ភ្នំពេញៈ ក្រុម​ហ៊ុនម៉េង​លីចេគួច​អ៊ែឌ្យូខេ​សិន (Mengly J. Quach Education) និង​មូល​និធិ​កុមារ​​កម្ពុជា​ (CCF) នាថ្ងៃ​ទី ​៣០ ខែ​កញ្ញា បាន​ចុះហត្ថ​លេខា ​លើ​អនុស្ស​រណៈ​នៃការ​យោគ​យល់​​គ្នា (MoU)​ក្នុង​ភាព​ជាដៃ​គូ​ ដើម្បី​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ និង​ផ្តល់​ឱកាស​ដល់​សិស្ស​ក្រីក្រ​ឱ្យបាន​សិក្សា​រៀន​សូត្រ​តាម​រយៈ​ការគាំទ្រ​ជំនួយ​អាហារូបករ​ណ៍​ការផ្គត់​ផ្គង់​សម្ភារ​សិក្សា​និង​ជីវភាព​រស់​នៅប្រចាំ​ថ្ងៃ។


​លោក គួច​ ម៉េងលី​ ស្ថាបនិក​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​និង​ជាអគ្គនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Mengly J. Quach Education ថ្លែង​ថា​ លោក​សប្បាយ​ចិត្ត​ជាខ្លាំង​ ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​ចាប់​ដៃគូគ្នា​ ជាមួយ​អង្គការ​ CCF​ ខណៈ​​កុមារ​ដែលកំពុង​រៀន​នៅអង្គការ​មួយ​នេះ ត្រូវ​ការ​ប្រជា​ជន​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ជួយ​​ចូល​រួម​ឧត្ថម្ភ។

លោក​ថ្លែង​ថា៖​ «គាត់ [CCF] ដឹកនាំ​ដោយ​ Scott Neeson ហើយ​យើងទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ​ អតីត​តារា​ផលិត​កុន​ Hollywood គាត់​បរិច្ចា​គ​ពេល​វេលា ជីវិត​របស់​គាត់​មក​ជួយ​ស្រុក​ខ្មែរ​។ អ៊ីចឹ​ង មាន​ប្រជាជន​ខ្មែរ​យើង​ច្រើន​ណាស់​ កំពុង​តែខ្វះ​ខាតមិន​មែ​ន​ខ្វះខាត​រហេម​រហាម គឺខ្វះ​ខាត​ការ​ឧបត្ថម្ភ​ធន​ ដើម្បី​ឱ្យកូន​ខ្មែរ​យើង​បាន​ចូល​រៀន​ ​មាន​អីញាំ​ស្រួល​បួល មើលថែ​ទាំសុខ​ភាព​ល្អ មាន​ផ្ទះនៅ​ស្រួលបូល ​មាន​អ្នក​មើល​ថែទាំ​ស្រួល​បួល ព្រោះ​ប្រជាជន​យើង​មាន​ការឆ្លង​កាត់​ភាព​ក្រីក្រ ហើយ​កំព្រា​ឪពុក​ម្តាយ ហើយ​មាន​ការបោះ​បង់ចោល​អាណាថា​ច្រើន​ណាស់។ អ៊ីចឹង​យើង​ត្រូវ​ការ​អង្គការ​ច្រើន​ដើម្បី​ជួយ ​ហើយ​អង្គកា​រ​មិនអាច​ជួយ​បាន​ទេ បើអត់​មាន​អ្នក​ឧបត្ថម្ភ​ធន»។

លោក​ គួច​ ម៉េង​លី សំណូមពរ​ក៏ដូច​ជា​ផ្តាំផ្ញើ​ដល់​អ្នក​មាន​លទ្ធភាព​ធូរ​ធារ​ ពួត​ដៃគ្នា​ឡើង​ជួយ​កសាង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​តាម​រយៈ​វិស័យ​អប់​រំ​ ដោយ​ការ​បរិច្ចាគ​ថវិកា​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើទៅ​បាន​។


លោក​ថ្លែង​ថា៖ «ខ្ញុំគិត​ថា ​មិន​ចាំឧក​ញ៉ាទេ អ្នក​មិន​ឧកញ៉ា​ក៏មាន​លុយ​ច្រើន​ដែរ ជួយ​អ្វី​ដែល​យើង​អាច​ជួយ​បាន ​គេហៅ​ថា​ បុព្វហេតុ​ល្អ​ ដល់​សង្គម​ ហើយ​គ្មាន​អ្វីល្អ​ជាង​ការ​បណ្តុះ​យុវបញ្ញវន្ត​របស់​ជាតិ​ទេ។ អ៊ីចឹ​ង​ផ្តល់ភាព​កក់​ក្តៅ សុខ​ភា​ព​ល្អ ហើយ​ការ​អប់រំ​កក់​ក្តៅ ចំណេះដឹ​ង​ល្អ ហើយ​និងការ​រស់​នៅមាន​ភាព​កក់ក្តៅ ហើយ​និង​សុខ​ដុម​រមនា​ក្នុង​ក្រុម​គ្រួសា​រ។ ​បើយើង​ចូល​រួមចំណែក​ផ្តល់​អាហ្នឹង​ឱ្យ​ គឺប្រទេស​ជាតិយើ​ងលូ​តលា​ល់ជឿន​លឿន​ គឺពួ​កគាត់​ហ្នឹង​ហើយ​ដែល​ជា​អ្ន​កកសាង​ជាតិថ្ងៃ​ក្រោយ»​។


យោង​តាម​ការ​ប្រកាស​របស់​ក្រុម​ហ៊ុន​ Mengly J. Quach Education បាន​ឱ្យដឹង​ថា តាម​រយៈ​ការចុះ ​MoU គឺមាន​ជំនួយ​ឧបត្ថម្ភ​ពីលោក​គួច​ ម៉េង​លីជា​ទំហំទឹក​ប្រាក់​ខ្ទង់​ ១៨ ម៉ឺន​ដុល្លារ​សហរ​ដ្ឋអាមេរិក​ ដោយ​មាន​អ្នក​ទទួល​ផល បូក​រួម​ទាំង​សិស្សនិង​គ្រូស​រុបជិត​ ៨០​០ នាក់​។

CCF បញ្ជាក់​ក្នុង​ហ្វេស​ប៊ុក​នាថ្ងៃទី​ ៣០ ខែក​ញ្ញា ថា CCF ពិត​ជាមាន​សេចក្តី​សោម​ន​ស្សរីករាយ​ក្នុង​ការ​ប្រកាស​ពីភាព​ជាដៃគូរ​បស់ C​CF ជាមួយ​ក្រុម​ហ៊ុន​ Mengly J. Quach Education។

ការ​ចែក​រំលែក​នូវ​ចក្ខុវិស័យ​ដូច​គ្នា​ចំពោះ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​សម្រាប់​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ តាម​រយៈ​ការ​ចុះ M​oU នេះ​ គឺជា​ការប​ង្ហាញ​ពីកិច្ច​សហការ​រវាង ​CCF​ និង​ក្រុម​ហ៊ុន ​Mengly J. Quach Education៕