ភ្នំ​ពេញៈ ចិន​បាន​ប្រកាស​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឈរ «យ៉ាង​រឹងមាំ»​ ​ជាមួយ​កម្ពុជា ហើយ​បាន​សន្យា​ថា នឹង​ផ្តល់​វ៉ាក់​សាំងកូវីដ​ ១៩ នៅសល់​ចំនួន​ ១៥​ លាន​ដូស​ថែ​ម​ទៀត​ដល់​កម្ពុជា​។


ការប្តេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​កាល​ពីថ្ងៃទី​ ៣ ខែ​កក្កដា រវាង​ទីប្រឹក្សា​រដ្ឋ និង​ជារដ្ឋ​មន្រ្តី​ការ​បរទេស​ចិន លោក វ៉ាង យី និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុងឱកាស​ភាគី​ទាំង​២​ចូល​រួម​កិច្ច​ប្រជុំរដ្ឋ​មន្ត្រីការ​បរទេស​នៃកិច្ច​សហ​ប្រតិបត្តិ​ការមេ​គង្គ-ឡាន​ឆាង លើក​ទី៧ នៅទីក្រុង​បាហ្កាន ប្រទេស​មីយ៉ាន់​ម៉ា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃទី​ ៥ ខែកក្កដា​ រប​ស់​ស្ថានទូតចិន​ បាន​ឱ្យដឹង​ថា ប្រទេស​ចិន ប្តេជ្ញា​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​បន្ថែម​នូវការ​ឯកភាព​ជាយុទ្ធ​សាស្ត្រ​ក្នុង​កម្រិត​ខ្ពស់ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យកាន់​តែស៊ី​ជម្រៅ ដើម្បី​កសាង​និងព​ង្រឹង​អនាគត​រួម​គ្នា ក៏ដូចជា​អបអរ​សាទ​រ ខួប​លើក​ទី​៦៥ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង ​២ នៅឆ្នាំ ២០២៣។​

លោក វ៉ាង ថ្លែង​ថា​៖ «ក្នុងនាម​ជាប្រទេស​ដៃគូ​យុទ្ធ​សាស្ត្រ ដែលចែក​រំលែក​សុខ​ទុក្ខជា​មួយ​គ្នា ប្រទេស​ចិន នឹង​បន្ត​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​កម្ពុជា ​និងគាំទ្រ​ស្ថិរ​ភាព​នយោបាយ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា»។


លោក​បាន​បន្ថែម​ថា​៖ «ប្រទេស​ចិន នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ ១៩ ដែលនៅសល់​ចំនួន​ ១៥ លាន​ដូស​បន្ថែម​ទៀត និង​បង្កើន​ជើង​ហោះហើរ​ត្រង់​ និង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។​ យើង​ក៏កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​ប្រទេស​ចិន​ ផង​ដែរ​»។


លោក​ ប្រាក់ សុខុន បានថ្លែង​ថា ប្រទេស​កម្ពុជា បាន​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួច​ផ្តើម​អភិវឌ្ឍន៍ និង​សន្តិសុខ​ពិភព​លោក ដែល​ស្នើឡើង​ដោយ​ប្រធានា​ធិបតី​ចិន លោក Xi Jinping ហើយ​ជឿ​ជាក់​ថា គំនិត​ផ្តួច​ផ្តើម​ទាំង​ ២​នេះ នឹង​រួម​ចំណែ​ក​យ៉ាង​សំខាន់​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជា​សកល​។

លោក​ វ៉ាង និង​លោក ប្រាក់ សុខុន​ ក៏បាន​ឯកភា​ពគ្នា ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​របស់​កម្ពុជា​ផង​ដែរ​។

លោក​ វ៉ាង បាន​បន្ថែម​ថា ប្រទេស​ចិន គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ «តួនាទីដ៏​សំខាន់»​របស់​កម្ពុជា ក្នុង​នាម​ជាប្រធាន​អាស៊ាន ​ហើយ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ «ការ​លើក​កម្ពស់​គោល​ការណ៍​ចំនួន​ ៣​»។

ទី១​ គឺរក្សា​ឱ្យបាន​នូវ​មជ្ឈភាព​អា​ស៊ាន ដើម្បី​រក្សា​ឯក​រាជភាព​ជាយុទ្ធ​សាស្ត្រ រក្សា​ពហុភាគី​និយម និង​នាំមុខ​នៅ​ក្នុងការ​ការពារ​សន្តិ​សុខ​ក្នុង​តំបន់​។

ទី២​ គឺរក្សា​ឱ្យបាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ កសាង​តំបន់​ប្រកប​ដោយស្ថិរ​ភាព​ សុវត្ថិភាព​ វិបុល​ភាព ភាព​រស់​រវើក និង​មិត្ត​ភាព​សម្រាប់​ទាំង​ប្រទេស​ចិន និង​អាស៊ាន​ ដែល​ជាគោល​ដៅអាទិភាព​ ហើយ​កិច្ច​សហ ប្រតិបត្តិ​ការ​ខ្សែក្រវាត់​និង​ផ្លូវ គឺជា​កម្លាំង​ចលករ​នៅ​ពីក្រោយ​កិច្ច​សហ​ប្រតិ​បត្តិការ​នេះ។

ទី៣ ​គឺរក្សា​ឱ្យបាន​នូវ​គោល​ការណ៍ នៃ​ការ​ដោះស្រាយ​បញ្ហា​រសើប​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​រក្សា​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅវិញ​ទៅ​មក ប្រឆាំង​បក្ខពួក​និយម​ និង​ការបែក​បាក់គ្នានៅ​ក្នុង​តំបន់ និង​ទប់​ទល់​ការ​ប៉ុន​ប៉ង​ណាមួយ​ដើម្បី​ប្រែក្លាយ​វេទិកា​សហប្រតិបត្តិ​ការអាស៊ីបូ​ព៌ាទៅ​ជា ​«ទីតាំង​ប្រកួត​ប្រជែង​» សម្រាប់​ប្រទេស​មហា​អំណាច​។

លោក​ ប្រាក់ សុខុន​ ថ្លែង​ថា កម្ពុជា​ប្រឆាំង​រាល់​កម្លាំង​ពីខាង​ក្រៅ ដែល​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​តំបន់ ដែល​បង្ខំ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ភាគី​ណា​មួយ ដែល​នឹង​នាំទៅ​ដល់​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបា​យ «មាន​ មួយ អត់​ មួយ»​។

លោកបាន​បន្ត​ថា៖ «នៅចំពោះ​មុខស្ថាន​ការណ៍​ដ៏ស្មុគ​ស្មាញ និង​ប្រែប្រួល​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា ​នឹង​ឈរ​យ៉ាង​រឹងមាំ​លើ​ជំហរ​ដ៏ត្រឹម​ត្រូវ និង​សហការជា​មួយ​ចិន ក្នុង​ស្មារតី​នៃការ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក​និង​លទ្ធផល​ឈ្នះ-ឈ្នះ ដើម្បីការ​ពារ​សន្តិភាព​ ស្ថិរភាព និង​វិបុល​ភាព​នៅក្នុង​តំបន់​»។

លោក​ វ៉ាងយី និង​លោក ប្រាក់ សុខុន ក៏បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នាអំពី​ស្ថាន​ភាព​នៅប្រទេស​មីយ៉ាន់​ម៉ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង​ផង​ដែរ​៕ By Sopheap