ភ្នំពេញៈ សង្គម​ស៊ីវិល​ស្វាគ​មន៍​ប្រតិ បត្តិ​ការចុះ​ស្រាវ​ជ្រាវ​ទីតាំង​បញ្ចាំ​យាន​យន្ដ​គ្មាន​ឯកសារ​ ខណៈ​​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ទើប​រក​ឃើញ​ម៉ូតូ​រាប់​រយ​គ្រឿង ​ដែល​ត្រូវ​បានគេ​ដាក់​បញ្ចាំ​​ដោយ​គ្មាន​ឯកសារ​ ​នៅតាម​បណ្ដា​ហាង​បញ្ចាំ​មួយ​ចំនួន​នៅ​ភ្នំពេញ។​


​លោក​ សន ជ័យ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​ស្វាគមន៍​ចំពោះ​ប្រតិ​បត្តិកា​របស់​អាជ្ញា​ធរ​ក្នុងការចុះ​ស្រាវជ្រាវ​ទីតាំង​បញ្ចាំ​នៅ​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​ប្រតិបត្តិ​ការចុះ​ស្រាវ​ជ្រាវ​ទីតាំង​បញ្ចាំ​ខុសច្បាប់​ ៣ ទីតាំង​ ដែល​ទទួល​ទិញ​ផល​ពី​ចោរ​កម្ម​ក្នុង​ខណ្ឌ​ទួល​គោក ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ​សង្កាត់​ទឹកល្អក​ទី​៣​ ដោយ​បាន​រកឃើញ​ម៉ូតូ​ ២២២​ គ្រឿង ​គ្មាន​ឯកសារ​ដាក់​បញ្ចាំង​ស្រប​ច្បាប់​ក្នុង​ចំណោម​ម៉ូតូ​ដែល​មាន​ភាព​មិន​ប្រក្រតី​ជាង​ ៥០០​ គ្រឿង និង​បាន​ឃាត់​ខ្លួន​មនុស្ស​ ៥ ​នាក់​។​

​លោក​ថា​៖ «​ដំណើរ​ដើមរឿង​ពិតជា​អ៊ីចឹង​ មនុស្ស​បើកាល​ណា​ចាញ់​ល្បែង​នឹង​យក​ម​ធ្យា​បាយ​ធ្វើដំណើរ​ទៅ​បញ្ចាំ​មិន​ថា ម៉ូតូ​ឬ​រថយន្ត​ឡើយ​ ប៉ុន្តែ​យើង​សួរថា ដើម​ចម​នៃ​ការកកើត​ឡើង​ហាង​បញ្ចាំ ​អ៊ីចឹង​សម្រាប់​ខ្ញុំ​យល់​ថា​ ការ​អនុ​ញ្ញា​តឱ្យមាន​ល្បែង​ស៊ីសងឬ​ភ្នាល់​មិន​ថា ស្រប​ច្បាប់​ឬ​ខុស​ច្បាប់​សុទ្ធតែ​ជាដើម​[ហេតុ]សុទ្ធតែ​ជា​ប្រភព​នៃ​ការខាត​បង់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​។​នេះ​យើង​មិន​ទាន់​រាប់​បញ្ចូល​ពី​ផល​ប៉ះពាល់​មកលើ​សង្គម​ផ្នែក​ហិង្សា​ក្នុង​គ្រួសារ សុភ​មង្គល​ក្នុង​គ្រួសារ​ផង​»​។​

លោក​ សន ជ័យ ជូន​ជា​យោ​បល់​ថា អាជ្ញាធរ​គួរតែ​រកឫស​គល់​នៃ​បញ្ហា​កុំ​ឱ្យ​កើតមាន​ល្បែង​ស៊ី​សង ទោះជា​ស្របច្បាប់​ក៏ដោយ​។​


​ចំណែក​លោក​ យ៉ង គឹមអេង នាយក​ប្រតិបត្តិ​នៃ​មជ្ឈម​ណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍ និង​សន្តិ​ភាព (PDP)​ បានថ្លែងថា ហាង​បញ្ចាំ​ជាផ្នែក​មួយ​តូច​ប៉ុណ្ណោះ​ដែលជា​ប់​ពាក់​ព័ន្ធ​នឹង​កា​រប្រព្រឹត្ត​ល្បែង​ស៊ីសង​របស់​ពលរដ្ឋ​។


លោក​ថា​៖ «​ខ្ញុំ​គាំទ្រ​មួយផ្នែក​ចំពោះ​សកម្មភាព​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​នឹង​កន្លែង​បញ្ចាំ​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញា​តហើយ​ប្រតិបត្តិ​ស្រាវជ្រាវ​នេះ​គួរ​ផ្ដោត​លើ​ក្រុម​យុវ​ជន​អំពី​ដើម​ទង​ ហេតុអ្វី​នាំ​ឱ្យ​គេ​យក​មធ្យោ​បាយ​ប្រើ​ប្រាស់​មក​ដាក់​បញ្ចាំ សម្រាប់​មនុស្ស​ធំ​ផ្ដោត​លើ​មេ​គ្រួសារ​»​។​

​លោក ឈ​ត ប៊ុន​ថង បានថ្លែងថា ប្រតិ​បត្តិការ​ស្រាវ​ជ្រាវ​ហាង​បញ្ចាំ​ជាការ​រួម​ចំណែក​យ៉ាង​សំខាន់​ដែលដើរ​ទន្ទឹម​នឹង​យុទ្ធនា​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​។ លោក​ថា៖ «​បើកាល​ណា​បិទ​កន្លែង​បញ្ចាំ​ខុស​ច្បាប់​អាច​ធ្វើ​ឱ្យ​អ្នក​លួច​គ្មាន​កន្លែង​លក់​ គេ​នឹង​លែង​លួច ខ្ញុំ​សុំ​ឱ្យអាជ្ញា​ធរ​បន្ត​ប្រតិបត្តិការ​នេះ​រៀង​រហូត​ រួម​ចំណែក​ជួយ​សង្គម​បាន​ច្រើន​ណាស់​»​។ ​តែ​យ៉ាង​ណា​មិញ​ លោក​បានស្នើ​ឱ្យអាជ្ញាធរ​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហាង​បញ្ចាំ​ដែល​ស្រប​ច្បាប់​ ព្រោះ​ហាង​បញ្ចាំ​ស្រប​ច្បាប់ជួយ​សម្រាល​បន្ទុក​ពល​រដ្ឋ​បាន​មួយ​ផ្នែក​។​

​សូម​ជម្រាបជូន​ថា បន្ទាប់​ពី​រកឃើញ​ម៉ូតូ​ជាង ​៥​០០ គ្រឿង​ គ្មាន​ឯកសារ​ដាក់​បញ្ចាំង​ស្រប​ច្បាប់ អាជ្ញាធរ​ក៏បាន​ដឹក​ម៉ូតូ​ទាំង​នោះ​យក​មក​ទុក​ក្នុង​ឃ្លាំង​ផ្សារ​រុងរឿង ​ដែល​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ OCIC​ ខណ្ឌ​ជ្រោយ​ចង្វារ​។ ជា​នីតិវិធី​ដើម្បី​បាន​ម៉ូតូ​ត្រឡប់​ទៅវិញ​ ម្ចាស់​ម៉ូតូ​ត្រូវ​កាន់​មកជា​មួយ​នូវ​កាត​គ្រី​ដោយ​ផ្ទៀង​ផ្ទាត់​ តួលេខ​ម៉ាស៊ីន ​និង​ស្លាក​លេខ​ម៉ូតូ​។ ដើម្បី​ឱ្យពលរដ្ឋ​ងាយ​ស្វែងរក​ម៉ូតូ​របស់ខ្លួន​យក​កាត​គ្រី​មក​ផ្ទៀង​ផ្ទាត់​ឬ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​។​

​ប្រតិ​បត្តិការ​នេះ​​ដឹកនាំ​ដោយ លោ​ក ​ឃ្លាំង ហួត អភិ​បាលរង​រាជធានី​ភ្នំពេញ​។ លោក​បាន​ថ្លែង​តាម​ប្រព័ន្ធ​ឧ​គ្ឃោសនស​ព្ទ​ពី​កន្លែង​ឃ្លាំង​ទុក​ម៉ូតូ​នៅ​ថ្ងៃទី ​២១​ ខែកញ្ញា​ថា អាជ្ញាធរ​បាន​រកឃើញ​ម៉ូតូ​ខុស​ប្រក្រតី​ចន្លោះ​ពី ៥០០​ ទៅ​ ៦០០​ គ្រឿង​ ហើយ​ម៉ូតូ​ខុស​ប្រក្រតី​អាច​នឹងមាន​ច្រើន​ជាង​នេះ​ទៀត ហើយ​ប្រតិ​បត្តិ​ការ​នេះ​បន្តធ្វើ​នៅតាម​ខណ្ឌ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ​។

​លោក​ថា​៖ «​ខ្ញុំ​ជឿថា ចោរ​លួច ឬ​ចោរឆក់​វា​មិន​ស៊ី​ម៉ូតូ​ទេ វា​យក​ម៉ូតូ​ទៅ​លក់ដូរ​លុយ ​យក​លុយ​មក​លេង​ល្បែង ជក់​គ្រឿង​ញៀន ខ្ញុំ​អរគុណ​ចំពោះ​អ្នក​ផ្ញើ​សារ​ប្រាប់​ថា មា​ន​ទីតាំង​ស្តុក​ម៉ូតូ​ជាច្រើន​នៅ​ឃ្លាំង​រំសេវ បន្ទាប់​ពី​ចុះទៅ​ស្រាវ​ជ្រាវ​ចប់​នៅ​ឃ្លាំង​រំសេវ ខ្ញុំ​នឹង​ចុះ​ទាំង​ ១៤ ​ខណ្ឌ​»​។

​លោក​ ឃ្លាំង ហួត បាន​បញ្ជាក់​ថា ប្រតិ​ប​ត្តិការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ស្រប​នឹង​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិ​បាល​លោក ហ៊ុន សែន។ លោក​អភិ​បាល​រង​បាន​ប្ដេជ្ញា​ធ្វើការ​ងារ​នេះ​ឱ្យបាន​ចប់​ចុង​ចប់​ដើម​ ដើម្បី​ប្រយោជន៍​អ្នកដែល​រងគ្រោះ​ពី​អំពើ​ចោរ​កម្ម​។

​លោក​ថា​៖ «ខ្ញុំ​សុំ​សន្យា សុំ​សច្ចា​ទាំង​មេឃ​កំពុង​ភ្លៀងរលឹម បើ​ខ្ញុំ​ធ្វើការ​ងារ​នេះ​គ្មាន​ភាព​ត្រង់​ជាមួយ​ប្រជាជន​សុំ​ឱ្យ​រន្ទះបាញ់​ស្លាប់ ខ្ញុំ​បូជា​កម្លាំង​កាយ កម្លាំង​ចិត្ត ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ព្រះរាជ​អាជ្ញា អភិ​បាល​ខណ្ឌ នគរ​បាល​ខណ្ឌ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ និង​ជាពិសេស​ស្នងកា​រដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញដើម្បី​ផ្ដល់​ភាពយុ​ត្តិធម៌​ជូន​ជន​រងគ្រោះ និង​បញ្ឈប់​សកម្ម​ភាព​លួច​ឆក់​ប្លន់​»​។​

​អភិបាល​រង​រូបនេះ​ថា៖ «​បើ​អត់​កន្លែង​បញ្ចាំ​ចោរ​ក៏​ត្រូវបាន​កាត់​បន្ថយ​ដែរ មិន​មែន​ថា អត់​សោះ​ទេ​ ដូច្នេះ​យើង​ត្រូវ​ជីក​ឫសប​ញ្ហា​នេះ ហើយ​យើង​អត់​ចង់​បង្ក្រាប​ទេ យើង​ចង់​ទប់ស្កាត់​កុំ​ឱ្យមាន​បទ​ល្មើស ​យើង​អត់​ចង់​ប្លន់​ហើយ​ដើរ​ទៅរក​ម៉ូតូ​ទេ​»​។​

​ប្រតិបត្តិ​ការចុះ​ស្រាវជ្រាវ​ហាង​បញ្ចាំ​ជា​ផ្នែក​មួយ​នៃយុទ្ធនា​ការ​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ប្រយុទ្ធ​ដូច​ភ្លៀង​រលឹម​នា​រដូវ​វស្សា​។ សង្គម​ស៊ីវិល​សង្ឃឹមថា​ ប្រតិបត្តិ​ការធ្វើ​ឡើងជា​ប់​ជាប្រចាំ​ជាមួយ​នឹង​ប្រសិទ្ធ​ភាព​ទទួល​យ​កបាន មិន​ត្រឹម​ដំណាក់​មុន​ការ​បោះ​ឆ្នោត​ដើម្បី​បាន​សំឡេង​គាំទ្រ​នោះទេ៕

វីដេអូ៖