ភ្នំពេញៈ មូលនិធិ​ជាតិ​ជំនួយ​សង្គម​បាន​ទទួល​ពានរង្វាន់​ឧត្តមានុវត្តន៍​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ អំឡុងពេល​កូវីដ​ ១៩ ពី​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន ​(ASEAN Social Security Association (ASSA) លើក​ទី៣៩ នៅ​ខេត្ត​ហ្លួងព្រះបាង ប្រទេស​ឡាវ​។


លោក ឈួ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ថា ក្នុង​កិច្ចប្រជុំ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​​លើក​ទី ​៣៩ មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដែល​តំណាង​ដោយ​រូបលោក​ផ្ទាល់​បាន​ទទួល​ពានរង្វាន់​ឧត្តមានុវត្តន៍​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ អំឡុងពេល​កូវីដ​ ១៩ ពី​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​នេះ​។

ការផ្តល់​ពានរង្វាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ហ្លួងព្រះបាង​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បន្ទាប់ពី​លោក ឈួ សុបញ្ញា បាន​ដឹកនាំ​គណៈប្រតិភូ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​សន្តិសុខ​សង្គម​អាស៊ាន ASSA នេះ​ពី​ថ្ងៃទី ​២៣ ខែវិច្ឆិកា ដោយ​មាន​សមាជិក​សមាជិកា​ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទេស​អាស៊ាន​សរុប​ចំនួន​ ៧០​ រូប​។

កិច្ចប្រជុំ ​ASSA ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៅតាម​បណ្តា​ប្រទេស​ដែល​ជា​សមាជិកសមាគម​សន្តិសុខ​សង្គម​អាស៊ាន ក្នុង​គោលបំណង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ចែករំលែក​បទពិសោធន៍​រវាង​សមាជិក​អាស៊ាន​ឱ្យបាន​ល្អ ក៏ដូចជា វេទិកា​សម្រាប់​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ទិសដៅ​បន្ត​សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​សន្តិសុខ​សង្គម​ផងដែរ​។


លោក ឈួ សុបញ្ញា បាន​ប្រាប់ថា​៖ «​ពានរង្វាន់​ឧត្តមានុវត្តន៍​គឺជា​ពានរង្វាន់​របស់​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​ដែល​ផ្តល់ជូន​ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជូន​ចំពោះ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដែល​បាន​បំពេញការងារ​ប្រកប​ដោយ​ភាព​ជោគជ័យ​លើ​ឧត្តមភាព​នៃ​ការផ្តល់សេវា​គាំពារ​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ប្រទេស​នីមួយៗ​»​។


លោក​បាន​បន្ថែមទៀតថា ការទទួល​បាន​ពាន​របស់​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ពី​ក្រុម​ប្រឹក្សាជាតិ​សន្តិសុខ​សង្គម​នេះ​គឺជា​មោទនភាព​មួយ​របស់​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ (​ម.ជ.ជ.)​ ដែល​បានទទួល​ពានរង្វាន់ និង​ការទទួល​ស្គាល់​ជា​លើក​​ដំបូង បន្ទាប់ពី​ស្ថាប័ន​នេះ​ទើបបាន​បង្កើត​​ឡើង​នៅក្នុង​ខែមីនា ឆ្នាំ​ ២០២២ តាមរយ:​អនុក្រឹត្យ​លេខ ​៦៨ អនក្រ.បក ចុះ​ថ្ងៃទី ​៣១ ខែមីនា ឆ្នាំ​ ២០២២ ​។

គណ:កម្មការ​បាន​វាយតម្លៃ​សម្រាប់​ការផ្តល់​ពានរង្វាន់​បាន​ផ្តោតលើ​យន្តការ​អនុវត្ត​,​ប្រព័ន្ធ​បើក​ផ្តល់​,​លទ្ធផល​អនុវត្ត និង​ការសហការ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​៕