ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា និង​អាហ្សង់ទីន ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កាន់តែ​រឹងមាំ និង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ទូលំទូលាយ​។


MoU នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក Santiago Cafiero រដ្ឋមន្ដ្រី​ការបរទេស​ពាណិជ្ជកម្ម​អន្តរជាតិ និង​ធម្មការ​អាហ្សង់ទីន នៅក្នុង​ជំនួប​ទ្វេភាគី កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា នៅក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការ​បរទេស​កម្ពុជា​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​២៣ ខែ​កញ្ញា បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ បាន​លើកឡើង​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​អាហ្សង់ទីន រួមទាំង​ការ​ដោះស្រាយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។

លោក ប្រាក់ សុខុន បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​ដ៏​ខ្លាំង​របស់​អាហ្សង់ទីន ដែល​បាន​លើក​ឡើង​ដោយ​លោក Santiago Cafiero ក្នុងការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​តំបន់​អាស៊ាន នៅក្នុង​វិស័យ​ដែល​មាន​សក្តានុពល​ជាច្រើន រួមមាន​វិស័យ​សុខាភិបាល សន្តិសុខ​ស្បៀង កសិកម្ម​និង​នេសាទ ថាមពល​និង​ការ​ទាញ​យក​រ៉ែ និង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​។


រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ក៏បាន​ឯកភាព​ធ្វើការ​ជាមួយគ្នា​ដើម្បី​ស្វែងរក​លទ្ធភាព​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន និង​សហគមន៍​នៃ​បណ្ដា​រដ្ឋ​នៅ​អាមេរិកឡាទីន និង​ការ៉ាប៊ីន (CELAC) នៅក្នុង​វិស័យ​ទាំង​នេះ​ផងដែរ​។


សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​៖ «​ដោយ​យល់​ស្របគ្នា​លើ​តម្រូវការ​ក្នុងការ​បង្កើត​យន្តការ​មួយ​ដើម្បី​ចាប់ផ្តើម​ធ្វើឱ្យ​សម្រេច​បាន​នូវ​បំណងប្រាថ្នា​រួម​សម្រាប់​ទំនាក់ទំនង​មិត្តភាព​កាន់តែ​រឹងមាំ ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​លើ​គ្រប់​វិស័យ​ដែល​អាច​ធ្វើ​ទៅបាន​រវាង​កម្ពុជា​និង​អាហ្សង់ទីន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម Santiago Cafiero បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួងការ​បរទេស​នៃ​ប្រទេស​ទាំង​ ២ » ​។​

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ក៏​បាន​ជជែក​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ផលប៉ះពាល់​ពី​សង្គ្រាម​នេះ​ទៅលើ​សន្តិសុខ​ស្បៀង និង​ថាមពល​របស់​ពិភពលោក និង​វិបត្តិ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ផងដែរ​។

លោក ប្រាក់ សុខុន បាន​ប្រាប់​សមភាគី​អាហ្សង់ទីន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក្នុង​ការ​ជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិល​ទៅរក​ភាព​ប្រក្រតី​ឡើង​វិញ តាមរយៈ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន ហើយ​និង​បញ្ហា​ប្រឈម​នានា​ដែល​កម្ពុជា​ជួបប្រទះ​៕