ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​របស់​អាស៊ាន​ប្រកាសថា កម្ពុជា​ប្តេជ្ញា​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​​នៅ​មី​យ៉ាន់​ម៉ា ដរាបណា​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន ត្រូវបាន​រក្សា​ឱ្យនៅ​គង់វង្ស តែ​មិន​អនុញ្ញាតឱ្យ​បញ្ហា​មី​យ៉ាន់​ម៉ា​បំបែកបំបាក់​ឯកភាព​អាស៊ាន​នោះទេ​។


​លោក​ ប្រាក់ សុខុន ថ្លែង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី ​៦ ខែកក្កដា បន្ទាប់ពី​លោក​បានបញ្ចប់​ការបំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ចាប់ពី​ថ្ងៃទី ​៣០ ខែមិថុនា ដល់​ថ្ងៃទី​ ២ កក្កដា​។​

​លោក ​ប្រាក់ សុខុន ថ្លែងថា​៖ «​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ក្នុងឋានៈ​ប្រេសិត​ពិសេស​របស់​ប្រធាន​​អាស៊ាន នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព ដែល​យើង​មាន ដើម្បី​ជួយ​ប្រទេស និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ដរាបណា​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន ត្រូវបាន​រក្សា​ឱ្យនៅ​គង់វង្ស​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន និង​តំបន់​ទាំង​​មូល​។ មានការ​ឯកភាព ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​​រក្សា​ឯកភាព​របស់​អាស៊ាន​ឱ្យនៅ​គង់វង្ស ទោះ​​ក្នុង​កាលៈទេសៈ​ណាក៏ដោយ យើង​ត្រូវបំពេញ​ភារកិច្ច​ណាក៏ដោយ ដោះស្រាយ​បញ្ហា​វិបត្តិ​ណាក៏ដោយ​គឺ​ឯកភាព​អាស៊ាន មិនត្រូវ​ធ្វើឱ្យ​បែក​​បាក់​»​។

លោក​បន្តថា ទោះបី​ប្រទេស​អាស៊ាន បាន​បញ្ចេញមតិ និង​ប្រកាន់​ជំហរ​មិន​ដូចគ្នា​ពាក់ព័ន្ធ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ប្រទេស​អាស៊ាន មាន​ឆន្ទៈ​រួមនៅក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ តាម​​រយៈ​ការប្រកាន់យក និង​អនុម័ត​កុងសង់ស៊ីស​៥​ចំណុច​អាស៊ាន​កាលពី​ឆ្នាំ ​២០២១​។​


​លោក ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រីការបរទេស​ថ្លែងថា​៖ «​ទី​១ យើង (​អាស៊ាន​) ប្តេជ្ញា​ជួយ​មី​យ៉ាន់​ម៉ា​។ ទី​២ ក៏​យើង​ប្តេជ្ញា​រក្សា​ឯកភាព​របស់​អាស៊ាន​ដែរ​។ យើង​មិន​អនុញ្ញាតឱ្យ​បញ្ហា​មី​យ៉ាន់​​ម៉ា បំបែកបំបាក់​ឯកភាព​អាស៊ាន​នោះទេ​។ ជួយ​មី​យ៉ាន់​ម៉ា​ផង​រក្សា​ឯកភាព​របស់​អាស៊ាន​ផង​»​។​


​លោក​បញ្ជាក់ថា អ្វី​ដែលជា​សញ្ញា​វិជ្ជមាន​គឺថា ការបន្ត​ជំរុញ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្នាក់​​ជាតិ​បានធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ទទួលបាន​ស្ថិរភាព​ ១​ កម្រិត ខណៈ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​លោក មីន អ៊ុង​ឡាំង បាន​ចែករំលែក​ដល់​រូបលោក​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក មីន អ៊ុង​ឡាំង ដើម្បី​សម្រេច​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថា្នក់​ជាតិ​។ លោក ប្រាក់ សុខុន បាន​សម្តែង​ការ​​ត្រេកអរ​នៅពេល​លោក​ទទួលដំណឹង​ថា កុមារ​នៅ​មី​យ៉ាន់​ម៉ា អាច​ចាប់ផ្តើម​ការសិក្សា​របស់​ពួកគេ​ឡើងវិញ​។​

​លោក ប្រាក់ សុខុន បាន​ថ្លែងបន្តថា ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) របស់លោក មីន អ៊ុង​​ឡាំង បានកំណត់​យក​ការរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២៣ ជា​ច្រកចេញ​ដើម្បី​នាំ​មី​យ៉ាន់​ម៉ា​ត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ ដោយបាន​សន្យា​ផ្ទេរអំណាច​ទៅឱ្យ​អ្នក​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​។ SAC បានបញ្ជាក់​ពី​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​រៀបចំ​ការបោះ​ឆ្នោតថា ការបោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។

លោក​បន្ថែមថា ប្រទេសមួយ​​ចំនួន​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបោះ​​ឆ្នោត​ដោយ​ភាព​ស្ងៀមស្ងាត់ ដោយសារ​ប្រទេស​ទាំងនោះ​បារម្ភ​ពី​ប្រតិកម្ម​តប និង​ការរិះគន់​ពី​សំណាក់​សាធារណជន​ថា ជម្រើស​នេះ​នឹង​ផ្តល់​ភាពស្របច្បាប់​ដល់ SAC ហើយ​ថា ការបោះ​​ឆ្នោត​ណាមួយ​ដែល​រៀបចំ​ដោយ SAC នឹងមិន​មាន​បរិ​យា​ប័ន្ន សេរី យុត្តិធម៌ និង​អាច​ទុកចិត្តបាន​នោះទេ​។

​ប្រេសិត​រូបនេះ​បន្ថែមថា​៖ «​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិនបាន​និយាយ​អ្វី​អំពី​ការបោះឆ្នោត​នោះឡើយ ដូច្នេះហើយ​ប្រេសិត​ពិសេស​ក៏​ពុំមាន​អាណត្តិ​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​នេះដែរ​»៕