ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ណែនាំ​ឱ្យ​កសិករ​ពង្រីក​ការចិញ្ចឹម​ត្រីឆ្ពង់ និង​ត្រី​តុកកែ​ក្នុង​បែ​និង​ស្រះ​ឱ្យ​កាន់​តែច្រើន​ថែមទៀត ហើយ​រដ្ឋបាល​ជលផល​គួរ​សិក្សា​ពី​លទ្ធភាព​យក​ពូជ​ត្រី​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ វារីវប្បកម្ម​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ​មក​បំប៉ន​នៅ​កសិដ្ឋាន​នេះ ដោយ​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​គាំទ្រ​បច្ចេកទេស និង​ធ្វើ​ផលិតកម្ម​តាម​តម្រូវការ​ទីផ្សារ​ ដើម្បី​ផ្សព្វផ្សាយ​ពូជ​ត្រី​ក្នុងស្រុក និង​លក់​ចែកចាយ​ដល់​អ្នក​ចិញ្ចឹម​ត្រី​ផ្សេងទៀត​។ ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ធ្វើឡើង​ក្នុង​ពេល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដល់​កន្លែង​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​បណ្តុំ​អាជីវកម្ម​នៃ​ការចិញ្ចឹម​ត្រីឆ្ពង់ និង​ត្រីតុកកែ​ក្នុងបែ និង​ស្រះ នៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ថ្ងៃទី ២៦ ខែវិច្ឆិកា។


​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កោត​សរសើរ​ដល់ លោក​ឆេង ឈុន ដែល​ចេះ​គិតគូរ​ពី​ផែនការ​ចិញ្ចឹម​ត្រី និង​សិក្សា​ពី​តម្រូវការ​ទីផ្សារ​បាន​ច្បាស់លាស់ និង​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​។​លោក​បាន​អនុវត្ត​ការចិញ្ចឹម​ត្រី​ក្នុងបែ និង​ស្រះ​តាំង​ពី​ឆ្នាំ ២០០២ មក ហើយ​បច្ចុប្បន្ន លោក​ទទួល​បាន​ការគាំទ្រ​បន្ថែម​ពី​កម្មវិធី ASPIRE បាន​ធ្វើឱ្យ​អាជីវកម្ម​របស់​គាត់​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​

​លោក​ថ្លែងថា​៖ «​រដ្ឋបាល​ជលផល​គួរ​សិក្សា​ពី​លទ្ធភាព​យក​ពូជ​ត្រី​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ នៅ​ព្រះសីហនុ មក​បំប៉ន​នៅ​កសិដ្ឋាន​នេះ និង​ណែនាំ​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​គាំទ្រ​បច្ចេកទេស និង​ធ្វើ​ផលិតកម្ម​តាម​តម្រូវការ​ទីផ្សារ ដើម្បី​ផ្សព្វផ្សាយ ពូជ​ត្រី​ក្នុងស្រុក និង​លក់​ចែកចាយ​ដល់​អ្នក​ចិញ្ចឹម​ត្រី​ផ្សេងទៀត»។​

​តាម​របាយការណ៍​របស់ម​ន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង បាន​ឱ្យដឹង​ថា បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រីឆ្ពង់ និង​ត្រី​តុកកែ នៅ​ឃុំ​ប៉ាក់ខ្លង បច្ចុប្បន្ន​មាន​អ្នក​ចិញ្ចឹម​ត្រីឆ្ពង់ និង​ត្រី​តុកកែ ១៩ គ្រួសារ លើ​ផ្ទៃក្រឡា ៨១៦ ម៉ែត្រការ៉េ​ស្មើនឹង ៥២ បែត្រី​។ ផលិតកម្ម​ត្រី​តុកកែ​សរុប​មាន​ចំនួន ៤,៤ តោន ក្នុង ១ ឆ្នាំ ក្នុងនោះ​ត្រី​តុកកែ​ចំនួន ២,៤ តោន ត្រូវបាន​ប្រមូល និង​លក់​ក្នុងតម្លៃ​ពី ២៧ ០០០ រៀល​ទៅ ៣៥ ០០០ រៀល​ក្នុង ១ គីឡូក្រាម​។ រីឯ​ទិន្នផល​ត្រី​ឆ្ពង់​វិញ ប្រមូល​បាន ៩ តោន ដោយ​ក្នុង ១ គីឡូក្រាម​ថ្លៃ ២០ ០០០ រៀល​ទៅ ២៧ ០០០ រៀល។​


​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ចុះទៅ​សហគមន៍​ពាម​ក្រសោប និង​បាន​ណែនាំ​បងប្អូន​ឱ្យ​ពិសា​គ្រំ​ចំពុះទា ដែល​វាជា​សត្វ​អាច​ចិញ្ចឹម​បែប​ធម្មជាតិ​នៅ​សមុទ្រ​កោះកុង​ដោយ​គ្រាន់តែ​ដាក់​បង្គោល​ឱ្យ​តោង​ហើយ​វា​ចេះ​រក​ចំណី​ធម្មជាតិ​ដោយ​ខ្លួនឯង​។ ដើម្បី​បាន​ភ្លក្ស​រសជាតិ​គ្រំ​ចំពុះទា លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​វិធី​ចម្អិន​គ្រំ​ចំពុះទា​ដោយផ្ទាល់​ទៀតផង។


​លោក វង្ស តារា អនុប្រធាន​សហគមន៍​ពាម​ក្រសោប បានឱ្យដឹង​នៅ​ថ្ងៃទី ២៧ ខែ​វិច្ឆិកា​ថា សហគមន៍​នេសាទ​តំបន់ឆ្នេរ​សមុទ្រ ពាម​ក្រសោប​មាន​ប្រជានេសាទ​ក្នុង​សហគមន៍ ដែល​ចិញ្ចឹម​គ្រំ​ចំពុះទា មាន​ចំនួន ១១៥ គ្រួសារ​។ បរិមាណ ឬ​ទិន្នផល​គ្រំចំពុះទា​សរុប លើ​ផ្ទៃដី​ប្រហែល ៦៨ ហិកតា បរិមាណ ឬ​ប្រមូល​ផល​ចាប់ សរុប​បាន​ប្រហែល ២ ៥០០-៣ ០០០ តោន ក្នុង ១ ឆ្នាំ ហើយ​ដាក់​លក់ តម្លៃ ១ ២០០-២ ០០០ រៀល​ក្នុង ១ គីឡូក្រាម។

​លោក​ប្រាប់ថា​៖ «​ក្រោយពេល​ជំងឺ​កូវីដ ១៩ ស្ងប់ស្ងាត់ យើង​នាំទៅ​ប្រទេស​ថៃ ៧៥ ភាគរយ ទីផ្សារ​ក្នុង​ស្រុក ១៥ ភាគរយ​ដែល​ទីផ្សារ​ក្នុង​ស្រុក មាន​កំណើន​គួរ​កត់សម្គាល់ និង​ប្រទេស​វៀតណាម ១០ ភាគរយ»។​

​លោក ឌិ​ត ទីណា បញ្ជាក់ថា​ក្រសួង​កសិកម្ម​គាំទ្រ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​អង្គការ​នានា ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ជួយ​ឱ្យ​ផលិតផល​កែច្នៃ​ក្នុងស្រុក​អាច​ផលិត​បាន​តាម​ស្តង់ដា​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​អាច​ឈាន​ចូល​ទីផ្សារ​ទំនើប។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​កសិករ​ដែល​ធ្វើការ​នៅ​ក្នុង​សហគមន៍​នេសាទ​ឱ្យមាន​និរន្តរភាព និង​ចូលរួម​ថែរក្សា​បរិស្ថាន ហើយ​ជំនាញ​នឹង​ជួយ​មើល​ក្នុងការ​ថែរក្សា​ជម្រក​បង្គា ក្តាម ជាពិសេស​ប្រសិន​បើការ​ប្រមូល​ទិញ​ឃើញ​មាន​ក្តាម​ញីពង គឺ​ត្រូវ​លែង​ត្រឡប់​ទៅវិញ»។​

​លោក​ក៏បាន​ចុះ​ពិនិត្យ​បណ្តុំ​អាជីវកម្ម​បន្លែ របស់​កម្មវិធី (ASPIRE) នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​ឆ្លាត​វៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ។ បន្ទាប់ពី​បាន​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​កសិករ និង​អ្នកប្រមូល​ទិញ​រួចមក លោក​បានផ្តល់​ជា​គំនិត​ដល់​កសិករ​ត្រូវ​ស្វែងយល់ ពី​ផែនការ​អាជីវកម្ម ដើម្បី​ចៀសវាង​ផលិត​លើសពី​តម្រូវការ។​

​លោក​ថ្លែងថា​៖ «​ការ​ចងក្រង​ជា​ក្រុម ឬ​ជា​សហគមន៍​កសិកម្ម​មាន​សារៈសំខាន់ ដែល​ជួយ​ឱ្យ​យើង​អាច​រៀបចំ​ប្រតិទិន​ដាំដុះ​ដំណាំ បន្លែ និង​ការចរចា​តម្លៃ​ទីផ្សារ​»​។ «​មន្ទីរ​កសិកម្ម​ត្រូវ​ជួយ​សម្រប​សម្រួល​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ ដោយ​មិនឱ្យ​កសិករ​ជាអ្នក​ជាប់ជំពាក់​បំណុល»៕

វីដេអូ៖