ភ្នំពេញៈ ក្រុមហ៊ុន Meta ប្តេជ្ញា​ធ្វើឱ្យ​ហ្វេសប៊ុក (Facebook) ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ ដោយ​ការពារ​ឯកជន​ភាព និង​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន ខណៈ​ការបញ្ចេញ​មតិ​ដែល​មាន​ការគំរាម​កំហែង និង​បំភិតបំភ័យ​អ្នកដទៃ​មិន​ត្រូវ​បាន​អនុញ្ញាត​នៅលើ​បណ្តាញ​សង្គម​មួយ​នេះឡើយ​។


ក្រុមហ៊ុន Meta ជឿជាក់​ថា សេរីភាព​នៃ​ការបញ្ចេញ​មតិ គឺជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស ហើយ​គោលដៅ​នៃ​ស្តង់ដា​សហគមន៍ គឺ​ដើម្បី​បង្កើត​កន្លែង​ សម្រាប់​ការបញ្ចេញមតិ និង​ផ្តល់​សំឡេង​ដល់​មហាជន​។ ការប្តេជ្ញាចិត្ត​ចំពោះ​ការបញ្ចេញមតិ​គឺជា​រឿង​សំខាន់ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួលស្គា​ល់​ថា អ៊ីនធឺណិត បង្កើត​ឱកាស​ថ្មី និង​បញ្ហា​រំលោភបំពាន​ផងដែរ​។

ក្រុមហ៊ុន​នេះ​ចង់​ធ្វើឱ្យ​ប្រាកដ​ថា មាតិកា​ដែល​អ្នកប្រើប្រាស់​កំពុង​ឃើញ​នៅលើ​ហ្វេសប៊ុក គឺ​ពិតប្រាកដ​។ ក្រុមហ៊ុន Meta ជឿថា ភាពត្រឹមត្រូវ​បង្កើត​បរិយាកាស​ប្រសើរ​ជាង​មុន​ សម្រាប់​ការចែក​រំលែក ហើយ​នោះ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ​មិន​ចង់ឱ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​យល់​ខុស​ថា ពួកគេ​ជា​នរណា ឬ​កំពុង​ធ្វើ​អ្វី​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន Meta ប្រចាំ​កម្ពុជា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​ ២៣ ខែកញ្ញា បញ្ជាក់ថា​៖ «​យើង​ប្តេជ្ញា​ធ្វើឱ្យ​ហ្វេសប៊ុក​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​។ ការបញ្ចេញមតិ​ដែល​គំរាមកំហែង​អ្នកដទៃ មាន​សក្ដានុពល​ក្នុងការ​បំភិតបំភ័យ និង​បំបិទមាត់​អ្នកដទៃ មិនត្រូវ​បាន​អនុញ្ញាត​នៅលើ​ហ្វេសប៊ុក​ឡើយ​»​។


សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​យើង​ប្តេជ្ញា​ការពារ​ឯកជន​ភាព និង​ព័ត៌មាន​ផ្ទាល់ខ្លួន​។ សិទ្ធិ​ឯកជន​ភាព​ផ្តល់ឱ្យ​​មនុស្ស​នូវ​សេរីភាព​ក្នុង​ការធ្វើ​អ្វីមួយ និង​ជ្រើសរើស​របៀប និង​ពេលវេលា​ក្នុង​ការ​ចែករំលែក​នៅលើ​ហ្វេសប៊ុក និង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​កាន់តែ​ងាយស្រួល​»​។


ក្រុមហ៊ុន Meta ជឿជាក់​ថា មនុស្ស​ទាំងអស់​មាន​ភាពថ្លៃថ្នូរ និង​សិទ្ធិ​ស្មើគ្នា ហើយ​រំពឹង​ថា មនុស្ស​គ្រប់រូប​នឹង​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ និង​មិន​បៀតបៀន ឬ​បន្ទាបបន្ថោក​អ្នកដទៃ​។

ជា​រៀងរាល់​ថ្ងៃ​ក្រុមហ៊ុន Meta ធ្វើការ​សម្រេចចិត្ត​រាប់លាន​អំពី​ថា តើ​មាតិកា​ណា​បង្ក​ផលប៉ះពាល់ ហើយ​ការសម្រេចចិត្ត​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​ស្រប​តាម​ស្តង់ដា​សហគមន៍​ដែល​ក្រុមហ៊ុន​នេះ​បាន​បង្កើត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។

ក្រុមហ៊ុន Meta ជឿជាក់​ថា ការត្រួតពិនិត្យ​ឯករាជ្យ​ពី​ខាងក្រៅ​ចំពោះ​ការសម្រេចចិត្ត​លើ​មាតិកា​គឺជា​រឿង​ចាំបាច់ ពីព្រោះ​វា​នឹង​ទប់ស្កាត់​ការសម្រេចចិត្ត​បែប​ប្រមូលផ្ដុំ​នូវ​រឿង​សំខាន់ៗ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន បង្កើត​ការទទួលខុសត្រូវ និង​ការត្រួតពិនិត្យ និង​ជួយ​ធានា​ថា ការសម្រេ​ចិត្ត​ត្រូវបាន​ធ្វើឡើង​ ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​សហគមន៍​៕