
សត្វដំរីដែលចេញពីព្រៃចូលភូមិប្រជាពលរដ្ឋ បំផ្លាញដំណាំ។ រូបថត សហការី
ព្រះសីហនុៈ សត្វដំរីប្រមាណពី ១ ក្បាល ទៅ ១០ ក្បាល បានចាប់ផ្ដើមចូលមកក្នុងភូមិមួយចំនួនក្នុងឃុំអូរបាក់រទេះ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុចាប់តាំងពីដើមខែវិច្ឆិកា នៅពេលដែលគ្មានភ្លៀងធ្លាក់ បានបំផ្លាញផលដំណាំអ្នកភូមិ និងបង្កឱ្យមានកង្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួនដែលសត្វដំរីទាំងនោះអាចនឹងវាយប្រហារមកលើលំនៅឋាននៅពេលដែលកំពុងដេកលក់ បណ្ដាលឱ្យមានគ្រោះថ្នាក់នៅពេលណាមួយ បើសិនជាក្រុមអ្នកជំនាញគ្មានវិធានការរារាំងដល់សត្វដំរីទាំងនោះ។
លោក ឆាយ ជាងហេង ប្រជាពលរដ្ឋនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែវិច្ឆិកាថា សត្វដំរីបានចូលមកអុកឡុកក្នុងភូមិទាំង ៣ នៃឃុំអូរបាក់រទេះ ដែលមានភូមិព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល និងភូមិស្ទឹងសំរោង នៅក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយបានបំផ្លាញ ដូង ចេក ខ្នុរ ស្វាយ និងស្រូវ ជាដើម។
លោក ជាងហេង ថ្លែងថា៖ «ចាប់តាំងពីដើមខែវិច្ឆិកា នៅពេលដែលមេឃរាំង សត្វដំរីបានចុះមកពីព្រៃដោយដើរចល័តពីភូមិ ១ ទៅភូមិ ១ តាមដំណើររបស់វា ប៉ុន្តែនៅពេលមានភ្លៀងធ្លាក់ពួកវាមិនដែលចុះមកទេប្រហែលវាខ្លាចជាប់ភក់ ពួកវាចុះមកជួនកាលមាន ១ ក្បាល ជួនកាលមាន ៣ ទៅ ៥ ក្បាល និងជួលកាលមានរហូត ១០ ក្បាល យើងបានត្រឹមតែមើលឃើញសត្វទាំងនោះបំផ្លាញផលដំណាំដោយគ្មានវិធានការណាមួយរារាំងពួកវានោះទេ»។
ជាងហេង ថ្លែងថា៖ «ដំរីបានស៊ីស្រូវក្នុងស្រែរបស់ខ្ញុំ អស់ ៤ ហិកតា ដែលចេញផ្លែហើយរង់ចាំតែថ្ងៃប្រមូលផល នេះមិនទាន់គិតដល់ស្រែស្រូវដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋដទៃទៀតផង ខ្ញុំមានការសោកស្តាយជាខ្លាំងចំពោះផលដំណាំស្រូវ និងផលដំណាំរួមផ្សំផ្សេងៗទៀត មានដូង ចេក ស្វាយ ខ្នុរជាដើម ដែលបានបាត់បង់ទៅដោយសារដំរីស៊ីនិងបំផ្លាញ។ ខ្ញុំលែងចង់ធ្វើស្រែបន្តទៀតហើយ ព្រោះធ្វើហើយមិនបានផល ថែមទាំងខាតថវិកា និងកម្លាំងកាយចិត្តទៀតផង»។
លោកថ្លែងថា ពួកសត្វដំរីវាដើរចុះដើរឡើងពារផលដំណាំគ្រប់យ៉ាង ដែលធ្វើឱ្យប្រជាជនយ៉ាប់រឿងបង្កបង្កើនផលអត់កើត ដូចជាដូងទើបដាំបានកំពុងចេញផ្លែស្រាប់តែពួកវាមកកាច់គមស៊ីអស់ ខ្នូរអីហ្នឹងវាដើរបេះទម្លាក់ចោល សូម្បីវាមិនស៊ីក៏បេះទម្លាក់ចោលជាន់ចោល ពិបាកណាស់សត្វនេះអត់ការពារវាបានទេ របងអីវាធាក់ចូលមកស្រេចតែចិត្តវា។
លោក កុយ ប៊ុនណាត ប្រជាពលរដ្ឋក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ បានឱ្យដឹងថា ចំពោះបញ្ហាដំរីចុះចូលមកក្នុងភូមិនេះមន្ត្រីអង្គការអភិរក្ស (អង្គការវ៉ាយអេដ) ១ ធ្លាប់បានផ្តល់ជាកាំជ្រួចសម្រាប់អុជបំភ័យសត្វដំរីកុំឱ្យយាយីដំណាំពលរដ្ឋ ដំបូងសត្វដំរីខ្លាចសំឡេងកាំជ្រួចមិនហ៊ានចូលមកលុកលុយក្នុងភូមិទេ ប៉ុន្តែ ក្រោយមកសត្វដំរីក៏បែរជាលែងខ្លាចសំឡេងកាំជ្រួច និងបានដើរចុះចូលក្នុងភូមិ ដោយប្រទះអ្វីដែលវាអាចស៊ីបាន វាក៏ស៊ីបំផ្លាញខ្ទេចគ្មានសល់។
លោកប៊ុណាត ប្រាប់ថា ការដំរីលែងខ្លាចកាំជ្រួច និងមនុស្ស ជាក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងភូមិ បារម្ភជាពិសេសចំពោះសុវត្ថិភាពព្រោះមិនដឹងថា សត្វដំរីទាំងនោះ វាអាចនឹងធ្វើអ្វីដែលនឹកស្មានមិនដល់ ដូចជាបំផ្លាញផ្ទះ ជង្រុកស្រូវ ជាដើម ដែលនាំឱ្យពលរដ្ឋមានការខាតបង់។ ពលរដ្ឋបានតែសំណូមពរទៅកាន់អាជ្ញាធរក្នុងពេលប្រជុំក្នុងឃុំ វេទិកាសាធារណៈ និងប្រជុំផ្សេងៗទៀត ប៉ុន្តែមិនមានដំណោះស្រាយយ៉ាងណានោះទេ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅទីនេះចង់ឱ្យអង្គការអភិរក្សសត្វដំរីជួយអន្តរាគមន៍ការពារ ឬ ធ្វើយ៉ាងណាឱ្យដំរីចាកចេញពីតំបន់ភូមិអ្នកស្រុក កុំឱ្យវាដើរអុកឡុក បំផ្លាញដំណាំដែលអាចចាត់ទុកថា នេះជាអាយុជីវិតពលរដ្ឋ ទម្រាំដាំបានមិនងាយទេ បើដំរីមកបំផ្លាញរហូតអ៊ីចឹង ឱ្យពលរដ្ឋរំពឹងអី»។
លោក អ៊ុច ស៊ុនលាង ជំទប់ទី ២ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ថា ពលរដ្ឋពិតជាបានរាយការណ៍ និងបង្ហាញពីការព្រួយបារម្ភចំពោះសត្វដំរីដែលមករំខានប្រជាពលរដ្ឋក្នុងភូមិ ពិតប្រាកដមែន។ ព័ត៌មានបឋមដែលលោកទទួលបាន គឺមានសត្វដំរីចូលមកក្នុងភូមិ ហើយបានរុញជង្រុកស្រូវហើយបួងយកស្រូវស៊ី ក្រៅពីនោះដំរីបានបំផ្លាញដំណាំរួមផ្សំផ្សេងៗទៀតផងដែរ។
លោកបន្តថា មានអង្គការអភិរក្សចំនួន ២ ធ្វើការនៅទីនោះ គឺអង្គការវ៉ាយអេដ និង អង្គការអភិរក្សអន្តរជាតិ (CI) ប៉ុន្តែពេលរាយការណ៍ប្តឹងជូនទៅពួកគេបានផ្តល់ជូនតែកាំជ្រួចសម្រាប់អុជបន្លាចសត្វដំរីប៉ុណ្ណោះ មិនមានការដោះណាមួយធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនោះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនបានដឹងថាបំផ្លាញដំណាំពលរដ្ឋអស់ប៉ុន្មានហិកតាដែរ គ្រាន់តែដឹងថាពលរដ្ឋគាត់បានរាយការណ៍មក ហើយមេភូមិក៏បានរាយការណ៍មកដែរពេលប្រជុំក្រុមប្រឹក្សា ប្រជុំប្រចាំខែម្តងៗ តែយើងអត់មានដំណោះស្រាយទេ បើសិនជាអង្គការហ្នឹងគេអត់មានវិធីសាស្ត្រសម្រាប់ទប់ស្កាត់សត្វដំរីហ្នឹង មិនដឹងធ្វើម៉េចមានតែតាមដំណើរទៅ»។
លោកជំទប់ទី២ ឃុំអូរបាក់រទេះ ប្រាប់ថា ក្នុងឃុំនេះមានតែ ៣ ភូមិទេ ប៉ុន្តែដំរីភាគច្រើនចូលមកតែក្នុងភូមិ ព្រៃប្រសិទ្ធ និងភូមិស្ទឹងសំរោង។ ដំរីចូលចិត្តដើរចូលក្នុងភូមិនេះអាចមកពីនៅទីនោះពលរដ្ឋមានការដាំដុះដំណាំហូបផ្លែបានល្អ និងមានការធ្វើស្រូវស្រែផងដែរ៕