​បាត់ដំបងៈ សាច់​មង​ប្រវែង ១ ២០០​ ម៉ែត្រ ឡុ​ក​ចាប់​ត្រី​ចំនួន ៤​ គ្រឿង បង្គោល​ចំនួន ១៩០ ​ដើម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តបាត់ដំបង ចុះបង្ក្រាប​បាន​ កាលពី​ថ្ងៃ​ទី​ ២៤ ​វិច្ឆិកា នៅ​ចំណុច​កើត​អា​ជ្រឹង ក្នុងភូមិ​សាស្ត្រ ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច និង​ចំណុច​យាយ​រ៉ាំ​ម ភូមិសាស្ត្រ ភូមិ​ទួល​ព្រុំ​ ២ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​


​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ បឿ អាត នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ប្រធាន​ក្រុម​ប្រតិបត្តិការ​គោលដៅ​ស្រុក​មោង​ប្ញ​ស្សី លោក​វរសេនីយ៍ឯក ស គឹម​ឡុង អធិការ​ស្រុក​មោងឫស្សី លោក តោ ថា​រី នាយរង​ផ្នែក​រដ្ឋបាល​ជលផល​អន្លង់​វិល លោក​វរសេនីយ៍ទោ អ៊ី សេងហុង ប្រធាន​ស្នាក់ការ​ទិស​ទន្លេសាប​ភូមិភាគ​ទី​៥​។​

​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ក៏មាន​ការចូលរួម​ពី​ក្រុមប្រឹក្សាឃុំ​ជ្រៃ និង​កម្លាំង​សឹក​រង​ស្រុក​មោងឫស្សី ផងដែរ ដោយ​ប្រើប្រាស់​សម្ភារ​រួមមាន កាណូត​ស្មាច់ ៤​ គ្រឿង កណ្តៀវ ៦ ​ដើម និង​កាំបិត​ចំនួន ១០ ​ដើម​។​

​ការចុះ​បង្ក្រាប​នេះ ក្រៅពី​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ខាងលើ សមត្ថកិច្ច​ក៏បាន​លែង​ត្រី​និង​កូន​ត្រី​ចម្រុះ ៥០ ​គីឡូក្រាម ​ដែល​រឹបអូស​បាន​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ​។​


​ចំណែក​រាល់​វត្ថុតាង​ដែល​បង្ក្រាបបាន​សមត្ថកិច្ច​កាប់បំផ្លាញ​និង​ដុត​កម្ទេចចោល​នៅនឹងកន្លែង ខណៈដែល​ជនល្មើស​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​៕​