ភ្នំពេញៈ អភិបាល និង​តំណាង​ទីក្រុង​ចំនួនជាង ១០០ នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ក្រៅ​អាស៊ាន​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អភិបាល​រាជធានី ​រដ្ឋធានី​អាស៊ាន​និង​វេទិកា​អភិបាល​ក្រុង​អាស៊ាន​ឆ្នាំ ២០២២ នៅ​ភ្នំពេញ​នៅ​ខែក្រោយ​ដើម្បី​ជំរុញ​ការកសាង​ទីក្រុង​វៃឆ្លាត។​


​កាលពី​ថ្ងៃទី ២៥ វិច្ឆិកា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិនិត្យ​លើ​ការ​រៀបចំ​ឱ្យបាន​រួចរាល់​មុន​កិច្ចប្រជុំ​ទាំង​នេះ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ២ ថ្ងៃ នៅ​ថ្ងៃទី ២-៣ ខែធ្នូ ដែល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ។​

​គេហទំព័រ​ក្រសួងមហាផ្ទៃ​ឱ្យដឹង​នា​ថ្ងៃទី ២៧ វិច្ឆិកា​ថា​៖ «​តាម​ការបញ្ជាក់​របស់​លេខា​ធិការដ្ឋាន​នៃ​កិច្ច​ប្រជុំ​ខាងលើ​នេះ មាន​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ ៨០ ទីក្រុង ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង ២០ ទីក្រុង​ធំៗ​ចូលរួម»។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ស្រង់​សម្តី​មក​ចុះផ្សាយ​ក្នុង​គេហទំព័រ​នេះ​ថា កិច្ច​ប្រជុំ​នេះ ​គឺ​រៀបចំ​ក្នុង​កម្រិត​តូច​ជាង​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ហៅថា អាយប៉ា (AIPA) ដែល​បាន​បញ្ចប់​ថ្មីៗ​នេះ​នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​គឺ​យក​ទម្រង់​ដូច​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះដែរ នៅ​ខេត្ត​សៀមរាប។


​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ ២០២២ នេះ មាន​គោល​បំណង​ពង្រឹង​កិច្ចសហការ​តាមរយៈ​ការ​ជំរុញ​ការកសាង​ទីក្រុង​វៃឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព​ប្រកប​ដោយ​បវិវត្តកម្ម និង​បរិយាប័ន្ន​តាម​គន្លង​ប្រក្រតីភាព​ថ្មី​តាម​គោលការណ៍​អាស៊ាន​រួមគ្នា​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​។ ចំពោះ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ផ្តោត​លើ​ការជំរុញ​កិច្ចសហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ទីក្រុង​វៃឆ្លាត មាន​ភាពធន់ និង​មាន​ចីរភាព។​


​វេទិកា​នេះ​គឺ​សម្រាប់​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​ទាំង ១០ លើកឡើង និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​ទីក្រុង​នាពេល​បច្ចុប្បន្ន​ដែល​អាច​កើត​មាន​ឡើង ព្រមទាំង​ចែករំលែក​ការអនុវត្ត​ល្អៗ​ក៏ដូចជា​ទស្សនៈ​របស់​ពួកគាត់​សម្រាប់​ការកសាង​សហគមន៍​អាស៊ាន។​

​លោក យ៉ង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់ ដែល​ទីក្រុង​របស់​អាស៊ាន​ទាំងអស់ អាច​នឹង​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​ហើយ​ចែក​រំលែក​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ទីក្រុង​ក៏ដូចជា​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព និង​ភាពធន់។ ការអភិវឌ្ឍ​ទីក្រុង​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់​សុទ្ធ​តែមាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​មួយចំនួន។

​ផល​វិជ្ជមាន​ គឺ​ធ្វើឱ្យ​ទីក្រុង​ស្រស់ស្អាត​មាន​បរិយាកាស​ល្អជា​ដើម ប៉ុន្តែ​ភាព​អវិជ្ជមាន​ក៏​នៅមាន​ដូចជា​បរិយាប័ន្ន​ដែល​នៅតែ​ជា​បញ្ហា​ចន្លោះ​ខ្វះខាត​របស់​អាស៊ាន​។ «​ការ​អភិវឌ្ឍ ​ពេលខ្លះ​គឺ​មិន​ធ្វើឱ្យមាន​បរិយាប័ន្ន​បានន័យ​ថា មាន​ការ​ចូលរួម​គ្រប់​ជ្រុងជ្រោយ​នោះទេ ដោយសារ​តែ​ការជំរុញ​ការអភិវឌ្ឍ​ហ្នឹង​លឿន​ជាង​ការ​គិតពី​បញ្ហា​សិទ្ធិ​របស់​ពលរដ្ឋ​។ ដូច្នេះហើយ​ដែល​ធ្វើឱ្យមាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មួយចំនួន»។​

​លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការបង្កើត​ទីក្រុង​វៃឆ្លាត នៅក្នុង​តំបន់​អាស៊ាន​គឺជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​អាស៊ាន ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម វិបុលភាព​តំបន់ បញ្ហា​បរិស្ថាន និង​កំណើន​សេដ្ឋកិច្ច និង​ប្រជាជន​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម។

​លោក​ថា បច្ចុប្បន្ននេះ​កម្ពុជា​បាននិងកំពុង​ព្យាយាម​យក​ក្រុង​សៀមរាប ដែលជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និង​ប្រវតិ្តសាស្ត្រ ធ្វើជា​ទីក្រុង​វៃឆ្លាត​សាកល្បង​ប្រចាំ​នៅ​អាស៊ាន តាមរយៈ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ហេដ្ឋារចនា​ក្រុង អភិវឌ្ឍ​គម្រោង​ភូមិ​ស្អាត និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​កែច្នៃ​ជាដើម។

​លោក​ ថុង ម៉េង​ដា​វិត ថ្លែងថា​៖ «​កម្មវិធី​ទីក្រុង [​វៃ​] ឆ្លាត​កម្ពុជា​ត្រូវបាន​បណ្តា​ប្រទេស​ដទៃ​គាំទ្រ​ជាពិសេស​ប្រទេស​ជប៉ុន​។ អាស៊ាន​ត្រូវតែ​គាំទ្រ និង​បន្ត​យន្តការ​អភិវឌ្ឍន៍​ទីក្រុង [​វៃ​] ឆ្លាត​នេះ​នៅតាម​បណ្តា​ទីក្រុង​ចាស់ថ្មី​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដោយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក»៕