ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បង្ហាញ​ពី​មោទនភាព​របស់​កម្ពុជា ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ការពារ​ជាតិ​អាស៊ាន​-​បូក (ADMM-Plus) ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​សមាជិក​ទាំងអស់ ក្នុង​នោះ​ក៏មាន​មហា​ អំណាច​ចំនួន ២ គឺ​សហរដ្ឋ​អាមេរិក​និង​ចិន​ផងដែរ ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។​


​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន (ADMM) លើកទី១៦ និង ADMM-Plus លើកទី៩ ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ក្រុង​សៀមរាប​ខេត្ត​សៀមរាប នា​ថ្ងៃទី ២២-២៣ ខែ​វិច្ឆិកា ដោយមាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​បណ្តា​ប្រទេស​អាស៊ាន ប្រទេស​អាស៊ាន​បូក និង​អគ្គលេខាធិការ​អាស៊ាន។​

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្រាស់ ៦ ទំព័រ ចេញ​កាលពី​ថ្ងៃ​ទី ២៣ វិច្ឆិកា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ដែល​មាន​ចិន និង​សហរដ្ឋអាមេរិក​ផងដែរ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុងការ​លើក​កម្ពស់​សន្តិភាព និង​សន្តិសុខ​ប្រកប​ដោយ​និរន្តរភាព​ក្នុង​តំបន់ ដោយ​ពង្រឹង​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ និង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ក្នុង​អាស៊ាន និង​តំបន់​ឱ្យ​បាន​​ទូលំទូលាយ តាមរយៈ​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ និង​កិច្ចសន្ទនា​ក្រោម​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន ជាពិសេស​ក្របខ័ណ្ឌ ADMM-Plus ស្របតាម​គោលការណ៍​ដែល​បាន​កំណត់​នៅ​ក្នុង​ទស្សនវិស័យ​អាស៊ាន​ស្តីពី ឥណ្ឌូ​ប៉ាស៊ីហ្វិក (AOIP)។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​យើង​សូម​ប្រកាស​លើក​​កម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​ប្រទេស តំបន់ តាមរយៈ​ការពង្រឹង​ទំនាក់​ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព ការ​ប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល រដ្ឋធម្មនុញ្ញ ការគោរព និងការ​លើក​កម្ពស់​នៃ​សេរីភាព​ជា​មូលដ្ឋាន និង​ការលើក​កម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស»។​


​ក្នុង​សន្និសីទកាសែត បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​នេះ នា​ថ្ងៃទី ២៣ វិច្ឆិកា នោះដែរ លោក​ទៀ បាញ់ បញ្ជាក់ថា នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដើម្បី​លើក​កម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ការពារ​ជាតិ​ដើម្បី​ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម។​


​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ក៏មាន​ជំនួប​ក្រៅផ្លូវការ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា និង​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​អាស៊ាន​បូក​នានា​ជា​បន្តបន្ទាប់ ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហការ​រវាង​អាស៊ាន និង​ប្រទេស​ទាំងនេះ។​

​បើតាម​លោក​ទៀ បាញ់​នៅក្នុង​កិច្ច​​ប្រជុំ ADMM-Plus រដ្ឋមន្ត្រី​ទាំងនេះ ក៏បាន​ស្ដាប់​របាយការណ៍​អំពី​ការវិវឌ្ឍ​ថ្មីៗ នៅ​តំបន់​អាស៊ាន​ព្រមទាំង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ​ក៏ដូចជា​ជំរុញ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ដើម្បី​លើកកម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ការពារ​ជាតិ​នៅ​ក្នុង​តំបន់​។ លោក​បន្តថា សមិទ្ធផល​មួយ​ដែល​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​នេះ​សម្រេច​បាន គឺ​ការប្រកាស​អំពី​ការឯកភាព​របស់​អាស៊ាន​ក្នុងការ​អនុញ្ញាត​ឱ្យ​ប្រទេស​កាណាដា បារាំង និង​អង់គ្លេស អាច​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី សង្កេតការណ៍​របស់​ខ្លួន ក្នុង​នាម​ក្រុម​ការងារ​ជំនាញ​នៃ​ប្រទេស​អាស៊ាន​បូក​នៅ​ឆ្នាំ ២០២៣ ខាងមុខ។​

​លោក​ទៀ បាញ់ ថ្លែងថា​៖ «​អ្វី​ដែលជា​មោទនភាព​របស់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​លើក​នេះ​គឺ ADMM-Plus អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សមាជិក​ទាំងអស់​ក្នុង​ការរក្សា​សន្តិភាព​ស្ថិរភាព​តំបន់​តាមរយៈ​ការគាំទ្រ​មជ្ឈភាព និង​តួនាទី​ស្នូល​របស់​អាស៊ាន​នៅ​ក្នុង​យន្តការ​តំបន់​អាស៊ាន​យើង​នេះ»។​

​លោក ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​បាន​ទទួល​ជោគជ័យ​ជា​ផ្លែផ្កា សម្រាប់​កិច្ចប្រជុំ ADMM និង ADMM-Plus ដែលជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន។

​លោក​បន្តថា ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន គឺជា​ការលើក​កម្ពស់​យន្តការ ស្ថាប័ន​តំបន់​ក្នុង​តួនាទី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​តំបន់ ដែល​ទាមទារ​ឱ្យមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ ពី​សមាជិក​ស្ថាប័ន​តំបន់ និង​ការពិភាក្សា​ប្រកបដោយ​បរិយាប័ន្ន បើកចំ និង​ស្មោះត្រង់​។ ដ្បិត​កម្ពុជា​ជា​ប្រទេស​តូច​តែ​កម្ពុជា​មាន​មហច្ឆិតា​ធំ​ក្នុងការ​កសាង​តំបន់​សន្តិភាព វិបុលភាព និង​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ជា​សមាជិក​ទាំងអស់។

​លោក​ម៉េង​ដា​វិត​ថ្លែងថា​៖ «​កម្ពុជា​បាននិងកំពុង​ខិតខំ​ជំរុញ​ការទូត​សន្តិភាព (Peace Diplomacy) ដែល​ទាមទារ​ឱ្យ​យោធា​កម្ពុជា​មាន​សមត្ថភាព​និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហ​ប្រជាជាតិ​។ ដូចនេះ​ហើយ ការចូលរួម និង​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ យោធា​ជាមួយ ប្រទេស​ជា​ដៃគូ​អាស៊ាន និង​សមាជិក​អាស៊ាន​ដទៃ​ទៀត គឺ​ចាំបាច់​ណាស់​សម្រាប់​កងទ័ព​កម្ពុជា ក្នុង​កិច្ចការពារ​ថែរក្សា​ស្ថិរភាព និង​សន្តិភាព​តំបន់ ​និង​សកល»។​

​នៅក្នុង​សន្និសីទកាសែត​នេះ​ផងដែរ​លោក​ទៀ បាញ់ ក៏បាន​បង្ហាញ​ពី​បំណង​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក ឡើងវិញ​លើ​វិស័យ​ការពារជាតិ​។ លោក​បាន​បរិយាយ​ពី​ជំនួប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ថា ជា​ឱកាស​មួយ ដែល​ធ្វើឱ្យ​មេដឹកនាំ​យោធា​នៃ​ប្រទេស​ទាំង ២ កម្ពុជា​-​សហរដ្ឋអាមេរិក អាច​ជជែក​គ្នា​ត្រង់ទៅ​ត្រង់មក។

​លោក​ថា កម្ពុជា​ចង់ឱ្យមាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក ឡើងវិញ​ក្នុង​វិស័យ​យោធា​។ ​លោក​ទៀ បាញ់​ថ្លែង​ថា​៖ «​ខ្ញុំ​វាយតម្លៃ​បាន​ថា ជាការ​ជួប​និយាយ​គ្នា​ផ្ទាល់​រវាង​ក្រសួង​ការពារ​ជាតិ​ទាំង ២ ។ ច្បាស់​ណាស់​យើង​បាន​បញ្ជាក់​ត្រង់ៗ​ពី​បញ្ហា​មួយ​ចំនួន​ដែលមាន​ថមថយ​ជាខ្លាំង​លើ​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​យោធា​នេះ ប៉ុន្តែ​ក្នុង​ពេល​ពិភាក្សា​នេះ យើង​កំពុង​រក​វិធី​ស្ដារ​សភាពការណ៍​...»។​

​ទោះយ៉ាងណា​ក្ដី ភាគី​កម្ពុជា​តំណាង​ដោយ​លោក​ទៀ បាញ់ ចង់​ទាក់ទង​ជាមួយ​អាមេរិក លើ​កិច្ចសហ​ប្រតិបត្តិការ​ណាមួយ ដែល​មិន​និយាយ​ពី​បញ្ហា​រសើប​ពេក​។ លោក ទៀ បាញ់​ថ្លែងថា​៖ «​ចង់​ជ្រើសរើស​ប្រធានបទ​ណាមួយ​ដែល​វា​អាច​នឹង​មិនមាន​ភាពរ​សើប​ពេក ដូចជា​ការងារ​មនុស្ស​ធម៌​ក៏ដោយ ឬ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​អី​ជាដើម ឬ​បញ្ហា​មួយ​ចំនួន​ដែល​ឃ្លាត​ខាង​នយោបាយ»។​

​លោក​បន្ថែមថា ភាគី​អាមេរិក​ក៏​យល់​ឃើញ​ស្រដៀង​នឹង​កម្ពុជា​ដែរ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin នៅតែ​បញ្ជាក់​ជំហរ​និយាយ​ពី​មូលដ្ឋានទ័ព​សមុទ្រ​រាម​ដដែល​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​ឆ្លើយតប ចំពោះ​បញ្ហា​សមុទ្រ​រាម​ជាថ្មី​ទៀតថា គ្មាន​មូលដ្ឋាន​ទ័ព​ចិន​ឬ​គ្មាន​បំណង​ដាក់​ទ័ព​ចិន​អ្វី​ឡើយ។​

​ទំនាក់​ទំនាក់​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា រវាង​កម្ពុជា និង​អាមេរិក បាន​ធ្លាក់ចុះ​ចាប់តាំង​ពី​ឆ្នាំ ២០១៧ មក​។ អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​ធ្លាប់​អះអាង​ថា ទំនាក់ទំនង​នេះ ធ្លាក់ចុះ​ដោយសារតែ​កម្ពុជា​ងាក​កាន់​តែខ្លាំង​ទៅ​ចិន​។ កាលពី​ខែ​មករា ឆ្នាំ ២០១៧ កម្ពុជា​បាន​លុបចោល​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​។ នោះ​ជា​លំហាត់​សមយុទ្ធ​យោធា ឆ្មាំ​អង្គរ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ រួមគ្នា ៧ ឆ្នាំ​ជាប់ៗគ្នា។

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការផ្អាក​សមយុទ្ធ​ឆ្មាំ​អង្គរ​នេះ មិន​ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន​ទេ បើ​ទោះបី​ជា​ចិន​ទើបតែ​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ ក៏ដោយ​។​ជា​រៀងរាល់​ឆ្នាំ​កម្ពុជា​តែង​ទទួល​បាន​ជំនួយ​យោធា​ពី​ចិន​រាប់​តាំងពី​ថ្នាំសង្កូវ រហូតដល់​យុទ្ធោបករណ៍​នានា។​

​ទោះជា​យ៉ាងណាក្ដី​សហរដ្ឋ​អាម​រិ​ក នៅមាន​សេនានុព័ន្ធ​យោធា​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​យោធា​។ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​សញ្ញា​នៃ​ការធ្វើ​សមយុទ្ធ​រួមគ្នា ឬ​សហ​ប្រតិបត្តិការ​ដល់​កម្រិត​មុន​ឆ្នាំ ២០១៧ នៅឡើយ៕