សៀមរាបៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ដែល​មាន​មហាអំណាច​ទាំង​ ២ ចិន និង​អាមេរិក​ផង​នោះ ជជែក​គ្នា​ដោយ​បើកចំហ និង​ស្មោះត្រង់ ដើម្បី​ឆ្ពោះ​ទៅរក​ការបំបាត់​ភាពតានតឹង និង​ការបង្ការ​ជម្លោះ​នាពេល​អនាគត ខណៈ​មាន​ការកើនឡើង​នៃ​ភាពស្មុគស្មាញ​នៃ​សន្តិសុខ​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។


លោក​ជំរុញ​រដ្ឋមន្ត្រី​ទាំងនេះ ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ និង​ការពារជាតិ​ដែល​ផ្អែកលើ​ការជឿ​ទុកចិត្ត និង​ប្រជាជន​ជា​ស្នូល ខណៈ​អាស៊ាន​បាន​កំណត់​យក​សន្តិសុខ និង​សុខុមាលភាព​របស់​ប្រជាជន​ជា​មូលដ្ឋាន ក្នុង​គោលនយោបាយ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់ខ្លួន​។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៩ នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​ ២៣ ខែវិច្ឆិកា លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ដើម្បី​សម្រេច​បាន​នូវ​សន្តិសុខ​ប្រកប​ដោយ​ភាពសុខដុម​នៅក្នុង​តំបន់ យើង​ត្រូវ​លើកកម្ពស់​សន្តិសុខ​ប្រកប​ដោយ​កិច្ចសហប្រតិបត្តិការ​។ ដោយសារ​មាន​ការកើនឡើង​នៃ​ភាពស្មុគស្មាញ និង​លក្ខណៈ​ច្រើន​ទម្រង់​របស់​សន្តិសុខ និង​ការគំរាម​កំហែង​ឆ្លងដែន យើង​ត្រូវតែ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ឧបសគ្គ​ទាំងនេះ​»​។

លោក​បន្តថា ជំងឺ​រាតត្បាត​កូវីដ ​១៩ គឺជា​សញ្ញា​ដាស់តឿន​ឱ្យ​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ដល់​សន្តិសុខ​ផ្នែក​សុខភាព​។ សន្តិសុខ​អាកាសធាតុ គឺជា​បញ្ហា​សំខាន់​ ១​ ទៀត ដែល​ចាំបាច់​ត្រូវ​ប្រមូលផ្តុំ​កិច្ចខិតខំ​ប្រឹងប្រែង និង​ធនធាន​បន្ថែម​ទៀត​។ កិច្ចសហប្រតិបត្តិការ​រវាង​ស៊ីវិល និង​យោធា​លើ​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ គឺ​កាន់តែ​មាន​សារៈសំខាន់​។


ខណៈ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe និង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក Lloyd Austin លោក​ ហ៊ុន សែន ក៏បាន​ជំរុញ​ដល់​ប្រមុខ​ការពារជាតិ​អាស៊ាន​បូក​ទាំងនោះ រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​សន្តិសុខ​ជា​ប្រពៃណី និង​មិនមែន​ជា​ប្រពៃណី​។


លោក​ថ្លែងថា​៖ «​ទំនាក់ទំនង និង​កិច្ចពិភាក្សា​គ្នា​ដោយ​បើកចំហ​ស្មោះត្រង់ និង​ប្រកប​ដោយ​បរិយាប័ន្ន គឺជា​មាគ៌ា​ឆ្ពោះ​ទៅរក​ការបំបាត់​ភាពតានតឹង ការបង្ការ​ជម្លោះ​នាពេល​អនាគត និង​ការកសាង​សន្តិសុខ​ប្រកប​ដោយ​ភាពសុខដុម ដោយ​ផ្អែកលើ​ការគោរព​គ្នា ការយោគយល់​គ្នា ការជឿ​ទុកចិត្ត​គ្នា និង​ការគោរព​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​»​។

អ្នកចូលរួម​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​លើក​ទី​ ៩ ម្សិលមិញ​។ រូប SPM

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​លើកឡើង​ថា ភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរ​ឆាប់រហ័ស ភាពស្មុគស្មាញ និង​ភាពមិនប្រក្រតី​នៃ​សន្តិសុខ​សកល និង​បរិស្ថាន​សេដ្ឋកិច្ច​កំពុង​មាន​ការកើនឡើង​។ ការប្រកួតប្រជែង​យ៉ាង​ស្រួចស្រាល់ និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ការបន្ត​ដោះស្រាយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ វិបត្តិ​ស្បៀងអាហារ និង​ថាមពល ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​សង្គ្រាម​បាន​បង្កើត​ឱ្យ​មាន​នូវ​ស្ថានភាព​ដ៏អាក្រក់ ​១ ​។

លោក​លើកឡើង​ថា បញ្ហា​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ក៏​កាន់តែ​បង្ហាញ​ច្បាស់​ទាំង​ទំហំ និង​ភាពញឹកញាប់​។ ពិភពលោក​កំពុងស្ថិត​ក្នុង​របត់​ដ៏​សំខាន់​ ១ ស្របពេល​វិបត្តិ​ដ៏ស្មុគស្មាញ​ជាច្រើន បាននិង​កំពុង​បង្ក​ការ​គំរាម​យ៉ាងខ្លាំង​ដល់​គ្រឹះ​នៃ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​របស់​ប្រជាជាតិ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​។ ការធ្លាក់ចុះ​នៃ​យន្តការ​ពហុភាគី​និយម​ក៏​ធ្វើឱ្យ​ទាំងអស់​គ្នា​ទទួលរង​នូវ​ផលវិបាក​។

លោក​ ហ៊ុន សែន ចាត់ទុក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​នេះ​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង ក្នុង​ការលើកកម្ពស់​ការយល់​ពីគ្នា​ទៅវិញ​ទៅមក តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនៈ​ដោយ​បើកចំហ ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញ​ទៅមក កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ការអនុវត្ត និង​ការកសាង​សមត្ថភាព​ដើម្បី​សន្តិភាព និង​វិបុលភាព​។

លោក​ក៏បាន​លើក​ពី​ជំហរ​របស់​កម្ពុជា​ដែល​គាំទ្រ​យ៉ាង​មុតមាំ​ជានិច្ច​ចំពោះ​យន្តការ​ពហុភាគី​និយម ប្រកប​ដោយ​បរិយាប័ន្ន និង​បើកចំហ​ក៏ដូចជា​ចំពោះ​ការពង្រឹង​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន ឬ​សណ្តាប់ធ្នាប់​តំបន់ ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ការប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ជាពិសេស​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។

កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា លោក Austin និង​លោក Wei បាន​ជួប​ទល់មុខ​គ្នា​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​អាស៊ាន​បូក​នេះ​នៅ​ខេត្ត​សៀមរាប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ការពារជាតិ​រវាង​សហរដ្ឋអាមេរិក និង​ចិន ព្រមទាំង​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ និង​ពិភពលោក ខណៈនោះ​លោក Austin បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការគ្រប់គ្រង​ការប្រកួត​ប្រជែង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​រក្សា​ទំនាក់​ទំនង​បើកចំហ​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺជា​ការបង្ហាញ​ក្តីកង្វល់​របស់​កម្ពុជា​ចំពោះ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ទាំង​ ២ គឺ​ចិន និង​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​។

លោក​ថ្លែងថា ការបង្កើត​អនុកតិកាសញ្ញា​សន្តិសុខ​នានា ដូចជា​កិច្ចសន្ទនា​សន្តិសុខ​ចតុភាគី ​(QUAD) និង​កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ (AUKUS) បានធ្វើឱ្យ​អាស៊ាន​ទាំងមូល​មាន​ការព្រួយបារម្ភ​អំពី​ការ​ងើបឡើង​នៃ​ការប្រកួត​ប្រជែង​សព្វាវុធ​ក្នុង​តំបន់ និង​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ កម្ពុជា​សាទរ​ចំពោះ​ជំនួប​ពិភាក្សា រវាង​រដ្ឋមន្ត្រី​ការពារជាតិ មហាអំណាច​ទាំង​ ២ ដែល​បានបង្ហាញ​អំពី​ការយកចិត្ត​ទុកដាក់​ដល់​សន្តិសុខ​ពិភពលោក សម្របសម្រួល​ការប្រឈមមុខ​ដាក់​គ្នា មក​ជា​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម និង​តំបន់​។

លោក​ថ្លែងថា​៖ «​កិច្ចពិភាក្សា​ទល់មុខ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ទាំង​ ២ នឹង​បង្ក​ភាព​ងាយស្រួល​បន្ថែមទៀត​ដល់​ប្រទេស​ទាំង ​២ ​ក្នុង​ការកសាង​ទំនុកចិត្ត​។ ការចរចា និង​ពិភាក្សា​ប្រកប​ដោយ​ស្ថាបនា និង​ចីរភាព​នឹង​លើកកម្ពស់​ដល់​វិបុលភាព និង​ស្ថិរភាព​ក្នុង​តំបន់ ដែល​មាន​សហរដ្ឋអាមេរិក និង​ចិន​ជា​ស្នូល​»​។

លោក​បន្តថា​៖ «​ទាំង​កម្ពុជា និង​សមាជិក​អាស៊ាន​ដទៃទៀត ចង់ឃើញ​មហាអំណាច​ទាំង​ ២ ធ្វើការ​រួមគ្នា ដោយ​ក្នុង​កិច្ចអភិវឌ្ឍន៍ និង​ថែរក្សា​សន្តិសុខ​តំបន់​ជា​ជាង​ការបញ្ចេញ​សាច់ដុំ​យោធា​ដាក់គ្នា​ទៅវិញ​ទៅមក​»៕

វីដេអូ​៖