
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ពេលចុះពិនិត្យបន្លែសុវត្ថិភាពរបស់កសិករ។ រូប ហ្វេសប៊ុក ឌិត ទីណា
ភ្នំពេញៈ គោលដៅទៅថ្ងៃមុខ គឺកម្ពុជានឹងពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាពដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់ ហើយកសិករត្រូវមានផែនការដាំដុះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី ២១ ខែវិច្ឆិកា។
លោកបញ្ជាក់៖ «ផលិតកម្មបន្លែមានសុវត្ថិភាពត្រូវការផ្ទះសំណាញ់ដែលមានស្តង់ដាបច្ចេកទេស ដូច្នេះដើម្បីជួយឱ្យកសិករអាចផលិតបានតាមតម្រូវការ ក្រុមហ៊ុនប្រមូលទិញបន្លែ គួរជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដោយអនុវត្តកិច្ចសន្យាកសិកម្ម»។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែវិច្ឆិកាថា នៅក្នុងផលិតកម្មបន្លែ ក្រសួងកសិកម្មមានមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ កញ្ញាប្រាប់ថា នោះជាមជ្ឈមណ្ឌលដែលដើរតួយ៉ាងសំខាន់នៅក្នុងការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មបន្លែ រួមមានការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដរកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលសុទ្ធតែបានយកមកពីបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងសហគមន៍កសិកម្មក្នុងខេត្តកណ្ដាល និងខេត្តនានាតាមរយៈកិច្ចសន្យាកសិកម្ម។ ទាំងនេះជាការងារដែលក្រុមការងារក្រសួងបាននិងបន្តធ្វើ។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបញ្ជាក់ថា ជាទស្សនវិស័យរបស់លោករដ្ឋមន្ដ្រី ឌិត ទីណា លោកបានផ្ដល់អនុសាសន៍ទាក់ទងនឹងការផលិតដល់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាពថា គួរមានកិច្ចសន្យាជាមួយកសិករឱ្យបានច្បាស់លាស់ និងត្រឹមត្រូវដើម្បីកុំឱ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត, ស្វែងរកដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀត។ កញ្ញាបញ្ជាក់ថា៖ «យកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុន NAV ដែលមានការវេចខ្ចប់បានស្អាតល្អ មាន QR កូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដរួច ដើម្បីឱ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណា ហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ»។
កញ្ញា រចនា បន្ថែមទៀតថា ចំណែកក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់ គប្បីធ្វើការវិនិយោគជាមួយកសិករ ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់ តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រពតាមបែបទំនើប ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រមពីភាគីទាំងសងខាង។
លោក លី លាង គឺ កសិករដាំបន្លែសុវត្ថិភាពនៅភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានដាំដុះបន្លែសុវត្ថិភាពរយៈពេល ៣ ឆ្នាំមកហើយ ដែលដើមឡើយលោកដាំតែ ១ រោងប៉ុណ្ណោះ ដែល ១ រោងអាចរកចំណូលជាមធ្យមបាន ១ លានរៀល។ បន្ទាប់មក ដោយសារឃើញអំណោយផលល្អ លោកកំពុងបន្តពង្រីកទៅដល់ ៣០ រោង លើផ្ទៃដី ១ ហិកតា។
ការដាំបន្លែសុវត្ថិភាព និងការដាំបន្លែធម្មតាលក្ខណៈគ្រួសារគឺខុសគ្នាដូចមេឃ និងដី។ «ការដាំបន្លែធម្មតាយើងចោល ៣-៤ ថ្ងៃអត់បានទេ ទាល់តែបាញ់ថ្នាំ មើលថែរហូត សំខាន់រឿងបាញ់ថ្នាំសត្វល្អិតតែម្តង ចំណែកបន្លែផ្ទះសំណាញ់នេះ យើងធ្វើហើយ យើងដាំដុះ ថែទាំបានល្អហើយ វាអត់មានសត្វអីរំខាន វាចេះតែល្អឡើងៗ ហើយថ្នាំសត្វល្អិតក៏យើងអត់សូវប្រើដែរ»។
ចំណែកលោក ចន គឹមស្រស់ ជាកសិករឆ្នើមនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែប ខេត្តព្រះវិហារ ឱ្យដឹងថា លោកបានធ្វើការដាំដុះបន្លែធម្មតាជាង ២០ ឆ្នាំហើយ ប៉ុន្តែលោកទើបបានសាកល្បងដាំដុះបន្លែសុវត្ថិភាពក្នុងរយៈពេល ១ ឆ្នាំចុងក្រោយ។ ការដាំដុះបន្លែធម្មតា និងបន្លែសុវត្ថិភាពគឺមានទីផ្សារផ្សេងគ្នា។ ចំពោះបន្លែធម្មតាតម្លៃឡើងចុះតាមហាងឆេង ប៉ុន្តែបន្លែសុវត្ថិភាពមានតម្លៃថេរជាង។ លោកថា៖ «ទីផ្សារខ្ញុំផ្គត់ផ្គង់ទៅទីរួមខេត្ត គឺម៉ូយកុម្ម៉ង់ទើបយើងកាត់យកទៅឱ្យគេ ប៉ុន្តែនិយាយរួម រាល់ថ្ងៃនេះស្ទើរតែគ្មានបន្លែឱ្យម៉ូយផងព្រោះគេកុម្ម៉ង់ទៅលក់ឆាប់អស់»។
លោក ជួ មករា ប្រធានសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជាបានគាំទ្រការលើកឡើងរបស់លោករដ្ឋមន្ត្រីកសិកម្ម។ លោកថ្លែងថា៖ «បើសិនជាក្រសួងមានជាទិសដៅបែបហ្នឹងខ្ញុំគាំទ្រ ហើយវាល្អមែនទែនដែលជំរុញការផលិតបន្លែ ការសាងសង់រោងផ្ទះសំណាញ់ ច្រើនទៅតាមសហគមន៍មូលដ្ឋាន។ អ៊ីចឹងវាជាឱកាសច្រើនសម្រាប់កសិករនៅក្នុងសហគមន៍ ដែលគាត់មានការពង្រីកទៅមុខរបរហ្នឹងវាល្អ សម្រាប់ពេលបច្ចុប្បន្ន ហើយនិងពេលអនាគត»។
លោក មករា បានលើកឡើងកាលពីថ្ងៃទី ២២ វិច្ឆិកាថា ដើម្បីឱ្យការងារពង្រីកការដាំដុះបន្លែសុវត្ថិភាពប្រព្រឹត្តទៅបានលឿន រហ័ស គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពោលគឺការងារនេះត្រូវការការចូលរួមពីសំណាក់ប្រជាកសិករ វិស័យឯកជន និងក្រសួងកសិកម្ម។ កសិករក៏ត្រូវចូលរួមចំណែកក្នុងការសាងសង់រោងផ្ទះសំណាញ់ផងដែរ ព្រោះក្រុមហ៊ុនឯកជនមិនមានលទ្ធភាពសាងសង់តែឯងបានច្រើនរាប់ពាន់រោងដោយគ្មានការចូលរួមពីកសិករជាម្ចាស់កន្លែងនោះទេ។
លោកបានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្នការផ្គត់ផ្គង់បន្លែសុវត្ថិភាពនៅមានការខ្វះខាតច្រើន ដោយក្នុង ១ ថ្ងៃផលិតមិនបាន ១ តោនទេ គឺបានតែក្នុងចន្លោះ ៧ ទៅ ៨ រយគីឡូក្រាមប៉ុណ្ណោះ បើផ្តោតតែលើបន្លែសុវត្ថិភាពក្នុងរោងផ្ទះសំណាញ់។ ប៉ុន្តែតម្រូវការប្រើប្រាស់ក្នុង ១ ថ្ងៃអាចក្នុងចំនួនចន្លោះប្រមាណ ៥ តោន ទៅ ១០ តោនឯណោះ។
លោកថ្លែងថា៖ «ក្នុងចន្លោះបរិមាណប៉ុនហ្នឹងយើងទាមទារឱ្យមានការសាងសង់រោងផ្ទះសំណាញ់យ៉ាងតិចណាស់ក៏ចាប់ពី ១ ០០០ រោងឡើងទៅដែរ ទើបយើងអាចទទួលបានទិន្នផលប៉ុនហ្នឹង តែរោងដែលយើងមានរាល់ថ្ងៃមិនទាន់បាន ១០ ភាគរយនៃទិសដៅរោងដែលយើងចង់បានទៅថ្ងៃមុខនេះផង»។
លោក ជួ មករា បានលើកឡើងថា បច្ចុប្បន្នសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជាមាន ១០ សហគមន៍សមាជិកនៅខេត្តចំនួន ២ គឺប៉ៃលិន និងបាត់ដំបង ដែលក្នុងចំណោម ១០ សហគមន៍នេះ សហគមន៍ខ្លះមានដំណើរការដាំដុះជាមួយសហភាព ចំណែកសហគមន៍ខ្លះទៀតនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យមានការពង្រឹងគ្នាទៅវិញទៅមកបន្ថែមទៀត។ លោកប្រាប់ថា ក្រៅពីខេត្ត ២ នេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជាក៏កំពុងជជែកគ្នាពង្រីកទៅខេត្តមួយចំនួនទៀត ដូចជា នៅឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ធំ និងកំពង់ស្ពឺ នៅឆ្នាំ ២០២៣៕
វីដេអូ៖