ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច កែប្រែ និង​ដំឡើង​បន្ថែម​របប​សន្តិសុខ​សង្គម សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន​ទៅក្នុង​ ៤ ​កម្រិត ហើយ​ក្នុង​នោះ​ក៏​ឧបត្ថម្ភ​អ្នកបម្រើ​របស់​ជនពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ​ថ្នាក់​ទី​ ១ ​ផងដែរ​។


យោងតាម​អនុក្រឹត្យ​លេខ​ ១៦២ អនក្រ.បក កាលពី​ថ្ងៃទី​ ១១ ខែ​សីហា ដែល​ចុះហត្ថលេខា ដោយ​លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង លោក​ ​ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បញ្ជាក់ថា របប​សន្តិសុខ​សង្គម​ប្រចាំខែ សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ត្រូវបាន​កែប្រែ និង​ដំឡើង មាន​ ៤ ​កម្រិត​សំខាន់ៗ​។ កម្រិត​ ១ របប​សន្តិសុខ​សង្គម​ប្រចាំខែ​បច្ចុប្បន្ន​ទាប​ជាង ឬ ស្មើ​ ៦៧ ​ម៉ឺន​រៀល ត្រូវ​បន្ថែម​ឱ្យដល់​ត្រឹម​ ៦៩ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​។ កម្រិត​ ២ របប​សន្តិសុខ​សង្គម​ប្រចាំខែ​បច្ចុប្បន្ន ក្នុង​ចន្លោះ​ចាប់ពី ៦៧០ ០០១ ​រៀល ដល់​ត្រឹម ៨០ ​ម៉ឺន​រៀល​ត្រូវ​ផ្តល់ជូន​បន្ថែមចំនួន ២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​។

កម្រិត​ ៣ របប​សន្តិសុខ​សង្គម​ប្រចាំខែ​បច្ចុប្បន្ន​ក្នុង​ចន្លោះ​ចាប់ពី ៨០០ ០០១ ​រៀល ដល់​ ៨១ ​ម៉ឺន​រៀល ត្រូវ​បន្ថែម​ ២​ ម៉ឺន​រៀល​ក្នុង​ ១​ ខែ​។ កម្រិត​ ៤ របប​សន្តិសុខ​សង្គម​ប្រចាំខែ​បច្ចុប្បន្ន ៨១០ ០០១ ​រៀល ឡើង​ទៅ​ត្រូវ​ផ្តល់ជូន​បន្ថែមចំនួន​ ១​ ម៉ឺន​រៀល​ក្នុង​ ១​ ខែ​។ អតីតមន្ត្រី​រាជការ​ស៊ីវិល​ និង​អតីត​យុទ្ធជន ដែល​ទទួល​បាន​ការបន្ថែម​របប​សន្តិសុខ​សង្គម​ប្រចាំខែ ក្នុង​កម្រិត​ណាមួយ​ខាងលើ​រួចមក​ហើយ មិន​អាច​ទទួល​បាន​កម្រិត​ផ្សេង​ទៀតឡើយ​។

មាត្រា​ ២ នៃ​អនុក្រឹត្យ​នេះ​បន្ត​ថា ចំពោះ​ជនពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ​ថ្នាក់​ទី ​១ ដែល​បាន​ធ្វើ​សមាហរណកម្ម​មុន​ឆ្នាំ​ ២០១៥ ត្រូវបាន​បន្ថែម​របប​ឧបត្ថម្ភ​ជូន​អ្នកបម្រើ​ក្នុង​ ១ ​នាក់ ២០​ ម៉ឺន​រៀល​ក្នុង​ ១​ ខែ​។ ដោយឡែក មាត្រា​ ៣ នៃ​អនុក្រឹត្យ​នេះ​បន្ថែម​ថា របប​សន្តិសុខ​សង្គម សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ប្រចាំខែ និង​អ្នកបម្រើ​របស់​ជនពិការ និង​ជនបាត់បង់​សមត្ថភាព​ការងារ​ថ្នាក់​ទី​ ១ ដែល​បាន​កំណត់​ក្នុង​មាត្រា​ ១ និង​មាត្រា​ ២ ខាងលើ ត្រូវបាន​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២២​។

ការកែប្រែ​របប​សន្តិសុខ​សង្គម សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន​ត្រូវធ្វើ​ឡើង​ដោយ​អនុក្រឹត្យ បន្ទាប់ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួង​-​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


លោក​ ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៤ ខែសីហា​ថា តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ រាជរដ្ឋាភិបាល មិន​បោះបង់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីត​យុទ្ធជន ដែល​លោក​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ទេ ដោយ​ក្នុង​នោះ លោក​នាយក​រដ្ឋមន្ត្រី​ចង់ឱ្យ​អ្នក​ចាស់ និង​អ្នកថ្មី​មាន​របប​សោធន​មួយ​ស្មើគ្នា​។

លោក​បន្តថា ជា​រៀងរាល់​ឆ្នាំ​តែងតែ​មាន​ការដំឡើង​ប្រាក់​សោធន​ជូន​ដល់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ប៉ុន្តែ​ក្នុង​អំឡុងពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​មិនបាន​ដំឡើង​ទេ ទើប​តែ​ពេលនេះ​រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ឡើង​ជូន​ពួកគាត់​។

លោក​ថ្លែងថា​៖ «​ការបន្ថែម​នេះ​ផ្អែកលើ​សមធម៌ អ្នក​ដែល​តិច ឡើង​ច្រើន ហើយ​អ្នក​ដែល​ច្រើន​ឡើង​តិច ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រាក់​សោធន​របស់គាត់​មាន​របប​មួយ​ប្រហាក់​ប្រហែល​គ្នា មិនអាច​ឱ្យមាន​គម្លាត​គ្នា​ឆ្ងាយ​ពេក​ដែល​នាំឱ្យ​មិនមាន​ការសប្បាយ​ចិត្ត​ពី​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន​របស់​យើង​»​។

បើតាម លោក​ ឈួរ សុបញ្ញា ថវិកា​ទាំងអស់​ដែល​ត្រូវ​ចំណាយ សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន នៅពេល​នេះ ជា​ថវិកា​របស់​រដ្ឋ មិនមែន​ជា​ថវិកា​បដិភាគ​ពី​សាមីជន​ទេ​។ ក្រៅពីនេះ ពួកគាត់​ក៏​នៅមាន​របប​កូន និង​ប្រពន្ធ​ថែមទៀត​ផងដែរ​។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​សាទរ​ចំពោះ​ការបន្ថែម​ប្រាក់​សោធន​ដល់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​។ លោកស្រី ចាត់ទុក​នេះ​ជា​ការគិតគូរ​យ៉ាង​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ព្រោះ​បើ​មើល​ស្ថានភាព​ជាក់ស្តែង ពួកគាត់​មិន​ទទួល​បាន​ការឧបត្ថម្ភ​ច្រើន​ទេ​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​មាន​ការសប្បាយចិត្ត និង​អបអរសាទរ​ចំពោះ​បងប្អូន​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន ទោះបី​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប៉ុន្មាន​ក៏ដោយ​»៕