ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ និង​សម្រេច​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​នេះ​ក្រោយ​ក្រុមការងារ​សិក្សា និង​ធ្វើ​វិសោធនកម្ម​ច្បាប់​បាន​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ដំណាក់កាល​ក្រុម​បច្ចេកទេស​អន្តរក្រសួង​។


កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​ដែល​ជា​ក្រុមការងារ​សិក្សា និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ជួបពិភាក្សា​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​។

លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុម​ការងារ​សិក្សា និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៤ វិច្ឆិកា​ថា ក្រុម​ការងារ​បាន​ធ្វើការ​ពិនិត្យ​ឡើងវិញ​លើ​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ការពិនិត្យ​ឡើងវិញ​នេះ គឺ​ដើម្បី​ឱ្យ​កាន់តែ​មាន​ភាពល្អិតល្អន់ និង​ច្បាស់លាស់ មុននឹង​បន្ត​តាម​នីតិវិធី​នៃ​ការរៀបចំ​ឆ្លង​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​អត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សំដៅ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ឈាន​ទៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យមក​នៅ​កម្រិត​ទាប​បំផុត​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​បាន​ពិនិត្យ​ពិភាក្សា​ចប់សព្វគ្រប់ អង្គ​ប្រជុំ​បាន​ឯកភាព​រៀបចំ​ចងក្រង​សេចក្តី​ព្រាងច្បាប់​នេះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ដាក់​ប្រជុំ​ឆ្លង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២»​។


បើតាម​លោក តូច ចាន់កុសល ដោយសារ​តែ​វិសោធនកម្ម​ថ្មី​នេះ​មិនទាន់​សម្រេច​ជា​ផ្លូវការ ដូច្នេះ​លោក​មិនអាច​បញ្ជាក់​បាន​ទេ​ថា នឹង​ត្រូវ​ធ្វើការ​កែប្រែ​ចំនួន​ប៉ុន្មាន​មាត្រា និង​ទៅលើ​មាត្រា​ណាខ្លះ ដោយ​គ្រាន់តែ​ឱ្យដឹងថា អង្គប្រជុំ បាន​ពិភាក្សា​លើ​វាក្យសព្ទ មាត្រា​កែសម្រួល​ថ្មី និង​មាត្រា​បន្ថែម​ថ្មី​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ជាពិសេស គឺ​ចំណុច​ការធ្វើ​តេស្ត​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​យានយន្ត​ដឹកជញ្ជូន​។


លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា ពេល​ឃើញ​មាន​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ គឺមាន​ពលរដ្ឋ​មួយចំនួន​ទទួល​រង​នូវ​ការ​ផាកពិន័យ ហើយ​មន្ត្រី​ចរាចរណ៍​មួយចំនួន​ទទួលរង​នូវ​ការរិះគន់ ដែល​បណ្តាល​មកពី​មាន​ចំណុច​ខ្វះខាត​របស់​អ្នកអនុវត្ត​ច្បាប់ និង​ចំណេះដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​។ ក្នុង​ស្ថានភាព​នេះ​គួរតែ​មាន​ការពិនិត្យ​មើល​ថា មាន​កង្វះខាត​ច្បាប់​ត្រង់ចំណុច​ណា ដើម្បី​ដាក់បញ្ចូល​ក្នុង​វិសោធនកម្ម​ច្បាប់​ថ្មី ហើយ​ច្បាប់​នេះ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​មិនទាន់​មាន​ការឆ្លុះបញ្ចាំង​ពី​បរិបទ​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ថា​៖ «​ច្បាប់​ចរាចរណ៍​ថ្មី ហាក់​មិន​ឆ្លុះបញ្ចាំង​ពី​បរិបទ​កម្ពុជា​ទេ​។ ជាពិសេស​ដូចជា​ការកំណត់​ចំនួន​អ្នកជិះ​ម៉ូតូ​អី​ជាដើម​។ អ៊ីចឹង​គួរតែ​ពិនិត្យ​មើល​ចំណុច​ទាំងនេះ ហើយ​មួយវិញ​ទៀត ទិដ្ឋភាព​នៃ​ការពិនិត្យ​លើ​មធ្យោបាយ​រួម​ក៏​គួរពិនិត្យ​មើល​ដែរ ដើម្បី​ឱ្យមាន​ដំណោះស្រាយ​។ បន្ថែម​ពីនេះ សូម​ពិនិត្យ តួនាទី​របស់​មន្ត្រី​ចរាចរណ៍ និង​បង្កើន​ការប្រុងប្រយ័ត្ន​របស់​អ្នក​ធ្វើដំណើរ​ផងដែរ​»​។

វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​បាន​ឆ្លងកាត់​ការសិក្សា និង​ប្រជុំពិភាក្សា​ពី​សំណាក់​ក្រុម​ការងារ​ជំនាញ​សរុប​ចំនួន​ ១៩ ​លើក​នៅក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១៕