ភ្នំពេញៈ ​ការប្រមើលមើល​ឡើងវិញ​លើ​វិស័យ​ដឹកជញ្ជូន​នាពេល​អនាគត​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​លើក​ជា​ប្រធានបទ​ សម្រាប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ថ្នាក់​តំបន់​លើក​ទី​ ១​ នៅក្នុង​តំបន់​អាស៊ី​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ ដែល​រៀបចំឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ខណៈ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​អះអាងថា ការគិតគូរ​ទុកជាមុន អាច​ជួយ​រៀបចំ​ឱ្យ​សង្គម​កម្ពុជា​មាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នាពេល​អនាគត​។


កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ថ្នាក់​តំបន់​លើក​ទី​ ១​ ក្នុង​តំបន់​អាស៊ី​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​។

កម្មវិធី​នេះ​មាន​ការចូលរួម​ពី​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ (OECD) ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​របស់​អង្គការ​សហប្រជាជាតិ​ (UN-ESCAP) មូលនិធិ​សុវត្ថិភាព​ផ្លូវថ្នល់​របស់​អង្គការ​សហប្រជាជាតិ​ (UN Road Safety Fund) ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ធនាគារ​​ពិភពលោក សហគមន៍​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ GIZ លេខាធិការដ្ឋាន​សមាគម​អាស៊ាន ​និង​ប្រទេស​ជា​សមាជិក​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​ (ITF)​ នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ធ្វើ​​ឡើង​ដើម្បី​កំណត់​នូវ​ឱកាស និង​សកម្មភាព​ជាក់ស្តែង​នៅ​តំបន់​អាស៊ី​ដែល​នឹង​នាំ​ដល់​ការដឹកជញ្ជូន​ប្រកប​ដោយ​​និរន្តរភាព ភាពធន់ និង​បរិយាប័ន្ន​។ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការចែករំលែក​គោលនយោបាយ​អាទិភាព ចំណេះដឹង ការអនុវត្ត​ល្អៗ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ពន្លឿន​ការផ្លាស់ប្តូរ​ក្នុង​បរិបទ​នៃ​ការរាតត្បាត​កូវីដ​ ១៩ ពិសេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ពាក់ព័ន្ធ​ខ្ពស់​សម្រាប់​តំបន់ រួមមាន ដូចជា ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន ការដឹកជញ្ជូន​ប្រកបដោយ​បរិយាប័ន្ន សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​ (​ការដឹកជញ្ជូន​ដែល​បំភាយ​ឧស្ម័ន​កាបូន​ទាប​) និង​ការធ្វើ​ទំនើបកម្ម​ឌីជីថល​លើ​វិស័យ​ដឹកជញ្ជូន​។


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់ថា​៖ «​ក្នុងឱកាស​នោះ លោក ស៊ុន ចាន់ថុល ត្រូវ​បាន​ផ្តល់​កិត្តិយស​ក្នុងការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ថ្នាក់​តំបន់​លើក​ទី​ ១ និង​ចូលរួម​ជា​វាគ្មិន​កិត្តិយស​នៅក្នុង​កិច្ចប្រជុំ​ធំៗ​ចំនួន​ ២ ​រួមមាន​ (១)​ កិច្ចប្រជុំ​ក្រោម​ប្រធានបទ ​“​ការប្រមើលមើល​ឡើងវិញ​លើ​វិស័យ​ដឹកជញ្ជូន​នាពេល​អនាគត​នៅ​តំបន់​អាស៊ី​” ​និង​ (២) ​កិច្ចប្រជុំ​តុមូល​សម្រាប់​រដ្ឋមន្ត្រី​ស្តីពី​ការរៀបចំ​គោលនយោបាយ​ដឹកជញ្ជូន​ប្រកប​ដោយ​ចីរភាព ភាពធន់ និង​បរិយាប័ន្ន​នៅ​តំបន់​អាស៊ី​»​។


លោក​ ស៊ុន ចាន់ថុល បាន​ថ្លែងថា ការគិតគូរ​ទុកជាមុន​អាច​ជួយ​រៀបចំ​សង្គម​យើង​ឱ្យមាន​លទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​នឹង​កើតមានឡើង​នាពេល​អនាគត​បាន​។ លោក​ចាត់ទុក​ថា លទ្ធផល​នៃ​ការពិភាក្សា​គ្នា​នេះ​នឹង​ត្រូវបាន​យកទៅ​អនុវត្ត​ ដើម្បី​បន្តទៅ​កាន់​កិច្ចប្រជុំ​កំពូល​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ (ITF) ​នា​ឆ្នាំ​ ២០២៣ ដែលជា​សម័យប្រជុំ​លើក​ទី​ ៧ ​របស់​ (UN-ESCAP)​។

លោក​បញ្ជាក់ថា​៖ «​វិស័យ​ដឹកជញ្ជូន​ និង​ភ័ស្តុភារកម្ម​ដែលមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​គឺ​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត​ សម្រាប់​ការអភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​នៅ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក​ក្នុង​​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា​គឺជា​កត្តា​ជំរុញ​ដ៏សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ និង​ជា​កត្តា​ជំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​វិជ្ជមាន ក៏ដូចជា​រឹតបន្តឹង​បរិយាប័ន្ន​សង្គម​ផងដែរ​»​។

លោក​បាន​បន្តថា វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០២១ បាន​ព្យាករ​ថា តម្រូវការ​ដឹកជញ្ជូន​សម្រាប់​អ្នកដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​នឹង​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ទសវត្សរ៍​ខាងមុខ ជាពិសេស​នៅ​អាស៊ី​ដែល​​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការតភ្ជាប់​ដែលមាន​ភាពប្រសើរឡើង​ហើយ​តម្រូវការ​ដឹកជញ្ជូន​អ្នកដំណើរ​ទូទាំង​ពិភពលោក ត្រូវបាន​ព្យាករ​ថា​​នឹង​កើនឡើង​ ៣ ​ដង​នៅ​ឆ្នាំ​ ២០៥០ ​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​មាន​កត្តា​ជាច្រើន​នៅ​ពីក្រោយ​និន្នាការ​វិជ្ជមាន​ទាំងនេះ​ដែល​រួមចំណែក​ដល់​តម្រូវការ​ដឹកជញ្ជូន​នាពេល​អនាគត​នៅ​តំបន់​អាស៊ី​ហើយ​ឯកឧត្តម​ក៏បាន​លើកឡើង​ពី​និន្នាការ​ទាំង​ ១០ ​ដែល​គូសបញ្ជាក់​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​ស្តីពី​ "​ការប្រមើល​មើល​អនាគត​នៃ​ការដឹកជញ្ជូន​នៅ​ទូទាំង​អាស៊ី​ និង​ប៉ាស៊ីហ្វិក​"​ សម្រាប់​ការយកមក​ពិចារណា​ផងដែរ​»​។

បន្ថែម​ពីនេះ ក្នុងនាម​ជា​ប្រទេស​សមាជិក​ម្នាក់​លោក ស៊ុន ចាន់ថុល បានស្នើ​ទៅកាន់​សមាជិក សមាជិកា​នៃ​​អង្គប្រជុំ​ទាំងមូល ចូលរួម​គិតគូរ​ឱ្យ​អស់ពី​លទ្ធភាព និង​សមត្ថភាព ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទៅ​​រួច សម្រាប់​វិស័យ​ដឹកជញ្ជូន​នាពេល​អនាគត​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​កម្ពុជា​ផងដែរ​។

វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​ (ITF) ​មាន​ប្រទេស​សមាជិក​ចំនួន ​៨ ​នៅ​អាស៊ី ខណៈ​វេទិកា​នេះ​បន្ត​ស្វែងរក​ការពង្រីក​វិសាលភាព​ការងារ និង​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​បន្ថែមទៀត​៕