ភ្នំពេញៈ ​ប្រជា​នេសាទ​ ៤ ​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខេត្តពោធិ៍សាត់ ចាប់​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ណែនាំ ឱ្យធ្វើ​កិច្ចសន្យា​ និង​ផាកពិន័យ បន្ទាប់ពី​ពួកគេ​លួច​ឆ្មក់​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​ប៉ា​ឡា​ស្មាច់​ភ្ជាប់​ដោយ​ម៉ាស៊ីន​កម្លាំង​ ១៨ ​សេះ និង​កន្ត្រង​យន្ត​អូស​លៀស​ចំនួន ​២ ធ្វើការ​អូស​លៀស ​និង​ចាប់​ត្រី​ដោយ​ខុសច្បាប់​នៅក្នុង​រដូវ​ត្រី​ពង​កូន​។​


លោក ភុំ វិមល ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នោះបាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​ត្រពាំង​រំដេង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​។ លោក​បាន​បន្តថា នៅពេល​ចុះបង្ក្រាប​នោះ ក្រុម​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​យក​វត្ថុតាង ទូក​បា​ឡា​ស្មាច់​ភ្ជាប់​ម៉ាស៊ីន​ម៉ាក កម្លាំង​១៨​សេះ ចំនួន​១​គ្រឿង ក​ន្ទ្រ​ង​អូស​លៀស​ចំនួន ២​គ្រឿង​, លៀស​ចំនួន​៣០០​គីឡូក្រាម ។​

លោក​បាន​បញ្ជាក់ថា​៖«​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត កម្លាំង​សមត្ថកិច្ច​យើង​បាន​នាំយកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​កំពង់​ហ្លួង។ ចំណែក​ជនសង្ស័យ មន្ត្រី​ជំនាញ​យើង​ធ្វើ​ការអប់រំ​ណែនាំ ​និង​ផាកពិន័យ​ទៅតាម​ច្បាប់​ស្ដីពី​ជលផល រួច​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​»​។

ចំណែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ កម្លាំងចម្រុះ ក៏បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​អាង​អូរ​ជីក​ស្ថិត​ក្នុងភូមិ​ថ្នល់កែង និង​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ផងដែរ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​។​


លោក អោម ចន្ទ​រស្មី ជំនួយការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ស្បៃ​មុង​១៦​ផ្ទាំង មាន​ប្រវែង​សរុប​៣០០​មែត្រ និង​ឧបករណ៍​ល្មើស​នេសាទ​ជាច្រើន​ទៀត​។ វត្ថុតាង​ទាំងអស់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សាលាស្រុក​អន្លង់វែង ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។


លោក​បាន​បញ្ជាក់ថា​៖ «​ប្រតិ​ប​ត្តិការ​នេះ​ទទួលបាន​ជោគជ័យ អាស្រ័យ​ដោយមាន​កិច្ចសហការ​ចូលរួម រាយការណ៍​ផ្ដល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មួយចំនួន​នៅក្នុង​មូលដ្ឋាន​ផងដែរ​»​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដែលជា​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ ដើម្បី​ធ្វើការ​ផាកពិន័យ និងកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។​៕