​ស្មើ​នឹង​ចំនួន​មនុស្ស​ដែល​និយោ​ជក​បាន​ប្រើ​ប្រាស់​ក្នុង​លក្ខ​ខណ្ឌ​ផ្ទុយ​។

របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោ​ធន​និវត្តន៍​សម្រាប់​បុគ្គល​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងា​រ គឺជា​ច្បាប់​មួយ​ដែល​កំណត់​ឲ្យសមា​ជិក ប.ស.ស. ជា​កម្មករ​និយោជិត​មាន​សិទ្ធិ​ទទួល​បាន​សោធ​ន​ជរា​ភាព ប្រសិន​បើ​សាមី​ជន បាន​បំពេញ​លក្ខ​ខណ្ឌ​ចំនួន​ ៣ ដោយ​បាន​ចុះ​ប​ញ្ជីក្នុង​ផ្នែក​សោធន​មាន​អាយុ​យ៉ាងតិច​ ៦០ ​ឆ្នាំ និង​បាន​បង់​ភាគ​ទាន​ផ្នែក​ប្រាក់​សោធន​យ៉ាង​តិច​ ១២​ ខែ៕