ភ្នំពេញៈ មហាសន្និបាត​អន្តរសភា​អាស៊ាន​អាយប៉ា​ (AIPA) ​បាន​សម្រេច​អនុម័ត​លើ​របាយការណ៍​របស់​គណៈកម្មាធិការ​ចំនួន​ ៦ ពាក់ព័ន្ធ​សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​ក្នុង​តំបន់ ខណៈ​ប្រទេស​មួយចំនួន​បាន​ក្លាយជា​ដៃគូ​សភា​សង្កេតការណ៍​របស់​អាយប៉ា​។


ការអនុម័ត​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២ នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​អាយប៉ា​លើក​ទី​៤៣ ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​ និង​ជា​ប្រធាន​សភា​បណ្តា​ប្រទេស​សមាជិក​អាយប៉ា​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​។

ពិធី​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ២​ នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​សភា​អាយប៉ា​រួមមាន ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ព្រមទាំង​បណ្តា​ប្រទេស​សង្កេតការណ៍​សមាជិក​សភា​ប្រទេស​ជា​ភ្ញៀវ បណ្តា​អង្គការ​សមាគម និង​ស្ថាប័ន​ស្រាវជ្រាវ​មួយចំនួន​ទៀត​។

ក្នុងសម័យ​ប្រជុំ​នោះ​មាន​ការធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​កិច្ចប្រជុំ​ដោយ​គណៈកម្មាធិការ​ចំនួន​ ៦ រួមមាន គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​អាយប៉ា គណៈកម្មាធិការ​សមាជិកសភា​វ័យក្មេង​អាយប៉ា គណៈកម្មាធិការ​នយោបាយ​អាយប៉ា គណៈកម្មាធិការ​សេដ្ឋកិច្ច​អាយប៉ា គណៈកម្មាធិការ​សង្គមកិច្ច​អាយប៉ា និង​គណៈកម្មាធិការ​រៀបចំ​អាយប៉ា​។


សេចក្តី​ព្រាង​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជំនាញ​អាយប៉ា​ទាំង​ ៦​ គឺ​ត្រូវបាន​គណៈកម្មាធិការ​នីមួយៗ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀងៗ​ខ្លួន​កាលពី​ថ្ងៃទី​ ២១ និង​ថ្ងៃទី​ ២២ ខែ​វិចិ្ឆកា ឆ្នាំ​ ២០២២ កន្លងមក​។


ជាមួយ​គ្នា​នេះដែរ​សម័យ​ប្រជុំ​​ក៏បាន​រៀបចំ​ពិធី​ប្រគល់​ទង់​កិត្តិយស​ជា​សភា​សង្កេតការណ៍​​របស់​អាយប៉ា ជូន​ដល់​សភា​នេប៉ាល់ សភា​អាស៊ែបៃហ្សង់ និង​សភា​សហរដ្ឋអាមេរិក ដែល​បាន​ក្លាយ​ជា​សភា​សង្កេតការណ៍​របស់​អាយប៉ា ចាប់តាំងពី​មហាសន្និបាត​អន្តរសភា​អាស៊ាន​លើក​ទី ​៤៣ នេះ​តទៅ​។

លោក ហេង សំរិន ប្រធាន​អង្គប្រជុំ​បាន​លើកឡើង​ពី​សារៈសំខាន់ និង​តួនាទី​នៃ​ស្ថាប័ន​សភា​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ក្នុង​ការចូលរួម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ សំដៅ​រក្សា​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និង​ការស្តារ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​វិបត្តិ​កូវីដ ​១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ គឺជា​ការបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​សភា​ក្នុង​តំបន់ និង​ដៃគូ​សន្ទនា​ ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ពិភពលោក​»​។

ស្ថិតក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អាយប៉ា​លើក​ទី​៤៣​ ក៏មាន​កិច្ចសន្ទនា​រវាង​សមាជិក​អន្តរសភា​អាយប៉ា និង​ប្រទេស​សង្កេតការណ៍​មួយចំនួន​ទៀត​ពាក់ព័ន្ធ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួមមាន​អាយប៉ា​-​ឥណ្ឋា កូរ៉េខាងត្បូង អាមេរិក កាណាដា និង​បេឡារុស ជាដើម​។

កិច្ចពិភាក្សា​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏សំខាន់​មួយទៀត​ដែល​នឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​បេឡារុស​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ក្នុងការ​រក្សា​និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ក៏ដូចជា​បន្ត​ស្វែងរក​ផ្នែក​នៃ​សហប្រតិបត្តិការ​ថ្មីៗ​ ដើម្បី​ពន្លឿន​ការស្តារ​សេដ្ឋកិច្ចសង្គម​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ជាមួយ​គ្នា​នេះ​អាយប៉ា និង​ឥណ្ឌា​បាន​ជជែក​ពិភាក្សា​គ្នា​បន្ថែម​ស្តីអំពី​កត្តា​សុខុមាលភាព​​ប្រជាជន​ដែលជា​កត្តា​សំខាន់បំផុត ដើម្បី​ឈានទៅ​បង្កើត​ធនធាន​មនុស្ស និង​ការបង្កើត​សុខសន្តិភាព ដំណើរការ​ជួយ​ផ្តល់​ជំនួយ​វ៉ាក់សាំង​របស់​ឥណ្ឌា​នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ាន​ការអប់រំ​ជា​កត្តា​រួបរួមគ្នា​ផងដែរ​។

ដោយឡែក​កាណាដា​បាន​ប្រកាស​ផ្តល់​មូលនិធិ​ចំនួន​ ១​ លាន​ដុល្លារ​ សម្រាប់​ជួយ​ដល់​សកម្មភាព​ដោះមីន និង​គ្រាប់​មិនទាន់​ផ្ទះ​នៅក្នុង​តំបន់​អាស៊ាន​។

ជាមួយ​គ្នា​នេះ​ក៏បានផ្តល់​ថវិកា​ចំនួន​ ៩៩​ ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​កម្មវិធី​ស្ត្រី និង​សន្តិសុខ​ក្នុងពេល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នាពេល​កន្លងទៅនេះ​។

រីឯ​អាយប៉ា និង​ប្រទេស​កូរ៉េខាងត្បូង​បាន​ពិភាក្សា​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បញ្ហា​ប្រែប្រួល​អាកាសធាតុ បញ្ហា​ដែនសមុទ្រ បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​។

ចំណែក​អាយប៉ា និង​ន័រវែស​​បាន​ឯកភាព​លើ​ការជំរុញ​ការលើក​កម្ពស់​ការអភិវឌ្ឍ ការកសាង​ថាមពល​ស្អាត បច្ចេកវិទ្យា​ឌីជីថល កំណើន​ទេសចរ សេដ្ឋកិច្ច ពាណិជ្ជកម្ម សិទ្ធិមនុស្ស ការអភិវឌ្ឍ​សមត្ថភាព ជន​មាន​ពិការភាព ការផ្តល់អំណាច​ដល់​ស្ត្រី​ក្នុង​តួនាទី​សភា ការលើក​កម្ពស់​ប្រជាធិបតេយ្យ និង​ការយកចិត្ត​ទុកដាក់​លើ​បញ្ហា​កុមារ ជាដើម​។

បន្ថែម​ពី​ន​នេះ​ក្នុង​នាម​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន ក៏បាន​ទទួល​ជួប​ប្រធាន​​រដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ម៉ារ៉ុក​ផងដែរ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

លោក ហេង សំរិន បាន​បញ្ជាក់​ថា វត្តមាន​របស់​គណៈប្រតិភូ​សភា​ម៉ារ៉ុក​នៅក្នុង​មហា​សន្និបាត​អាយប៉ា​លើក​ទី ​៤៣ ក្នុង​​នាម​ជា​សភា​សង្កេតការណ៍​បាន​លើកទឹកចិត្ត​ និង​រួមចំណែក​គាំទ្រ​ដល់​សភា​កម្ពុជា​ក្នុង​អាណត្តិ​ជា​ប្រធាន​នៃ​មហាសន្និបាត​ឱ្យ​បំពេញ​កាតព្វកិច្ច​ប្រកប​ដោយ​ជោគជ័យ​។

ក្រៅពី​មហាសន្និបាត​នេះ លោក ហ៊ុន ម៉ានី ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​កម្ពុជា​បាន​ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​គណៈប្រតិភូ​អូស្ត្រាលី​ដឹកនាំ​ដោយ​លោកស្រី Deborah O’Neill ដែលជា​ប្រទេស​ដៃគូ​សង្កេតការណ៍​មហាសន្និបាត​អាយប៉ា​លើ​ប្រធានបទ​​ការវិនិយោគ​ក្នុង​សន្តិភាព ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​​កូវីដ​ ១៩ ​។

ថ្លែង​នៅក្នុង​ឱកាស​នោះ​លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា កិច្ចពិភាក្សា​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏មាន​សារៈសំខាន់​មួយទៀត​ ដែល​នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​អូស្ត្រាលី​កាន់តែ​ស៊ីជម្រៅ​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​-​កម្ពុជា​លោក គិន ភា បាន​ថ្លែងថា តាមរយៈ​កិច្ចប្រជុំ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​លទ្ធផល​ជារួម​អាច​វាយតម្លៃ​ខ្ពស់​ចំពោះ​សេចក្តី​សម្រេច​នៃ​កិច្ចប្រជុំ​អាយប៉ា​​ដែល​បាន​ដាក់ចេញ​នូវ​អនុសាសន៍​ច្រើន ជាពិសេស​ពាក់ព័ន្ធ​វិធាន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន និង​ដៃគូ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច​។ ​ពាក់ព័ន្ធ​ការបញ្ចូល​សមាជិក​ជា​ដៃគូ​សង្កេតការណ៍​ជាមួយ​អាយប៉ា​វិញ លោក​ថ្លែងថា​នេះ​គឺជា​យន្តការ​មួយ​ដ៏ល្អ​ដែល​អាច​ពង្រីក​វេទិកា​អាយប៉ា​កាន់តែ​ទូលំទូលាយ​។

លោក​ថា​៖ «​ការដែល​អាយ​ប៉ា​អនុញ្ញាត​បញ្ចូល​សមាជិក​ពី​ដៃគូ​ខាងក្រៅ​វា គឺជា​រឿង​មួយ​ល្អ​ដែល​យើង​ពង្រីក​វេទិកា​អាយប៉ា​ឱ្យ​កាន់តែ​ទូលំទូលាយ​ជា​ចរន្ត​គាំទ្រ​នូវ​គោលការណ៍​ពហុភាគី​និយម ព្រោះ​នៅពេល​មាន​ដៃគូ​កាន់តែ​ច្រើន យើង​មាន​កម្លាំង​កាន់តែ​ច្រើន ព្រោះ​បញ្ហា​ពិភពលោក​អត់​អាច​ដោះស្រាយ​ដោយ​ប្រទេស​ណាមួយ​ជា​ឯកតោ​ភាគី​នោះទេ​»៕