ភ្នំពេញៈ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ចំពោះ​ការចាត់ចែង​ក្រុម​សមត្ថកិច្ច ​ក្នុង​ការលុបបំបាត់​រាល់​បញ្ហា​ជុំវិញ​ការឆបោក​ការងារ ​និង​ករណី​ជនជាតិ​ម៉ាឡេស៊ី ​ដែល​ត្រូវបាន​ឆបោក​ឱ្យធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ​។


លោក​Datuk Eldeen Husaini Mohd Hashim ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ថ្ងៃ​ទី ២២ ​កញ្ញា​ថា ​ប្រតិបត្តិការ​នេះ​បានធ្វើឱ្យ​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ​កម្ពុជា ​និង​ត្រូវបាន​បញ្ជូន​ឱ្យ​ត្រឡប់​ទៅផ្ទះ​ដើម្បី​បាន​ជួបជុំ​ក្រុមគ្រួសារ ​និង​មនុស្ស​ជាទី​ស្រឡាញ់​។​


ជាមួយ​គ្នានេះ ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ប្រាក់ ​សុខុន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ​ដែល​បាន​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ទ្វេភាគី​ដ៏​រឹងមាំ ​រវាងប្រទេស​ម៉ាឡេស៊ី ​និង​កម្ពុជា​។


លោក​ថ្លែងថា​៖ «ថ្មីៗ​នេះ​អំឡុងពេល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មកកាន់​ប្រទេស​កម្ពុជា​ លោក​ទាំង​ ២​ បាន​ពិភាក្សា​គ្នា​តាមរយៈ​ទូរស័ព្ទ​អំពី​កិច្ចសហការ ​រវាង​រាជរដ្ឋាភិបាល​ទាំង ​២ ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​ត្រឹម​រយៈពេល​ ១ ខែ»។​

លោក​ឯកអគ្គ​រាជទូត​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ​លោក​ ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា ​ដែល​លោក​ពិតជា​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ជាមួយ​អាជ្ញាធរ​ក្នុង​ការធានា​សង្គ្រោះ​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​។​

បើ​តាម​ លោក​ Datuk Eldeen Husaini Mohd Hashim ​តាមរយៈ​ការជួយ​ពី​រដ្ឋាភិបាល​កម្ពុជា ​ស្ថានទូត​ម៉ាឡេស៊ី​បាន​ចាត់ចែង​ជួយ​ជនជាតិ ​ម៉ាឡេស៊ី​ចំនួន ​១៥៣ ​នាក់ ​ដែល​ក្នុងនោះ ​១៣៧​ នាក់ ​ត្រូវបាន​បញ្ជួន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ ​និង​នៅសល់ ​១៦​ នាក់​ទៀត​កំពុង​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​។ តួលេខ​នេះ​អាច​និយាយបាន​ថា ​ជា​កម្រិត​នៃ​កិច្ច​សហប្រតិបតិ្តការ ​ដែល​បាន​កើតឡើង​ រវាង​ស្ថានទូត ​និង​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «យើង​នឹង​បន្ត​ការធ្វើការ​ជាមួយ​ពួកគេ ​ដើម្បី​ធានា​ដោះស្រាយ​បញ្ហា​នៅក្នុង​ដៃ​ឱ្យ​រួចរាល់​ទាំងអស់​តែម្តង»។​

លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ថ្លែង​ក្នុង​ពិធី​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​ថ្ងៃទី ១៩ ​កញ្ញាថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ ​គិត​ចាប់ពី​ថ្ងៃទី ១៨ ​ខែសីហា ​ដល់​ថ្ងៃទី​ ១៨​ ខែកញ្ញា ​ឆ្នាំ​ ២០២២ ​ក្រសួង​បានទទួល​បណ្ដឹង​សរុប​ចំនួន ​២៨៩​ ករណី ​ពី​សាមីជន ​សាច់ញាតិ ​ស្ថានទូត ​និង​អង្គការ​អន្តរជាតិ​មួយចំនួន​។​

លោក ​ស ខេង ​ថ្លែងថា​៖ «ពាក្យ​បណ្ដឹង​ទាំងឡាយ​នេះ ​ដំបូង​ឡើយ ​យើង​ក៏​មិន​ជឿ​ទុកចិត្ត​ទាំងស្រុង​នោះ​ដែរ ​ប៉ុន្តែ​ឆ្លងកាត់​ការអនុវត្ត​ជាក់ស្ដែង​បន្តបន្ទាប់ ​គឺ​ប្រមាណ​ ៩៥​ ភាគរយ ​ជាការពិត»។​

បើ​តាម​ លោក​ ស ខេង ​ក្រុម​ប្រតិបត្តិការ ​ក៏បាន​ស្រាវជ្រាវ ​និង​ស៊ើបអង្កេត​បាន​ករណី​មួយចំនួន​ដែរ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១០ ​ខែសីហា ​ដល់​ថ្ងៃទី ​១០​ ខែកញ្ញា ​បាន​ស្រាវជ្រាវ ​និង​ស៊ើបអង្កេត​ចំនួន ​៨៥​ ករណី ​រកឃើញ​មនុស្ស ​១៧៦​ នាក់​ មាន​សញ្ជាតិ​ម៉ាឡេស៊ី ​ក្នុងចំណោម​ ៨​ សញ្ជាតិ​ផ្សេង​ទៀត ​ក្នុងនោះ​ខេត្ត​ព្រះ​សីហនុ​ច្រើន​ជាងគេ ​និង​កត់សម្គាល់​ថា ​ភាគច្រើន​នៃ​ជនរងគ្រោះ ​ធ្វើការ​នៅ​កន្លែង​អាជីវកម្ម​ល្បែង​ភ្នាល់​អន​ឡាញ​ខុស​ច្បាប់​៕