ត្បូងឃ្មុំៈ អង្គការ​វេជ្ជ​សាស្ដ្រ​បេះដូង​ជប៉ុនបាន​សម្រេច​ចិត្ដ​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​តំបន់​មួយ​ស្ថិត​ក្នុង​ខេត្ដ​ត្បូង​ឃ្មុំ​ តាម​សំណើ​សុំ​ជំនួយ​ផ្នែក​វេជ្ជ​សាស្ដ្រ​ពី​សំណាក់​លោក​ឧបនា​យក​រដ្ឋមន្ដ្រី ជា​ សុផារ៉ា រដ្ឋ​មន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់​។


លោក​វេជ្ជ​បណ្ឌិត ​ហ៊ីដេតុ ​យ៉ូស៊ីអូកា (Hideto Yoshioka) ជា​ស្ថាប​និកនិង​ជា​គ្រូពេទ្យ​វះ​កាត់​ជំងឺ​កុមារ​មក​ពី​មន្ទីរ​ពេទ្យ​បេះ​ដូង​ជប៉ុន​ក៏ដូចជា ​បុគ្គលិក​មន្ទីរ​ពេទ្យ​បេះ​ដូង​ជប៉ុន​នៅ​កម្ពុជា​មួយ​ចំនួន​ និង​ក្រុម​គ្រូពេទ្យ​មក​ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មារ​បាន​ជួប​ជា​មួយ​ឧបនា​យក​រដ្ឋមន្ដ្រី​និងកាលពី​ថ្ងៃ​សុក្រ ទី ៣០ ខែ​មិថុនា ​កន្លង​ទៅ ​នៅ​ទីស្តី​ការ​ក្រសួង​។

យោង​តាម​មន្ទីរ​ពេទ្យ​បេះដូង​ជប៉ុន​ដែល​មាន​ទីតាំង​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពញា​ឮ​ ខេត្ដ​កណ្ដាល​បាន​ឱ្យដឹងថា​ ការ​ជួយ​គាំទ្រ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​មន្ទីរ​ពេទ្យ​ទើប​កសាង​ថ្មី​ដែល​ត្រូវបាន​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០២១ លើ​ផ្ទៃដី​ជាង ១៣​ ០០០ ​ម៉ែត្រ​ការ៉េ​។

សំណង់​អគារ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មា​រដ៏​ធំ ​ស្ថិតក្នុ​ង​ភូមិ​ខ្សាច់​ឆេះលើ ឃុំ​ក្រូច​ឆ្មារ ស្រុក​ក្រូច​ឆ្មារ​ ខេត្ដ​ត្បូង​ឃ្មុំ​នេះ ត្រូវ​បាន​ដឹង​ថា វាជា​អំណោយ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រីហ៊ុន សែន និង​ភរិយា​តាម​រយៈលោ​កឧប​នាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម​និង​សំណង់​។


នៅ​ក្នុង​ជំនួប​នោះ​លោក​ ជា សុផារ៉ា បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ការ​ជួយ​គាំទ្រ​ពីសំ​ណាក់​មន្ទីរពេទ្យ​បេះដូង​ជប៉ុន​ និង​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​មាន​លទ្ធផល​ទទួល​បាន​សេវា​កម្ម​វេជ្ជ​សាស្ដ្រ​តិច​តួច​ ព្រម​ទាំង​ស្នើសុំ​ការ​គាំទ្រ​ពី​សំណាក់​ផ្នែក​សម្ភព​ដែល​ពិបាក​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​បន្ទាន់​ដោយ​ត្រូវ​ដឹក​ជញ្ជូន​​ទៅ​កាន់​តំបន់​ទីក្រុង​ អំឡុង​ពេល​សម្រាល​កូន​ជួប​អា​សន្ន​។


លោក ​ជា សុផារ៉ា ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​ជា​អ្នក​មក​ពី​ខេត្ដ​ត្បូង​ឃ្មុំ​ម្នាក់​ ហើយ​ខេត្ដ​នេះ​ជួប​បញ្ហា​ចំពោះ​មជ្ឈ​មណ្ឌល​សុខ​ភាព​នេះ​។ វា​ពិបាក​កសាង​មន្ទីរ​ពេទ្យ ពីព្រោះ​យើង​មិន​អាច​ដំណើរការ​មន្ទីរពេទ្យ​ដោយ​មាន​មនុស្ស​តែ​ម្នាក់​ ហើយ​យើង​ត្រូវ​ការ​ដំណើរ​ការ​រយៈ​ពេល​យូរ​អង្វែង​»។

លោក​បាន​បន្ដថា​៖ «​ទោះ​បីជា​ប្រជា​ជន​រំពឹង​លើ​មន្ទីរ​ពេទ្យ​នៅ​ខេត្ដ​ផ្សេង​ វា​ពិត​ជា​មាន​ចម្ងាយ​ឆ្ងាយ​ និង​ចំណាយ​ពេល​យូរ​ធ្វើ​ដំណើរ​។ ដូច្នេះ​ពួកគេ​ជួប​បញ្ហា​ចំពោះ​សេវា​កម្ម​ថែទាំ​សុខ​ភាព​នេះ​។ យើង​ចង់​ឱ្យ​លោកបន្ដ​កិច្ច​សហ​ប្រតិ​បត្ដិការ​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​វេជ្ជសា​ស្ដ្រ​នៅ​កម្ពុជា​»។

ជា​ការ​ឆ្លើយ​តប​លោក​វេជ្ជបណ្ឌិត យ៉ូស៊ីអូកា ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ជប៉ុន​ធ្វើ​ការ​វះ​កាត់​កុមារ​មហា​រីក​កម្ពុជា​ចំនួន ​១០​ នាក់​ នា​ពេល​ថ្មីៗ​នេះ​បាន​ឱ្យដឹង​ថា មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មារ​ ត្រូវការ​ពេល​វេលា​បន្ថែម​ក្នុង​ការ​ដំណើរ​ការ​រលូន​ទៅ​មុខ​។

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ត្រូវការ​ជួយ​មន្ទីរ​ពេទ្យ​បង្អែក​ក្រូច​ឆ្មារ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។បុគ្គ​លិក​កម្ពុជា​ពិតជា​មាន​ទេព​កោសល្យ​ណាស់​ ហើយ​យើង​នឹង​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​លើ​ធន​ធាន​មនុស្ស​ ដោយ​សារ​ពួកគេ​នឹង​ទទួល​រ៉ាប់​រង​ផ្នែក​វេជ្ជ​សាស្ដ្រ​នៅ​កម្ពុជា​នា​ពេល​អនា​គត​»។

ស្ថាបនិក​មន្ទីរ​ពេទ្យ​បេះ​ដូង​ជប៉ុន​លោក​ យ៉ូស៊ីអូកា បាន​បន្ដថា ជំងឺ​មហារីក​កុមារ​នៅតែ​ជា​អាទិ​ភាព​ចម្បង​ចំពោះ​យុទ្ធនា​ការ​ក្រៅ​មន្ទីរ​ពេទ្យ​បេះ​ដូង​ជប៉ុន​ ដោយ​សារ​អត្រា​មរណៈ​របស់​ជំងឺ​កាច​សា​ហាវ​នេះ​នៅ​តែ​ខ្ពស់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជំងឺ​ដែល​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ចម្បង​មាន​ដូច​ជា​មហា​រីក​កុមា​រដែល​នៅតែ​មាន​អត្រា​រស់​រាន​ទាប​ជាង​នៅ​ប្រទេស​ជប៉ុន​។ ដូច្នេះ​យើង​នឹង​ទាញ​គម្លាត​នេះ​ឱ្យ​ស្ថិត​នៅ​ប្រហាក់​ប្រហែល​គ្នា​»។

​​មន្ទីរ​ពេទ្យ​បេះ​ដូង​ជប៉ុន​មាន​ផែន​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មារ ​រយៈ​ពេល​ ២-៣ ​ឆ្នាំ​ទៅ​មុខ​ រួម​ទាំង​ការ​បញ្ជូន​បុគ្គល​ផ្នែក​វេជ្ជ​សាស្ដ្រ​ថែម​ទៀត​។

បរិក្ខា​រវេជ្ជ​សាស្ដ្រ​ចំនួន ១៧ ​មុខ​តម្លៃ​ជាង​ ២៦ ​ម៉ឺន​ដុល្លារ​ ត្រូវបាន​ផ្ដល់​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មារ​ ដើម្បី​បង្កើន​សមត្ថ​ភាព​ចំពោះ​សេវា​កម្ម​ព្យា​បាល​កាន់តែ​ប្រសើរ​។

គួរ​បញ្ជាក់​ថា មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មា​រ​ ត្រូវបាន​កសាង​ឡើង​ដំបូង​ក្នុ​ងឆ្នាំ​ ១៩៦៦ រីឯ​សំណង់​អគារ​ថ្មីទី១ ​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២១​ ក្នុង​ទំហំ​ទឹក​ប្រាក់ ​១,៤​ លាន​ដុល្លារ ខណៈ​អគារ​ទី២​ មាន​ទំហំ​ប៉ុនគ្នាជា​មួយ​ប្រវែង ៦២​ ម៉ែត្រ​ទទឹង ​១៨ ​ម៉ែត្រ​ និង​កម្ពស់ ​៤​ ជាន់​៕