ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​សហរដ្ឋ​អាមេរិក «​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​» ខណៈ​ដែល​លោក​បាន​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ហោះហើរ​អស់​រយៈពេល​ប្រមាណ ២២ ម៉ោង ដើម្បី​ទៅ​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៧ នៅ​ទីក្រុង​ញូវយ៉ក។​


​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បញ្ជាក់​នៅ​ថ្ងៃទី ២២ ខែកញ្ញាថា​៖ «​នៅ​ពេល​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ដល់​សណ្ឋាគារ​ស្នាក់​នៅ នា​ទឹកដី​សហរដ្ឋអាមេរិក នា​ល្ងាច​ថ្ងៃ​ដដែល​នេះ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទឹកដី​សហរដ្ឋ​អាមេរិក»។

​លោក​បាន​អរគុណ​ចំពោះ​វត្តមាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​មក​ជួប​លោក​ដោយ​ផ្ទាល់​ និង​បាន​ជូនពរ​ដល់​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ប្រកបដោយ​សុវត្ថិភាព។​

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ទាំង​អស់លោក ហ៊ុន សែន ថ្លែងថា​៖ «​តើ​នេះ​គឺជា​រូប​សម្តេច​ផ្ទាល់​ឬ​យ៉ាងណា? ព្រោះ មុនពេល​មក​ដល់​ទីក្រុង​ញូវយ៉ក មាន​ជន​អគតិ​មួយ​ចំនួន​បាន​និយាយថា សម្តេច​ឈឺ​ដាច់​សរសៃ​ឈាម មិន​បាន​ទៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​នោះទេ»។


​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់ថា វត្តមាន​នៃ​ការ​ទៅដល់​របស់លោក​ត្រូវបាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​សហរដ្ឋ​អាមេរិក ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​មន្ត្រី​ពាក់ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត។​


​សម័យប្រជុំ​លើក​ទី៧៧ នៃ​កិច្ចពិភាក្សា​ទូទៅ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្រោម​ប្រធានបទ «​ចំណុច​របត់​សំខាន់​នៃ​ការ​ផ្លាស់ប្ដូរ​មិនអាច​ត្រឡប់​ក្រោយ​បាន​៖​ដំណោះស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់​ក្រឡា​គ្នា» ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី ២១-២៣ ខែ​កញ្ញា​នៅ​ទីក្រុង​ញូវយ៉ក។​

​លោក ហ៊ុន សែន នឹងធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា​នៅក្នុង​កិច្ច​ពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​នេះ ដែល​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ពហុភាគី​និយម ផ្អែក​លើ​គោលការណ៍​ច្បាប់​ការរួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង ផ្នែក​សន្តិសុខ​ជាស​កល​ដែល​កំពុង​បន្ត​កើត​មាន ការ​ប្រែប្រួល​អាកាសធាតុ ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោល​នយោបាយ​ឌីជីថល និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ -១៩​និង​ការ​រក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​សង្គម​យូរអង្វែង។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក លោក​ក៏​នឹងមាន​ជំនួប​បន្តបន្ទាប់​គ្នា​ជាមួយ​លោក អង់តូ​នីញ៉ូ ហ្គុ្យតឺរេស (Antonio Guterres) អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ឆាលស៍ មីឆែល (Charles Michel) ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប លោកស្រី សេក ហា​ស៊ីណា (Sheikh Hasina) នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស លោក ចូហ្សេ រ៉ាម៉ូស អរតា (Jose Ramos Horta) ប្រធានា​ធិបតី​ទីម័រ​ខាងកើត​និង​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​ផងដែរ។​

​នៅមុន​ចេញដំណើរ ១ ថ្ងៃ លោក​ ហ៊ុន សែន ក៏បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​របស់​លោក ដោយ​សុំការ​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ដោយ​លោក​មិន​អាច​រៀបចំ​ការជួបជុំ​បាន ដោយសារ​ការ​ស្នាក់នៅ​របស់​លោក​នៅ​ទីក្រុង​ញូវយ៉ក​មាន​រយៈពេល​ខ្លី​និង​មាន​កម្មវិធី​ច្រើន។

​លោក​បន្ថែមថា​៖ «​ម្យ៉ាងទៀត​យើង​ក៏​ទើប​ជួបគ្នា​កាលពី​ខែ​ឧសភា ២០២២ កន្លងទៅ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​ដែរ​។ សង្ឃឹមថា បងប្អូន​នឹងមាន​ការ​យោគយល់​។ សូម​ជូនពរ​បងប្អូន​ជន​រួមជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តី​ចម្រើន​និង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ»។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា បញ្ហា​ជាច្រើន​មិន​អាច​ត្រូវបាន​ដោះស្រាយ​ដោយ​ឯកតោ​ភាគី ឬ​ដោយ​រដ្ឋ​ណាមួយ​ដាច់​ដោយឡែក​បាន​នោះទេ​។ វា​ចាំបាច់​ត្រូវតែ​មាន​ការរួម​ចំណែក​ពី​កម្រិត​តំបន់​និង​ពិភពលោក​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​បញ្ហា​ជំងឺ​រាតត្បាត ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត​បញ្ហា​ឡើងក​ម្ដៅ​ពិភពលោក​បញ្ហា​អាកាសធាតុ វិបត្តិ​ហិរញ្ញ​វត្ថុ​ជាសកល​ដែល​បណ្តាល​មក​ពី​បញ្ហា​សង្គ្រាម រវាង​រុស្ស៊ី និង​អ៊ុយក្រែន​និង​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិត​ថាស​ម្តេចក៏​អាច​លើក [​ថ្លែង​] ដែរ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​រដ្ឋ​ដទៃ​ដែល​កម្ពុ​ជា​មាន​មេរៀន​ស្រាប់​ហើយ​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ជ្រៀតជ្រែក​របស់​មហាអំណាច​ហ្នឹង​ដែល​នាំមក​នូវ​អស្ថិរភាព​និង​សង្គ្រាម»៕