​កំពង់ចាមៈ អស់​រយៈពេល​ជាង​ ៤០​ ឆ្នាំ អ្នកចម្រៀង​ស្រី​នៃ​របប​ខ្មែរក្រហម​ដ៏​ល្បីល្បាញ​ម្នាក់ បានរស់នៅ​យ៉ាង​ស្ងប់​​ស្ងៀម​ជាមួយ​មុខរបរ​ធ្វើស្រែ​ចម្ការ​ផ្សំ​​គ្នា​ជាមួយ​ជំនាញ​ចាប់​សរសៃ​ដ៏​សា​ម​ញ្ញ ដោយ​លែង​នឹកនា​ពី​អាជីព​ជា​អ្នកចម្រៀង​ដែល​ជួយ​ឱ្យ​គាត់​រក្សា​ជីព​​ជន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ក្រុម​អាវខ្មៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​


ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ស្ត្រី​ដែលមាន​សម្បុរ​ខ្មៅ​ស្រអែម និង​ស្នាម​ជ្រីវជ្រួញ​នៅលើ​ផ្ទៃមុខ បាន​អង្គុយ​យោលអង្រឹង​​ ក្មេងប្រុស​ម្នាក់ ដែល​ចង​ពីលើ​គ្រែ​តូច​មួយ​នៅក្រោម​ផ្ទះ​របស់គាត់​ដែលមាន​ប្រក់​ក្បឿង​ ១ ​កំណាត់​មុខ និង​ប្រក់​ស័​ង្ក​សី​នៅ​កំណាត់​ក្រោយ បាន​បន្លឺ​សំនៀង​យ៉ាង​គ្រលួច​បំពេរ​ក្មេងប្រុស ​ដែល​កំពុង​ស្រែកយំ​នោះ​ឱ្យ​ស្ងប់ស្ងាត់ ហើយ​គេង​លង់លក់​យ៉ាង​ស្កប់ស្កល់​។

«​ឱ​កូន​មាសម្ដាយ កូនប្រុស​ចាំ​ស្ដាប់​ម្ដាយ​នឹង​រ៉ាយរ៉ាប់​សព្វ​ដល់​អ្នក​ថ្លៃ ពុក​ក៏​ផ្ដែផ្ដាំ​កូន​ចាំ​រាល់ថ្ងៃ ចាំ​ ១ ​ជីវី កុំបី​ភ្លេច​ឡើយ​។ កូនៗ​សព្វថ្ងៃ​បាន​ក្ដី​សុខា​ក្រោម​ទង់​កម្ពុ​ជាថ្មី​សន្លាង​ហើយ​...»​។ ម្ដង​ហើយ​ម្ដងទៀត ស្ត្រី​វ័យ​ ៦៧​ ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ ៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម គឺ​​អ្នកស្រី សាន យឿន បានចៀ​ង​បំពេរ​ចៅប្រុស​របស់គាត់​ដែលមាន​អាយុ​ ២០ ​ខែ ខណៈ​ឪពុកម្ដាយ​របស់​វា កំពុង​ជាប់​កិច្ចការងារ​នៅឯ​រាជធានី​ភ្នំពេញ​។

​ចម្រៀង​ដែល​អ្នកស្រី យឿន ច្រៀង​​បំពេរ​ចៅប្រុស​របស់គាត់​នោះ​មាន​ចំ​​ណង​ជើង​ថា «​សូម​កូនៗ​កុំ​ភ្លេច​ឈាម​​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យសោះ​!»​។ វា​គឺជា​ចម្រៀង​ ១​ ក្នុងចំណោម​ចម្រៀង​ជាង​ ៣០០ ​បទ ដែល​ត្រូវបាន​ប្រព័ន្ធ​ឃោសនាការ​នា​សម័យ​ប៉ុលពត (១៧ ​មេសា ១៩៧៥ ដល់​ ៧​ មករា ​១៩៧៩) បានរៀបចំ​និពន្ធ​ចងក្រង និង​ផលិត​ឡើងជា​កាសែត​ម៉ាញ៉េ សម្រាប់​យក​​ទៅ​ចាក់ផ្សាយ​នៅតាម​ការដ្ឋាន​ជីក​ប្រឡាយ លើក​ទំនប់ និង​នៅតាម​វាលស្រែ​​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងសម័យ​​កាលនោះ ដែល​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ​ដូចជា​សត្វ​ធាតុ​។


​បច្ចុប្បន្ន បទ​ចម្រៀង​ក្នុងសម័យ​ខ្មែរ​ក្រហម​ទាំងអស់ ជាពិសេស​បទ​ចម្រៀង​ខាងលើនេះ មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ស្ដាប់ឮ និង​ឃើញ​ម្ចាស់​​សំនៀង​ដើម​របស់​វា​ដោយផ្ទាល់​ភ្នែក ហើយក៏​មិនដឹងថា អ្នក​ច្រៀង​បទ​ចម្រៀង​មួយ​នេះ​មានឈ្មោះ​អ្វី​នោះដែរ​។ មនុស្ស​មួយចំនួន​បាន​ស្ដាប់​វា​តាម​​រយៈ​ការ​ទស្សនា​ភាពយន្ត​ឯកសារ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ ស្ដីពី​ការស្វែងយល់​ពីរ​បបក​ម្ពុ​ជា​ប្រជា​ធិ​ប​តេ​យ្យ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា ហើយ​ខ្លះទៀត​បាន​ស្ដាប់​វា​តាម​ប្រព័ន្ធ YouTube ឬ​នៅតាម​ហាង​កាហ្វេ​មួយចំនួន​នៅក្នុង​រាជធានី​​ភ្នំពេញ​។


​ថ្វីបើ​អ្នកស្រី យឿន មាន​អាយុ​ ៦៧ ​ឆ្នាំ ប៉ុន្តែ​សំនៀង​របស់គាត់​នៅ​ពីរោះ ហើយ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ជាមួយនឹង​សំ​​នៀង​ដើម​របស់​អ្នកចម្រៀង​ស្រី ដែលមាន​វ័យ​ជាង ​២០ ​ឆ្នាំ​ម្នាក់ ​នៅក្នុង​សម័យ ​ប៉ុល ពត ដែល​ច្រៀង​បទ​ចម្រៀង​

«​សូម​កូនៗ​កុំ​ភ្លេច​ឈាម​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យសោះ​!» រួមគ្នា​ជា​មួយ​អ្នកចម្រៀង​ប្រុស​ម្នាក់​ក្នុងសម័យ​​កាលនោះ​។

​អ្នកភូមិ​របស់គាត់​ជាច្រើន​មានការ​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​បាន​ស្ដាប់ឮ​គាត់​ច្រៀង​បំពេរ​ចៅ​របស់គាត់​ម្ដងៗ ហើយ​នាំគ្នា​សរសើរ​គាត់​ថា «​ច្រៀង​បាន​​ពីរោះ ដូចជា​ម្ចាស់​ដើម​!»​។ ការពិត ម្ចាស់​សំនៀង​បទ​នេះ គឺជា​រូបគាត់​ផ្ទាល់​តែម្ដង​។

​ក្នុងជំនួប​ផ្ដល់​បទ​សម្ភាស​ផ្ទាល់​ជា​មួយ​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ខែ​មុន អ្នក​ស្រី សាន យឿន បាន​ទម្លាយ​អាថ៌​​កំបាំង​ជាច្រើន​អំពី​ជីវភាព​រស់នៅ​របស់គាត់​ក្នុងសម័យ​ខ្មែរក្រហម​ ដែល​ពោរ​​ពេញ​ដោយ​ការកាប់សម្លាប់ និង​ការធ្វើ​ទារុណកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​ដែល​មនុស្ស​ប្រមាណ​ជាង ​៤ ​លាន​នាក់ ​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ដ៏​យង់ឃ្នង​នេះ​ គឺជា​សាក្សី​រស់​សម្រាប់​បង្ហាញ ​ឬ​បរិយាយ​ពី​ការពិត​ប្រាប់​ដល់​កូនចៅ​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន ក៏ដូចជា​មនុស្ស​ក្នុង​ពិភពលោក​ទាំង​​មូល​បានដឹង​។​

​អ្នកស្រី​បាន​និយាយថា​៖ «​នៅ​ចុងឆ្នាំ ​១៩៧៣ ខ្ញុំ​ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ​ក្រុម​​ចលនា​ខ្មែរ​រំដោះជាតិ​ (​ក្រុម​ចលនា​ខ្មែរក្រហម​) ​ជ្រើសរើស​ឱ្យចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ ដែល​ពេលនោះ​ខ្ញុំ​ទើបតែ​អាយុ​ ១៧ ​ឆ្នាំ​ប៉ុណ្ណោះ​»​។​

​បើតាម​អ្នកស្រី យឿន នៅក្នុង​ចុងឆ្នាំ ​១៩៧៣ និង​ដើមឆ្នាំ ​១៩៧៤ ប្រទេស​​កម្ពុជា ១ ​ផ្នែក ត្រូវបាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ចលនា​ខ្មែរ​រំដោះជាតិ​ ឬ​ខ្មែរក្រហម​ដែល​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​គ្រប់គ្រង​ដោយ​លោក​សេនា​​ប្រមុខ លន់ នល់។ ក្នុងនោះ​ទឹកដី​នៃ​ស្រុក​កោះសូទិន ដែលជា​ស្រុកកំណើត​របស់​អ្នកស្រី ក៏​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​កម្លាំង​ចលនា​ខ្មែរ​រំដោះ​​ជាតិ​នេះ​ផងដែរ​។

​ក្រោយពី​បានជ្រើសរើស​រួច​បាន​ប្រមាណ ​១ ​ខែ អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃ​វែង ដើម្បី​ចូលរួម​សិក្សា​បន្ថែម​ជាមួយ​ក្រុម​សិល្បករ និង​សិល្បការិនី​ជាច្រើន​នាក់​ទៀត​ ដែល​ត្រូវបាន​ជ្រើសរើស​មកពី​តំបន់​ភូមិភាគ​បូព៌ា​។ ​នៅ​ទីនោះ​អ្នកស្រី​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថ្មី​ថា​សម​​មិត្ត​នារី ​«​ស៊ីម​»​។​

​មិនមែន​មានតែ​អ្នកស្រី​នោះទេ ដែល​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​នៃ​តំបន់​រំដោះ​នោះ​ប្ដូរ​ឈ្មោះ​ថ្មី​ឱ្យ ក្រុម​សិល្បៈ​ទាំងអស់ ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​ជំរំ​ថ្មី​នោះ​សរុប​ជាង ​១០០ ​នាក់ ក្នុងនោះ​មាន​ស្រី ​៣០ ​នាក់ គឺ​ត្រូវបាន​គេ​ផ្ដល់​ឈ្មោះ​ថ្មី​ឱ្យ​ទាំងអស់​។ ​អ្នកស្រី យឿន​ បាន​និយាយថា នៅពេលនោះ «​ខ្ញុំ​ក៏​មិន​​ដឹង​ពី​មូលហេតុ ដែល​គេ​ប្ដូរ​ឈ្មោះ​របស់​ពួកយើង​បែប​នោះដែរ​?»​។ ​ប៉ុន្តែ​ក្រោយពី​ថ្ងៃ​រំដោះ​ ៧​ មករា ១៩៧៩​ ទើប​អ្នកស្រីបានដឹង​ពី​មូលហេតុ​នេះ គឺ​ក្រោយពី​ឪពុកម្ដាយ​របស់គាត់​បា​ន​ប្រាប់ថា នៅក្នុង​ឆ្នាំ​ ១៩៧៥ ឪពុកម្ដាយ​របស់គាត់​បាន​សួរ​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​ពី​ដំណឹង​របស់គាត់ ប៉ុន្តែ​គ្មាន​នរណាម្នាក់​បាន​ស្គាល់​នោះទេ​។

​អ្នកស្រី​និយាយថា​៖ «​ការពិត​គេ​ប្ដូរ​ឈ្មោះ​យើង គឺ​ដើម្បី​កុំឱ្យ​ឪពុកម្ដាយ​ឬ​សាច់ញាតិ​របស់​យើង​បាន​ស្គាល់ និង​ដឹង​ពី​ស្ថានភាព​ដ៏​អាក្រក់ ដែល​ពួក​យើង​កំពុង​ប្រឈម​នាពេលនោះ​។ ព្រោះ​ក្រៅពី​ហាត់​ច្រៀង និង​សម្ដែង​សិល្បៈ​នៅពេល​ថ្ងៃ ពួកយើង​ត្រូវបាន​គេ​ឱ្យទៅជួយ​ជញ្ជូន​គ្រាប់​ឱ្យ​កង​កម្លាំង​ចលនា​រំដោះជាតិ​ខ្មែរ នៅ​ពេលយប់​ដើម្បី​ប្រយុទ្ធ​តតាំង​ជាមួយ​ពួក​​ទាហាន លន់ នល់​»​។​

​អ្នកស្រី​បន្តទៀតថា ក្រោយពី​រដ្ឋា​ភិ​​បាល លន់ នល់ ត្រូវបាន​ផ្ដួលរំលំ​នៅក្នុង​ថ្ងៃ ​១៧ ​មេសា ឆ្នាំ​ ១៩៧៥ ក្រុម​របស់​អ្នកស្រី ត្រូវបាន​គេ​បំបែក​ទៅតាម​តំបន់​ភូមិភាគ​ផ្សេងៗ​គ្នា​។ សំណាងល្អ អ្នកស្រី​មិនត្រូវ​បាន​ផ្លាស់​ទៅ​កន្លែង​ថ្មី​ទៀត​នោះទេ គឺ​បន្ត​ហ្វឹក​​ហ្វឺ​ន​ការសម្ដែង និង​ច្រៀង​ចម្រៀង​​ប្រពៃណី និង​សម័យ​។

​នៅក្នុង​រដូវរំហើយ​នា​ឆ្នាំ ​១៩៧៧ ពេល​អ្នកស្រីត្រូវបាន​កម្មាភិបាល​ខែ្មរ​​ក្រហម បញ្ជូនទៅ​សម្ដែង​ល្ខោន​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម អ្នកស្រី​បាន​ប្រទះ​ឪពុកមា​របស់​អ្នកស្រី ដែលជា​គ្រូ​ល្ខោន និង​ជាជាង​គំនូរ​ដ៏​ល្បី​ប្រចាំ​ស្រុក​កោះសូទិន​កាលពី​សម័យ​​សង្គមរាស្ត្រនិយម​។ ប៉ុន្តែ​ថ្ងៃនោះ វា​ជា​ថ្ងៃ​រីករាយ​លាយឡំ​នឹង​ក្ដី​រន្ធត់​ជា​ពន់​​ពេក​នៅក្នុង​ជីវិត​របស់​អ្នកស្រី ដែល​មិនអាច​បំភ្លេចបាន​។​

«​ពេល​ប្រទះឃើញ​ឪពុកមា​ខ្ញុំ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​រំភើបចិត្ត​ណាស់ ខ្ញុំ​បាន​ស្ទុះ​រត់ទៅរក​គាត់ ប៉ុន្តែ​មិនទាន់​ទៅដល់​គាត់​ផង ស្រាប់​តែមាន​ឈ្លប​ ២-៣​ នាក់ បាន​ចាប់​អូស​គាត់​ហើយ​វាយ​ទាត់​ធាក់​រហូត​ធ្លាក់ឈាម​តាម​មាត់​។ បន្ទាប់មក​ពួកគេ​ក៏បាន​ចាប់គាត់​ដាក់​លើ​រទេះគោ​ហើយ​ដឹកចេញទៅ​បាត់​»​។​អ្នកស្រី​យឿន​បាន​និយាយ​បន្តថា​៖ «​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​មិនដែល​ឃើញ​​ក្រុម​កងឈ្លប​បដិវត្ត​ន៍​ធ្វើបែបនេះ​ទៅលើ​ប្រជាជន​ឡើយ ចាប់តាំងពី​ឆ្នាំ​ ១៩៧៣ ​មក​»​។​

​ក្រោយពី​ជួប​រឿង​បែប​នោះ​ផ្ទាល់​​ភ្នែក អ្នកស្រី យឿន ដែល​កាលនោះ​ពួក​ខ្មែរក្រហម​ហៅថា សម​មិត្ត​នារី «​ស៊ីម​» បាន​ព្យាយាម​រក​មធ្យោបាយ ដើម្បី​គេចចេញ​ពី​ក្រុម​សិល្បៈ ហើយ​ដើរ​ស្វែងរក​ឪពុកម្ដាយ​បងប្អូន​របស់ខ្លួន​។ ទីបំផុត​នៅ​យប់​ ១ ខណៈ​មេឃ​កំពុងមាន​ភ្លៀងខ្យល់​យ៉ាងខ្លាំង អ្នក​ស្រី​បាន​រត់​ចេញពី​ជំរំ​សិល្បៈ ហើយ​​ធ្វើដំណើរ​ទៅ​ភូមិកំណើត​ក្នុងស្រុក​​កោះសូទិន ខេត្តកំពង់ចាម ដោយ​បន្លំ​ខ្លួន​ជា​កសិករ​។​

​អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​ធ្វើដំណើរ​៣​ថ្ងៃ ទើប​ដល់ផ្ទះ​ឪពុកម្ដាយ​ខ្ញុំ​នាពេល​​ព្រលប់ ពួកគាត់​មានការ​ត្រេកអរ​​ណាស់ ហើយ​ប្រាប់​ខ្ញុំ​ថា កុំ​ចេញ​ទៅណា​ទៀត ហើយ​ថា ក្រុមគ្រួសារ​របស់​ឪពុកមា​របស់ខ្ញុំ ត្រូវ​ពួក​កងឈ្លប​នាំយកទៅ​សម្លាប់​អស់ហើយ​»​។​

​ចាប់តាំងពី​ថ្ងៃ​នោះមក អ្នកស្រី យឿន បាន​សម្ងំ​រស់នៅ​ដោយ​លួចលាក់​នៅក្នុង​ផ្ទះ​ជាមួយ​ជីដូន​ចាស់​រហូតដល់​ថ្ងៃ​​រំដោះ​ ៧​ មករា ឆ្នាំ​ ១៩៧៩ ទើប​ចេញមក​បង្ហាញមុខ​ជាថ្មី ប៉ុន្តែ​មិន​ចូលរួម​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ឡើយ​។ នៅក្នុង​ឆ្នាំ​ដដែល​នោះ អ្នកស្រី​ក៏បាន​សម្រេចចិត្ត​រៀបការ​ជាមួយ បុរស​ជា​យោធា​ម្នាក់ ឈ្មោះ សុខ ម៉ៅ ជា​អ្នក​​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​បាន​បង្កើត​ក្រុមគ្រួសារ​ដ៏​ធំ​មួយ ដោយមាន​កូន​ ៩ ​នាក់​ (​ប្រុស​ ៣ ស្រី​ ៦​នាក់​)​។ នៅក្នុង​ឆ្នាំ ​២០០៣ អ្នកស្រី យឿន បានសម្រេច​ចិត្ត​លែងលះ​ជា​​មួយ លោក សុខ ម៉ៅ ហើយ​ទ្រាំ​រស់​ចិញ្ចឹម​កូន​ទាំង ​៩ ​នាក់​តែម្នាក់ឯង ជា​មួយ​ការប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​ការចាប់​សរសៃ​។

​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី អ្នកស្រី​ពុំដែល​អប់រំ​កូនៗ​ឱ្យ​ស្អប់​ប្ដី​របស់គាត់ ដែល​ត្រូវជា​ឪពុក​របស់​កូនៗ​គាត់​ឡើយ​។ បច្ចុប្បន្ន កូនៗ​របស់គាត់​បាន​រៀបការ ប្រពន្ធ​-​ប្ដី ចំនួន ​៨ ​នាក់​ហើយ​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់ មាន​អាជីព​ជា​អ្នក​ចម្រៀង​នោះទេ​។

​បើតាម​អ្នកស្រី យឿន ក្នុង​របប​ខ្មែរ​​ក្រហម អ្នកស្រី​បាន​ច្រៀង​ចម្រៀង ដែល​ខាង​កម្មាភិបាល​នៃ​ក្រសួង​ឃោស​​នា​ការ និង​សិល្បៈ និពន្ធ​យកមក​ឱ្យ​គាត់​ច្រៀង​សរុប​ប្រមាណ​ ២០០​ បទ​។ ក្នុងនោះ​បទ​ខ្លះ​គាត់​ច្រៀង​ម្នាក់ឯង បទ​ខ្លះទៀត​ច្រៀង​ជា​ពួក និង​បទ​ខ្លះទៀត ច្រៀង​ជាមួយ​អ្នកចម្រៀង​ជា​បុរស ដូចជា​បទ «​សូម​កូនៗ​កុំ​ភ្លេច​ឈាម​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យ​​សោះ​! អក្ខរា​កូនៗ ប្ដេជ្ញា​រៀនសូត្រ​វីរភាព​របស់​ប្រជាជន​កម្ពុជា ដ៏​មហា​​អស្ចារ្យ​...​និង​បទ​សូម​កូនៗ​ចងចាំ​ប្រ​ពៃ​ណី​បដិវត្តន៍​យើង​ជា​រៀងរហូត​»​។ ក្រៅពី​ច្រៀង​ចម្រៀង​ថត​ដាក់​នៅក្នុង​កាសែត​ម៉ាញ៉េ​ហើយ​នោះ គាត់​បានចេញ​សម្ដែង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ភូមិភាគ​បូព៌ា​ចំនួន​ជាង​ ៣០០​ កន្លែង ដោយមាន​ទាំង​ការសម្ដែង​ជា​ល្ខោន​យីកេ និង​អា​យ៉ៃ ផងដែរ​។​

«​អារម្មណ៍​របស់ខ្ញុំ​នៅពេលនោះ​ គឺ​សប្បាយចិត្ត​ខ្លាំងណាស់​ដោយ​គិតថា​ការ​ទះដៃ និង​យំ​ស្រែក​របស់​ប្រជាជន​ដែល​បានមក​ទស្សនា​ការសម្ដែង​របស់ខ្ញុំ ពួកគាត់​រំភើប និង​រំជួលចិត្ត ទៅលើ​សាច់រឿង​ដែល​ខ្ញុំ​បាន​សម្ដែង​»​។​

​អ្នកស្រី យឿន បាន​និយាយថា​៖ «​ប៉ុន្តែ​ដល់ពេល​ឥឡូវនេះ ខ្ញុំ​គិតថា ពួក​​គាត់​ទះដៃ និង​យំ​ស្រែក​នាពេលនោះ​គឺ​ចង់​ចំអក​មកឱ្យ​ខ្ញុំ​តែប៉ុណ្ណោះ ព្រោះ​ជីវភាព​អ្នកមូលដ្ឋាន គឺ​លំបាក​ខ្លាំងណាស់ ថែមទាំង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ដូចជា ពួកយើងខ្ញុំ​ជា​សិល្បៈ​នោះឡើយ​»​។

​នេះ​ជា​អ្វីដែល​អ្នកស្រី យឿន និយាយថា គាត់​សុខចិត្ត​រស់នៅក្នុង​អាជីព​ថ្មី ជា​កសិករ និង​ជា​អ្នក​ចាប់​សរសៃ ប្រសើរ​ជាង​ធ្វើជា​អ្នកសិល្បៈ​ដែល​បម្រើ​មនោ​​គម​ន៍​វិជ្ជា​នយោបាយ​របស់​ក្រុម​បដិវត្តន៍​ណាមួយ​ផ្សេងទៀត​ទាំង​ងងឹតភ្នែក​ស្រស់ ដូច​កាលពី​អតីតកាល​៕