គណបក្សភ្លើងទៀន កំពុងស្វែងរកការពិត ដែលថា សមាជិកបក្សខ្លួនចុះចូល CPP នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនអះអាងថា កំពុងស្វែងរកការពិតករណីមន្ត្រីគណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាចប្រកាសពីសមាជិកបក្សភ្លើងទៀនចុះចូលជាង ៦០០ នាក់។ ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមការងារ CPP នៅខេត្តបន្ទាយមានជ័យអះអាងថា បក្សកាន់អំណាចទើបតែបានទទួលសមាជិកបក្សភ្លើងទៀន ដោយសារបក្សរបស់ពួកគេគ្មានគោលនយោបាយច្បាស់លាស់។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បញ្ជាក់ថា ចំពោះដំណឹងដែលថា សមាជិកបក្សភ្លើងទៀនចូលបក្សប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យនោះ ខាងគណបក្សផ្ទាល់កំពុងស៊ើបសួរស្វែងរកការពិត និងបញ្ជាក់បន្ថែមដើម្បីបំភ្លឺជូនម្ចាស់ឆ្នោត។
លោកបញ្ជាក់ថា៖ «យើងកំពុងជជែកជាមួយខាងខេត្តសាមី ដើម្បីដឹងថា ដំណឹងនេះពិត ឬមិនពិត ហើយបើជាការពិត តើមានប៉ុន្មាននាក់ និងមានសមាសភាពអ្វីខ្លះ ហើយបើមិនពិតទេ តើវាយ៉ាងម៉េច ដែលខ្ញុំហើយខេត្តសាមីហ្នឹងកំពុងពិនិត្យមើល»។
លោក លី សុធារ៉ាយុត្តិ បន្ថែមថា៖ «ជាទូទៅ នៅមុនការបោះឆ្នោត តែងមានការឃោសនាស្រដៀងៗគ្នានេះជានិច្ចថា សមាជិកគណបក្សប្រឆាំងទៅចូលរួមជីវភាពនយោបាយនឹងគណបក្សនយោបាយណាមួយ។ ប៉ុន្តែភាគច្រើនគ្មានរឿងបែបនេះកើតឡើងឡើយ ដែលភាគច្រើនជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ»។
លោកបន្តថា គណបក្សភ្លើងទៀន មមាញឹកនឹងការកសាងភាពរឹងមាំរបស់បក្ស សម្រាប់ត្រៀមការបោះឆ្នោតជាតិ នៅខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដោយគ្មានពេលខ្វាយខ្វល់ច្រើនពីដំណឹងបែបនេះទេ។
កាលពីទី ២២ ខែមករា ឆ្នាំ២០២៣ លោកលី សាម៉េត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងថា មានសមាជិកមកពីគណបក្សភ្លើងទៀនចំនួន៦៧៥នាក់នៅខេត្តបន្ទាយមានជ័យ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅដើមខែមករានេះ។ លោកលី សាម៉េត អះអាងថា ដោយសារភាពឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបបន្ទន់ចិត្តឱ្យមនុស្ស៦៧៥នាក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោកលី សាម៉េត លើកឡើងថា៖«ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបរទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក»។
លោកក៏បានបញ្ជាក់ពីមូលហេតុ ដែលសមាជិកបក្សភ្លើងទៀនទាំងនោះ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញផងដែរ ដោយលោកថា ព្រោះពួកគេយល់ថា ក្រោមការដឹកនាំរបស់គណបក្សភ្លើងទៀន គឺគ្មានគោលជំហរនយោបាយច្បាស់លាស់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ដំណឹងនេះជារឿងពិត ហើយចំនួនសមាជិកគណបក្សភ្លើងទៀនចំនួន ៦៧៥នាក់ ជាចំនួនច្រើនដែលគេមិនអាចលាក់បាំងជិតឡើយ។
លោកសុខ ឥសាន បន្តថា៖«ការលើកឡើងពីអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន គ្រាន់តែជា[ការការពារ]មុខមាត់ប៉ុណ្ណោះ កុំឱ្យធ្លាក់ទៅក្នុងស្ថានការណ៍យ៉ាប់ពេក។ ប៉ុន្មានថ្ងៃនេះគឺមកច្រើន[អ្នកចូលរួមជីវភាពនយោបាយ] ថែមទាំងមានក្បាលម៉ាស៊ីនបក្សភ្លើងទៀននៅកំពង់ធំបានមកចូលដែរ ហើយមានគណៈចលនាខ្មែរអ៊ិស្លាមរបស់បក្សភ្លើងទៀនមកមួយគណៈតែម្តង»។
លោកឥសាន ថ្លែងថា៖«ពលរដ្ឋមានជំនឿលើគណបក្សទេវតា ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយល្អ ហើយបានសាងគុណសម្បត្តិ និងស្នាដៃជាច្រើនជូនជាតិមាតុភូមិកម្ពុជា ក្នុងកិច្ចការកសាងសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ»។
ជុំវិញបញ្ហានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកដំណឹងពីការចូលរួមជីវភាពនយោបាយ ជារឿងធម្មតា ដែលពលរដ្ឋមានសិទ្ធិផ្លាស់ប្តូរការចូលរួមជាមួយបក្សនយោបាយនានា ស្របតាមរដ្ឋធម្មនុញ្ញប្រទេស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែរឿងមិនធម្មតានោះនៅត្រង់សមាជិកបក្សភ្លើងទៀនជាបក្សប្រឆាំងទៅចូលរួមជាមួយបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចនៅចំមុនការបោះឆ្នោតជាតិ។
ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន លោកយង់ ពៅ លើកឡើងថា៖«ខ្ញុំមើលឃើញថា ស្ថានភាពនយោបាយសព្វថ្ងៃដូចជាមិនក្តៅគគុកណាស់ណាទេ វាគ្រាន់តែជាស្ថានការណ៍វិវឌ្ឍកើតឡើងមានពេលដដែលៗ នៅមុនការបោះឆ្នោត។ ម្យ៉ាងការបោះឆ្នោតលើកនេះ ជាការសំខាន់ក្នុងការជ្រើសរើសមេដឹកនាំប្រទេសផង ហើយវាជារឿងធម្មតាទេក្នុងសង្គមប្រជាធិបតេយ្យ សម្រាប់ការប្រកួតប្រជែងនយោបាយដែលមើលទៅហាក់ក្តៅគគុក» ។
បើតាមលោកយង់ ពៅ លោកមើលឃើញថា ភាពជាអ្នកដឹកនាំនយោបាយរបស់គណបក្សភ្លើងទៀន សព្វថ្ងៃមិនទាន់មានភាពលំនឹងនៅឡើយ ដែលអាចធ្វើឱ្យប៉ះពាល់សមាជិក និងអ្នកគាំទ្រខ្លួនអាចអស់ជំនឿ និងចាកចេញទៅស្វែងរកការជ្រកកោននយោបាយនៅទីថ្មី។
សម្រាប់លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ទោះបីជារដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់ពីសិទ្ធិចូលរួមជីវភាពនយោបាយរបស់ពលរដ្ឋក្តី ប៉ុន្តែនៅក្នុងសង្គមជាក់ស្តែង សកម្មភាពនៃការកៀរគរ និងការចុះចូលរបស់សមាជិកនៃបក្សមួយទៅមួយតែងប្រព្រឹត្តទៅនៅមុនការបោះឆ្នោតឈានមកដល់។ លោកថា នេះជារូបភាពបំបែក និងជារូបភាពបង្ហាញឥទ្ធិពលរបស់គណបក្សមួយទៅលើគណបក្សមួយផ្សេងទៀត។
លោកបញ្ជាក់ថា៖«ទោះបីជាដំណើរប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជា ចាប់ផ្តើមតាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ ក្តី ប៉ុន្តែនៅមុនការបោះឆ្នោតក្នុងអាណត្តិនីមួយៗ តែងតែមានការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ និងកម្តៅនយោបាយមានការកើនឡើងគួរឱ្យព្រួយបារម្ភជានិច្ច»។
បើតាមលោកប៉ា ច័ន្ទរឿន ក្នុងពេលបច្ចុប្បន្នមានការវិវឌ្ឍការប្រណាំងប្រជែងនយោបាយ ដោយប្តូរពីការប្រើអំពើហិង្សាលើគូប្រកួតនយោបាយនាអតីតកាល មកជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងច្បាប់វិញនៅមុនការបោះឆ្នោត ដើម្បីគាបសង្កត់គូប្រកួតនយោបាយ។ ជារួម លោកថា អ្នកនយោបាយកម្ពុជាមិនទាន់អាចវិវឌ្ឍខ្លួនមកធ្វើនយោបាយត្រឹមត្រូវតាមក្បួនប្រជាធិបតេយ្យសេរីពហុបក្សនៅឡើយទេ៕