ព្រះវិហារៈមន្រ្តី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាលបាន​​​អំពាវ​នាវ​ទៅ​ដល់​​មន្ត្រី​សុខា​ភិបាល​ទាំង​អស់​ ត្រូវ​គោរព​តាម​ក្រមសីល​ធម៌​វិជ្ជាជី​វៈ​ពេទ្យ ដើម្បី​ជួយ​ព្យាបាល​ជំងឺ និង​ជួយ​សង្រ្គោះ​ជីវិត​​អ្នកជំងឺ និង​រក្សា​ឱ្យបាន​នូវ​សុខុមាល​ភាព​សុខ​ភាព​សាធារណៈ​របស់​ប្រជាព​លរដ្ឋ​។


នេះ​ជា​ការ​ថ្លែង​​​របស់​លោក​ស្រី​ ម៉ែន សំអន ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋស​ភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច ក្នុង​ពេល​លោកស្រី​ ចូលរួម​​ប្រគល់ និង​ទទួល​សម្ភារ​បរិក្ខារពេទ្យ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តខេត្ត​ឃ្យូង​សាង​ប៊ុកដូ នៃសា​ធារណរដ្ឋ​កូរ៉េ កាល​ពី​សប្តាហ៍​មុន​ នា​ខេត្តព្រះ​វិហារ​។

​លោក​ស្រី​ក៏បាន​​ថ្លែង​អំណរ​គុណដ​ល់ថ្នាក់ដឹក​នាំខេត្ត និង​មន្ត្រីសុខាភិបាល​ដែលបាន​ចូល​រួមយ៉ាង​សកម្ម ក្នុង​ការ​គ្រប់​គ្រង​បាន​យ៉ាង​ល្អ ក្នុងការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃជំងឺកូវីដ​ ១៩ ។

​លោក​ស្រី ម៉ែន សំអន បាន​​លើក​ទឹក​ចិត្ដ​ដល់​លោកគ្រូ អ្នក​គ្រូពេទ្យទាំង​អស់​ថា​ ៖ «សូម​បន្ត​សកម្មភាព​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ ស្រប​តាម​និយាម​សមត្ថភាព​បច្ចេក​ទេស ស្តង់​ដាគុណ​ភាព និង​ត្រូវ​គោរ​ពតា​មក្រម​សីលធម៌​វិជ្ជា​ជីវៈ​ពេទ្យឱ្យបាន​ខ្ពស់ ដើម្បី​ជួយ​​ព្យាបាល​ជំងឺ ​ដល់ប​ងប្អូន​ប្រជាពល​រដ្ឋនៅ​ក្នុង​ខេត្ត​ព្រះវិ​ហារ»។​​


ជាមួយគ្នា​នេះ ​លោក​ស្រី​​បាន​ធ្វើការ​​​កោតស​រសើរ​ដល់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រីសុខាភិបាល​នៅខេត្ត​ព្រះវិហារ ដែល​ជា​ខេត្តឆ្ងាយ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ប្រទេស​ឡាវ បាន​ធ្វើកិច្ច​ការ​យ៉ាង​ច្រើន​ទាក់​ទង​នឹង​ការព្យា​បាល និងការ​​ផ្តល់​សេវា​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ។


លោក​ស្រី ម៉ែន សំអន បាន​ថ្លែង​ថា ៖ «​​សម្តេច​តេជោ ហ៊ុន សែន គឺតែ​ង​បាន​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន និង​ផ្តល់​អាទិភាព​មុន​គេ គឺ​វិស័យ​សុខាភិបាល​និង​វិស័យ​អប់​រំ​»​។

ជា​មួយ​គ្នានោះ​​ លោ​ក​ស្រីក៏​បាន​ជំរុញ​ដល់ថ្នាក់​ដឹក​នាំសុខា​ភិបាល​ខេត្ត ត្រូវ​បន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​លើការ​ផ្តល់​វ៉ាក់សាំង​នានា ដើម្បី​ឱ្យកូន​ចៅប្រជាព​លរដ្ឋ​ដែល​បាន​ប្រសូត្រ​មក ឱ្យមាន​កាយ​សម្បទា​គ្រប់​គ្រាន់មាំមួន​ និង​បញ្ញាស្មារតី​ល្អផង​ដែរ។

«ការ​កង្វះ​អាហា​រូបត្ថម្ភ​ជាបន្ទុក​របស់​យើង​ទាំង​អស់គ្នា​ តែយើ​ងត្រូវ​តែមា​នការ​ផ្តល់​ជួយ​ផ្សព្វ​ផ្សាយ​ដល់សម​ភាពគ្រ​ប់ទាំង​អស់ ហើយ​ការងារ​នេះ​មិន​មែន​ធ្វើ​តែមន្ត្រី​សុខាភិបាល​តែម្នាក់​ឯង​នោះ​ទេ គឺ​ទាំង​អស់​គ្នា រាប់ទាំ​ងមិត្ត​ភក្តិ​បរទេស​ផងដែរ​»។ លោក​ស្រី ម៉ែន សំអន បាន​បន្ថែម​។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្ភារ​បរិក្ខា​រដែល​ប្រគល់​ ទទួល​នា​ឱកាស​នោះរួម​មាន ម៉ាស៊ីន​ពិនិត្យ​ភ្នែក​១ឈុត ម៉ាស៊ី​ន​ផលិត​អុក​ស៊ីសែន​៤​គ្រឿង អាវ​ពេទ្យ ៤​កេស ម៉ាស វែនតា ឧបករណ៍​វ៉ាស់​កំដៅ និង​សម្ភារ​សង្គ្រោះ​បន្ទាន់​ជាច្រើន​។

ទាក់​ទង​នឹង​ការការពារ​សុខ​ភាព​នេះ​ផងដែរ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាល ​ក៏បាន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ឱ្យបន្ត​អនុវត្តនូវ​វិធានការ​ការពារ​ពីជំងឺឆ្លង​ផ្សេងៗ ជាពិសេស​ការចម្លង​វីរុស​កូវីដ ១៩ ឱ្យបាន​ខ្ជាប់​ខ្ជួន និង​ត្រូវ​ទៅទទួល​ការ​​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យបាន​គ្រប់​ដូស​។​​

​នា​​ទិវា​នៃ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ឆ្នាំ ២០២២ កាលពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិ​កា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខា​ធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល បាន​បន្ត​ជំរុញ និង​អំពាវនាវ​ដល់​​ប្រជា​ពលរដ្ឋ​ទាំងអស់​ បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ ​ឱ្យបាន​ខ្ជាប់ខ្ជួន រួមគ្នា​ពង្រឹង​ភាពស៊ាំ​សហ​គមន៍ ឱ្យបាន​រឹងមាំ​តាមរយៈ​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យបាន​គ្រប់​ដូស ទាំង​ដូស​មូល​ដ្ឋាន និង​ដូស​ជំរុញ។

លោកស្រី​បាន​បញ្ជាក់​ថា ៖ «ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យបាន​គ្រប់​ដូស ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ ដែល​មាន​ទាំងដូស​ទី ៣ ដូសទី ៤ និង​ដូស​ទី ៥ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​សម្រេច​បាន​និរន្តរភាព​នៃការ​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី។​ ការធ្វើ​ដូច្នេះ​គឺ​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​អនុវត្ត​ស្របតាម​ពាក្យ​ស្លោកថា ​រួមគ្នា យើង​អាច​បញ្ឈប់​ការចម្លង​វីរុស​កូវីដ ១៩ និង​ទទួល​បាន​ភាព​រីករាយ​នាពេល​អនា​គត»៕