មន្ត្រី​រដ្ឋាភិបាល ​សង្គមស៊ីវិល ​និង​ម្ចាស់​អាជីវកម្ម​ប្រមាណ​ ១០០ នាក់ ​ពិភាក្សា​រក​ភាពងាយស្រួល​សម្រាប់​អ្នកលក់​ដូរ​តាម​ដងផ្លូវ ​និង​សហគមន៍​នេសាទ

Content image - Phnom Penh Post
លោក សន ជ័យ នាយកអង្គការ ANSA ថ្លែងក្នុងសិក្ខាសាលាស្តីពីបរិយាកាសអំណោយផលសម្រា​ប់អាជីវិកម្ម និងសុខុមាលភាពសង្គមរបស់សហគ្រិនស្ត្រីវ័យក្មេង នាថ្ងៃទី ២៤ វិច្ឆិកា។ រូបថត San Chey

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ជាតិ ​ថ្នាក់ក្រោម​ជាតិ ​សង្គមស៊ីវិល ​និង​ម្ចាស់​អាជីវកម្ម​ប្រមាណ ​១០០ នាក់​ បាន​ជួប​ពិភាក្សាគ្នា​ ពិគ្រោះ​យោបល់ ​និង​ស្វែងរក​លក្ខខណ្ឌ​ងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាពិសេស​ អ្នក​លក់​ដូរ​តាម​ដងផ្លូវ ​និង​សហគមន៍​នេសាទ ​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ដោយ​ស្រប​ច្បាប់។

កិច្ចពិភាក្សា​នេះ ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​ ស្តីពី​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម ​និង​សុខុមាលភាព​សង្គម​របស់​សហគ្រិន​ស្ត្រី​វ័យក្មេង ​(YWEs) ​ដើម្បី​ពិគ្រោះ​យោបល់​កម្រិត​គោល​នយោបាយ​ទាក់ទង​នឹង​បែបបទ ​និង​នីតិវិធី​ នៃ​ការផ្តល់​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ​និង​សេវាកម្ម​ សម្រាប់​អ្នកសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ដោយ​ផ្អែកលើ​ក្របខ័ណ្ឌ ​គោល​នយោបាយ ​និង​ក្របខ័ណ្ឌ​ច្បាប់។

អង្គការ ​ANSA ​បញ្ជាក់ថា ​កិច្ចពិភាក្សា​នេះ ​នឹង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការអនុវត្ត ​និង​ការផ្តល់​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ​សេវាកម្ម ​និង​របប​គំហើញ​ពី​ការសិក្សា​ស្រាវជ្រាវ ​ព្រមទាំង​ករណី​សិក្សា ​ស្តីពី​ការស្នើសុំ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាពិសេស​ អ្នកលក់ដូរ​តាម​ដងផ្លូវ ​និង​សហគមន៍​នេសាទ​ផង​ដែរ។

ការសិក្សា​កាលពី​ឆ្នា ២០១១ ​របស់​ក្រសួង​ផែនការ ​បាន​រកឃើញថា​ មាន​សហគ្រាស​ខ្នាតតូច ​និង​មធ្យម​ចំនួន​ ៥០៥ ១៣៤ ​ក្នុងនោះ​សហគ្រាស​ដែល​មាន​ស្ត្រី​ជា​ម្ចាស់​ មាន​ជាង​៣សែន​កន្លែង ​ហើយ​ស្ថាប​គ្រាស​ទាំងនេះ ​បានផ្តល់​ការងារ​ដល់​មនុស្ស​ជាង ​១ លាន ​៦ សែន​នាក់។

លោក ​ខោល យុទ្ធលី ​ជា​អនុប្រធាន​អង្គភាព​វិភាគ ​និង​អភិវឌ្ឍន៍​គោល​នយោបាយ ​លេខាធិការដ្ឋាន ​(គ.ជ.អ.ប) ​បាន​និយាយថា ​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ពេលនេះ ​នឹង​បង្កើតឱ្យ​មាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​ក្នុង​ភាពជា​តំណាង​របស់​ស្ត្រី​វ័យ​ក្មេង ​សហគ្រិន​ខ្នាតតូច ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ ​ក្នុង​ការទទួលបាន​នូវ​គោលនយោបាយ​សមស្រប​ពី​រដ្ឋាភិបាល។

លោក​បន្តថា ​កិច្ចពិភាក្សា​គ្នា​នេះ ​ក៏​នឹង​ទទួល​បាន​ជា​ធាតុ​ចូល ​និង​អនុសាសន៍​មួយ​ទៅកាន់​អ្នករៀបចំ​គោល​នយោបាយ​នានា ​ដែល​បាន​ចូលរួម​ក្នុង​ពេលនេះ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ ជាពិសេស​ផ្តល់​ភាពងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ ​ឱ្យទទួល​បាន​សេវា​កាន់តែ​ល្អ​ក្នុង​ពេល​ខាង​មុខ។

លោក​យុទ្ធលី​ថ្លែងថា​៖ «វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​នៅ​ប្រទេស​កម្ពុជា ​បានក្លាយជា​វិស័យ​ជួរមុខ ១​ នៃ​ក្បាល​ម៉ាស៊ីន​សេដ្ឋ​កិច្ច​របស់​ប្រទេស​រាប់​ទសវត្សរ៍​មក​ហើយ។ វិស័យ​នេះ ​បានរួមចំណែក​ដល់​ការផ្តល់​ឱកាស​បង្កើត​មុខ​របរ ​និង​ការងារ ​និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស»។

លោក​បន្តថា​៖«ដើម្បី​ធានាឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ មាន​លទ្ធភាព ​ក្នុង​ការផ្តល់​សេវា​សាធារ​ណៈ​ ឆ្លើយតប​ទៅ​តម្រូវការ​របស់​ពលរដ្ឋ ​ជាពិសេស​សហគ្រិន​ស្ត្រី​វ័យក្មេង ​និង​អ្នកប្រកប​មុខរបរ ​យើង​ចាំបាច់​ត្រូវពិនិត្យ ​និង​កែសម្រួល​រចនាសម្ព័ន្ធ​ ប្រព័ន្ធ ​និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឡើង​វិញ»។

បន្ថែម​ពីនេះ ​លោក​ ខោល យុទ្ធលី ​អះអាងថា ​ក្នុង​ពេល​ខាងមុខ​ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ​នឹង​ត្រូវការ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​តាម​បែប​ទំនើប ​និង​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ធនធាន​មនុស្ស ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​និង​លទ្ធ​កម្ម ​និង​ត្រូវ​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ដំណើរការ​ប្រព័ន្ធ​ទាំង​នេះ។ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ត្រូវ​រៀបចំ​ផែនការ ​និង​ថវិកា ​ដែល​ឆ្លុះបញ្ចាំង​ពី​អាទិភាព​នានា​នៅ​តាម​មូលដ្ឋាន​នីមួយៗ ​តាមរយៈ​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ​ក្រុមអង្គការ​សង្គមស៊ីវិល ​និង​វិស័យ​ឯកជន​រួមទាំង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោក​បញ្ជាក់ថា​៖ «ទន្ទឹម​នឹង​ការបង្កើន​សមត្ថភាព ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ [ក៏​នឹង​] ទទួល​បាន​នូវ​សិទ្ធិ​អំ​ណាច​កាន់តែ​ច្រើន​ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​នានា ​ដែល​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​ថវិកា​របស់​ខ្លួន ​និង​ការទទួល​ខុស​ត្រូវ»។

លោកស្រី​ គង់ សិទ្ធិកា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស ​ក្រសួង​ពាណិជ្ជកម្ម ​ថ្លែងថា ​ជា​ការពិត​វិស័យ​អាជីវកម្ម​ផ្នែក​សេវាកម្ម​ខ្នាតតូច​ក្នុង​ប្រទេស​កម្ពុជា ​គឺ​មាន​ចំនួន​ច្រើន​គួរឱ្យ​កត់សម្គាល់ ​ដែល​ក្នុង​នោះ​ ១ ផ្នែក​ធំ​នៃ​វិស័យ​នេះ ​ជាប្រភេទ​អាជីវកម្ម​ដែល​មិនទាន់​ទទួលបាន​ការចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ ​តាម​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​មាន​ជា​ធរមាន​នៅ​ឡើយ។

លោកស្រី​ថា ​ការដាក់​បញ្ចូល​អាជីវកម្ម​ខ្នាតតូចឱ្យ​ស្ថិតក្រោម​ក្របខ័ណ្ឌ​ច្បាប់ ​ត្រូវបាន​ចាត់ទុក​ជាសំណួរ ​ដែលត្រូវ​បាន​ចោទសួរ​ពី​បណ្ដា​មជ្ឈដ្ឋាន​អាជីវករ​មួយចំនួន ​ដោយ​ពួកគេ​យល់ថា ​បែបបទ ​និង​នីតិវីធី​ក្នុង​ការចុះ​បញ្ជី ​គឺ​មាន​ភាពស្មុគស្មាញ ​ពិបាក​ក្នុង​ការអនុវត្ត​តាម។

លោកស្រី​សង្កត់ធ្ងន់​ថា ​ក្រៅពី​នេះ​ប្រភេទ​សហគ្រាស​ដែល​ស្ថិតក្នុង​ធុន​មីក្រូ​នៅមាន​លទ្ធភាព​ទាប ​និង​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ទទួលបាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ។ ជាពិសេស​សហគ្រាស​ទាំងនោះ​នៅមាន​កម្រិត​លើ​ចំណេះដឹង ​និង​ជំនាញ​ផ្នែក​បច្ចេកទេស ​ព័ត៌មានវិទ្យា ​ដែលជា​ហេតុ​ធ្វើឱ្យ​សហគ្រាស​ទាំងនោះ​ត្រូវការ​ការជួយ​គាំទ្រ ​និង​ការពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បន្ថែម​ទៀត។

លោកស្រី​ថ្លែងថា​៖ «អាស្រ័យ​ហេតុនេះ ​សិក្ខាសាលា​របស់​យើង​មាន​គោលបំណង​ដើម្បី​ពិគ្រោះ​យោបល់ ​កម្រិត​គោល​នយោ​បាយ​ទាក់ទង​នឹង​បែបបទ ​និង​នីតិវិធី​នៃ​ការផ្ដល់​លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ​និង​សេវាកម្ម​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ដោយផ្អែក​លើ​ក្របខ័ណ្ឌ​គោល​នយោបាយ ​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត ​ក្នុង​ការផ្ដល់​លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ​សេវាកម្ម»៕

ព័ត៌មានថ្មីៗ