ភ្នំពេញៈ មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា ​លោក​ហ៊ុន ម៉ាណែត ​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ថា ​សន្តិភាព ​សន្តិសុខ​ និង​ស្ថិរភាព​នៅតាម​បណ្តោយ ​ព្រំដែន ​គឺ​ពិតជា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ​ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការងារ ​និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​​នៃ​ប្រទេស​ទាំង ២ ។


លោក ហ៊ុន ម៉ាណែត ​ដែល​ក៏​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង​នោះ ​បញ្ជាក់​បែបនេះ​ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ជាមួយ​លោក ​ប្រាយុធ ​ចាន-អូចា ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ​ពេល​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កងទ័ព​ជើង​គោក​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកទី​២​ នៅ​ព្រះរាជាណាចក្រ​ថៃ ​កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​កញ្ញា​។

លោក ​ម៉ាណែត ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ​ប្រជាជន ​និង​កងទ័ព​ថៃ ​ដែល​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការ​សម្របសម្រួល​យ៉ាង​កក់ក្តៅ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន ​ព្រមទាំង​ប្រជាពលករ​ខ្មែរ ​ដែល​រស់នៅ ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ​ក្នុង​អំឡុងពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ។

លោក​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​​ថា​៖ «សន្តិភាព ​សន្តិសុខ ​និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន ​គឺ​ពិត​ជា​បាន​បង្ក​លក្ខណៈ​ ​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ​ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​បង្កើត​ការងារ ​និង​លើក​កម្ពស់​ជីវភាព​ របស់​ប្រជាជន ​នៃ​ប្រទេស​​ទាំង​ ២ » ។


ក្នុង​ជំនួប​នោះ ​លោក​ ប្រាយុធ ​ចាន-អូចា ​ក៏​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​​ លោក​ ហ៊ុន ម៉ាណែត ​និង​គណៈប្រតិភូ​ជាន់​ខ្ពស់​កងទ័ព​ជើងគោក ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា។


ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង ២ ​លោក​ ចាន-អូចា ​បាន​គាំទ្រ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ ​និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ​រវាង​បណ្តា​ប្រភេទ​កងទ័ព​ទាំង ៣ ​គ្រប់​កម្រិត ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ​ឱ្យ​កាន់តែ​រឹងមាំ ​និង​យូរ​អង្វែង។

លោក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ ជួប​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ប្រាយុធ ចាន-អូចា ពី​ថ្ងៃ​ទី២០ កញ្ញា។ រូប Hun Manet page

លោក​ ប្រាយុទ្ធ ​ចាន-អូចា ​ក៏បាន​អបអរសាទរ​ចំពោះ​ដំណើរការ​ដោយ​ជោគជ័យ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ លើក​ទី​១៦ ​(16th ADMM) ​កាលពី​ខែ​មិថុនា ​និង​បាន​គាំទ្រ​ចំពោះ​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​ របស់​កម្ពុជា ​រាប់​ទាំង​វិធានការ​នានា​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ លោក​ក៏បាន​ជូនពរ​ឱ្យ​កម្ពុជា​ បន្ត​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​ និង​មាន​សារៈសំខាន់​នេះ ​រហូតដល់​​ចុងបញ្ចប់​ឆ្នាំ​ ២០២២ ។

ជា​ការ​ឆ្លើយតប ​លោក​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ដល់​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំង ២​ ដែល​កាន់តែ​បន្ត​រីកចម្រើន​ទៅ​មុខ។ លោក​ថា ​សមិទ្ធផល​សំខាន់ៗ ​ដែល​កងទ័ព​ជើងគោក​ប្រទេស​ទាំង ២​ សម្រេច​បាន​ក្នុង​រយៈកាល​កន្លង​មក​ រួមមាន​ទាំង​កិច្ច​សហការ​ល្អ ​រវាង​បណ្តា​កង​ឯកភាព​ជួរ​មុខ​ នៅ​តាម​បណ្តោយ​ព្រំដែន​។ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី ​និង​រវាង​យោធិន​ជា​លក្ខណៈ​បុគ្គល ​ដើម្បី​ជួយ​ពង្រឹង​ដល់​ការកសាង​ទំនុក​ចិត្ត​ តាមរយៈ​ការ​បង្កើន​មនោសញ្ចេតនា​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ស្អិតល្មួត។

លោក​បញ្ជាក់​ថា​៖ «ជាង​នេះ​ទៀត ​ការ​ភ្ជាប់​ទំនាក់ទំនង​លើ​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស ​គឺ​មិន​ត្រឹម​តែ​ធ្វើ​ឡើង​សម្រាប់​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ» ។

លោក​ ម៉ាណែត ​បាន​បញ្ជាក់​ថា ​កងកម្លាំង​នៃ​ប្រទេស​ទាំង​ ២ ​កន្លង​មក​នេះ ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង ​និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព ​សន្តិភាព ​សហ​ប្រតិបត្តិការ ​និង​អភិវឌ្ឍន៍​។

បើ​តាម​ក្រសួង​ការពារ​ជាតិ ​លោក​ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការ​រង ​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​ កាលពី​ថ្ងៃ​ទី ១៩-២០ ​ខែ​កញ្ញា ​ឆ្នាំ ២០២២​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​ កងទ័ព​ជើង​គោក​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​២​ នៅ​ព្រះរាជាណាចក្រ​ថៃ ​តបតាម​ការ​អញ្ជើញ​របស់​ភាគី​ថៃ។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ​ថ្នាក់ដឹកនាំ​កងទ័ព​ជើងគោក​កម្ពុជា ​និង​ថៃ ​បាន​ប្ដេជ្ញា​ ថែរក្សា​ទំនាក់​ទំនង ​មិត្តភាព​រឹងមាំ​ និង​សកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ​ក្នុង​កម្រិត​កងទ័ព​ជើង​គោក ​និង​បណ្តា​កង​ឯកភាព​ចំណុះ​ ស្រប​ទៅ​តាម​ខ្លឹមសារ​ នៃ​ «លក្ខខណ្ឌ​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ TOR » ​ដើម្បី​ការពារ ​និង​កសាង​ប្រទេស​ជាតិ​ទាំង ២ ​ឱ្យ​បាន​រីក​ចម្រើន​ រុង​រឿង​ទាំង​អស់​គ្នា៕