ពោធិ៍សាត់ៈ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយនឹង​កម្មវិធី​បណ្តុះ​បណ្តាល​បដិសណ្ឋារកិច្ច​ក​ម្ពុ​ជា (HoKa) និង​គាំទ្រ​ដោយ​អង្គការ​ស្វ៊ី​ស​ខន់​ថាក់ បានប្រកាស​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (Skills Development Programme) ក្នុង​ខេត្តពោធិ៍សាត់ សម្រាប់​ឆ្នាំ​ ២០២១-២០២៤ ដោយមាន​សមាសភាព​ចូលរួម​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នកជំនាញ​ទេសចរណ៍​សរុប​ប្រមាណ ៧០​រូប​។​


នៅក្នុង​ពិធី​បើក​ដំណើរការ​កាលពី​ថ្ងៃទី ​២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​សាលប្រជុំ​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ថ្លែងថា កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​កម្ពុជា (HoKa) នេះ​ផ្តល់នូវ​ច្រក​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន យុវនារី និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត ដើម្បី​ទទួលបាន​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​សមរម្យ ក៏ដូចជា​ចូលរួម​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍ ដើម្បី​មាន​មូលដ្ឋាន​ធនធាន​គ្រូ​បង្គោល​សម្រាប់​និរន្ត​ភាព​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​ក្នុង​ខេត្តពោធិ៍សាត់​ផងដែរ​។

លោក ជួប រតនា បាន​ថ្លែងថា​៖ «​ការដាក់បញ្ចូល​ខេត្តពោធិ៍សាត់​ទៅក្នុង​គោលដៅ​គម្រោង​សម្រាប់​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យបាន​កាន់​ល្អប្រសើរ​តាមរយៈ​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​បុគ្គលិក​»​។

​លោក​បាន​បន្តទៀតថា ខណៈ​ខេត្តពោធិ៍សាត់ ​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរ តាមរយៈ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ជាពិសេស​នៅ​ជុំវិញ​ខេត្ត តំបន់​វាលវែង និង​តំបន់​ថ្មដា​ជាដើម​។​


លោក Christain Volker Ide ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​នៃ​អង្គការ ស្វ៊ី​ស​ខន​ថាក់ ថ្លែងថា កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច ហូ​កា នៅក្នុង​ខេត្តពោធិ៍សាត់​នេះ ជា​គោលដៅ​ថ្មី​របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដែល​អង្គការ ស្វ៊ី​ស​ខន់​ថាក់ កំពុង​យកចិត្តទុកដាក់ ក្នុងនោះ​រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដែល​កន្លងមក​គម្រោង​បាន​គាំទ្រ​តែ​ខេត្ត​ចំនួន​៥​ប៉ុណ្ណោះ​នៅ​ភូមិភាគ​ឦសាន​រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី​។​


លោកថ្លែងថា​៖ «​អង្គការ​ស្វ៊ី​ស​ខន់​ថាក់ នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​កៀរគរ​ប្រភពធនធាន​និង​បច្ចេកទេស សំដៅ​គាំទ្រ​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា នេះ​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ជាពិសេស​ការពង្រីក​វិសាលភាព​ទៅកាន់​ខេត្ត​ផ្សេងៗ​ទូទាំងប្រទេស​»​។​

កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​កម្ពុជា (HoKa) ជា​សមាសធាតុ​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) អនុវត្ត​គម្រោង​ដោយ​អង្គការ ស្វ៊ី​ស​ខន់​ថាក់ ដោយ​គាំទ្រ​ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ដល់​យុវជន យុវនារី អ្នកជំនាញ​កម្រិត​ទាប ម្ចាស់​អាជីវកម្ម និង​សហគមន៍​ទេសចរណ៍ នៅ​ខេត្ត​ចំនួន​៥​នៅ​ភូមិភាគ​ឦសាន និង​បាន​ពង្រីក​វិសាលភាព​ការបណ្តុះបណ្តាល​ដល់​ខេត្ត​ចំនួន​៥​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។

គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា បានធ្វើការ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​សរុប​ចំនួន ១ ១២៣​ នាក់ (​ស្រី​ ៧៤៥​ នាក់​) លើ​ជំនាញ​គេហកិច្ច ការិយាល័យ​ជួរមុខ សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ ចុងភៅ និង​ជំនាញ​ឆុង​កាហ្វេ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ ស្វ៊ី​ស​ខន់​ថាក់ មន្ទីរ​ទេសចរណ៍​ខេត្ត​គោលដៅ​គម្រោង និង​បាន​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ចម្បងៗ ដូចជា មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ UNIDO ជាដើម​៕