ភ្នំពេញៈ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស នា​ថ្ងៃទី​ ២៦ វិច្ឆិកា ដើម្បី​ពង្រឹង​សមាជិក​បក្ស ខណៈ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាន់តែ​ខិតជិត​មកដល់​។


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ដែល​នឹង​ធ្វើ​ឡើង​នៅ​វិមាន​ ៧ ​មករា នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ថ្ងៃទី​ ២៦ វិច្ឆិកា​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ប្រាប់​នៅ​ថ្ងៃទី​ ២៣ វិច្ឆិកា​ថា កិច្ចប្រជុំ​នេះ គឺជា​កម្មវិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​រាជធានី​-​ភ្នំពេញ និង​បណ្តា​ក្រសួង​ស្ថាប័ន​។

លោក​ថ្លែងថា​៖ «​ដូច​យើង​ឃើញ​សព្វដង សម្តេចនាយក​រដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ក្នុង​នាម​ប្រធាន​គណបក្ស លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ហូរហែ​នៅ​ទាំង​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​កន្លងទៅ​។ ឥឡូវ​កិច្ចប្រជុំ​នេះ​ក៏​ប្រព្រឹត្ត​ទៅក្នុង​ក្របខ័ណ្ឌ​ដូចគ្នា​»​។


លោក​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​ទៅលើ​ការងារ​ផ្សេងៗ​សភាពការណ៍​នយោបាយ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដែល​លោក​ចាត់ទុក​ថា ជា​រឿង​ធម្មតា​ទេ ព្រោះ​គណបក្ស​តែង​បែងចែក​ភារកិច្ច តួនាទី និង​ចំណេះដឹង​ទៅ​ដល់​សមាជិក​សមាជិកា​របស់​ខ្លួន ដើម្បី​ឱ្យ​យល់ដឹង​ជ្រួតជ្រាប ព្រមទាំង​ណែនាំ​នូវ​ចំណុច​មួយ​ចំនួន ដែល​ត្រូវអនុវត្ត​នាពេល​ខាងមុខ​។


ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​ ២៣ កក្កដា ឆ្នាំ​ ២០២៣ លោក​ សុខ ឥសាន លើកឡើង​ថា​៖ «​របៀបវារៈ​កិច្ចប្រជុំ​នោះ ចៀស​មិន រួច​ទេ​រឿង​ [​បោះឆ្នោត​]​។ គ្រប់​គណបក្ស​ទាំងអស់​ឆ្ពោះ​ទៅ​ការបោះឆ្នោត ម្នាក់ៗ​រឹតខ្សែ​ក្រវាត់​រៀងខ្លួន មិន​ថា គណបក្ស​ណា​នោះទេ​»​។

លោក​បន្ថែមថា ថ្នាក់ដឹកនាំ​គណបក្ស និង​សមាជិក ដែល​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ប្រមាណ​រាប់ពាន់​នាក់ មកពី​បណ្តា​ស្ថាប័ន គ្រប់​ក្រសួង​ទាំងអស់ និង​មន្ត្រី​រាជការ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ខណ្ឌ​នីមួយៗ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​-​ភ្នំពេញ​ក៏បាន​ជូនដំណឹង​ស្តីពី​ការបញ្ចៀស​ចរាចរណ៍​របស់​យានយន្ត គ្រប់​ប្រភេទ ជា​បណ្ដោះអាសន្ន ពេល​ប្រារព្ធ​ពិធី​ជួបជុំ​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​រហូតដល់​បញ្ចប់​កម្មវិធី​។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ២៣ វិច្ឆិកា ឱ្យដឹងថា ដើម្បីឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​រក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​-​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​មហាវិថី​ព្រះនរោត្តម​ចាប់ពី​ស្តុប​ជលផល​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ពី​ម៉ោង ​៥ ​ល្ងាច រហូតដល់​បញ្ចប់​កម្មវិធី​៕