ភ្នំពេញៈ នៅ​ថ្ងៃទី​ ៩​ ខែ​ សីហា ឆ្នាំ ២០២២ ថ្មីៗកន្លងទៅនេះ​គឺជា​ថ្ងៃ​កំណើត​របស់ កញ្ញា ភឿន ពេជ្រ​ចរណៃ​ ​គម្រប់​ខួប​ ៣១ ឆ្នាំ។ ចរណៃ ​គឺ​ជាមនុ​ស្ស​​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ទៀត ដែល​យក​ថ្ងៃ​កំណើត​របស់​ខ្លួន​ទៅ​ចូលរួម​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។


«ដោយ​សារ​នៅក្នុង​ថ្ងៃ​កំណើត​ខ្ញុំ​ហ្នឹង​អ្នក​ម្តាយ​ខ្ញុំអស់​ឈាម​ច្រើន ហើយ​មើល​ទៅលើ​អ្នក​ម្តាយ​ខ្លះ​ទៀត​គាត់​ត្រូវការ​ឈាម​ប​ញ្ចូ​ន​ច្រើន​ក្នុង​ថ្ងៃ​សម្រាល​កូន។​ អ៊ីចឹង​ថ្ងៃកំណើត​ដែល​យើង​កើត​មកលើ​ផែនដី​នេះ​​ យើង​គួរតែ​ធ្វើការ​បរិចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ម្តាយ​និង​ក្មេងៗ​ខ្លះ​ដែល​គាត់​ត្រូវ​ការ​ឈាម»។ នេះ​ជា​ការ​លើក​ឡើង​របស់ ​ចរណៃ ។

ការ​បរិ​ច្ឆា​គ​ឈាម​ជា​រៀង​រាល់​ថ្ងៃ​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភព​លោក ហើយ​ការបរិច្ចាគ​ឈាម​ជារឿងល្អ​សម្រាប់​សុខភាព​របស់​អ្នក​បរិច្ចាគ ព្រម​ទាំង​អ្នក​ដែល​ត្រូវការ​ឈាម។ ជាការ​សំខាន់​ណាស់​ដែល​ការ​បរិច្ចាគ​ឈាម​ត្រូវធ្វើ​ឡើង​តែ​នៅក្នុង​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ឬ​ធនា​គារ​ឈាម​និង​មាន​វត្តមាន​របស់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ ខ​ណៈ​អ្នកប​រិច្ចាគឈាម​ត្រូវ​ធានា​ថា ពួកគេ​មាន​សុខ​ភាព​ល្អ ដើម្បី​ចៀស​វាង​បញ្ហា​សុខ​ភាព​ណា​មួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ឈាម​។

ចំពោះ​ការ​បរិចាគ​ឈាម​របស់​ ចរណៃ​ បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប ហើយ​វា​មិនមែន​ជា​លើក​ទី​១​ នោះ​ទេ​ ដែល​ ចរណៃ​ បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ពី​លំនៅ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចម្ងាយ​ជាង​ ១០០ គីឡូ​ម៉ែត្រ​ទៅ​ខេត្ត​សៀម​រាប ដើម្បី​បរិចាគ​ឈាម​។


ចរណៃ និយាយ​ថា៖ «ខ្ញុំ​នៅ​បន្ទាយ​មាន​ជ័យ​ទេ តែ​ពេល​ខ្ញុំ​ទៅ​បរិចាគ​ឈាម​ហ្នឹង ខ្ញុំ​ទៅ​សៀម​រាប បរិចាគ​នៅ​មន្ទីរពេ​ទ្យ​កុមារ​អង្គរ ដោយ​សារ​នៅ​ទីនោះ ​មាន​ក្មេង​ដែល​ត្រូវការ​ឈាម​ច្រើន ហើយ​ជា​កន្លែង​ដែល​មាន​តម្រូវការ​ឈាម​ច្រើន។ ការ​ចំណាយ​ទៅ​បរិចាគ​ឈាម​នេះ ខ្ញុំ​មិន​ខ្វល់​ទេ ព្រោះ​ជា​ទឹក​ចិត្ត​របស់​ខ្ញុំ»​។


ជំនួស​ឱ្យ​ការ​ជួបជុំ​ផឹកស៊ី​សប្បាយ​ ដែល​គេ​តែង​ធ្វើ​នៅ​ថ្ងៃ​ខួប​កំណើត ចរណៃ ចង់​ចំណាយ​ពេលនេះ​ផ្តល់​ឈាម​ ហើយ​ចរណៃមាន​ម​ហិច្ឆ​តាចង់​ធ្វើ​មិន​ត្រឹមតែ​ក្នុងថ្ងៃ​ពិសេស​របស់​ខ្លួន​នោះទេ​ គឺ​កញ្ញា​ចង់​ធ្វើការ​បរិចាគ​ឈាម​នេះ​ឱ្យ​បាន​ ៣ ដង ​ក្នុង​ ១ ឆ្នាំ​ ប្រសិន​បើ​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាត។

ចរណៃ បានថ្លែង​ថា៖ «អ្នកខ្លះ​ថ្ងៃ​ខួប​កំណើត​របស់​គាត់​អ៊ីចឹង​ គាត់​យក​ពេល​ទៅ​ផឹកស៊ី ឬ​ដើរ​លេង។ ខ្ញុំ​គិត​ថា ពេលវេលា​នេះ គួរតែ​សាង​នូវ​បុណ្យ​កុសល​មួយ​ក្នុងការ​ជួយ​សង្គ្រោះ​មនុស្សឬ​កុមា​រណា​ដែល​គាត់​ត្រូវការ​ឈាម។ការផ្តល់​ឈាម​ល្អ ព្រោះ​ឈាម​យើង​ផលិត​រាល់​ថ្ងៃ ដែល​វា​មិន​ប៉ះ​ពាល់​អ្វី​ដល់​ខុស​ភាព​យើង​នោះ​ទេ»។​

ខណៈ​កំពុង​អង្គុយ​នៅ​កន្លែង​ធ្វើការ​ ចរណៃ រៀបរាប់​ពី​អារម្ម​ណ៍​នៅពេល​ផ្តល់​ឈាម​ជា​លើក​ដំបូង​ថា៖ «ដំបូង​ឃើញ​ម្ជុល​បូម​ឈាម​ហ្នឹងធំ​ជាង​ម្ជុលចាក់​ថ្នាំ​ទូទៅ វា​ស្រៀវ តែ​វា​មិន​ឈឺ​ទេ។ ខ្ញុំនៅតែ​អាចធ្វើ​ទៅ​បាន​។ ពេល​បូម​ឈាម គឺ​ក្រុម​គ្រូ​ពេទ្យ មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន ហើយ​ការ​បូម​ឈាម​ហ្នឹង គឺ​ចំណាយ​ពេល​តែ ៧ ទី​ ៨ នាទី​ទេ។ វា​រួចរាល់​ហើយ គ្រូ​ពេទ្យ​​ឱ្យ​យើង​សម្រាក​ ១ សម្ទុះ»។

កញ្ញា​បន្តថា៖​ «កន្លង​មក ខ្ញុំ​មាន​អារម្មណ៍​មួយ​ខ្លាច​ម្ជុល តែ​នៅ​ពេល​បរិចាគ​ឈាម​លើក​ទី១ ទៅ​ឃើញ​ថា អត់​មាន​បញ្ហា​អ្វី​ដល់​សុខភាព​ទេ គឺ​នៅតែ​អាច​ជិះ​ម៉ូតូ​បាន​ដដែល»។

ស្រដៀង​គ្នា​នេះដែរ អ្នកនាង ស៊ីម សុជាតា ដែល​តែង​តែ​យក​ពេល​វេលា​សំខាន់ៗ​របស់​ខ្លួន ទៅ​ចូលរួម​បរិចាគ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម រាជធានី​ភ្នំពេញ បាន​និយាយ​ដែរ​ថា អ្នកនាង​មាន​អារម្មណ៍ល្អ នៅពេល​បាន​ចូលរួម​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត។

អ្នក​នាង​បន្តថា៖ «ខ្ញុំ​ចាប់ផ្តើម​ផ្តល់​ឈាម​ក្នុង​ថ្ងៃ​ពិសេស​តាំងពី​ឆ្នាំ​ ២០២០។ តាមពិត​ខ្ញុំ​ឃើញ​មិត្ត​ភក្តិ គាត់​ផ្តល់​ឈាម​ក្នុង​ថ្ងៃ​ពិសេស​របស់​គាត់។ខ្ញុំក៏​ចូល​រួម​ផ្តល់​ឈាម​ដែរ ហើយ​ចាប់​តាំង​ពី​ហ្នឹង​មក ខ្ញុំ​កំណត់​យក​ថ្ងៃ​ពិសេស​របស់​ខ្ញុំ ធ្វើការ​ផ្តល់​ឈាម​ដែរ។ ខ្ញុំ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ពេល​ខួប​កំណើត​ខ្ញុំ»​។

មិន​ត្រឹមតែ​ចូលរួម​ផ្តល់​ឈាម​ក្នុង​ថ្ងៃ​ពិសេសៗ​នោះ​ទេ​ សម្រាប់​អ្នក​នាង សុជា​តា ហាក់​ដូច​ជា​ញៀន​នឹង​ការ​ផ្តល់​ឈាម​នេះ​អ៊ីចឹង។ អ្នក​នាង និយាយ​ថា ឱ្យ​តែមាន​ការស្នើ​ណា​មួយ​ពី​អ្នកត្រូវ​ការ​ឈាម​ អ្នក​នាង​មិន​រា​រែក នឹង​ការ​ផ្តល់​ឈាម​ជូន​ទៅ​កាន់​អ្នក​ជំងឺ​នោះ​ទេ។

អ្នក​នាងនិយាយ​ថា ៖«‍​បើ​ដល់​រយៈ​ពេលដែល​ខ្ញុំអាច​ផ្តល់​ជូន​បានឱ្យ​តែមាន​ការស្នើ​សុំ ខ្ញុំ​នឹង​ផ្តល់​ជូន​ភ្លាម​ ព្រោះ ១ ឆ្នាំ ខ្ញុំអាច​ផ្តល់​ឈាម​បាន​៣ដ​ង អាស្រ័យ​លើ​សុខភាព​អំណ​យ​ផល»។ អ្នកនាង​បន្តថា​៖ «ពេល​យើង​ទៅ​បរិចាគ​ឈាម​ នោះ​ឈាម​យើង​នឹង​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​តម្រូវការ​ជាក់​ស្តែង។ នៅពេល​ដែល​យើង​ទៅ​បរិចាគ​ឈាម យើង​ដឹង​ថា ឈាម​​ហ្នឹង នឹង​ត្រូវ​បាន​គេ​យកទៅ​ប្រើ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដែល​គេ​ត្រូវការ​ឈាម​ ដើម្បី​បន្តជីវិត​របស់​គាត់​ ដោយ​ការវះ​កាត់។

អ៊ីចឹ​ង​ការធ្វើ​របស់​យើង​នេះ​ គឺជា​ការជួយ​សង្គ្រោះ​ដល់​ជីវិត​ដល់​អ្នក​ដទៃ មិន​ថា​អ្នក​ដែល​យើង​ជួយ​នោះជា​ប្រុសឬ​​ស្រី ជា​ក្មេង​ ឬ​ចាស់»​។

ដោយ​មាន​បំណង​ទៅ​មជ្ឈ​មណ្ឌល​ផ្តល់​ឈាម​ជាថ្មី​ទៀត​នៅ​ចុងខែ​សីហា​ក្រោយ​ស្ថាន​ភាព​សុខ​ភាពមិន​អំ​ណាយ​ផល​ក្នុង​កា​របរិចាគ​ឈាម​កាលពី​ខែ​កក្កដា អ្នក​នាង សុជាតា បាន​និយាយ​ថា អ្នកនាង​កំពុង​ថែរក្សា​សុខភាពដើម្បី​អាច​ផ្តល់​ឈាម​ជាថ្មី​ទៅ​កាន់​កុមារ​ម្នាក់ ដែល​កំពុង​ប្រកាស​ត្រូវការ​ឈាម​ជា​ប្រចាំ។ ក្នុង​នាម​ជាអ្នកធ្លាប់​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ ១ ​រូប អ្នក​នាង សុជាតា រំពឹង​ថា ពលរដ្ឋ​គ្រប់​រូប អាច​នឹង​ចូលរួម​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ពិសេស​ឬ​នៅ​ថ្ងៃ​ណា​មួយ ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​។

និយាយ​ពី​ការ​ផ្តល់​ឈាម​នេះក្រឡេក​មក​និយាយ​ពី​លោក កាន់ ណា​រ៉ុ​ន ដែលជា​អាណា​ព្យា​បាល​ម្នាក់​ក្នុង​ចំណោម​អា​ណា​ព្យា​បាល​ជាច្រើន​ដែលមាន​កូន​កើត​ជំងឺ​ខ្វះ​ឈាម​ក្រហម ​ហើយ​ជំងឺ​នេះ គឺ​ត្រូវ​ការ​បញ្ចូល​ឈាម​ជា​ទៀង​ទាត់​។ ជា​អាណា​ព្យា​បាល​ដែល​ខំ​ពុះពារ​ស្វែងរក​ឈាម​ ដើម្បី​ប​ញ្ចូ​ន​កូន​ប្រុស​តាំងពី​កូន​របស់​លោក​មាន​អាយុ​៩ខែ​រហូត​ដល់​អាយុ​ ១៣ ឆ្នាំ លោក ណា​រ៉ុ​ន និយាយ​ថា ការស្វែង​រក​អ្នក​បរិចាគ​ឈាម គឺជា​រឿង​ពិបាក​។

លោកបន្ត​ថា ការបន្ត​ជីវិត​កូន​ឲ្យ​បាន​ឃើញ​ពន្លឺ​ព្រះអា​ទិត្យ​រហូតមក​ទល់​ពេលនេះ​ គឺ​បាន​គុណ​បុណ្យ​អ្នកបរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នេះហើយ។ លោក​រៀប​រាប់​ថា៖ «វា​ពិបាក​សម្រាប់​ពួក​ខ្ញុំ ដែល​ជា​អ្នក​ត្រូវ​ការ​ឈាម​ញឹក។ វា​មាន​ផល​ពិបាក​ច្រើន​ក្នុង​ការ​ដើររក​ឈាម​បាន​សម្រាប់​យើង​ធ្វើការ​ដោះដូរ​ជាមួយ​មន្ទីរ​ពេទ្យ​ដើម្បី​ឲ្យ​យើង​បាន​បញ្ចូល​ឈាម​ឲ្យ​កូន»។

លោក ណា​រ៉ុ​ន បាន​បន្ថែម​ទៀតថា៖ «នៅ​ពេល​យើង​ត្រូវ​ការ​ឈាម គ្មានអ្វី​ក្រៅពី​លើក​ម្រាម​ដៃ ១០ សុំ​ឈាម​នោះ​ទេ។ ទី១ គឺ​យើង​មានតែ​សុំ​អ្នក​ដែល​ទៅ​បរិចាគ​ដោយ​ស្ម័គ្រ​ចិត្ត គឺ​យើង​សុំ​គាត់។ ទី២ នៅ​ពេល​មន្ទីរពេទ្យ​គាត់​មាន​ឈាម​ស្តុក គាត់​អ​ធ្យាស្រ័យ​ឲ្យ​យើង​គាត់​ជួយ​ដោះដូរ​ជំនួស​យើង​សិន​អ៊ីចឹង។ បន្ទាប់​មក​បាន​យើង​រក​អ្នក​ផ្តល់​ជំនួស​ធ្វើការ​ដោះដូរ​វិញ»។

ក្នុង​ការ​បញ្ចូល​ឈាម​របស់​កូនប្រុស លោក ណា​រ៉ុ​ន បាន​និយាយ​ថា រៀង​រាល់ ២ ខែ ឬ​ឆាប់​ជាង​នេះ អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ ខណៈ​កូនប្រុស​របស់​លោក​ត្រូវ​ការ​ឈាម ​១​ ប្លោក​រាល់​ពេល​បញ្ចូល​ម្តងៗ។​ បង្ហាញ​ក្តីបារម្ភ លោក ​ណា​រ៉ុ​ន បាន​បន្ត​ទៀត​ថា ឆ្លងកាត់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ ​បញ្ហា​កង្វះ​ឈាម​ដែល​មាន​ស្រាប់​នៅ​កន្លែង​ផ្តល់​ឈាម​គឺជា​ហា​និភ័យ ដែល​លោក​តែង​តែ​បារម្ភ​ហើយ​ក្តីបារម្ភ​នេះ វា​តែង​តែ​កើត​ឡើង​នៅ​ពេល​កូន​របស់​លោក​ត្រូវ​ការ​ឈាម​ម្តងៗ​។

«ខ្ញុំ​សង្ឃឹម​ថា បើ​ប្រជា​ពលរដ្ឋ​យើង គាត់​យល់​ដឹង​ពី​ការ​ផ្តល់​ឈាម​បាន​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជំងឺ ដូចជា​កូន​ប្រុស​ខ្ញុំ ដូច​ជា ​អ្នក​កើត​ជំងឺ​មហា​រីក​ជា​ដើម​អី ដែល​ត្រូវការ​ឈាម ​គឺមាន​ភាព​ងាយ​ស្រួល​និង​មាន​ក្តីសង្ឃឹម»។ នេះ​ជា​ការ​លើក​​ឡើង​របស់​លោក​ ណា​រ៉ុន​។

នៅ​កម្ពុជា​ដោយ​សា​រតែ​ការយ​ល់ដឹង​នៅមាន​កម្រិត ​ហើយ​ការភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​មាន​ បានធ្វើ​ឲ្យការ​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ហាក់​នៅមាន​ចំនួន​តិច​តួច​នៅ​ឡើយ។​ នេះ​គឺជា​ការលើក​ឡើង​របស់​លោក​សុ​ខ ប៉ូ ប្រធាន​​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​​ (NBTC)​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​។

បើ​តាម​លោក សុខ ប៉ូ ការបរិច្ចាគ​ឈាមវា​មាន​អត្ថប្រ​យោ​ជន៍​ច្រើន​មុខ​ ព្រោះ​ជា​វិធី​សម្រក​ទម្ងន់​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ។​ការ​បរិច្ចាគ​ឈាម​​ជា​ទៀង​ទាត់​មាន​ការ​ទាក់​ទង​ជាមួយ​នឹង​ការថ​យចុះ​ហានិ​ភ័យ​នៃ​ការកើត​មហា​រីក ​រួម​មាន​ មហា​រីក​ថ្លើម សួត ពោះ​វៀន​ធំ ក្រពះ និង​មហារីក​បំពង់ក ខណៈ​ឈាម​ដែល​ត្រូវ​បាន​បរិច្ចាគ​នឹង​ត្រូវ​យក​ទៅ​ពិនិត្យ​ពី​កត្តា​សុខ​ភាព​មួយ​ចំនួន​ដើម្បី​ប្រាកដ​ថា​វា​អាច​ប្រើ​សម្រាប់​ការ​បរិច្ចាគ​បាន​។

លោក សុខ ប៉ូ បាន​ឲ្យ​ដឹង​ថា៖​ «តម្រូវ​ការ​ឈាម​ក្នុង​ ១ ​ថ្ងៃៗ ដែល​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវ​ការ​ គឺ​ចន្លោះ​​ ២៥០ ​ប្លោក ទៅ​ ៣០០​ ប្លោក។ ការ​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​កាលពី​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩​ មាន​ក្នុង​រង្វង់ ១៧ ភាគ​រយ ហើយ​មាន​ការ​ថយចុះ​មក​នៅ៧​ភាគរយ​ក្នុង​ពេល​ផ្ទុះ​កូ​វីដ ១៩។ យ៉ាងណា​ការ​បរិចាគ​ឈាម​ហាក់​មាន​សម្ទុះ​កើន​បន្តិច​ឡើង​វិញ នៅ​ឆ្នាំ ២០២២ ​ដែល​វា​អាច​នឹង​កើន​ឡើង​មក​នៅ​ក្នុង​រង្វង់​ ១៥​ ភាគ​រយ​វិញ»។

ចំពោះ​ការ​យក​ថ្ងៃ​ពិសេសៗ មក​ចូល​រួម​បរិចាគ​ឈាម លោក សុខ ប៉ូ មើល​ឃើញ​ថា នៅមាន​អត្រា​តិច​តួច​នៅ​ឡើយ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​ប្រកាន់​យក​ថ្ងៃទី​វា​នៃ​ក្តី​ស្រឡាញ់ ទី​វា​នៃ​ខួប​អាពាហ៍​ពិពាហ៍ និង​ខួប​កំណើត​របស់​ខ្លួន​ មក​មជ្ឈ​មណ្ឌល​ផ្តល់​ឈាម គឺ​ពួក​គាត់ មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​បាន​បន្ត​សកម្ម​ភាព​នេះ​ជា​ប្រចាំ​។

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម គឺមាន​ការទទួល​ផ្តល់​ឈាម​ដោយ​ស្ម័គ្រនិង​ការ​ផ្តល់​ឈាម​ជំនួស។ ការ​ផ្តល់​ឈាម​ជំនួស លោក​ សុខ ប៉ូ មើល​ឃើ​ញថា មិន​ចោទ​ជា​បញ្ហា​សម្រាប់​មជ្ឈ​មណ្ឌល​នោះ​ទេ ព្រោះតែ​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម

១ ​ប្លោក គឺ​ត្រូវ​រក​អ្នក​បរិចាគ​ដោយ​ខ្លួន​ឯង ​១ ​ប្លោក​មក​វិញ​។

ចំណែក​ការ​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ទើប​ចោទ​ជា​បញ្ហា។ លោក​ សុខ ប៉ូ លើក​ឡើង​ថា ឈាម​ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​ជំងឺ​ដែល​មិន​អាច​ស្វែងរក​អ្នក​មក​ជំនួស​បានគឺ​យើង​ត្រូវការ​ឈាម​ពី​អ្នក​ដែល​បរិចាគ​ដោយ​ស្ម័គ្រ​ចិត្តហើយ​ក្នុង ១ ​ថ្ងៃៗ មាន​អ្នក​បរិចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ចន្លោះ​ពី ៤ ទៅ ៥ នាក់​ប៉ុណ្ណោះ។ លោក ​សុខ ប៉ូ និយាយ​ថា អ្នក​ដែល​ចង់​ធ្វើ​ការ​បរិចាគ​ឈាម​គឺ​អាច​ធ្វើទៅ​បាន​នៅ​គ្រប់​មន្ទីរ​ពេទ្យ​រដ្ឋនៅ​ទូទាំង​ប្រទេស ​ខណៈ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​មានទទួល​អ្នក​ផ្តល់​ឈាម​រៀង​រាល់​ថ្ងៃ​ធ្វើការ​។

ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​រូបនេះ​និយាយ​ថា៖ «យើង​នឹង​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រមូល​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​បង​ប្អូន​ជនរួម​ជាតិ​នៅ​តាម​មន្ទីរពេទ្យ​កុំឱ្យ​ខ្វះ​ខាត។ យើង​សូម​អំពាវ​នាវ​ផង​ដែរ​ សុំ​បង​ប្អូន​ចូល​រួម​ឲ្យ​បាន​កុះ​ករ​»៕