គជប ​បក្ស​នយោបាយ​ និង​អង្គការ​ ពិភាក្សា​ពី​ប្រធានបទ​ចំនួន​ ៥​ ពាក់ព័ន្ធ​ការបោះឆ្នោត ​ដើម្បី​កែលម្អ​សម្រាប់​ការបោះ​ឆ្នោត​នា​ពេល​ខា​ងមុខ

Content image - Phnom Penh Post
គជប និងតំណាងគណបក្សនយោបាយ ព្រមទាំងអង្គការសង្គមស៊ីវិល ធ្វើសន្និបាតបូកសរុបការងារបោះឆ្នោត នាថ្ងៃទី ៦ កក្កដា ដោយពិភាក្សាលើនីតិវិធី ដើម្បីកែលម្អសម្រា​ប់ការ​បោះឆ្នោត នាថ្ងៃខាមុខ។ រូបថត គជប

ព្រះសីហនុៈ ក្នុង​ពិធីបើក​សន្និបាត​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ​ឆ្នាំ ២០២២ ​នៅ​ខេត្ត​ព្រះសីហនុ ​នា​ថ្ងៃទី ៦-៧​ ខែកក្កដា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប) ​គណបក្ស​នយោបាយ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បានពិភាក្សា​លើ​ប្រធានបទ​ធំៗ​ចំនួន​ ៥ ​ដើម្បី​កែលម្អ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​អាណត្តិ​ទី៧ ​ឆ្នាំ ២០២៣ ​និង​បោះ​ឆ្នោត​ផ្សេងៗ​ទៀត​នៅ​ពេល​ខាង​មុខ។

លោក​ សោម សូរីដា ​អ្នកនាំពាក្យ ​គ.ជ.ប. ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ​កក្កដាថា ​ប្រធានបទ​ទាំង ៥​ រួមមាន​ទី១​- ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ ​ទី២​- ការចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ ​ ទី៣​- ការឃោសនា​បោះឆ្នោត ​ទី៤-​ ការបោះ​ឆ្នោត​ ការរាប់​សន្លឹក​ឆ្នោត ​និង​ការបូក​សរុប​លទ្ធផល ​នៃ​ការបោះឆ្នោត ​និង ​ទី៥- ​ការដាក់ ​ការទទួល ​និង​ការដោះស្រាយ​ពាក្យ​បណ្ដឹង​នៅ​គ្រប់​ដំណាក់​កាល​នៃ​ការបោះ​ឆ្នោត។

លោក​បន្តថា ​ក្នុង​សន្និបាត​នេះ ​គជប ​បានបង្កើត​ជាក្រុម ​ដែល​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ អង្គការ​សង្គមស៊ីវិល​ និង​មន្ត្រី​ជំនាញ​របស់​គជប ​ដើម្បី​សិក្សា ​និង​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ទាំងនេះ ​ដោយ​ប្រមូល​ធាតុចូល ​ដើម្បី​កែលម្អ​សម្រាប់​ការបោះឆ្នោត ​នៅ​ពេល​ខាង​មុខ​ទៀត។

លោក​ថ្លែងថា​៖ «លទ្ធផល​នៃ​ការពិភាក្សា ​វា​ជាធាតុ​ចូល​យ៉ាង​សំខាន់​ក្នុង​ការកែលម្អ​បទបញ្ជា​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ លើក​ក្រោយ​ទៀត ​នៅ​ឆ្នាំ ២០២៣ ​ហើយ​អាច​រហូត​ដល់​ឆ្នាំ ២០២៧ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៦»។

លោក ​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត ​(និកហ្វិក) ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ពេល​លោក​ចូលរួម​សន្និបាត ​នៅ​ថ្ងៃទី ៦​ កក្កដាថា ​កិច្ចពិភាក្សា ​និង​ផ្តល់​យោបល់​ពី​អង្គការ​សង្គមស៊ីវិល ​និង​គណបក្ស​នយោបាយ ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុស​នៅ​តាម​ក្រុម​ពិភាក្សា​នីមួយៗ។

លោក​ថ្លែងថា​៖ «គេ​លើក​បញ្ហា​ប្រឈម ​ហើយ​ផ្តល់​យោបល់ ​ឧទាហរណ៍​ការចុះ​ឈ្មោះ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ ​មាន​បញ្ហា​អី​ខ្លះ ​និង​មាន​ការកែលម្អ​ដូច​ម្តេច? ​ហើយ​ក្រុម​ផ្សេង​ទៀត ​គេ​ពិភាក្សា​ប្រធានបទ​ផ្សេង​ទៀត»។

លោក​ ណុប ផន ​អគ្គលេខារង​ទទួលបន្ទុក​បោះឆ្នោត ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ថ្លែង​នៅ​ថ្ងៃទី ៦ ​កក្កដាថា ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ស្ថិត​ក្នុង​ក្រុម ៥ ដែល​ពិភាក្សា​ទៅលើ​ការដាក់ ​ការទទួល ​និង​ការដោះស្រាយ​ពាក្យ​បណ្ដឹង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះ​ឆ្នោត។ គណបក្ស​បាន​ផ្តល់​មតិយោបល់​យ៉ាង​ផុលផុស ​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត។

លោក​បញ្ជាក់ថា​៖ «ការដាក់​ប្រធានបទ​នេះ​ឱ្យ​គណបក្ស​នយោបាយ ​និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា ​និង​ផ្តល់​យោបល់​នេះ ​មិនមែន​តែ​ល្អ​សម្រាប់​ហ៊្វុនស៊ិនប៉ិច​ទេ​ គឺ​ល្អ​សម្រាប់​គណបក្ស​ទូទៅ ​ទំាង​អស់»។

ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​នៅ​ឯ​ខេត្ត​ព្រះសីហនុ ​នា​ថ្ងៃ​ទី ៦-៧ ​កក្កដា​នោះ​ លោក ​នុត សុខុម ​អនុប្រធាន​ គ.ជ.ប. ​បញ្ជាក់ថា ​ ទោះបីជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានរៀបចំ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​អាណត្តិ​ទី៥ ​ឆ្នាំ ២០២២ ​សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​យ៉ាងណា​ក្ដី ​ក៏​នៅតែ​សង្កេត​ឃើញថា​ នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន ​ដែល​ទាំង​អស់​គ្នា​ត្រូវតែ​ចូលរួម​ចំណែក​ដោះស្រាយ​តាមរយៈ​អង្គ​សន្និបាត​នេះ។

លោក​ថ្លែងថា​៖ «នៅ​ពេល​ពិភាក្សា​លើ​ប្រធានបទ ​ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​ស្នើសូម​ឱ្យ​ឯកឧត្ដម​ លោកជំទាវ ​លោក ​លោកស្រី​ទាំងអស់ ​មេត្តា​ផ្តោត​ការយកចិត្ត​ទុកដាក់​ក្នុង​ការចូលរួម​ពិភាក្សា​លើ​ប្រធានបទ​ឱ្យបាន​ផុល​ផុស ​ដោយ​លើក​យក​បញ្ហា​ប្រឈម​សំខាន់ៗ ​ផ្ដល់​ជាយោបល់ ​ឬ​លើក​ជាសំណូមពរ ​ឬ​អនុសាសន៍ ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ និង​មាន​សេចក្ដី​ថ្លៃថ្នូរ»។

បើ​តាម ​លោក​ នុត សុខុម ​តាមរយៈ​សន្និបាត​នេះ ​រាល់​មតិយោបល់ ​ឬ​សំណូមពរ ​និង​អនុសាសន៍ ​របស់​លោក ​លោកស្រី ​ដែល​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​ដែល​ស្រប​ទៅនឹង​ច្បាប់ ​បទបញ្ជា ​និង​ឧត្ដមានុវត្តន៍ ​គឺជា​ធាតុចូល​គន្លឹះ ​និង​វិភាគទាន​ដ៏ថ្លៃថ្លា​ក្នុង​ការរួម​ចំណែក​កែលម្អ​ការបោះ​ឆ្នោត​ខាងមុខ ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត៕

ព័ត៌មានថ្មីៗ