សៀមរាបៈ កម្ពុជានឹងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់គុណនៃការខិតខំរបស់បុព្វបុរសខ្មែរក្នុងការសាងសង់ប្រាសាទអង្គរ និងជាការរំឭកខួបនៃការដាក់បញ្ចូលតំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសារាចរណែនាំពីការរៀបចំពិធីនេះ កាលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយឱ្យអាជ្ញាធរជាតិអប្សរា រៀបចំសកម្មភាពលម្អិត ពាក់ព័ន្ធនឹងពិធីបុណ្យរំឭកគុណអង្គរ នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
តាមសារាចរណែនាំនេះ អាជ្ញាធរជាតិអប្សរាត្រូវរៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះមានកម្មវិធីនានាតាមថ្ងៃនីមួយៗ ទីតាំងសម្រាប់ប្រារព្ធកម្មវិធី សមាសភាពអ្នកចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំនិងលទ្ធភាពមធ្យោបាយថវិកាជាដើម ក្នុងន័យរំលេចពីសារៈសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃពិធីបុណ្យនេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ជាពិសេសស្រទាប់យុវជនឱ្យមានស្មារតីមុតមាំ ក្នុងកិច្ចចូលរួមថែរក្សា ការពារ លើកតម្កើងតម្លៃបេតិកភណ្ឌជាតិ។
លោកស្រី ភឿង សកុណា បានលើកឡើងតាមរយៈសារាចរនេះថា ៖ «រដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំឭកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល ៣ ថ្ងៃ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ តទៅ»។
ពាក់ព័ន្ធនឹងការប្រារព្ធពិធីរំឭកគុណអង្គរ នេះ លោកឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា គោលបំណងនៃការរៀបចំពិធីរំឭកគុណអង្គរនេះគឺដើម្បីរឭកដល់គុណូបការៈមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ ទាំងអង្គរាជវង្សានុវង្ស មន្ត្រីរាជការ អ្នកមុខអ្នកការ អ្នកប្រាជ្ញ បណ្ឌិតកវី ពលរដ្ឋសាមញ្ញទូទៅ។
លោកថា ពួកគាត់បានខិតខំកសាង ថែរក្សា មើលខុសត្រូវ និងជួសជុលប្រាសាទដើម្បីបន្សល់ទុកជាមរតកមានតម្លៃដល់កូនខ្មែរជំនាន់ក្រោយ និងតទៅអនាគត និងជាការដាស់ស្មារតីដល់ពលរដ្ឋឱ្យចូលរួមថែរក្សា និងលើកតម្កើងតម្លៃនៃបេតិកភណ្ឌជាតិ។
លោក ឡុង កុសល បានថ្លែងថា៖ «ក្រៅពីនោះ យើងបង្ហាញតម្លៃនៃកោះសន្តិភាពនៃទឹកដីយើង ព្រោះបើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអ្វីៗគ្រប់យ៉ាងបានឡើយ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការខិតខំថែរក្សា ការពារ នូវសន្តិភាពនេះឱ្យបានគង់វង្ស»។
បើតាមលោក ឡុង កុសល ពិធីបុណ្យរំឭកគុណអង្គររយៈពេល ៣ ថ្ងៃ នៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ នឹងមានកម្មវិធីសំខាន់ៗតាមរយៈថ្ងៃនីមួយៗ។
លោកបានប្រាប់លម្អិតពីថ្ងៃនីមួយៗថា នៅថ្ងៃទី ១៤ ខែធ្នូ ជាថ្ងៃប្រារព្ធទី១ អាជ្ញាធរជាតិអប្សរានឹងមានការរៀបចំពិធីសាសនាដ៏ធំមួយ នៅវេលាព្រឹក នាបរិវេណប្រាសាទអង្គរវត្ត ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តនិងបិណ្ឌបាតជាច្រើនរយអង្គ។
ចំណែកនៅពេលល្ងាចក្នុងថ្ងៃដដែលនោះ នៅខាងក្រោយប្រាសាទអង្គរវត្ត នឹងមានការរៀបចំកម្មវិធីរាត្រីចងចាំដែលជាកម្មវិធីរំឭកដល់មរតកវប្បធម៌អរូបីទាំងអម្បាលមានដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) ។
ចំណែកនៅថ្ងៃទី ១៥ ខែធ្នូ ជាថ្ងៃទី២ នៃពិធីបុណ្យរំឭកគុណអង្គរនេះ អាជ្ញាធរជាតិអប្សារានឹងមានកម្មវិធីពិព័រណ៍សមិទ្ធផលការងារដែលអាជ្ញាធរជាតិអប្សារាសម្រេចបានតាំងពីឆ្នាំ ១៩៩២ មក ក្នុងកិច្ចការអភិរក្ស ជួសជុល ប្រាសាទនៃតំបន់អង្គរ ដែលបើកឱ្យសាធារណជនទូទៅ អ្នកស្រាវជ្រាវ សិស្សានុសិស្ស ចូលទស្សនានៅតាមបណ្តាការដ្ឋានប្រាសាទនីមួយៗដែលអាជ្ញាធររៀបចំ។
ចំណែកនៅពេលល្ងាចនៃថ្ងៃទី២ដដែលនោះ ក្នុងបរិវេណព្រលានជល់ដំរី នឹងមានការរៀបចំកម្មវិធីអាយ៉ៃរបស់ លោក ព្រហ្ម ម៉ាញ ការសម្តែងល្ខោនស្បែកធំជាដើម ដែលបើកឱ្យសាធារណជនទូទៅចូលទស្សនាដោយមិនគិតថ្លៃឡើយ។
សម្រាប់ថ្ងៃទី ១៦ ខែធ្នូ ជាថ្ងៃពិធីរំឭកគុណអង្គរចុងក្រោយ អាជ្ញាធរជាតិអប្សរានឹងមានកម្មវិធីជប់លៀងមួយនៅព្រលានជល់ដំរី ដើម្បីកៀរគរថវិកាមនុស្សធម៌សម្រាប់ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់បេសកកម្មសង្គ្រោះកុមារកម្ពុជាជាបន្ត។
សូមរំឭកថា កាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្នុងឱកាសខួបទី២៩ នៃការដាក់បញ្ជូលតំបន់អង្គរទៅក្នុងបញ្ជីបេតិភភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរជាតិអប្សារាក៏បានប្រារព្ធពិធីរំឭកគុណអង្គរនេះដែរ។
ពិធីនេះរៀបចំឡើងក្រោមបុព្វបំណង រំឭកគុណបុព្វបុរសដែលបានបន្សល់នូវកេរដំណែលជាច្រើន បណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះការពារថែរក្សាកេរមត៌កទាំងនោះឱ្យបានគង់វង្សយូរអង្វែង និងជួយគ្នាលើកតម្កើងឱ្យបានរុងរឿងតទៅមុខ៕