ពលរដ្ឋ​សាទរ​ចំពោះ​ការ​អភិវឌ្ឍ​ ផ្លូវ​ល្បឿន​លឿនភ្នំ​ពេញ-ក្រុង​ព្រះ​សីហនុ តែពលរដ្ឋមួយចំនួន​មានក្តី​បារម្ភ​ដល់​អ្នក​រស់​នៅក្បែរដង​ផ្លូវ

Content image - Phnom Penh Post
អក្សរប្រាប់ពីការប្រើប្រាស់គន្លង​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ រូបថត សហការី

ភ្នំពេញៈក្រោយ​ក្រសួង​សាធា​រណកា​រ និងដឹក​ជញ្ជូន ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាក​ល្បងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ ដែល​ត្រូវ​បាន​សាងសង់​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃក្នុង​រយៈ​ពេល ១ខែ ចាប់​ពីថ្ងៃ​ទី១ ដល់ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​២០២២។ ផ្លូវថ្មី​មួយ​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ការ​អបអរ​សាទរ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន តែ​ទន្ទឹ​ម​នឹង​នេះ​ក៏មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត ក៏បាន​បង្ហាញ​ពីការព្រួយ​បារម្ភរបស់​ពួក​គេផង​ដែរ ជុំវិ​ញបញ្ហា​ការ​រស់​នៅក្បែរ​ដង​ផ្លូវ​ល្បឿន​លឿន​មួយ​នេះ។​

ព្រះតេ​ជគុណ​ សម ដារ៉ូ ជានិស្សិត​ឆ្នាំ​ទី៤ ផ្នែក​គ្រប់​គ្រង​បាន​មានសង្ឃដី​កាថា​៖ «ការ​បើកដំណើរ​ការ​ផ្លូវ​នេះ វារាង​ពិបាក​បន្តិច ដោយ​សារ​អ្នក​បើកបរ​ខ្លះមិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍​បាន​ពេញ​លេញទេ​ ដោយ​មាន​អ្នក​ខ្លះបើក​យឺត និង​អ្នក​ខ្លះបើ​កលឿន​អ៊ីចឹង​ទៅ​»។

ទោះ​ជាយ៉ាង​ណា ព្រះតេជ​គុណ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ព្រះតេ​ជគុណ មិន​សូវ​បាន​តាមដាន​ព័ត៌​មាន និ​ង​ស្រាវ​ជ្រាវ​អំពី​បញ្ហាផ្លូវ​ល្បឿន​លឿន​នេះ​ច្រើន​ទេ។​

ព្រះតេ​ជគុណបាន​លើក​ឡើង​បន្ថែម​ថា៖​ «បើតាម​អាត្មាបាន​ដឹង​មក​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទម្លុះ​រប​ងដើម្បី​បើក​អាជីវកម្ម​រកស៊ី ហើយ​ធម្មតា បើមាន​ករណី​នេះ​កើត​មាន​ឡើង​មែន ផ្លូវ​ល្បឿន​លឿន​គឺត្រូវប​រា​ជ័យ ព្រោះ​បើកាល​ណា​មា​ន​ផ្ទះតាម​ផ្លូវ មាន​អាជីវករ​បើក​របរ​រក​ស៊ីព័ទ្ធជុំវិញ​ផ្លូវអ៊ី​ចឹង វាដូច​តែ​ផ្លូវយើង​ធម្មតា បើក​លឿន​លែងកើត​ហើយ។ អ៊ីចឹង​ហើយ ផ្លូវ​ល្បឿន​លឿនទៅ​ថ្ងៃខាង​មុខ វា​អត់​កើត​ទេ បាន​តែបច្ចុប្បន្ន​នេះ​ទេ»​។

ដោយ​ឡែក សម្រាប់​កញ្ញា ស៊ឺន រស្មី និស្សិត​ឆ្នាំ​ទី៤ ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ បាន​លើក​ឡើង​ថា៖ «ផ្លូវ​ល្បឿន​លឿន​នេះជួយ​សម្រួល​ដល់​ប្រជាជន​យើង​បាន​ច្រើន ទី១​គឺការ​ធ្វើដំណើរ​វាលឿនជា​ងមុន ចំណាយ​ពេល​តិច ចំណេញ​បាន​ច្រើន ប៉ុន្តែ​អ្វីដែល​ខ្ញុំបារ​ម្ភ​គឺមាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​មានកម្រិត​ការ​យល់​ដឹង​តិច ពួក​គាត់បែរ​ជាគិត​ថា ​ផ្លូ​វនេះអា​ចប​ង្កធ្វើ​ឱ្យមាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន។​ តាម​ពិត​ទៅ នៅពេល​ដែល​គេធ្វើផ្លូ​វ គេមាន​ច្បាប់​នៃកា​រជិះ និង​សញ្ញាចរាចរ​ណ៍ត្រឹ​មត្រូ​វ អ៊ីចឹង​បើសិ​នជា​ពួកគាត់​បាន​យល់​ដឹង​កន្លែង​ហ្នឹង នោះ​នឹង​មិន​ជាបញ្ហា​អ្វីទេ»​។

កញ្ញាក៏​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា៖ «ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជ​មាន។ ជាក់​ស្ដែង នៅពេល​ដែលផ្លូ​វ​នេះត្រូវ​បាន​សាងស​ង់កាត់​តំបន់​ភូមិ​មួយ​ អ៊ី​ចឹ​ងវា​ធ្វើឱ្យ​ពល​រដ្ឋដែល​នៅ​ម្ខាងផ្លូវ​ពិបាក​ប្រាស្រ័​យទា​ក់ទង​ជាមួយ​អ្នក​នៅផ្លូវ​ម្ខាង​ទៀត ដែល​នេះ​ជាវប្បធម៌រ​បស់ខ្មែ​រ​យើង។ ទោះ​ជាយ៉ាង​ណា ខ្ញុំគិត​ថា វាមិន​មែន​ជាបញ្ហាធំ​ដុំទេ​»

គួរជ្រាប​ថា ចាប់ពីថ្ងៃទី​១ ខែវិ​ច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​ទៅ ថ្លៃប្រើ​ប្រាស់ផ្លូវ​ល្បឿន​លឿន​ មា​ន​តម្លៃចន្លោះ​ពី ១២ដុល្លា​រ ​ដល់ ៦០​ដុល្លារ។

ការណ៍​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​ត្អូញ​ត្អែរ​ថា វាមាន​តម្លៃខ្ពស់​ពេក ប៉ុន្តែ​សម្រាប់​កញ្ញា រស្មី វិញ យល់​ថា តម្លៃ​នេះ វាមិន​ថ្លៃណា​ស់ណា​ទេ ដោយ​កញ្ញាបាន​លើក​ឡើង​ថា ប្រសិន​បើជិះទៅ​អស់១២​ដុល្លារ ពេ​ល​ម​កវិញ​យើង​អាចជិះ​ផ្លូវ​ផ្សេង បើសិន​ជាយើង​មិន​ចង់​ចំណាយ​ច្រើន​។

គួរ​បញ្ជាក់​ដែរ​ថា គម្រោង​ផ្លូវ​ល្បឿន​លឿនភ្នំពេ​ញ-ក្រុង​ព្រះសីហនុ មាន​ប្រវែង​សរុប​ប្រហែល ១៨៧,០៥​គីឡូម៉ែ​ត្រ។ ​ផ្លូវ​នេះត្រូ​វសាង​សង់​ជា ៤​គន្លង តួផ្លូវ​មាន​ទទឹង ​២៤​ម៉ែត្រ ក្រាល AC មាន​សួន​ច្បារខណ្ឌ​កណ្តាល​ ចេញ​ពី​ភ្នំពេញ​នៅចំណុច​​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី៣ មាន​ផ្លូវបំបែក​ប្តូរ​ទិស ភ្ជាប់​មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦​កន្លែង ប្រវែង ៤ ៤១៧​ម៉ែត្រ ស្ពាន​ខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០​ម៉ែត្រ ស្ពាន​រំលង ៣២១​កន្លែង កន្លែង​ឈប់​សម្រាក ៣​កន្លែង និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ នេះ​បើយោង​តាម​ការ​ចុះផ្សា​យ​របស់ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន៕

ព័ត៌មានថ្មីៗ