កុមារអាយុ ១៣ ឆ្នាំ បានក្លាយជាជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទ ព្រោះតែចង់ឱ្យជីវិតរស់នៅប្រសើរ

Content image - Phnom Penh Post
សិក្ខាសាលាស្ដីពីការការពារកុមារ។ ហេង ជីវ័ន

ភ្នំពេញៈ ធំ​ឡើង​ជាមួយ​ម្តាយ​មេម៉ាយ និង​បងប្អូន​ ៧ ​នាក់​នៅក្នុង​បន្ទប់​ជួល​ក្នុង​ទីក្រុង​ភ្នំពេញ សី​ម៉ា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់ឱ្យ​] មានដំណើរ​ជីវិត​មិន​ងាយស្រួល​នោះទេ​។ ម្ដាយ​របស់គាត់​ខំប្រឹង​ផ្គត់ផ្គង់​គ្រួសារ​យ៉ាង​លំបាក និង​មិនអាច​ស្វែងរក​ការងារ ដែលមាន​ស្ថិរភាព​បាន​។ ម្តាយ​ សី​ម៉ា ​ក៏បាន​ធ្វើ​ការងារ​ផ្សេងៗ​បន្ថែម ដូចជា​បោក​ខោអាវ​ម្តងម្កាល ឬ​មើលថែទាំ​ក្មេង​នៃ​គ្រួសារ​ក្នុង សហគមន៍ ដែល​ខ្លួន​រស់នៅ​។ ការអប់រំ​របស់​ សី​ម៉ា ​បាន​រង​ការប៉ះទង្គិច​យ៉ាងខ្លាំង​ដោយសារ​រឿងនេះ​។ នៅ​អាយុ ១៣ ឆ្នាំ ទើប​សី​ម៉ា បាន​សិក្សា​ក្នុង​សាលារៀន​។

កាលនោះ ​[​ក្នុង​អាយុ ១៣ ឆ្នាំ​]​ សី​ម៉ា ត្រូវបាន​មនុស្សពេញវ័យ​ម្នាក់​បាន​មករក​គាត់​ដោយ​សន្យាថា ​នឹងធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ជាង​មុន​។ ដោយ​មិនដឹង​ពី​បច្ចេកទេស​កែ​សម្ផស្ស សី​ម៉ា​បាន​ទទួលយក​ការផ្តល់ជូន​របស់គាត់​នោះ​។ ប៉ុន្មាន​ខែក្រោយ​មក នៅពេល​ចាប់ខ្លួន​បុរស​នោះ សី​ម៉ា​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​ទៅហើយ​។

ជាមួយនឹង​ការសន្យា​ថា ​នឹង​ទទួលបាន​ការគាំទ្រ​ចំពោះ​ការអប់រំ និង​ការចំណាយ​ផ្សេងទៀត សី​ម៉ា បាន​ប្រញាប់​ទទួលយក​ឱកាស​ដែល​ត្រូវបាន​ផ្តល់​ដោយ​បុរស​រួសរាយ​ ដែល​មិន​ស្គាល់​ម្នាក់​។ គាត់​ចាប់ផ្តើម​ទទួលបាន​ការអប់រំ អាហារ និង​អត្ថប្រយោជន៍​ផ្សេងទៀត​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​មិន​អមតៈ​ទេ​។ យូរ ៗ ទៅ​ការសន្យា​របស់គាត់​បាន​ធ្លាក់ចូល​ទៅក្នុង​ការរំលោភ​បំពាន​ដែល​បានកើត​ឡើង​នៅផ្ទះ​របស់​ជនល្មើស​ក្នុង​ឆ្នាំ​ ២០១៨​។ ក្រោយ​ការចាប់ខ្លួន​បុរស​នោះ ការស៊ើបអង្កេត​បានបញ្ជាក់​ពី​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ​ជាច្រើនលើក​។​

សី​ម៉ា និយាយថា​៖ «​ចំណេះដឹង​អំពី​បច្ចេកទេស​សម្អិតសម្អាង​គឺ​សំខាន់​ណាស់ ខ្ញុំ​ចង់ឱ្យ​មិត្តភក្តិ​និង​ក្មេងៗ​ក្នុង​សហគមន៍​របស់ខ្ញុំ​មានចំណេះដឹង​នេះ និង​ការពារ​ខ្លួនឯងបាន​ពី​ការរំលោភបំពាន​ផ្លូវភេទ​»​។

លោក យ៉ាំ ចំរើន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា (First Step Cambodia)​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០១៨ មាន​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ​ចំនួន ៦ នាក់ ​ដែលជា​ក្មេងប្រុស​ទាំងអស់​។ សី​ម៉ា កាលនោះ​អាយុ ១៣ ឆ្នាំ គឺជា​ករណី​ដំបូង​ដែល អង្គការ​ជំហាន​ដំបូង​ទទួលបាន​ពី​ដៃគូ Action Pour Les Enfants (APLE) ដែល​កំពុង​ដឹកនាំ នីតិវិធី​ច្បាប់​ប្រឆាំងនឹង​ជនល្មើស​។​

លោក​បញ្ជាក់ថា​៖ «​ភ្លាមៗ​នោះ បុគ្គលិក​សង្គម​របស់​យើង​បានចាប់ផ្តើម​ដំណើរការ​ព្យាបាល​ដ៏​យូរ​តាមរយៈ​ការគាំទ្រ​ផ្នែក​ព្យាបាល និង​ការផ្តល់សេវា​សង្គម​។ ២-៣ ​ខែក្រោយ​មក យើង​បានទទួល​អ្នករងគ្រោះ​ផ្សេងទៀត​ក្នុងករណីនេះ ចូលទៅក្នុង​សេវាកម្ម​របស់​យើង​»​។​

លោកនាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​បាន​លើកឡើងថា នៅពេល​ទទួល​បានករ​ណី​របស់ សី​ម៉ា​អង្គការ បានធ្វើការ​វាយតម្លៃ​ដំបូង​ដើម្បី​ប្រមើលមើល​សុខុមាលភាព និង​តម្រូវការ​បន្ទាន់​របស់​គាត់ ហើយ​បាន​អនុវត្ត​ផែនការ​សេវាកម្ម​។ តាមរយៈ​សន្និសីទ​លើ​ករណីនេះ​ជាមួយ​ដៃគូ​គឺ APLE និង Indochina Starfish Foundation (ISF) អង្គការ FSC បាន សម្របសម្រួល​ហើយ​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ដើម្បី​ធានា​សុវត្ថិភាព​របស់គាត់ និង​ផ្តល់​ការថែទាំ​វេជ្ជសាស្ត្រ និង​ការគាំទ្រ​ផ្នែក​ច្បាប់​។​

នៅ​ដើមឆ្នាំ​ ២០១៩ បុគ្គលិក​សង្គម​របស់ FSC បានចាប់ផ្តើម​ជួយ សី​ម៉ា ដំណើរការ​បទពិសោធ​ដ៏​តក់ស្លុត​របស់គាត់ និង​បង្កើត​យុទ្ធសាស្ត្រ​ដោះស្រាយ ខណៈ​ការធានា​សុវត្ថិភាព និង​តម្រូវការ​មូលដ្ឋាន​រប​ស់​គាត់​ត្រូវបាន​បំពេញ​។ ក្រៅពីនេះ FSC ក៏បាន​បើក​ករណី ​១ ​ជាមួយ​ម្តាយ​របស់ សី​ម៉ា ដែល​ត្រូវការ​ការព្យាបាល និង​ជំនួយ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​ស្ថានភាព និង​ធានាថា​កូនប្រុស​របស់គាត់​នឹង​ស្ថិតក្នុង​បរិយាកាស​សុវត្ថិភាព និង​មានការ​គាំទ្រ​ពី​បរិស្ថាន​ជុំវិញ​។​

បើតាម​លោក ចំរើន ដើម្បី​កែលម្អ​ស្ថានភាព​ផ្លូវចិត្ត​របស់​សី​ម៉ា FSC បាន​ផ្តោតលើ​ភាពខ្លាំង​ផ្ទាល់ខ្លួន​របស់គាត់ ដែល​អាចឱ្យ​គាត់​ជាសះស្បើយ​ឡើងវិញ​។ ក្នុង​រយៈពេល​១​ឆ្នាំ សី​ម៉ា បាន​រៀន​អំពី​បច្ចេកទេស​តុបតែង​ខ្លួន និង​របៀប​កំណត់​ហានិភ័យ និង​ការការពារ​ខ្លួន​នាពេល​អនាគត​។

លោក​បាន​លើកឡើងថា​៖ «​គាត់​បាន​បន្ថយ​ការបន្ទោស​ខ្លួនឯង​បន្តិច​ម្ដងៗ ហើយ​បាន​ស្ដារ​តម្លៃ​ខ្លួនឯង​ឡើងវិញ​។​ គាត់​បាន​រៀន​ទប់​ទល់នឹង​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត ហើយ​ឥឡូវនេះ​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ដើម្បី​និយាយ​អំពី​បទពិសោធ​របស់គាត់​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់គាត់​។ តាមរយៈ ISF គាត់​អាច​បន្ត​ការសិក្សា​បាន​»​។

ទន្ទឹមនឹងនេះ បុគ្គលិក​សង្គម​របស់ FSC បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ម្តាយ​របស់ ​សី​ម៉ា ដោយ​ជួយ​គាត់​ឱ្យ​យល់​កាន់តែច្បាស់ អំពី​ការរំលោភបំពាន​ផ្លូវភេទ និង​ផលប៉ះពាល់​របស់​វា​ទៅលើ​កូនប្រុស​របស់គាត់​។ ​ដោយ​កំណត់​ពី​តម្រូវការ​សម្រាប់​ប្រាក់ចំណូល ដែលមាន​ស្ថិរភាព​ជាង​មុន និង​បាន​ជួយ​ម្តាយ​សី​ម៉ា​ឱ្យ​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច ដោយ​លក់​ត្រី​នៅលើ​ទីផ្សារ​។​

​ យ៉ាងណាក៏ដោយ នៅ​ដើមឆ្នាំ ​២០២០ អង្គការ​មាន​វឌ្ឍនភាព​គ្រប់គ្រាន់​ដើម្បី​ពិចារណា​ចាប់ផ្តើម​ផែនការ​ចាកចេញ ដែលជា​កន្លែង​ដែល​អង្គការ​ត្រូវ​បញ្ឈប់​ការគាំទ្រ​យ៉ាង​ប្រុងប្រយ័ត្ន​តាម​ពេលវេលា​។ ប៉ុន្តែ​នៅ​ខែមីនា ឆ្នាំ​ ២០២០ មាន​បញ្ហា​ប្រឈម​ថ្មីៗ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ កូ​វីដ ១៩។​

ម្តាយ​របស់ សី​ម៉ា មិនអាច​លក់​នៅលើ​ទីផ្សារ​បាន​ទៀត​ទេ ហើយ​ជំងឺ​រាតត្បាត​បានធ្វើឱ្យ​គាត់​ស្ទើរតែ​មិនអាច​រកប្រាក់​ចំណូល​ដែលមាន​ស្ថិរភាព​។​ជាការ​ឆ្លើយតប FSC បានចាប់ផ្តើម​ជួយ​គ្រួសារ​នេះ​ជាមួយនឹង​ការផ្គត់ផ្គង់​អាហារ​សំខាន់ៗ រួមចំណែក​ដល់​ថ្លៃ​ជួល​របស់​នាង និង​ជួយ​រ៉ាប់រង​ថ្លៃ​ចំណាយ​លើ​ការ​ទៅ​មន្ទីរពេទ្យ​ផងដែរ​។​

លោកស្រី ស ស៊ី​ណែ​ត អគ្គនាយិកា​រង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​របស់​ក្រសួង​កិច្ចការនារី បានឱ្យដឹងថា ក្រសួង​កិច្ចការនារី​មិន​ធ្លាប់់​បានធ្វើ​ការសិក្សា​ពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារា​នោះទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ចេញ​នូវ​សារ​ផ្តាំផ្ញើ​ដល់​មាតាបិតា អាណាព្យាបាល​ទាំងអស់​ត្រូវ​គិត​អំពី​សុវត្ថិភាព​កូន ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ​ចំពោះ​កូនៗ ឱ្យបាន​ខ្ពស់បំផុត​។ ជាមួយគ្នា​នោះ​លោកស្រី​ក៏​ស្នើ​សុំឱ្យ​អ្នកប្រព្រឹត្ត​បទល្មើស​ក្នុងការ​រំលោភបំពាន​ផ្លូវភេទ​កុមារា ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ភ្លាម ព្រោះ​កុមារា​ក៏​ជា​អ្នករងគ្រោះ និង​ងាយ​រងគ្រោះ​ដោយសារ​ករណីនេះ​ផងដែរ​។

អគ្គនាយិកា​រងនៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​របស់​ក្រសួង​កិច្ចការនារីបាន​លើកឡើងថា កុមារា​មានការ​អត់ធ្មត់​ខ្លាំង និង​មិន​ងាយ​និយាយ​ចេញ​នូវ​អំពើ​រំលោភបំពាន​ផ្លូវភេទ​ដែល​កើត​ឡើងលើ​រូបគេ​នោះទេ​។ ការ​ហ៊ាន​និយាយ​ចេញមក​អំពី​រឿងនេះ លុះត្រាតែ​គេ​មានការ​ឈឺចាប់​ខ្លាំង ហើយ​មិនអាច​បន្ត​អត់ធ្មត់​ទៀត​បាន​។ មួយវិញទៀត ដើម្បីឱ្យ​កុមារា​ហ៊ាន​និយាយ​ចេញមកក្រៅ ទាមទារ​ការចូលរួម​ពី​សហគមន៍ និង​អ្នកផ្តល់​សេវា​ទាំងអស់ ត្រូវផ្តោត​ការយកចិត្តទុកដាក់ ហើយ​ទទួលស្គាល់ថា កុមារ​គឺ ជា​ជន​ដែល​គេ​រំលោភបំពាន​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​យើង​ត្រូវ​ធ្វើការ​ជាមួយ​កុមារា ផ្តល់​ការការពារ ផ្តល់​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត ហើយ​មួយទៀត​គិតគូរ​ពី​សុវត្ថិភាព​របស់គាត់​ផងដែរ​»​។

លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរងនៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារបានឱ្យដឹងថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ​បានដឹងថា​ករណី​រំលោភបំពាន​ផ្លូវភេទ​កុមារា​កើតមាន​នៅ​កម្ពុជា ព្រោះ​មាន​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​ជាពិសេស​នៅ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏​មិនមាន​ទិន្នន័យ​ចេញពី​ការសិក្សា​ស្រាវជ្រាវ​ពី​ថ្នាក់​រដ្ឋាភិបាល អំពី​រឿងនេះ​ទេ ព្រោះ​ការសិក្សា​ស្រាវជ្រាវ​នោះ​អង្គការ​ធ្វើ​តែ​ខ្លួនឯង មិន​ផ្សារភ្ជាប់​ដើម្បីឱ្យ​រដ្ឋាភិបាល​បាន​ចូលរួម​ក្នុង​ដំណើរការ​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​ខាង NGOs គាត់​ធ្វើ​ខ្លួនឯង​ទេ boy project ហ្នឹង អ៊ីចឹង​យើង​ក្នុងនាម CNCC [​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​] នេះ​យើង​អត់​មាន​ទិន្នន័យ​ណាមួយ​ដែល​បង្ហាញ​ទេ ថា​រឿង​ហ្នឹង​វា​ពិតមែន ឬ​យ៉ាងម៉េច​ព្រោះ គាត់ ​[NGOs]​ ធ្វើ ធ្វើ​តែ​គាត់ អត់​បាន Engagement ជាមួយ​ខាង Government ឱ្យ involve នៅក្នុង process ហ្នឹង​ទេ​»​។

លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹងថា ការអនុវត្ត​ក្នុងពេល​កន្លងមក​ក្រសួង​សង្គមកិច្ច​បានធ្វើការ​គាំពារ​លើ​កុមារ​ជា​ទូរ​ទៅដោយ​មិន​បែងចែក ឬ​ញែក ថា​កុមារា​ត្រូវ​ជួយ​ដោយ​របៀប​ណា ឬ​កុមារី​ត្រូវ​ជួយ​ដោយ​របៀប​ណា​នោះ​ទេ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​យើង​មាន​ផែនការ​របស់​យើង ក្នុងការ​អនុវត្ត​កន្លងមកនេះ ទាំង​ក្រសួង​និង​អង្គការ​ដៃគូ និយាយ​រួម​យើង​ផ្តោតលើ​ការរំលោភបំពាន​ក្មេង តែ​យើង​អត់​បាន​ញែក​កុមារា​ត្រូវ​ជួយ​យ៉ាងម៉េច កុមារី ត្រូវ​ជួយ​យ៉ាងម៉េច​យើង​អត់​បាន​ញែក​អ៊ីចឹង​ទេ​»​។

លោកនាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​បាន​លើកឡើងថា កិច្ច​គាំពារ​កុមារ​ទាមទារ​ឱ្យមាន​ភាគី​ជាច្រើន​ចូលរួមចំណែក ដូច​សុភាសិត​ ១ ​លើកឡើងថា «​ដើម្បី​ថែទាំ​កុមារ​ម្នាក់​គេ​ត្រូវការ​មនុស្ស​ ១ ​ភូមិ​» ហេតុនេះ​ការការពារ​កុមារ​មិនមែន​មានតែ​បុគ្គល ​១ ​រូប​ អាច​ធ្វើទៅ​បានទេ ពិតណាស់​គឺ​ត្រូវការ​ការចូលរួមចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​ទាំង​អាណាព្យាបាល​កុមារ ប្រជាជន ឬ​អ្នកជិតខាង គ្រូបង្រៀន អ្នកផ្តល់​សេវាកម្ម អាជ្ញាធរ និង​អ្នកកាសែត​ផងដែរ​៕

ព័ត៌មានថ្មីៗ