​ភ្នំពេញៈ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់ មិន​ត្រឹមតែ​បំផ្លាញ​អាយុជីវិត និង​បង្ក​របួសស្នាម​ដល់ ប្រជាពលរដ្ឋ​ស្លូតត្រង់​ប៉ុណ្ណោះទេ វា​ថែមទាំង​ជា​ឧបសគ្គ​ធ្វើឱ្យ​រាំង​​ស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ទៀតផង​ដែរ​។​


​លោក​ថ្លែង​បែបនេះ កាលពី​សប្តាហ៍​មុន ក្នុង​ពិធី​ប្ដូរ​ឈ្មោះ​របស់សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ការប្រមូល​ថវិកា​ជួយ​ដល់​គម្រោង​សម្ដេច​តេ​ជោ​សម្រាប់ សកម្មភាព​មីន ការជួយឧបត្ថម្ភ​ទៅដល់​ការដោះមីន​នៅ​កម្ពុជា គឺជា​ការជួយ​ខ្មែរ​ទាំងអស់គ្នា​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់មីននៅ​កម្ពុជា ឆ្ពោះទៅរក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ លោកនាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន បាន​បង្កើត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ​ «​ផ្តល់​ដី​សុវត្ថិ​​ភាព បង្កើត​ស្នាមញញឹម​» ដែលមាន​លោក​ ហ៊ុន សែន ជា​ប្រធាន និង​ដឹកនាំ​គ្រប់គ្រង និង​សម្រប​សម្រួល​ដោយ​អាជ្ញាធរ​មីន​។​

​លោក ​ម៉ា​ណែ​ត ថ្លែងថា​៖ «​ខ្ញុំ​សុំចូល​រួម​ជា​ថវិកា​សម្រាប់​សកម្មភាព ដោះមីន​នេះ​ចំនួន​ ១​ ម៉ឺន​ដុល្លារ​ផងដែរ ហើយ​តាមពិត​ការចូលរួម​នេះ​ គឺ​ចូលរួម​ជួយ​ខ្លួនឯង​ទេ ដោយ​ សារ​កងទ័ពជើងគោក​ក៏​ជា​ប្រតិ​​ប​ត្តិ​ករ​ក្នុង​ការដោះមីន​នេះដែរ ហើយ​យើង​ជា​ខ្មែរ ដោះមីន​នៅ​ស្រុក​ខ្មែរ​គឺ​ជួយ​ខ្មែរ​ទាំងអស់គ្នា​»​។​


​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​រាប់​​លាន​គ្រាប់​នៅ​គ្រប់ទិសទី​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បន្សល់​​ទុក​ដោយសារ​សង្គ្រាម​ក្នុង​តំបន់ និង​ជម្លោះផ្ទៃក្នុង​អស់​ជាង​៣​ទស​​វត្សរ៍​មកហើយ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៩៨​។


​លោក ​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ មិន​ត្រឹមតែ​បំផ្លាញ​អាយុជីវិត និង​បង្ក​របួសស្នាម​ដល់ ប្រជាពលរដ្ឋ​ស្លូតត្រង់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជា​ឧបសគ្គ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ទៀតផង​»​។

​អាជ្ញាធរ​មីន​ឱ្យដឹងថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានធ្វើការ​បោស​​សម្អាត​មីន តាំងពី​ឆ្នាំ​ ១៩៧៩ ដើម្បី​រំដោះ​ផ្ទៃដី និង​សុវត្ថិភាព​ជូន​ប្រជាជន​នៅតាម​លំនៅឋាន តាមហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្ក​បង្កើន​ផល​។ ចាប់ពី​ឆ្នាំ​ ១៩៩២ ការ​បោសសម្អាត​មីន​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ត្រូវបាន​​ចាប់ផ្ដើម​ជា​ផ្លូវការ ដោយមាន​កម្មវិធី​សកម្មភាព​មីន​ពេញលេញ​។ ក្នុង​រយៈពេល​ជាង​ ៣០​ ឆ្នាំ​មកនេះ កម្ពុជា​បាន​រកឃើញ និង​បំផ្លាញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រាប់លាន​គ្រាប់ និង​បាន​​ប្រែក្លាយ​ដី​មីន​ទៅជា​ដី​មាស​។​

​ទាក់ទង​នឹង​ចំណុច​នេះ លោក​ ​ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ទោះបី​មាន​កិច្ចប្រឹងប្រែង និង​យកចិត្ត​-​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មានការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ នានា​ក៏ដោយ កម្ពុជា​បន្ត​នៅសល់​ផ្ទៃដី​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជា ​២ ០០០ ​គីឡូ​​ម៉ែត្រក្រឡា និង​មាន​ប្រជាពលរដ្ឋ​ជាង​ ១,១ ​លាន​នាក់​ កំពុង​បន្ត​រស់​​នៅលើ​តំបន់​សង្ស័យ​ទាំងនេះ​។​

​លោក​ថា​៖ «​ក្នុងនោះ ផ្ទៃដី​មាន​មីន​ ៧០២​ គីឡូម៉ែត្រ​ក្រឡា ដែលជាមហិច្ឆតា​របស់​រាជរ​ដ្ឋា​ភិ​បាល​​កម្ពុជា គឺ​ត្រូវ​បោសសម្អាត​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥​។ ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល និង​ឈានទៅ សម្រេចបាន​នូវ​ចក្ខុវិស័យ កម្ពុជា​ ១ គ្មាន​មីន​ឆ្នាំ​ ២០២៥ គោលការណ៍​​ណែនាំ​ស្តីពី​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានាថា រាល់​ចម្ការមីន​ទាំង​​អស់​ដែលមាន​ក្នុងភូមិ​ត្រូវបាន​​បោសសម្អាត​»​។​

​គោលការណ៍​ណែនាំ​ស្តីពី​ការ​​អនុវត្ត​យន្តការ​ភូមិ​អស់​មីន គឺមានសកម្មភាព​ជាច្រើន ក្នុងនោះ​ក៏មាន​ការ​កៀរគរ ធនធាន​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ជា​មិត្ត​ ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-អន្តរជាតិ វិនិយោគិន និង​សប្បុរស​ជន​នានា ដើម្បី​ទទួល​ការគាំទ្រ និង​ធ្វើការ​បោសសម្អាត​គ្រាប់មីន ឱ្យអស់​នៅ​ឆ្នាំ ​២០២៥ ពី​ភូមិ ​១ ទៅ ភូមិ ​១ និង​ពី​ខេត្ត ​១ ទៅ​ខេត្ត ​១​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​ ២១-២២ ខែវិច្ឆិកា​នេះ អាជ្ញាធរ​មីន​មានការ​រៀបចំ​តាំងពិព័រណ៍​ខួប​ ៣០​ ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​បើតាម​អាជ្ញាធរ​មីន ការតាំង​​ពិព័រណ៍​នេះ សហការ​ជាមួយ​ប្រតិ​​ប​ត្តិ​ករ​សកម្មភាព​មីន​ជាតិ​-​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល សរុប​ចំនួន​ ២១​ ស្ថាប័ន ដោយមាន​ស្តង់​ចំនួន​ ៥២ ដាក់តាំង​បង្ហាញ​។​

​ការតាំងពិព័រណ៍​នេះ នឹង​អនុញ្ញាតឱ្យចូល​ទស្សនា​ដោយ​សេរី និង​មាន ដាក់តាំង​បង្ហាញ​ពី​សមិទ្ធផល​សកម្មភាព​មីន​រយៈពេល​ ៣០​ ឆ្នាំ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្រ​បោសសម្អាត​មីន ការបង្ហាញ​ការដោះមីន​ដោយ​ដៃ ព្រមទាំង​ការប្រើប្រាស់​ប្រព័ន្ធ​ហិត​រក​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​សត្វ ​(​សុនខ និង​កណ្តុរ​)​។ នេះ​បើតាម​ការលើកឡើង​ពី​មន្ត្រី​នៃ​អាជ្ញាធរ​មីន​៕