ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បានចាត់ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ជុំវិញ​ការ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា ប្រើ​លេស​វិធានការ​កូវីដ​១៩ ដើម្បី​រំលោភសិទ្ធិ​ការងារ និង​បង្ក្រាប​សកម្មភាព​សហជីព​នោះ​ថា ជា​របាយការណ៍​ប្រាសចាក​ការពិត និង​គ្មាន​វិជ្ជាជីវៈ​។


មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​សុទ្ធតែ​ប្រកាស​ច្រានចោល​របាយការណ៍​ថ្មី​កម្រាស់ ៩៧ ​ទំព័រ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​បានចេញ​ផ្សាយ​ក្រោម​ចំណងជើង​ថា “​មានតែ​សហជីព​ "​មីកញ្ចប់​" ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​ទេ ដែល​អាច​បន្ត​រស់រាន​បាន​”​។ របាយការណ៍​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​លេស​វិធានការ​សុខាភិបាល​កូវីដ​១៩ ដើម្បី​រំលោភសិទ្ធិ​ការងារ និង​បង្ក្រាប​សហជីព​។

លោក​ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ជា​របាយការណ៍​ប្រាសចាក​ការពិត និង​គ្មាន​វិជ្ជាជីវៈ​។

លោក​បញ្ជាក់ថា​៖ «​ការលើកឡើង​នៅក្នុង​របាយការណ៍​របស់ HRW គឺ​ប្រាសចាក​ពី​ការពិត​ជាក់ស្តែង ហើយ​សាធារណជន​ក៏​មិនដែល​យកចិត្ត​ទុក​ដាក់​លើ​របាយការណ៍​របស់​អង្គការ​នេះនោះ​ដែរ ពីព្រោះ​អង្គការ​នេះ​តែងតែ​ធ្វើ​របាយការណ៍​ដោយ​គ្មាន​វិជ្ជាជីវៈ និង​មិនដែល​បាន​ពិនិត្យមើល​លទ្ធផល​រួម ឬ​ប្រយោជន៍​រួម​របស់​យើង​នោះទេ​»​។


លោក​អះអាងថា នៅ​អំឡុងពេល​រាតត្បាត​ជំងឺ​ជាសកល​កូវីដ​ ១៩ តាំងពី​ឆ្នាំ​ ២០២០ មក រដ្ឋាភិបាល​កម្ពុជា​តែងតែ​ខិតខំ​គិតគូរ​ពី​សុខភាព អាយុជីវិត​ការងារ​និង​ផលប្រយោជន៍​របស់​កម្មករ​និយោ​ជិត ព្រមទាំង​ផ្តល់​កិច្ច​អន្តរាគមន៍​គាំពារ​និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ដែល​រង​ផលប៉ះពាល់​ផង និង​ជា​ពិសេស​គឺ​បាន​រក្សា​ការងារ​ដល់កម្មករ​ និង​សកម្មភាព​សហជីព​ក្នុងការ​ទ្រទ្រង់​ជីវភាព ដែល​ផ្ទុយស្រឡះ​ពី​ការលើក​ឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​។


ចំណែក​លោក​ ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា បញ្ជាក់ថា របាយការណ៍​របស់ Human Rights Watch នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ដែលមាន​ជាក់​ស្តែង​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ភាពចាំបាច់​ផ្នែក​វិធានការ​សុខាភិបាល​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ របាយការណ៍​នេះ​មាន​ភាពផ្ទុយ​ស្រឡះ​ពី​ការមើលឃើញ​របស់​មតិ​សាធារណជន​កម្ពុជា​ភាគច្រើន និង​មតិ​របស់​សហគមន៍ជាតិ​និង​អន្តរជាតិ​ដែល​បាន​សាទរ​ចំពោះ​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ដ៏​ជោគជ័យ​។

ទោះយ៉ាងណា​ក្ដី​លោក Phil Robertson នាយករង​អង្គការ Human Rights Watch ទទួលបន្ទុក​តំបន់​អាស៊ី លើកឡើងថា មន្ត្រី​រដ្ឋាភិបាល​កំពុង​ដេក​លក់​នៅ​ពេល​ដែល​ប៉ូលិស​ចាប់​មេសហជីព​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក្រោម​បទ​ចោទ​ល្មើស​បម្រាម​កូវីដ ​១៩​។

របាយការណ៍ Human Rights Watch បានមកពី​ការសម្ភាស​មេដឹកនាំ​សហជីព​ឯករាជ្យ​ចំនួន​ ៣២ ​នាក់ និង​សមាជិក​សកម្មជន​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រមទាំង​ពី​ការចែករំលែក​ព័ត៌​មាន​ពី​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា បាន​បញ្ជាក់ថា ចាប់តាំងពី​ការផ្តើម​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ពី​ដើមឆ្នាំ​ ២០២០ ​មក រដ្ឋាភិបាល​បាន​បង្កើន​ការបង្ក្រាប​ទៅលើ​ក្រុម​សហជីព​ឯករាជ្យ ក្រោមលេស​វិធានការ​សុខភាព​សាធារណៈ​និង​បញ្ហា​ផ្សេងៗ​ទៀត​។

និយោជក​ជាច្រើន​បាន​ប្រើប្រាស់​នូវ​វិធានការ​ទាំងនេះ​ក្នុងការ​កាត់បន្ថយ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ ក្រោម​ហេតុផល​លែងមាន​ការងារ​ធ្វើ ហើយ​ដែលនាំឱ្យ​មានការ​បង្ក្រាប​ទៅលើ​សហជីព​ឯករាជ្យ​។ បន្ថែម​ពីនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បានផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើ​វិសោធនកម្ម ឬ​លុបចោល​មាត្រា​ច្បាប់​ទាំងឡាយណា​ដែលមាន​ចេតនា​រឹតត្បិត​សិទ្ធិសេរីភាព​លើ​ការបង្កើត​សមាគម និង​រំលោភ​សិទ្ធិសេរីភាព​បញ្ចេញមតិ ដូចជា «​បទ​ញុះញង់​» «​បទ​បរិហារកេរ្តិ៍​» «​បទ​បរិហារ​ជា​សាធារណៈ​» ឬ «​បទ​បរិហារកេរ្តិ៍​មន្ត្រី​សាធារណៈ​» ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ យល់ស្រប​ចំពោះ​ការ​ខ្លឹមសារ​របស់​របាយការណ៍​នៃ​អង្គការ Human Rights Watch នេះ ដែល​លោក​ថា អង្គការ​នេះ​បានធ្វើការ​អង្កេត​ និង​ស្រាវ​ជ្រាវ​ដ៏​ស៊ីជម្រៅ និង​ជាការ​សង្កេត​ជាក់​ស្តែង​ពី​សំណាក់​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា​ក៏បាន​មើលឃើញ​ដូចគ្នានេះ​​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​នៅក្នុង​ហ្នឹង​មានការ​ចាប់ខ្លួន​ក្រោម​លេស​ថា បំពាន​វិធានការ​កូវីដ​ ១៩ មានការ​ចាប់​ខ្លួន​ទៅ​ឃុំ​ទុក​នៅ​មណ្ឌល​ចត្តាឡីស័ក​ជាដើម​អំឡុងពេល​កម្មករ​ធ្វើ​កូដ​កម្ម នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​ក្នុង​បរិបទ​កូវីដ​១៩ ហ្នឹង​»​។

លោក​សឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​របាយការណ៍​នេះ ដើម្បី​ទាញយក​ចំណុច​ខ្វះខាត​មក​កែលម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស ដើម្បី​បង្ការ​ទុក​មុន​នូវ​ការអនុវត្ត​ច្បាប់ ក្នុងករណី​មានការ​រាតត្បាត​ជំងឺ​ស្រដៀងគ្នា​នេះ​នៅ​ថ្ងៃ​ខាងមុខ​។

លោក​ថា​៖ «​បើ​មាន​ចំណុច​ណាមួយ​ដែល​លើកឡើង មិនមាន​ភាពច្បាស់លាស់​ក៏​យើង​អាច​សួរ​បន្ថែម ឬ​មិន​ត្រឹមត្រូវ ក៏​យើង​អាចឆ្លើយតប​ដោយ​វិជ្ជាជីវៈ​ណាមួយ​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា ចៀសវាង​យើង​ច្រាន​ចោល​នូវ​របាយការណ៍​ទាំងមូល ដែលជា​រឿង​មិនល្អ​ឡើយ ខណៈ​អង្គការ​អន្តរជាតិ​នីមួយៗ មុននឹង​បញ្ចេញ​របាយ​ការណ៍ គេ​មានការ​សិក្សា​ស្រាវជ្រាវ មាន​អ្នកជំនាញ​ច្បាស់លាស់ ដោយ​ផ្ទៀង​ផ្ទាត់​ទៅនឹង​ទិន្នន័យ និង​ច្បាប់​ជាតិ អន្តរជាតិ ជាពិសេស​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​»​។

ប៉ុន្តែ លោក​ ជិន ម៉ាលីន បាន​គូស​បញ្ជាក់ថា​៖ «​របាយការណ៍​របស់ Human Rights Watch នេះ គេ​ដឹង​គ្រប់គ្នា​ហើយ ជា​របាយការណ៍​មួយ​ធ្វើឡើង​ដោយ​គំនុំគុំកួន ការ​ស្អប់ខ្ពើម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។ ការវាយតម្លៃ ការ​សន្និដ្ឋាន​របស់គាត់​ [Human Rights Watch] គឺ​មិន​ផ្អែកលើ​ស្ថានភាព​ជាក់​ស្តែង ទិដ្ឋភាព​សិទ្ធិមនុស្ស និង​ច្បាប់​របស់​កម្ពុជា​ឡើយ គឺ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការសង​សឹក​តាម​ការគាំទ្រ​លើ​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​ជាដើម​»៕