
ប្រជាពលរដ្ឋរាប់បាត្រនៅវត្តព្រែកលៀប កាលពីថ្ងៃទី ១១ ខែកញ្ញា។ ហុង មិនា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាព ដោយត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ការអំពាវនាវនេះគឺធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញា នេះ ដែលជាថ្ងៃទី ១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក ហ៊ុន សែន សរសេរក្នុងហ្វេសប៊ុកថា៖ «សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើត និងការធ្វើដំណើរទៅទីតាំងកម្សាន្តនានា ក៏ដូចជាការជួបជុំក្នុងគ្រួសារ ជាពិសេសសូមយកចិត្តទុកដាក់ថែរក្សាការពារសុខភាពទាំងអស់គ្នា ពិសេសត្រូវប្រកាន់ខ្ជាប់ ៣ កុំ ៣ ការពារ» ។
សាលារាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
ការរៀបចំរថយន្តក្រុងទាំងនេះគឺដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ។
លោក ហ៊ុន សែន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ៥៥ គ្រឿង។ សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រលប់មករាជធានីភ្នំពេញវិញ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ១២០ គ្រឿង៕