ភ្នំពេញៈ មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌​បាន​ច្រាន​ចោល​ចំពោះ​ការលើក​ឡើង​របស់​សង្គម​ស៊ីវិល​ដែល​ថា ​រដ្ឋាភិ​បាល​ធ្វើទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​អង្គការ​សង្គម​ស៊ីវិល ​តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្ត​ការ​តុលា​ការ​ និង​ការគំរាម​កំហែង​បំបាក់​ស្មារតី​តាម​រយៈ​ការចោទ​ប្រកាន់ ចាប់​ខ្លួន និង​ការ​ដាក់​ទោស​ទណ្ឌ​ទាំង​បំពាន​។​


​លោក​ ជិន ម៉ា​លីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ប្រាប់​ថា ​កន្លង​មក​កា​រអនុវត្ត​ច្បាប់​មិន​មែន​ជាការ​ធ្វើ​ទុក្ខ​បុកម្នេញ​នោះ​ទេ ប៉ុន្តែ​លោក​តែង​សង្កេត​ឃើញ​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​សកម្ម​ជន​មួយ​ចំនួន​តូច​ដែល​ប្រឈម​នឹង​ផ្លូវ​ច្បាប់​នា​ពេល​កន្លង​មក​នោះ​ដោយ​សារតែ​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​អំពើ ​ឬ​សកម្ម​ភាព​ដែល​ល្មើស​ទៅនឹង​ច្បាប់​ដោយ​ខ្លួន​ឯង​។​

​លោក ជិន ម៉ា​លីន បាន​លើក​ឡើង​ដូច​នេះ បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល​ អង្គការ​មិនមែន​រដ្ឋាភិ​បាល ​សមាគម និង​សហជីព​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា​ប្រមាណ​ជាង​១០០​ ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ ​ដោយ​អំពាវ​នាវ​ដល់​ស្ថាប័ន​តុលា​ការ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ ​ក៏ដូច​ជា ​រាជរដ្ឋាភិ​បាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ពួកគេ​។​

​យោង​តាម​សេចក្តីថ្លែ​ងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិលលើ​សេចក្ដីសម្រេច​ផ្ដន្ទា​ទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី​ ២៣ ​ខែវិច្ឆិកា បាន​លើក​ឡើង​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​កាត់​សេច​ក្ដី​យ៉ាង​អយុត្តិ​ធម៌​មកលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ក្រោយពី​បាន​តាម​ដាន​យ៉ាង​យកចិត្ត​ទុកដាក់​ទៅលើ​ការ​កាត់​សេចក្តី​របស់​តុលា​ការ​ទាំង៣ថ្នាក់ មក​លើ​បុគ្គលិក​ និង​អ​តី​ត​បុគ្គលិក​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដ​ហុក​ ។​


​អង្គការ​សង្គម​ស៊ីវិល​ថា សកម្ម​ភាព​របស់​បុគ្គ​លិ​ក​ និង​អតីត​បុគ្គលិក​សមា​គម​អាដ​ហុក​ទាំងនេះ​ គឺជា​ការ​បំពេញ​ការងា​រ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ ដែល​មាន​ចែង​ជា​ធរមាន ​ជាពិសេស​គោល​ការណ៍​សិទ្ធិមនុស្ស និង​គោលនយោ​បាយ​នានា​លើ​ការ​កា​រពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។​


​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​អំពាវ​នាវ​ដល់​ស្ថា​ប័ន​តុលា​ការ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ធ្វើការ​កែ​លម្អ​ និង​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ឱ្យមាន​យុត្តិ​ធម៌​ពេញ​លេញ និង​ស្រប​តាម​គោល​ការណ៍នីតិរដ្ឋ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​ក្នុង​ឋានៈ​កម្ពុជា​ជា​សមា​ជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ផងដែរ​។

​ជា​មួយ​គ្នានេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ក៏​ស្នើឱ្យ​រដ្ឋសភា​ដែល​តំណាង​ឱ្យ​ប្រជាព​លរដ្ឋ​ខ្មែរ ពិនិត្យ​ច្បាប់​ឡើ​ងវិញ និង​ត្រូវ​ធ្វើ​វិសោធន​កម្ម ចៀស​វាង​សកម្ម​ភាពនិង​កា​រគាំទ្រ​មនុស្ស​ធម៌​ចំពោះ​ជនរ​ងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោ​យសុ​ច្ឆន្ទៈ បែរ​ទៅជា​មាន​ទោស​ព្រហ្មទណ្ឌ​ទៅវិញ ដែល​អាច​ប៉ះ​ពាល់​ដល់​កិច្ចការ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ជាច្រើន និង​ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​។​

​សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើងថា​៖ «​សូម​រដ្ឋាភិ​បាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នកកា​រពារ​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិលតាម​រយៈ​ការ​ប្រើ​ប្រាស់យន្តការ​តុលា​ការ ការ​គំរា​មកំហែង​បំបាក់​ស្មារតីតាមរ​យៈ​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួនដាក់​ទោស​ទណ្ឌ​ទាំង​បំពានចំពោះ​សកម្ម​ជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ផ្ទុយទៅ​វិញ​រាជរដ្ឋាភិ​បាល​ត្រូវ​ខិតខំ​បង្កើត​យន្ត​ការ​ធ្វើយ៉ាង​ណា ដើម្បី​ធានា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​»​។​

​ជាការ​ឆ្លើយត​ប លោក ជិន ម៉ា​លីន បាន​បញ្ជាក់​ថា៖«​យើង​សង្កេត​ឃើញថា​ ក្រុម​គាត់​ ឬក៏​សកម្ម​ជន​របស់​គាត់​មួយចំ​នួន​តូច​នោះ បាន​ប្រព្រឹត្ត​នូវ​អំពើ ​ឬ​ធ្វើ​សក​ម្មភាព​ដែល​ជា​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ដែលនាំ​ឱ្យ​មានការ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ​ហើយ​មានតែ​មួយ​ក្រុម​តូច​នោះ​ទេដែល​យក​លេស​ប្រើ​ប្រាស់​រូបភាព​សង្គម​ស៊ីវិល​ និង​ការអនុវត្ត​សិទ្ធិ​ ឬ​ការងារ​សង្គម​យក​មក​បិទ​បាំង ប៉ុន្តែ​ច្បាប់​គឺ​នៅតែ​ជា​ច្បាប់ ​មិន​អាច​យក​មក​បិទ​បាំង​បាន​ទេ​»​។​

​អ្នក​នាំ​ពាក្យ​រូបនេះ បាន​បន្ថែម​ទៀត​ថា ​នៅពេល​ដែល​មាន​សកម្ម​ភាព​ល្មើស​ច្បាប់​ណាមួយ​គឺ​ត្រូវតែ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់ ហើយ​អ្នក​ដែល​ប្រឈម​មុខ​នឹង​ច្បាប់​ត្រូវតែ​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ​ដោយ​បង្ហាញ​នូវ​ភ័ស្តុតាង ឬ​ទឡ្ហី​ករ​ណ៍ឱ្យបាន​រឹងមាំ ​ដើម្បី​ធ្វើការ​ដោះ​បន្ទុក មិនមែន​ធ្វើការ​តវ៉ា​ទាម​ទា​រឱ្យគេ​ដោះ​លែង ទម្លាក់​ចោល​បទ​ចោទ​នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹ​ត្ត​ខុស​នោះ​ទេ​។​

​លោក ​ជិន ម៉ា​លីន បាន​ប្រាប់ថា​៖ «​អ៊ីចឹ​ង​វា​អត់​មានអី​ត្រូវ​ពិបាក​ទេ បើ​គាត់​មិន​ចង់​ប្រឈម​មុខ​ផ្លូ​វច្បាប់ សូម​ធ្វើ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ស្រប​ទៅនឹង​ច្បាប់​ជាតិ​ក៏ដូច​ជា​រដ្ឋ​ធម្ម​នុញ្ញជា​ជាង​ធ្វើ​សកម្ម​ភាព​បំពាន​ច្បាប់ ហើយ​យក​លេស​រូបភាព​សង្គម​ស៊ីវិល ​ការងារ​សង្គម ​ការងារ​សិទ្ធិ​មនុស្ស ​មក​បិទ​បាំង​ អាហ្នឹង​មិន​អាច​ទៅរួច​បានទេ​»​។​

​បើតាម​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ដែរ​ថា ការសម្រេច​របស់​តុលា​ការ​កំពូល​កាលពី​ថ្ងៃ​ ១៨ ខែវិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ សម្រេច​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍ ចុះ​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២២ និង​សាល​ក្រម​ព្រហ្ម​ទណ្ឌ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ ​២០១៨ ដែល​សម្រេច​ផ្តន្ទា​ទោស​ទៅលើ​បុគ្គលិក​ សមា​គម​អាដ​ហុកចំនួន​៣​រូប​។​

​បុគ្គលិក​៣​រូបនេះ មាន ​លោក នី សុខា​, លោក​ស្រី លឹម មុនី, លោក យី សុខ​សាន្ត និង​អតីត​បុគ្គលិក​សមា​គម ចំនួន​ ២ ​រូប​ផ្សេង​ទៀតគឺ​លោក ណៃ វ៉ង់​ដា និងលោក នី ចរិយា ដាក់​ពន្ធ​នាគារ​កំណត់​ក្នុង​ម្នាក់ៗ​ចំនួន៥​ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ពន្ធ​នាគារ​ចំនួន​ ១៤ ​ខែ ១ ​ថ្ងៃ​។​

​ចំណែក​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​ធម្មតា​ពីបទសូក​ប៉ាន់​សាក្សីនិង​សម​គំនិត​ក្នុងអំពើ​សូក​ប៉ាន់​សាក្សីតាម​បទប្បញ្ញត្តិ​មាត្រា​ ២៩ ​និង​មាត្រា​ ៥៤៨ ក្រម​ព្រហ្ម​ទណ្ឌ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ជាសេចក្តី​សម្រេច​ដែល​បិទ​ផ្លូវ​តវ៉ា​។យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិលមា​នការ​បារម្ភ​ថាសេចក្តី​សម្រេច​នេះ​អាច​ប៉ះ​ដល់​សកម្ម​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដូចជា​ គោល​ការណ៍​ជួយ​ឧបត្ថម្ភ​ដល់​ជនរ​ងគ្រោះ​ខ្លះដែល​អាច​ក្លាយ​ទៅជា​មាន​ទោស​ព្រហ្ម​ទណ្ឌ​ពីបទ​សូក​ប៉ាន់​សាក្សី​ដូច​ការ​សម្រេច​របស់​តុលា​ការ​បែប​នេះ​ទៅវិញ​។​

​អង្គការ​សង្គម​ស៊ីវិល​សង្ក​ត​ឃើញ​ថា ​ការស​ម្រេចសេ​ចក្តី​នេះមាន​ចំណុច​វិជ្ជ​មាន និង​អវិ​ជ្ជមាន​មួយ​ចំនួន​ ដូចជាការ​សម្រេច​មិន​ផ្តន្ទា​ទោស​បន្ថែម និង​ការ​ច្រាន​ចោល​បណ្តឹង​សារទុក្ខ​របស់​អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​ភ្នំពេញ ប៉ុន្តែ​មានការ​ខក​ចិត្ត និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​កា​រសម្រេច​សេចក្ដី​នេះ​។​

​សូមប​ញ្ជាក់ថា ក្រុម​សង្គម​ស៊ីវិល អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ សមាគម និង​សហជីព​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ប្រមាណ​ជាង​ ១០០​ ស្ថា​ប័ន មាន​ដូចជា សហភាព​ការងារ​កម្ពុជា​, សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​, សមាគម​ប្រជាធិបតេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​,អង្គ​ការសង់​ត្រា​ល់ (CENTRAL)​និង​ស្ថាប័ន​មួយ​ចំនួ​នទៀត​៕