ភ្នំពេញៈ វត្ថុ​បុរាណ​ជា​សម្បត្តិ​វប្ប​ធម៌​របស់​ខ្មែរ​ដ៏​មាន​តម្លៃដែល​ត្រូវបាន​លួច​ចេញពី​កម្ពុជា​ក្នុងសត​វត្សរ៍​ទី​១០ ​នៃ​គ​.​ស​ចំនួន​ ៣០ ​រូប​ទៀត ​នឹង​ត្រូវ​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដោយ​ក្នុង​នោះ​មានរូ​បដិមា​ខ្លះ​មាន​ទម្ងន់​រហូត​ដល់​៣​តោន។​


​សេចក្តី​ជូន​ដំណឹង​រប​ស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈចុះ​ថ្ងៃទី​ ៨ ​ខែសីហា​ បាន​ឱ្យដឹង​ថា សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ​៣០ ​រូប ដែលនឹ​ងត្រូវ​បញ្ជូន​ពី​អាមេរិក​មក​​កម្ពុជា​វិញទាំងនេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​កាន់​កាប់​វត្ថុ​បុរាណ​ដោយ​ខុស​ច្បាប់​។

វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​រឹប​អូស​ដោយ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​នៃ​សង្កាត់​ភាគ​ខាង​ត្បូង​ក្រុង​ញូវ​យ៉ក​ សហ​ការ​ជាមួយ​ការិយា​ល័យ​ស៊ើប​អង្កេត​សន្តិសុ​ខ​មាតុ​ភូមិ​សហ​រដ្ឋអា​មេរិក​ដោយ​អនុលោ​ម​តាម​អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​រវាង​រាជរដ្ឋា​ភិ​បាល​កម្ពុជា​និង​រដ្ឋាភិ​បាល​សហរ​ដ្ឋ​អាមេ​រិកស្តីពី​ការ​ដាក់​កម្រិត​ហាម​ប្រាម​នូវ​ការ​នាំ​ចូល​លើ​ប្រភេទ​នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា​។

​សេចក្តី​ជូន​ដំណឹង​បន្ត​ថា ក្នុ​ង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ​មាន​រូប​បដិមា​សំខាន់ៗ​មួយ​ចំនួន​ផ្នែក​ពុទ្ធ សាស​នា និង​ព្រហ្មញ្ញ​សាស​នា ដូច​ជា រូប​ចម្លាក់​ដ៏​ពិចិត្រ "​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​និង“​ព្រះ​គណេ​ស​” ដែល​ត្រូវ​បាន​លួច​យក​ចេញពី​ប្រា​សាទ​ក្នុង​រមណីយ​ដ្ឋាន​កោះ​កេរ​អតីត​រាជ​ធានី​នៃ​អាណា​ចក្រ​ខ្មែរ​នៅ​សត​វត្សរ៍​ទី​១០​ នៃ​គ​.​ស​. ព្រោះ​ប្រា​សាទ​កោះ​កេរ​ធ្លាប់​ជា​គោលដៅ​នៃ​ការ​លួច​ទ្រង់​ទ្រាយ​ធំ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​។​

​សេចក្តី​ជូន​ដំណឹង​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​ ៨ ​ខែ​ សីហា ​ឆ្នាំ​ ២០២២ ​លោក​ កែវ ​ឈា ឯក​អគ្គរាជ​ទូត​កម្ពុ​ជា​ប្រចាំ​សហ​រដ្ឋ​អា​មេរិក​តំណាង​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជានិ​ង​លោក ​Damien Williams អគ្គ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​នៃ​សង្កាត់​ភាគ​ខាង​ត្បូង​ក្រុង​ញូវ​យ៉កបាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ​៣០ ​រូប​នេះ​នៅ​ទីក្រុង​ញូវ​យ៉ក​។


​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក​ស្រី ភឿង ស​កុ​ណា បាន​ថ្លែង​ថា កម្ពុជា​ពិត​ជាមាន​សេចក្តី​រំភើប​ក្នុងការទទួល​ស្វា​គមន៍​​ការ​វិល​ត្រឡប់​មកវិញ​នូវ​រតន​សម្បត្តិ​ដ៏​ល្អ​ឯក​ទាំង​នេះ​ដែល​ជា​ព្រលឹងបុព្វ​បុរស​ខ្មែរ​ជា​ច្រើន​ជំនាន់​និង​តំ​ណាង​ឱ្យ​ភាព​រុង​រឿង​នៃ​ចក្រ​ភព​ខ្មែរ​។

​លោក​ស្រី​ថ្លែងថា៖ “​កា​រប​ញ្ជូន​មក​វិញ​នេះ​គឺអាច​សម្រេច​ទៅ​បាន​ដោយ​សារ​កិច្ច​សហ​ប្រតិ​បត្តិ​ការនិង​កា​រខិតខំ​ប្រឹង​ប្រែង​រួមគ្នា​រវាង​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង ២ ​(​កម្ពុជា​ និង​សហរ​ដ្ឋអា​មេរិក​) និង​ក៏​ដោយ​សារ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញ​លេញ​តាម​រយៈនយោ​បាយ​ឈ្នះ​-​ឈ្នះ ​ក្រោម​ការដឹក​នាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​រប​ស់សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​ដែល​ផ្ដល់​ឱកាស​ក្នុង​ការនាំ​មក​វិញ​នូវ​ព្រលឹង​បុព្វ​បុរស​ខ្មែរដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិ​កំ​ណើត​អស់​ជា​ច្រើន​ឆ្នាំ​នា​សម័យ​សង្គ្រាម និង​អសន្តិ​សុខ​»​។

​អគ្គ​នាយក​បច្ចេក​ទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្ប​លោក ​ហាប់ ទូច​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែម​ថា ​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដើម្បី​ដឹក​វត្ថុបុរាណ​​ទាំង ​៣០ ​រូប​ មក​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ ហើ​យ​ក្រសួង​នឹង​ជូន​ព័ត៌មាន​បញ្ជាក់​បន្ថែម​នៅពេល​វត្ថុ​ទាំង​នេះ​ដឹងមក​ដល់​កម្ពុជា​។លោក​បន្ត​ថា​ ការ​ដឹក​ជញ្ជូន​នេះ​តម្រូវ​ឱ្យមាន​ការ​ប្រុងប្រ​យ័ត្ន​ខ្ពស់និ​ង​ការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹម​ត្រូវ ​ដូច្នេះ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​គួរ​សម​រម្យ​។​

​លោក​ថា​៖ «​ខ្ញុំ​គិតថា​ត្រូវ​ការ​រយៈ​ពេល​មួយ​ចំនួន​ដែរក្នុង​ការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹម​ត្រូវព្រោះ​រូប​បដិមា​មាន​លក្ខណៈ​ខុសៗ​គ្នាច្រើន​ ដោយ​សារ​លើក​នេះ​ មាន​រូប​ខ្លះ​ធំ រូប​ខ្លះ​ជាង៣​តោន អ៊ីចឹ​ង​ដំណើរ​ការ​បច្ចេក​ទេសវេច​ខ្ចប់វា​ត្រូវការ​ពេល​វេលា​ទៅតាម​ហ្នឹង​ដែរ ប្រសិន​បើ​រូប​តូចៗ​មិនជា​លំបាក​ពេក​ទេ ប៉ុន្តែ​រូប​ធំ​យើង​ត្រូវការ​ប្រយ័ត្ន​ប្រ​យែង​ច្រើន​ដែរ ដើម្បី​សុវត្ថិ​ភាព​ពេល​ដឹក​»​។​

​ទោះ​ជា​យ៉ា​ងណា ​លោក​ថា ក្រសួង​នឹង​ខិត​ខំ​ធ្វើការ​ងារ​នេះ​ឱ្យបាន​ឆាប់​បំផុត​យ៉ាង​យូរ​​អាច​នឹង​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​ ២០២២ ​ខាង​មុខ​នេះ​។​

​ក្នុង​នាម​រាជរដ្ឋាភិ​បាល​កម្ពុជា លោក​ស្រី ភឿង ស​កុ​ណា ​បានថ្លែង​អំណរ​គុណ​និង​កោត​សរ​សើរ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​និង​ការខិត​ខំ​ប្រឹង​ប្រែង​ពី​សំណាក់​ស្ថា​ប័ន​នានា​របស់​សហរដ្ឋ​អាមេរិក​ ក្រុម​ការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​ពិសេស​ដល់​លោក​មេធាវី ​Bradley Gordon និង​លោក​មេធាវី Steven Heimberg ដែល​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សហការ​ជាមួយ​ក្រុម​ការងារ​ក​ម្ពុ​ជា ដើម្បី​ស្រាវ​ជ្រាវ​និង​ស្វែង​រក​មក​វិញ​នូវ​សម្បត្តិ​វប្បធ​ម៌​ខ្មែរ​ជាច្រើន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។​

​ជា​មួយ​គ្នានេះ​លោ​កស្រី ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​សារ​មន្ទីរ​និង​អ្នក​កាន់​កាប់​សមុច្ច័យ​ឯក​ជន​នានា ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្រ​គល់មរតក​វប្បធម៌​ជាតិ​មក​កម្ពុជា​វិញ​។

​ជា​មួយ​នឹង​យុទ្ធនា​ការ​សកល ​លោក​ស្រី ភឿង ស​កុ​ណា បាន​អំពាវ​នាវ​ដល់​សារ​មន្ទីរ​នានា​ក៏ដូច​ជា​អ្នក​កាន់​កាប់​សមុច្ច័យ​ឯក​ជន​នៅ​ទូទាំង​ពិភព​លោក​ឱ្យ​ចូលរួម​សហការ​ផ្តល់​ឯកសារ​ភ័ស្តុតាង​និង​ប្រគល់​សម្បត្តិ​វប្បធម៌​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​។​

​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​លោក សំបូរ ម៉ា​ណា​រ៉ា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បើ​និយាយ​ពី​វត្ថុ​បុរាណ​របស់​ខ្មែរ យើង​ត្រូវ​ឱ្យ​តម្លៃ​លើ​បេតិក​ភណ្ឌ​ជាតិ​ដែល​មាន​ហើយ​ស្រេច ប៉ុន្តែ​មានការ​បាត់​បង់​តាម​រយៈ​សង្គ្រាម​និង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​។​

​លោក​បាន​ថ្លៃង​ថា​ ដូច​នេះ​ការ​រកឃើញ និ​ង​ទទួល​បាន​វត្ថុ​បុរាណ​មកវិញ​ជា​បន្ត​បន្ទាប់​គឺ​បង្ហាញ​ពី​តម្លៃ​បេតិក​ភណ្ឌ​ជាតិ​ផង និង​គុណ​ធម៌​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​ផង​ដែរ​។

​លោក​ថា​៖ «អ៊ីចឹ​ង​ការ​បាត់​បង់​នេះ​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែល​យើង​ទាំង​អស់​គ្នា​មាន​មួយចំនួន​ធំមិន​ដឹងថា ​យើង​បាត់​អ្វី​ខ្លះ​នោះទេ ​អ៊ីចឹ​ង​ការ​ដែល​គេ​ផ្តល់​វត្ថុ​បុរាណ​មកឱ្យ​កម្ពុជា​វិញ​ គឺជា​គុណធម៌​សម្រាប់​មនុស្ស​ជាតិ​ មិន​មែន​តែ​គុណ​ធម៌​សម្រាប់​ខ្មែរ​ទេ ដោ​យសារ​មនុស្ស​បាន​ទទួល​របស់​ពី​ដូន​តា​មក​វិញ​ដែល​បង្ហាញ​ថា​ គេ​បាន​ប្រើ​ប្រាស់​នូវ​តម្លៃ​គុណ​ធម៌​បែប​សីល​ធម៌​សកល​»​។​

​លោក​ស្រី Lee Satterfield ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការប​រទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អប់រំ និង​វប្បធម៌​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ទាំង​៣០​រូបដល់​ប្រទេស​កម្ពុជា​នៅទី​ក្រុង​ញូវ​យ៉កបាន​សរសេរ​លើ

បណ្តាញ​សង្គម Twitter ថា​៖« ៖«​ខ្ញុំ​មាន​មោទន​ភាព​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​យើង​ក្នុងកា​រ​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​នេះ​ត្រឡ​ប់ទៅផ្ទះ​គេ​វិញ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​»​។

សូម​ជម្រាប​ផង​ដែរ​ថា វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ ២៧ ​រូប ត្រូវបាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិ​កមក​ដល់​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​ ១៣​ ខែ​ កក្កដា ​ឆ្នាំ​ ២០២២ ​ស្រប​ពេល​ដែល​ក្រ​សួង​វប្ប​ធម៌និ​ង​វិចិត្រ​សិល្បៈ​ថា ​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការនាំ​វត្ថុ​បុរាណ​កម្ពុជា​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់៕