
លោក ខៀវ កាញារីទ្ធ នៅក្នុងសិក្ខាសាលាប្រកាសការប្រកួតស្នាដៃនិស្សិតផ្នែកស្ថាបត្យកម្មកាលពីថ្ងៃទី ២៣ វិច្ឆិកា។ ហេង ជីវ័ន
ភ្នំពេញៈ សិក្ខាសាលាស្តីពីការប្រកាសការប្រកួតប្រជែងជាផ្លូវការពី «ការរចនាម៉ូដផ្ទះគំរូលក្ខណៈខ្មែរក្នុងភូមិធម្មជាតិរុនតាឯក» ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាការសហការរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុនអេជិន ២១ គ្លូប៊ល(AGENT21 GLOBAL) បានប្រារព្ធធ្វើកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បើតាមសេចក្តីជូនដំណឹងដល់និស្សិតជាព័ត៌មានចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈស្តីពីការប្រកួតប្រជែងជាផ្លូវការពីការរចនាម៉ូដផ្ទះគំរូលក្ខណៈខ្មែរក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះបានឱ្យដឹងថា ការប្រកួតប្រជែងនេះបើកទូលាយសម្រាប់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំ៥ ដែលកំពុងតែសិក្សាជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា។
សេចក្តីជូនដំណឹងបញ្ជាក់ថា «សូមជូនដំណឹងដល់និស្សិតឆ្នាំទី៣ ទី៤ និងទី៥ ទាំងអស់នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាឱ្យបានជ្រាបថា ក្រុមហ៊ុនអេជេន ២១ គ្លូប៊ល សហការជាមួយមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំគម្រោងការប្រកួតប្រជែង«ការរចនាម៉ូដផ្ទះគំរូលក្ខណៈខ្មែរក្នុងភូមិធម្មជាតិរុនតាឯក» នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការបង្កើតម៉ូដផ្ទះគំរូនេះ មាន៣ប្រភេទដោយប្រភេទទី១ ផ្ទះសង់ក្នុងតម្លៃ ១៨ ០០០ ដុល្លារ, ប្រភេទទី២ ផ្ទះសង់ក្នុងតម្លៃ ២៥ ០០០ ដុល្លារ ប្រភេទទី៣ ផ្ទះសង់ក្នុងតម្លៃ ៣០ ០០០ ដុល្លារ ខណៈប្រភេទនីមួយៗសង់ក្នុងទំហំដី ២០ ម៉ែត្រ X ៣០ ម៉ែត្រ។ សម្រាប់រង្វាន់ជយលាភីដែលទទួលបាន គឺជាទឹកប្រាក់ ២ ០០០ ដុល្លារ»។
លោក ផល ពិសិដ្ឋ អ្នកសម្របសម្រួលកម្មវិធីប្រកួត និងជាមន្ត្រីការងារនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹងកាលពីថ្ងៃបើកសិក្ខាសាលាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា គម្រោងនៃការប្រកួតប្រជៃងនេះ និស្សិតអាចមានសិទ្ធិ ឬការជ្រើសរើសធ្វើកិច្ចការតែម្នាក់ឯង ឬអាចជាក្រុមដែលមានគ្នាចំនួន ២ នាក់ ឬ ៣ នាក់។
លោក ផល ពិសិដ្ឋ ប្រាប់ថា៖ «យើងទទួលបានចំនួននិស្សិតដែលបានចូលរួមចំនួនសរុប ១៣២ នាក់ ដោយយើងបានបែងចែកចំនួន ៥៣ ក្រុម ហើយដំណាក់កាលទី១ យើងនឹងសម្រិតសម្រាំងយកត្រឹម ២៣ ក្រុម ក្នុងចំណោម ៥៣ ក្រុមនោះ។ សម្រាប់ការប្រកួតវិញ នឹងចាប់ផ្តើមតាំងពីថ្ងៃនេះ បន្តរហូតដល់ទី ២១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ទើបប្រកាសលទ្ធផលជយលាភី»។
លោកស្រី លី ច័ន្ទ្រលក្ស្មី នាយិកាក្រុមហ៊ុនអេជិន ២១ គ្លូប៊ល (AGENT21 GLOBAL) ក៏បានមានចំណាប់អារម្មណ៍ដែរថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចចិត្តប្រកបដោយភាពជឿជាក់ក្នុងការរៀបចំកម្មវិធីនេះឡើងឱ្យស្របទៅតាមទស្សនវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំតំបន់ធម្មជាតិរុនតាឯក នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីប្រែក្លាយទីជាទីក្រុងស៊ីវិល័យមួយនៅថ្ងៃអនាគត។
លោកស្រីបញ្ជាក់ថា៖ «ពិតណាស់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបដិសន្ធិឡើងក្នុងពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានណែនាំឱ្យរៀបចំមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្តរួចជាស្រេចដើម្បីអភិវឌ្ឍតំបន់នេះឱ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យនិងមានផាសុកភាពដល់ប្រជាជន។ហេតុដូច្នេះក្រុមហ៊ុន AGENT21 GLOBAL បានបើកឱកាសឱ្យនិស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាធ្វើការប្រកួតប្រជែងបញ្ចេញស្នាដៃម៉ូដផ្ទះគំរូ ដោយមានការសហការជាមួយ លោកគ្រូ អ្នកគ្រូ ជាអ្នកដាក់ពិន្ទុដោយសុក្រឹតភាព»។
កម្មវិធីប្រកួតប្រជែងស្នាដៃរចនាម៉ូដផ្ទះគំរូនេះ គឺជាការបង្ហាញពីការយកចិត្តទុកចំពោះសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់របស់កូនខ្មែរ និងយុជនខ្មែរ នៅក្នុងវិស័យស្ថាបត្យកម្ម ដោយក្រុមហ៊ុន Agent21 Global នឹងឧបត្ថម្ភផ្ទះជាក់ស្តែងទៅដល់ទីតាំងចំនួន ៣ ដែលនឹងយកគំរូតាមម៉ូដផ្ទះរបស់ម្ចាស់ជយលាភី។
លោកស្រី លី ច័ន្ទ្រលក្ស្មី សម្តែងក្តីសោមនស្សថា៖ «នាងខ្ញុំ ពិតជាមានមោទនភាពយ៉ាងក្រៃលែង ពេលឃើញធនធានមនុស្សកម្ពុជា មានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់ក្រុមហ៊ុននាងខ្ញុំយកជាត្រីវិស័យដើម្បីសង់ផ្ទះដ៏ប្រណីតជូនប្រជាជនក្នុងតំបន់តែម្តង។ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះគោរពតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន យើងនឹងរួមគ្នាកសាងតំបន់នេះឱ្យលេចជារូបរាងពិតប្រាកដ»។
ក្រុមនិស្សិតឆ្នាំទី៣ សិក្សានៅមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានកញ្ញា ចៅ កាំឡៃ មកពីខេត្តបន្ទាយមានជ័យ និងសមាជិកក្រុម២រូបទៀតលោក ឃុត សិក្ខាឃុន និងលោក ចៅ ជីលួង មកពីក្រុមទី៥៣ និងលោក ច័ន្ទ សោភាវិសិដ្ឋ រស់នៅភ្នំពេញមកពីក្រុមទី៥១ សុទ្ធតែបានសម្តែងក្តីរំភើបចិត្តខ្លាំងទៅនឹងឱកាសដែលនាំឱ្យពួកគេអាចបញ្ចេញសមត្ថភាព និងសា្នដៃរបស់ខ្លួន ជាបណ្តើរៗតាំងពីកំពុងរៀននៅមហាវិទ្យាល័យ និងមានក្តីប្រាថ្នាឱ្យសាលាមានការសហការបែបនេះជាបន្តបន្ទាប់ទៀតផង។
និស្សិតស្រី ចៅ កាំឡៃ តំណាងក្រុមទី៥៣ និយាយទាំងទឹកមុខញញឹមដោយមិនបាននឹកបារម្ភពីរឿងស្នាដៃរបស់ខ្លួន ជាប់ ឬមិនជាប់នោះថា៖ «ទោះបីជាការប្រកួតប្រជែងនេះ ក្រុមរបស់នាងខ្ញុំ មានលទ្ធផលបែបណាក៏ដោយ ខ្ញុំនៅតែសប្បាយចិត្ត ដោយសាលាបានសហការជាមួយនឹង Agent21 Globalសម្រាប់ជាឱកាសឱ្យពួកយើងជានិស្សិតរៀនជំនាញស្ថាបត្យកម្មបានបង្ហាញពីសមត្ថភាពជាបណ្តើរៗ»។
និស្សិត ច័ន្ទ សោភាវិសិដ្ឋ មកពីក្រុមទី៥១ វិញ ក៏សម្តែងពីក្តីរីករាយចំពោះខ្លួនឯងដែលជាឱកាសអាចបញ្ចេញស្នាដៃដែរថា៖ «សម្រាប់ខ្ញុំយល់ថា នេះគឺជាពេលវេលាល្អសម្រាប់ការបង្ហាញសមត្ថភាពផ្ទាល់ខ្លួនក្នុងមុខជំនាញដែលកំពុងតែរៀន។ទោះបីជាលទ្ធផលយ៉ាងណា ក៏មិនជាអ្វីដែរ សម្រាប់រូបខ្ញុំនោះ»។
លោកស្រី លី ច័ន្ទ្រលក្ស្មី ក៏បង្ហាញពីការប្តេជ្ញាចិត្តថា នឹងនាំយកការរចនាម៉ូដផ្ទះគំរូដ៏ស្រស់ស្អាត និងស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ដែលបានពីការប្រកួតប្រជែងបញ្ចេញស្នាដៃរបស់ក្រុមនិស្សិតខ្មែរ រៀនជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់រុនតាឯកនេះឱ្យក្លាយជាតំបន់អភិវឌ្ឍលើគ្រប់វិស័យ។
និស្សិតឆ្នាំទី៣ កញ្ញា ចៅ កាំឡៃ និងលោក ច័ន្ទ សោភាវិសិដ្ឋ បង្ហើបពីក្តីប្រាថ្នាសម្រាប់ឱកាសក្រោយៗទៀតដូចគ្នាថា៖ «ចង់ឱ្យមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា សហការជាមួយក្រុមហ៊ុន ឬដៃគូផ្សេងទៀត រៀបចំឱ្យមានការប្រកួតប្រជែងដូចជាក្រុមហ៊ុន AGENT21 GLOBAL នេះជាហូរហែដើម្បីផ្តល់ឱកាសដល់ពួកយើងជានិស្សិតរៀនជំនាញនេះ បានបង្ហាញសមត្ថភាព និងស្នាដៃកាន់តែច្រើន»។
នៅក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្តែងក្តីសោមនស្សរីករាយចំពោះការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃដល់និស្សិតដើម្បីឱ្យពួកគេបានបង្ហាញសមត្ថភាពនិងស្នាដៃរបស់ខ្លួន។
លោកបន្តថា៖ «សម្រាប់ខ្ញុំពិតជាមានមោទនភាព និងសូមគាំទ្រលើកទឹកចិត្តពេញទំហឹងចំពោះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុន AGENT21 GLOBAL ជាពិសេសក្មួយៗនិស្សិតទាំងអស់គ្នា សូមបន្តបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយភាពម៉ឺងម៉ាត់ គណនេយ្យភាព សម្រាប់ការចូលរួមលើកកម្ពស់គុណភាពផ្តល់សេវា និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលជារៀងរហូតទៅ»៕