សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ ត្រូវបានបើកដំណើរការសាងសង់នៅភ្នំពេញ ដែលអាចដាក់សិស្សប្រមាណ ៦០០ នាក់

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនា កាលពីថ្ងៃទី ២៣ វិច្ឆិកា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ វិច្ឆិកា ខណៈគម្រោងនៃការសាងសង់សាលានេះ ១ ទីតាំងទៀត ធ្វើនៅខេត្តព្រះសីហនុ។
ក្រសួងទេសចរណ៍ឱ្យដឹងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញនេះ មានសំណង់ ២ អគារ ដែលខាងមុខមានកម្ពស់២ជាន់ និងខាងក្រោយកម្ពស់ ៤ ជាន់។ អគារនោះ មានបន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលម្ហបៃតងជាដើម។
អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០ នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់។ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀត នៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០ នាក់នៅភ្នំពេញ។ នេះបើតាមក្រសួងទេសចរណ៍។
ក្រៅពីនេះទៀត សាលានឹងមានការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៤ ផ្នែក សំខាន់ៗ រួមមាន ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកសេវាកម្មធ្វើ ដំណើរ និងផ្នែកសេវាកម្មទេសចរណ៍។
បន្ថែមពីនេះ ក៏មានការបែងចែករយៈពេល នៃកម្រិតសិក្សា ដូចជា កម្រិត៣ រៀនរយៈពេល ១ ឆ្នាំ ឌីប្លូមកម្រិតខ្ពស់ រៀនរយៈពេល ២ ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី ដែលជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បញ្ជាក់ថា ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ វាពិតជាមានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានន័យថា ជាការដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សដើម្បីចូលរួមស្ដារវិស័យទេសចរណ៍ប្រទេសកម្ពុជាឱ្យកាន់តែមានគុណភាព។
លោកសុភ័កប្រាប់ថា៖ «ដូច្នេះសាលានេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ជាពិសេស គឺការផ្ដល់ឱកាសទៅដល់យុវជនរបស់យើង ហើយនិងអ្នកជំនាន់ក្រោយទាំងអស់ ដែលគាត់ចង់រៀនអំពីជំនាញវិជ្ជាជីវៈទេសចរណ៍។ អ៊ីចឹងគាត់ត្រូវចូលរៀននៅសាលាហ្នឹង»។
លោកបន្តថា អ្នកដែលសិក្សានៅសាលានេះ គឺមានទាំងវគ្គបណ្ដុះបណ្ដាលខ្លី ក៏ដូចជាវគ្គបណ្ដុះបណ្ដាលទាំងមានកម្រិតរយៈពេល ១-២ ឆ្នាំ សម្រាប់ការអភិវឌ្ឍកម្រិតសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥ លានអឺរ៉ូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) និងផ្តល់កម្ចីហិរញ្ញប្បទានចំនួន ១១ លានអឺរ៉ូ (ប្រហែល ១២ លានដុល្លារ) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួន ២ ទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ៕