កំពង់ចាមៈ សិស្សា​នុសិស្ស​ជាង​ ៤០ នាក់ ​រៀន​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី ​ហ៊ុន សែន​ ស្ពឺ ​ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម បានដួល​សន្លប់​ជា​បន្តបន្ទាប់​ កាល​ពី​ចុង​ខែមិថុនា ​រហូតដល់​ដើម​ខែកក្កដា​នេះ​ ដោយ​មូលហេតុ​ខ្លះ​ថប់​ដង្ហើម ​ខ្លះ​រក​ឃើញ​ថា ​កង្វះ​ជាតិស្ករ ​និង​មួយចំនួន​ទៀត​ដោយ​សារ​ភ័យ​ស្លន់​តគ្នា។


ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំការលើ ​លោក​ ជា អ៊ាកឆាយ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ​កក្កដា​ថា ​ហេតុការណ៍​នេះ​កើតឡើង​ជាបន្តបន្ទាប់ ​កាលពី​ថ្ងៃទី ២៩ ​ខែមិថុនា ​រហូតដល់​ថ្ងៃទី ៥ ​ខែកក្កដា។

លោក​បាន​ឱ្យដឹងថា ​កាលពី​ថ្ងៃទី ២៩ ​មិថុនា ​មាន​សិស្ស​សន្លប់​ចំនួន​៥នាក់ ​រហូតដល់​ថ្ងៃទី ១ ​ខែកក្កដា​ មាន​ករណី​សន្លប់​ ៧ នាក់ ​ថ្ងៃ​ទី ២ ​សន្លប់​ ៤ នាក់ ​ថ្ងៃ​ទី ៤ ​សន្លប់​ ៧ នាក់ ​និង​ថ្ងៃទី ៥​ ខែកក្កដា ​មាន​ករណី​សន្លប់​រហូតដល់​ចំនួន​ ១៥ នាក់​ ដែល​សរុប​ទាំងអស់​មាន ​៤៤ នាក់ ​(ស្រី​ទាំង​អស់)។

លោក​បញ្ជាក់ថា​៖ «មូលហេតុ​បឋម​ចម្បងៗ ​អាច​បណ្តាល​មកពី​កត្តា​ផ្សេងៗ​គ្នា ​ដោយ​ទី១​ កត្តា​អារម្មណ៍ ​ដោយ​ឃើញ​សិស្ស​នារី​ម្នាក់​ដំបូង​ថប់ដង្ហើម​សន្លប់ ​(ប្រវត្តិ​មាន​ជំងឺ​បេះដូង ​ឧស្សាហ៍​ហត់​ ថប់​ដង្ហើម)។ ខ្លះ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក ​ហេវ ​អត់​ងងុយ ​ដោយសារ​ប្រឹងរៀន​ និង​កត្តា​ទី៤ ​បរិយាកាស​មិនសូវ​ល្អ ​ដោយសារ​មាន​ធូលី​ហុយ​ ផ្លូវជាតិ​លេខ​ ៧១C ​កំពុង​ឈូសឆាយ​ធ្វើ​ផ្លូវ​ជាដើម»។

លោក​បន្តថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៦ ​ខែកក្កដា ​ពុំមាន​សិស្សា​នុសិស្ស​សន្លប់​ទៀត​ទេ ​ហើយ​អ្នកសម្រាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចំការលើ​មាន​ចំនួន​ ៨ នាក់ ​ក្រៅពី​នោះ ​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ទោះយ៉ាង​ណា​ លោក​បានណែនាំ​ដល់​សិស្សា​នុសិស្ស​ទាំងនោះ ​គេង​ឱ្យបាន​គ្រប់គ្រាន់ ​អនាម័យ​ខ្លួនប្រាណ ​ញ៉ាំ​អាហារ​គ្រប់គ្រាន់​ដែល​មាន​ជីវជាតិ​ និង​មាន​អនាម័យ ​និង​ផ្អាក​សាលារៀន​មួយ​រយៈ​សិន​ រហូត​ដល់​ស្ថានភាព​ប្រសើរ។


អភិបាល​ខេត្ត​កំពង់ចាម ​លោក ​អ៊ុន ចាន់ដា ​កាលពី​ថ្ងៃ​ទី ៥​ ខែកក្កដា ​បានដឹកនាំ​សហការី ​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ​ដើម្បី​សួរ​សុខទុក្ខ ​ក៏ដូចជា​ត្រៀម​វិធានការ​នានា​ក្នុងការ​ទប់ស្កាត់ ​កុំឱ្យ​ករណី​នេះ​កើត​មាន​បន្ត​ទៀត។ បើ​តាម​លោក​អភិបាល​ខេត្ត​ មូលហេតុ​បឋម​នៃ​ការដួល​សន្លប់​នេះ​មាន​កត្តា​ផ្សេង​គ្នា ​ដោយ​ខ្លះ​ភ័យ​ ខ្លះ​អស់​កម្លាំង​ជាដើម។

លោក​បញ្ជាក់ថា​៖ «មូលហេតុ​ពេទ្យ​របស់​យើង​បានដឹង​ច្បាស់​ហើយ ​សិស្ស​ខ្លះ​មិនបាន​ហូបបាយ​ពេល​ព្រឹក។ មួយ​ទៀត​គាត់​រៀន​ច្រើន​ពេក ​អត់​ងងុយ​ផង​ធ្វើឱ្យ​អស់​កម្លាំង ​កង្វះ​ជាតិ​ស្ករ​ក្នុង​ខ្លួន។ មួយ​ទៀត ​ការសន្លប់​នោះ​មិនចោទ​ជាបញ្ហា​ធ្ងន់ធ្ងរ​ទេ ​គឺ​ដោយសារ​គាត់​ស្លន់ ​ទើប​សន្លប់​បន្ត​គ្នា ​បើ​តាម​ក្រុម​គ្រូពេទ្យ​ថា​ជំងឺ​ផ្លូវចិត្ត​ច្រើន​ជាង»។

យ៉ាង​ណាក៏​ដោយ ​លោក​ថា ​ក្រុម​ការងារ​ជំនាញ​ពាក់ព័ន្ធ​កំពុង​តាមដាន​រក​ហេតុផល​ផ្សេងៗ​ទៀត​ដើម្បី​រក​វិធានការ​ទប់​ស្កាត់ ​កុំឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​នៅ​វិទ្យាល័យ​ស្ពឺ​បន្ត​ទៀត។

លោក​បន្ថែមថា​៖ «វិធានការ​ចំពោះ​មុខ​ ក្រុម​ការងារ​ថ្នាក់​ខេត្ត ​ ហើយ​ខាង​ជំនាញ​ពិនិត្យ​គុណភាព​ចំណី​អាហារ ​បាន​ចុះ​ទៅ​ពិនិត្យ​បន្ថែម ​ដើម្បី​ឱ្យបាន​របាយការណ៍​ពេញលេញ ​ហើយ​ដាក់​ចេញ​វិធានការ​បន្ត»៕