សមាជិក​គណៈកម្មការ​ខេត្ត​ភាគ​ឦសាន ត្រូវ​បាន​បណ្តុះបណ្តាល​ពី​ការកសាង​សមត្ថភាព ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ​ និង​ការងារ

Content image - Phnom Penh Post
អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា​។ រូបថត ក្រសួង​ការងារ

មណ្ឌលគិរី​-​រតនគិរីៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ចុះ​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២ ​ថ្ងៃ ដើម្បី​កសាង​សមត្ថភាព​ដល់​សមាជិក​គណៈកម្មការ​ខេត្ត​នៅ​តំបន់​ភាគ​ឦសាន ដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ​ និង​ការងារ​ឆ្នាំ​ ២០១៥-២០២៥​។

សិក្ខាសាលា​ដែល​ធ្វើ​នៅ​ថ្ងៃទី ​២២ និង​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មានការ​អញ្ជើញ​ចូលរួម​ពី​ខាង​តំណាង​មន្ទីរ អង្គភាព​ជំនាញ​នៃ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ក្រសួង​ការងារ​។

លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើកឡើង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​មាន​សកម្មភាព​មួយចំនួន​នៃ​គោលនយោបាយ​នេះ​កំពុងតែ​ត្រូវ​បាន​អនុវត្ត​យ៉ាងសកម្ម​ដោយ​ក្រសួង ស្ថាប័ន និង​អង្គភាព​នានា ព្រោះថា​សកម្មភាព​ទាំងឡាយ​នោះ​ក៏ត្រូវ​បាន​កំណត់​ផងដែរ នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​នីមួយៗ​នៃ​ទិសដៅ​ការងារ និង​បេសកកម្ម​របស់​សាមី​អង្គភាព​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ សកម្មភាព​នៅក្នុង​គោលនយោបាយ​មួយ​នេះ ក៏ដូចជា​គោលនយោបាយ​ផ្សេងទៀត​ផងដែរ វា​ពិតជា​មិនអាច​ដាច់​ចេញ​ពី​សកម្មភាព​នានា ដែល​មាន​នៅក្នុង​ផែនការ​សកម្មភាព​នៃ​សាមី​អង្គភាព​នោះឡើយ​»​។

ត្រង់ចំណុច​នេះ​លោក​ ហ៊ូ វុឌ្ឍី លើកឡើង​ថា មន្ទីរ និង​អង្គភាព​ជំនាញ​នីមួយៗ​នៅ​ថ្នាក់​រាជធានី​-​ខេត្ត មាន​កាតព្វកិច្ច​ចូលរួម​អនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ជួយ​ជំរុញ​ឱ្យ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ និង​ស្ថាប័ន​នានា​នៅ​ថ្នាក់ជាតិ ឱ្យ​ឈានទៅ​សម្រេច​ផែនការ​សកម្មភាព​រួម​ប្រចាំឆ្នាំ​នីមួយៗ ដើម្បី​ចូលរួម​ក្នុងការ​បង្កើន​ឱកាស​ការងារ​សមរម្យ ផលិតភាព​ការងារ​ខ្ពស់ លើកកម្ពស់​ការអភិវឌ្ឍ​ជំនាញ​ និង​ធនធាន​មនុស្ស និង​ពង្រឹង​អភិបាលកិច្ច​ទីផ្សារការងារ​នៅ​ទូទាំង​ប្រទេស​។

លោក​រដ្ឋលេខាធិការ​សង្ឃឹម​ថា បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះហើយ ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ​ ២០១៥-២០២៥ នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​មួយកម្រិត​ទៀត ក្នុង​ការជួយ​លើកស្ទួយ​ការគ្រប់គ្រង​វិស័យ​ការងារ និង​មុខរបរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ស្រប​ទៅ​តាម​ការប្រែប្រួល និង​ការផ្លាស់ប្តូរ​នានា​នៅក្នុង​រចនាសម្ព័ន​គ្រប់​វិស័យ​នៃ​សង្គមជាតិ ដែល​ត្រូវតែ​វិវត្ត​ខ្លួន​ឱ្យ​ត្រូវ​ទៅតាម​ជំហាន​នីមួយៗ​នៃ​ការរីកលូតលាស់​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ខាង​ការប្រែប្រួល​ខាង​ចិត្តសាស្ត្រ​សង្គម ក៏ដូចជា​ការប្រែប្រួល​ផ្សេងៗ​ទៀត​ទាក់ទង​ទៅនឹង​សុខភាព ។

ជាពិសេស​គឺ​រាល់​លក្ខខណ្ឌ​ដ៏ចាំបាច់​នានា​នៃ​ការផ្ទេរ​ដំណាក់កាល​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ពលកម្ម​ដែល​ពឹង​ផ្អែកលើ​ជំនាញ​នៅពេល​ខាងមុខ ដែល​ទាមទារ​ការលើកកម្ពស់​ផលិតភាព​ការងារ ក្នុង​ការប្រែក្លាយ​ពី​ឧស្សាហកម្ម​មាន​តម្លៃ​បន្ថែម​ទាប​ទៅជា​ឧស្សាហកម្ម​មានតម្លៃ​បន្ថែម​ខ្ពស់ ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន សម្រាប់​ធានា​ស្ថិរភាព​ខាង​ជីវភាព​រស់នៅ និង​ភាពសុខុដុម​នៅក្នុង​សង្គម​ឱ្យ​បាន​សម្រប​តាម​ការផ្លាស់ប្តូរ​ថ្មីៗ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

បើតាម​ក្រសួង​ការងារ តំណាង​អភិបាលខេត្ត​ទាំង​ ២ គូសបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ ពិត​ជា​មាន​សារៈសំខាន់ និង​ផ្តល់​ការយល់ដឹង​បន្ថែម​ទៀត​សម្រាប់​គណៈកម្មការ​ខេត្ត ដើម្បី​ឈានទៅដល់​ការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​នៅ​ថ្នាក់​ខេត្ត និង​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ឱ្យ​ទទួលបាន​ជោគជ័យ​។

គួរបញ្ជាក់​ជូន​ថា គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ ត្រូវ​បាន​បង្កើតឡើង​ស្រប​តាម​បរិបទ​ និង​ស្ថានភាព​ជាក់លាក់​នៃ​កម្ពុជា ដោយ​បាន​ពិនិត្យ និង អនុលោម​ទៅតាម​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​អង្គការ អន្តរជាតិ​ខាង​ការងារ​ (ILO) ​ឆ្នាំ​ ១៩៦៤ លេខ​ ១២២ ស្តីពី​គោលនយោបាយ​មុខរបរ ដែល​មាន​ចក្ខុវិស័យ​លើកកម្ពស់​ជីវភាព​រស់នៅ​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​គ្រប់​រូបភាព​សុខុដុមរមនា​សង្គម តាមរយៈ​ការបង្កើត​ការងារ​សមរម្យ និង​មាន​ផលិតផល​ខ្ពស់ ជូន​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ប្រកប​ដោយ​សមធម៌​។

គោលនយោបាយ​នេះ​ត្រូវ​បាន​រៀបចំ​ស៊ីសង្វាក់​គ្នា​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ជំរុញ​កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ពី​ឧស្សាហកម្ម​មាន​តម្លៃ​បន្ថែម​ទាប ឈាន​ទៅ​ឧស្សាហកម្ម​ទំនើប ដែល​ផ្អែកលើ​ជំនាញ​មាន​តម្លៃ​បន្ថែម​ខ្ពស់ លើក​កម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​ការងារ​ខ្ពស់​៕

ព័ត៌មានថ្មីៗ