​ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បានទទួល​ពានរង្វាន់​ផ្នែក​នវានុវត្តន៍​ពី​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ក្នុង​ការដាក់​ឱ្យប្រើ​កម្មវិធី​ឈ្មោះ NSSF Member App សម្រាប់​សមាជិក​របស់​ខ្លួន​។​


​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​នៃ ប​.​ស​.​ស​. ទទួល​ពានរង្វាន់​នេះ ពី​លោក Indrajid Nurmukti អគ្គលេខាធិការ​នៃ ASSA នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ASSA លើក​ទី​៣៩ កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា នៅ​ប្រទេស​ឡាវ​។

​ប​.​ស​.​ស បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ២៤ ខែវិច្ឆិកាថា​៖ «​ការវាយតម្លៃ​ផ្តល់​ពានរង្វាន់​ឧ​ត្ត​មមា​នុ​វត្ត​ន៍​ក្នុង​ការដាក់​ឱ្យប្រើ​កម្មវិធី NSSF Member App ពី​គណ​:​កម្ម​ការវាយតម្លៃ នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់ ប​.​ស​.​ស​. កម្ពុជា ហើយ​នេះ​ក៏​ជា​ពានរង្វាន់​លើក​ទី​៦ ​ដែរ ដែល ប​.​ស​.​ស​. កម្ពុជា​ទទួលបាន​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន លើ​ការបំពេញ​ការងារ​ប្រកបដោយ​ភាពជោគជ័យ​ក្នុងការ​អនុវត្ត​របប​សន្ដិសុខ​សង្គម​ជូន​ដល់​សមាជិក​របស់ខ្លួន​»​។

​ប​.​ស​.​ស បញ្ជាក់ថា កម្មវិធី NSSF Member App គឺជា​ការបោះ​ជំហាន​បច្ចេក​វិទ្យា​ថ្មី ដែល​អនុញ្ញាតឱ្យ​សមាជិក ប​.​ស​.​ស​. ទាំងអស់​អាច​ពិនិត្យមើល​ព័ត៌មាន​ផ្ទាល់ខ្លួន ពិនិត្យមើល​ភាគទាន​ប្រចាំខែ របាយការណ៍​ចូល​ប្រើប្រាស់​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ដៃគូ អាសយដ្ឋាន ប​.​ស​.​ស​.​ស្នាក់ការ​កណ្តាល និង​សាខា​អាសយដ្ឋាន​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​.។


​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ផ្លាស់​វេន​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​សម្រាប់​អាណត្តិ ២០២១-២០២២ កិច្ចប្រជុំ​នេះ​បានអនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ASSA លើក​ទី​៣៨​។​


​កិច្ចប្រជុំ​នេះ​ក៏បាន​ផ្ទេរតំណែង​ប្រធាន អនុប្រធាន និង​អគ្គលេខាធិការ ASSA សម្រាប់​អាណត្តិ​ថ្មី​ គឺ​ឆ្នាំ​ ២០២២-២០២៣ អនុម័ត​ផែនការ​សកម្មភាព ASSA សម្រាប់​ឆ្នាំ ២០២២-២០២៣ អនុម័ត​ប្រធានបទ​សម្រាប់​កិច្ចប្រជុំ​លើក​ទី​៤០ និង​ពង្រឹង​កិច្ចសហការ​កាន់តែ​ប្រសើរ​រវាង​ស្ថាប័ន​សន្តិសុខ​សង្គម​ជា​សមាជិក​។

​លោក Anggoro Eko Cahyo គឺជា​ប្រធាន ASSA ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២២​។ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣៩ នេះ លោកស្រី Keo Chanthavixay អគ្គនាយកនៃ​អង្គភាព​សន្តិសុខ​សង្គម​ឡាវ (LSSO) នៃ​ប្រទេស​ឡាវ ត្រូវបានតែងតាំង​ជា​ប្រធាន ASSA សម្រាប់​អាណត្តិ​ថ្មី​ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៣​។

​លោក Datuk Seri Amir Hamzah Azizan នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​សន្និច្ច័យ​សម្រាប់​កម្មករ​និយោជិត (EPF) នៃ​ប្រទេស​ម៉ាឡេស៊ី ត្រូវបានតែងតាំង​ជា​អនុប្រធាន ខណៈ​លោកស្រី Bouahome Phommachanh អគ្គនាយករង នៃ ​LSSO ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​នៃ​សមាគម ASSA នេះ​សម្រាប់​អាណត្តិ​ថ្មី​នេះ​។​

​កិច្ចប្រជុំ​លើក​ទី​៣៩​ នេះ ត្រូវបាន​រៀបចំឡើង​ដោយ LSSO ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន ASSA ដោយមាន​ការចូលរួម​ពី​សមាជិក​របស់ខ្លួន​ចំនួន ១០០ ​នាក់ មកពី​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​ ១០ រួមមាន ប្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​៕​