រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​សាធារណជន ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ តាមដាន គ្រប់គ្រង និង​ឆ្លើយតប​គ្រោះមហន្តរាយ​ទឹកជំនន់​ឱ្យ​បាន​ទាន់​ពេលវេលា​។ សេចក្ដី​ជូនដំណឹង ចុះ​ថ្ងៃទី ​២២ ខែកញ្ញា ឆ្នាំ​ ២០២២ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ឱ្យ​ដឹងថា តំបន់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ខេត្ត​នឹងរង​គ្រោះ​ពី​ទឹកជំនន់ ហើយ​វា​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា បាត់បង់​ជីវិត និង​បាត់បង់​ទ្រព្យសម្បត្តិ​ជាដើម​។


សេចក្ដី​ជូនដំណឹង​ក៏បាន​បញ្ជាក់ថា អាជ្ញាធរ​នៅតាម​មូលដ្ឋាន​នីមួយៗ​ត្រូវ​ត្រៀម​សម្ភារ​ និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ និង​ចុះ​ធ្វើការ​ណែនាំ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​នូវ​គ្រោះមហន្តរាយ​ទឹកជំនន់​។ ជាពិសេស កុមារ និង​ជន​ងាយ​រងគ្រោះ ដែល​ពួកគាត់​អាច​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​ផងដែរ​។

រដ្ឋបាល​ខេត្ត​សៀមរាប​កំពុង​តែ​បន្ត​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប្រចាំ ដោយ​ពឹង​ផ្អែកលើ​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​នឹង​ទទួលរង​បរិមាណ​ទឹកភ្លៀង​ច្រើន ហើយ​វា​នឹង​បង្ក​ជា​ទឹកជំនន់​។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ មាន​ភ្លៀង​ធ្លាក់​ក្នុង​ខេត្តសៀមរាប​ជា​បន្តបន្ទាប់ ​ដែល​បណ្តាល​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥ ៨៧២ គ្រួសារ ភូមិ​ចំនួន ១៨៤ ​ភូមិ ឃុំ​ចំនួន​ ៤១ នៃ​ស្រុក​ចំនួន ​៨ រួមមាន ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជីក្រែង ស្រុក​អង្គរជុំ ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម​ដែល​បង្ក​ឱ្យ​មាន​ផលប៉ះពាល់ និង​ជំនន់​ទឹកភ្លៀង​។


ក្រៅពី​ប៉ះពាល់​ដល់​លំនៅឋាន​ និង​ប្រជាពលរដ្ឋ​នោះ​ទឹកជំនន់​នេះ​បាន​ប៉ះពាល់​ដល់​ស្រូវពង្រោះ​ចំនួន ៦ ១២៥ ​ហិកតា ដំឡូងមី ចំនួន ១ ៥៧៨ ​ហិកតា លិច​ទីធ្លា​សាលារៀន ៣៣ ​កន្លែង លិច​បរិវេណ​មណ្ឌល​សុខភាព ០៤ ​កន្លែង អគារ​រដ្ឋបាល​ឃុំ ប៉ុស្តិ៍​រដ្ឋបាល ០៧ ​កន្លែង លិច​បរិវេណ​វត្ត ០៦​ កន្លែង លិច​ផ្លូវ​ប្រវែង ៧៨ ៤២៦ ​ម៉ែត្រ និង​ខូចខាត​ប្រវែង ២ ៣៦៦ ​ម៉ែត្រ​លិច​ខ្នង​ទំនប់ ខ្នង​ប្រឡាយ ប្រវែង ១៩ ២២៣ ​ម៉ែត្រ និង​ខូចខាត​ប្រវែង ៩៥​ ម៉ែត្រ លិច​ស្ពាន ១ ​កន្លែង និង​ខូចខាត​ប្រវែង ១០ ​ម៉ែត្រ ងាប់​គោ​ចំនួន ១ ​ក្បាល ងាប់​មាន់​ទា​សរុប​ចំនួន ៦៧៦ ​ក្បាល​៕