ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ថែម​ទឹក​ប្រាក់ ២ ដុល្លារ​ ពី​លើ​តួលេខ​ដែល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ស្នើ​ឡើង​ចំនួន​ ១៩៨ ដុល្លារ បន្ទាប់ពី​តួលេខ​ស្នើ​​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​​ច្រើន​ជាងគេ ក្នុងការ​បោះឆ្នោត​ ដែល​នាំ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​សម្រាប់​អនុវត្ត​ឆ្នាំ​ ២០២៣ ​ខាង​មុខ ឡើង​ដល់​ ២០០ ដុល្លារ។


នៅ​ថ្ងៃទី​ ២១ កញ្ញា​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​បោះឆ្នោត​លើ​តួលេខ​ចំនួន​ ៤ ​បន្ទាប់ពី​ការចរចា របស់​សមាជិក​ទាំង ៥១ រូប​មិនមាន​ចំណុច​រួម​។ ការ​បោះឆ្នោត​ទទួល​បាន​លទ្ធផល​លើ​តួលេខ​ ១៩៨ មាន​សំឡេង​គាំទ្រ​ ៤៦ ​សំឡេង និង​តួលេខ ២១៣ មាន​សំឡេង​គាំទ្រ ៥ សំឡេង ខណៈ​តួលេខ​ ២១០ និង​តួលេខ ២០៦ មាន​សំឡេង​គាំ​ទ្រ​ ០ សំឡេង។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ចុះ​ថ្ងៃ​ទី២១ កញ្ញា។

ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ស្នើ​តួលេខ​ចំនួន​ ១៩៨ ដុល្លារ ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល ​ធ្វើ​ដំណើរ​ និង​កាបូប សម្រាប់​ឆ្នាំ ២០២៣ ។

សេចក្តី​ថ្លែង​ការណ៍ បាន​បន្ថែម​ថា ដោយ​យោង​របាយការណ៍ និង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​បាន​បង្កើត​នូវ​ភាពស៊ាំ​សហគមន៍ ដែល​អនុញ្ញាត​ឱ្យ​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ និង​ត្រឡប់​ទៅរក​និន្នាការ​ធម្មតា​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី ព្រមទាំង​សំដៅ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​កើនឡើង​ថ្លៃ​ទំនិញ ដែល​បង្ក​ដោយសារ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន​ ២ ដុល្លារ លើ​ទឹក​ប្រាក់​ចំនួន​ ១៩៨ ដុល្លារ​។


សេចក្តី​ថ្លែង​ការណ៍​​បញ្ជា​ក់​ថា​៖​ «ចាប់​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ បងប្អូន​កម្មករ​និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប នឹង​មាន​ប្រាក់​ឈ្នួល អប្បបរមា​ ២០០ ដុល្លារ​ក្នុង​ ១ ខែ​ចំពោះ​កម្មករ​និយោជិត​ពេញ​សិទ្ធិ និង​ ១៩៨ ដុល្លារ​ក្នុង​ ១ ខែចំពោះ​កម្មករ​និយោជិត​សាកល្បង​» ។


ទន្ទឹម​នឹង​ការ​សម្រេច​តួលេខ​ថ្មី​នេះ លោក អ៊ិត សំហេង ​លើក​ឡើង​ថា ចំពោះ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លង​មក ត្រូវបាន​រក្សាទុក​នៅ​ដដែល។ លោក​បញ្ជាក់​ថា អត្ថប្រយោជន៍​ទាំង​នោះ​មាន​ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់នៅ​ចំនួន​ ៧ ​ដុល្លារ​ក្នុង ១ ខែ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០ ដុល្លារ​ក្នុង​ ១ ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២ ០០០ រៀល​ក្នុង​ ១ ថ្ងៃ ឬ​ការ​ទទួលបាន​បាយ​ ១ ​ពេល​ដោយ​ឥត​គិត​ថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​​ចំនួន​ពី​ ២ ដុល្លារ​ដល់ ១១ ​ដុល្លារ​ក្នុង​ ១​ ខែ​សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​។

លោក​បញ្ជាក់​ថា ដូចនេះ ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ នឹង​ទទួលបាន​ប្រាក់​បៀវត្សរ៍​យ៉ាង​តិច​ចំនួន​ពី ២១៧ ដុល្លារ​ដល់​ ២២៨ ដុល្លារ​ក្នុង ១ ខែ។ «ក្រសួង​ក៏​សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​សម្រេច​ផ្ដល់​ប្រាក់​បន្ថែម​ចំនួន​ ២ ដុល្លារ​ លើ​តួលេខ​ដើម​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ការ​បន្ថែម​នេះ នឹង​រួម​ចំណែក​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប និង​ក្រុមគ្រួសារ​កាន់តែ​មាន​ភាព​ល្អប្រសើរ​ឡើង​ជាង​មុន» ។

យោងតាម​ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី​២១ កញ្ញា បាន​ឱ្យ​ដឹង​ថា ក្រៅតែពី​ការកំណត់​នេះ ចំពោះ​កម្មករ​និយោជិត​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​​ផលិតផល (ដេរ​ស៊ី​បុង) ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់ស្ដែង​ដែល​ធ្វើ​បាន​។ បើ​ទិន្នផល​ការងារ​ទទួល​បាន​នោះ​លើសពី​ចំនួន​ប្រាក់​ឈ្នួល​ដែល​កំណត់​ដោយ​ក្រសួង គឺ​ត្រូវ​ទទួល​បាន​តាម​ចំនួន​លើស​នោះ ហើយ​ប្រសិនបើ​ទាប​ជាង​ប្រាក់​ឈ្នួល​ដែល​បាន​កំណត់ នោះ​និយោជក​ត្រូវ​បន្ថែម​ឱ្យ​គ្រប់​ចំនួន ១៩៨ ដុល្លារ​ក្នុង​ ១ ខែ សម្រាប់​កម្មករ​និយោជិត​សាកល្បង និង​ ២០០ ដុល្លារ​ក្នុង​ ១ ខែ សម្រាប់​កម្មករ​និយោជិត​ពេញ​សិទ្ធិ។

អ្នកស្រី សុខ ខុម កម្មករ​រោងចក្រ​ម្នាក់​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ថ្លែង​នៅ​ថ្ងៃ​ទី២១ កញ្ញា​ថា ការ​ដំឡើង​​ប្រាក់​ឈ្នួល​ថ្មី​នេះ សម្រាប់​​អ្នកស្រី​គ្មាន​អ្វី​ជា​ទី​សប្បាយ​ចិត្ត​នោះ​ទេ ខណៈ​ទំនិញ​លើ​ទីផ្សារ​គ្រប់​ប្រភេទ​ហក់​​ឡើង​ថ្លៃ​រហូត។ «អីវ៉ាន់ ១ ខែៗ​ឡើង​រហូត​​។ បង​ឯង​គិត​ទៅ ពី​មុន​មាន ១ ម៉ឺន​រៀល​ទិញ​ម្ហូប​បាន​ហូប តែ​ឥឡូវ​ ២ ម៉ឺន​រៀល​អី​ក្នុង ១ ​គ្រួសារ ទិញ​អត់​បាន​ហូប​ទេ (ក្នុង​ ១ ​ថ្ងៃ)។ អ្វីៗ​ក៏​ថ្លៃ សូម្បី​តែ​ប្រេង​ឆា ធ្លាប់តែ​ ១ ដប ៧ ០០០ រៀល ឥឡូវ ១ ​ដប​ឡើង​ដល់ ១២ ០០០​ រៀល ហើយ​ពងទា​ឡើង ១០ គ្រាប់ ដល់ ៧០០០ រៀល​ហើយ។ មាន​រឿង​អី​ត្រូវ​សប្បាយ​ចិត្ត»។ «មានតែ​អំពាវនាវ​ឱ្យ​​រដ្ឋាភិបាល​​ឡើង​ប្រាក់​ខែ​ឱ្យ​បាន​ខ្ពស់​ជាង​នេះ ឱ្យ​កម្មករ​បាន​រស់ស្រួល​ខ្លះ​ទៅ ហើយ​​បើ​មិន​បាន​ទេ ជួយ​ឱ្យ​បញ្ចុះ​តម្លៃ​ទំនិញ​ចុះ​ថោក​ទៅ។ បើ​ផ្ទះ​ជួល​វិញ​ទប់ស្កាត់​បាន​ក្នុងអំឡុង​ពេល​​កូវីដ តែ​ទើប​ថ្មីៗ​នេះ ឡើង​ ៥ ដុល្លារ​ទៀត ពី​ ៣៥ ដុល្លារ ទៅ​ ៤០​ដុល្លារ» ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា បើទោះជា​ការ​សម្រេច​នេះ មិន​ទាន់​ឆ្លើយតប​នឹង​ការ​ចង់​បាន​របស់​កម្មករ​និយោជិត​ក៏ដោយ ប៉ុន្តែ​ទាំង​នេះ គឺជា​ការ​សម្រេច​ចិត្ត​របស់​សំឡេង​​ភាគច្រើន​នៃ​អង្គ​បោះឆ្នោត​ដែល​ជា​តំណាង​នៃ​ភាគី​ចរចា។ ដូច្នេះ​លោក ត្រូវតែ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​រួម និង​មាន​សំឡេង​គាំទ្រ​ច្រើន​។ «យើង​ឃើញ​ថា ស្ថានភាព​ ២ ​ឆ្នាំ​មក​នេះ គឺ​ស្ថានភាព​កម្មករ​របស់​យើង គឺ​ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​មែនទែន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ ១៩ ហើយ​អ្វី​ដែល​សំខាន់ ដូចជា​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២២ គឺ​កម្មករ​បាន​បាត់បង់​ផល​ប្រយោជន៍​ជា​​ច្រើន ដូចជា​ការ​កាត់​ថ្ងៃ​ឈប់​សម្រាក និង​ការ​លុប​ថ្ងៃ​ឈប់​សង​ជាដើម​» ។

ចំណែក​លោក​កាំង ម៉ូនីកា អគ្គលេខា​ធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី រួម​នឹង​ការបង់​ភាគ​ទាន​ផ្នែក​សោធន នឹង​នាំ​ឱ្យ​ការ​ចំណាយ​​លើ​កម្លាំង​ពលកម្ម​មាន​ការ​កើន​ឡើង​ខ្ពស់​ចន្លោះពី​ ១០ ទៅ​​ ១២ ​ដុល្លារ​បន្ថែម​ទៀត​ក្នុង​កម្មករ​និយោជិត​ម្នាក់។ បញ្ហា​នេះ ប្រាកដ​ណាស់​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កម្រិត​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ខណៈ​ដែល​និយោជក​មិន​អាច​ដំឡើង​​ថ្លៃ​ផលិត​ទៅ​អ្នក​បញ្ជា​ទិញ​បាន ដោយសារ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​។ ​

លោក​បញ្ជាក់​ថា៖​ «កុំ​ភ្លេច​ថា យើង​នៅ​មាន​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត។​ រោងចក្រ​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត​លើ​ការ​លើក​​កម្ពស់​​ផលិត​ភាព​ការងារ កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ក្នុង​ផលិតកម្ម​ និង​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ផ្សេងៗ» ។ លោក​​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​បន្ត​ការ​គាំទ្រ​ដល់​កម្ពុជា​ដោយ​បន្ត​ផ្តល់​នូវ​ការ​បញ្ជា​ទិញ​ក្នុង​តម្លៃ​មួយ​សមស្រប​ទៅ​នឹង​កម្រិត​​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​សម្រាប់​ឆ្នាំ ២០២៣​។

កាល​ពី​ឆ្នាំ ២០២១ ក្រោយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រេច​ស្នើ​តួលេខ​ ១៩២ ដុល្លារ យក​មក​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ លោក ហ៊ុន សែន ប្រកាស​បន្ថែម​ទឹកប្រាក់ ២ ដុល្លារ​​ទៀត​ពីលើ​ការ​ស្នើ​នេះ​នាំឱ្យ​ប្រាក់​ឈ្នួល​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២២ ឡើង​ដល់​ ១៩៤​ ដុល្លារ ក្នុង ១ ខែ៕