ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ចំនួន ២ រូប បាន​សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (ស៊ី​ភីភី​) ដែល​ការណ៍​នេះ អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ការ​ចេញចូល​ពី​គណបក្ស ១ ទៅ​គណបក្ស ១ គឺ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន ឬ​ទទួល​បាន​នូវ​លាភសក្ការៈ​អ្វីមួយ។​


​តាមរយៈ​លិខិត​ធ្វើ​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ប៉ុន្តែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី ២៧ វិច្ឆិកា លោក ​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក គបម និង​លោក​ ឡឹក សុធារ អគ្គលេខា​ធិការរង និង​ជាអ្នក​នាំពាក្យ គបម បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

​ក្នុង​លិខិត​បញ្ជាក់ថា ការចូល​រួមជាមួយ ស៊ី​ភីភី ដោយ​ឃើញ​នូវ​គោលនយោបាយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើ​វិស័យ​កសិកម្ម ដែល​បាន​ប្រកាស​ថ្មីៗ ក្នុង​នោះ​មាន​គោលនយោបាយ​លើក​កម្ពស់​ជីវភាព​កសិករ​ប្រកបដោយ​វិធានការ​ជាក់ស្តែង ដូចជា​គោលនយោបាយ​ផលិត​ពូជ​សម្រាប់​លក់​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ គោលនយោបាយ​កាត់បន្ថយ​ថ្លៃដើម​ផលិត គោលនយោបាយ​បង្កើន​ទុន​ដល់​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ និង​គោលនយោបាយ​ដោះស្រាយ​ទីផ្សារ​កសិផល​ជាដើម។

​លោក​ថា​៖« ​ខ្ញុំបាទ​មាន​ទំនុក​ចិត្ត​ថា ការដាក់ចេញ​នូវ​គោលនយោបាយ​ប្រាកដ​និយម​ថ្មី​នេះ នឹង​អាច​នាំមក​នូវ​ផ្លែផ្កា និង​ប្រយោជន៍​យ៉ាងពិត​ប្រាកដ​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​។ គោលនយោបាយ​ទាំងនេះ គឺ​ដូចគ្នា​ទៅនឹង​ចំណេះដឹង និង​ជំនាញ ឆន្ទៈ និង បទពិសោធន៍​ការងារ​លើ​វិស័យ​កសិកម្ម​របស់​ខ្ញុំ​កន្លងមក»។​


​ក្នុងន័យនេះ លោក​បាន​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​ស៊ី​ភីភី ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ទាំងនេះ​ឱ្យ​ជោគជ័យ និង​មាន​ផ្លែផ្កា ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ សន្តិសុខ​ស្បៀង បរិស្ថាន និង​សេដ្ឋកិច្ច​ជាតិ​។​


​ក្រៅពី​ស្នើ​សុំចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ យ៉ង សាំងកុមារ និង​លោក​ ឡឹក សុធារ ក៏បាន​ធ្វើលិខិត​ដាច់​ដោយឡែក គោរព​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំចូល​បម្រើការ​ជាមួយ រដ្ឋាភិបាល ក្នុង​វិស័យ​កសិកម្ម ជាពិសេស​វិស័យ​ស្រូវអង្ករ។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៧ វិច្ឆិកាថា គណបក្ស​ប្រជាជន​មិន​ដែល​មាន​គោលការណ៍​រារាំង​ការអនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទូទៅ​ទេ គឺ​បើកទ្វារ​ចំហ​ជានិច្ច ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​អ្នក​ដែល​មើល​ឃើញ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ល្អ ត្រឹមត្រូវ ហើយ​មាន​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន ដែល​មាន​ឧត្តម​គតិ​ដូចគ្នា។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា តាមរយៈ​លិខិត​នេះ​ហាក់ដូចជា​ចូល​ដោយ​ស្វ័យប្រវត្តិ​ហើយ ព្រោះ​នីតិវិធី​ទទួល​សមាជិក​ថ្មី ទោះ​មកពី​ប្រភព​ណា​ក៏ដោយ​មិន​មានការ​ស្មុគស្មាញ​នោះទេ»។​

​ពាក់ព័ន្ធ​ការស្នើសុំ​ធ្វើ​ការងារ​ទៅតាម​មុខជំនាញ លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​មនុស្ស​ទៅ​តាម​មុខជំនាញ​ទើប​មាន​ផលប្រយោជន៍ ហើយ​មិន​ចង្អៀត​ចង្អល់​ទេ ពោលគឺ ប្រសិនបើគាត់​មាន​ជំនាញ​កសិកម្ម គាត់​នឹង​ទៅ​ជួយ​ជំនាញ​កសិកម្ម។​

​លោក​ថ្លែងថា​៖ «​ក៏ប៉ុន្តែ​សុំ​បញ្ជាក់ថា អត់​មាន​ដាក់​លក្ខខណ្ឌ​ជាមួយ គណបក្ស​យើង​ទេ ស្នើសុំ​មក​ចូល​ហើយ អត់​មាន​សុំ​តួនាទី​នេះ តួនាទី​នោះទេ គឺ​សូមឱ្យ​អស់​លោក ដែល​ស្នើ​សុំចូល​ជីវភាព​នយោបាយ​មេត្តា​អធ្យាស្រ័យ ព្រោះ​គណបក្ស​ប្រជាជន​មិន​ទទួល​យក ការ​បង្ខិតបង្ខំ​ណាមួយ ឬ​លក្ខខណ្ឌ ណាមួយ​ពី​អ្នក​សុំចូល​នោះទេ»។

​លោក​ សុខ ឥសាន បន្ថែមថា មូលហេតុ​សមាជិក​បក្ស​ផ្សេងៗ​បន្ត​សុំចូល​ជាមួយ​ស៊ីភីភី ជា​បន្តបន្ទាប់ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ដឹកនាំ​ដោយ​ស៊ីភីភី បាន​គិតពី​ផលប្រយោជន៍​ប្រជាជន និង​ផលប្រយោជន៍​ជាតិ​ជាធំ។

​លោក​ថា​៖ «​មានតែ​ចំណុច ២ នោះទេ ចំណុច​ទី​១ ពាក្យចាស់​បុរាណ ទឹក​ត្រជាក់​ត្រីកុំ មានន័យ​ថា មក​ប្រមូល​ផ្តុំគ្នា​កើន​ឡើងៗ ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​មាន​រូប​សញ្ញា​ជា​ទេវតា​។ អ៊ីចឹង​ទេ វា​មិនមាន​ខ្មាំង​សត្រូវ​មក​ពីណា​ទេ គឺ​គ្រប់​ទិសទី​ទាំងអស់​ជា​មិត្តភក្តិ​របស់​ទេវតា​ទាំងអស់»។​

​អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ ឯម សុវណ្ណារ៉ា សង្កេត​ឃើញថា ការដើរ​ចេញ​ពី​បក្ស ១ ទៅ​បក្ស ១ ដោយសារ​បុគ្គល​នោះ​មើល​ឃើញ ពី​ឱកាស​និង​លទ្ធភាព ដែល​អាច​ទទួលបាន​ឋានៈ តំណែង ឬ​លាភ​សក្ការៈ​នៅ​ពេល​ចូលរួម​ជីវភាព​ជាមួយ​បក្ស​នោះ ដើម្បី​អាច​សម្រេច និង​បំពេញ​នូវ​ឆន្ទៈ​របស់ខ្លួន។

​លោក​ថ្លែងថា​៖ «​ហើយ​គណបក្ស​កាន់អំណាច គឺជា​គណបក្ស​ដែល​មាន​ឥទ្ធិពល និង​ទាក់ទាញ ដូច្នេះ​គេ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​។ អ៊ីចឹង គាត់​អាច​ងាក​មករក អត្ថប្រយោជន៍​ច្រើន​ជាង ដើម្បី​ជួយ បំពេញ​ការងារ​ខ្លួនឯង​ផង»។

​លោក​ថា​៖ «​ដូចជា​ករណី​មន្ត្រីគណបក្ស​ឆន្ទៈ​ខ្មែរ​មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ជាដើម បើសិន​ជា​គាត់​នៅ​គណបក្ស​ឆន្ទៈខ្មែរ គាត់​អត់​មាន​តំណែង​ទេ​។ ប៉ុន្តែបើ​គាត់​មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​គាត់​អាច​មាន​ឱកាស បាន​ឈរ​ធ្វើជា​តំណាងរាស្ត្រ»៕

វីដេអូ៖