ភ្នំពេញៈ ​ក្រសួង​សាធារណការ កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការសិក្សា​លើ​គម្រោង​លើក​កម្រិត​ផ្លូវ​រថ​​ភ្លើង​ភាគ​ខាងជើង ភ្នំពេញ​​ប៉ោយ​​ប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​​លឿន សម្រាប់​ដឹកជញ្ជូន​អ្នក​​ដំណើរ និង​ដឹកទំនិញ​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ដែល​គ្រោង​នឹង​ចំណាយ​ទឹក​​ប្រា​ក់ជាង​ ៤ ​ពាន់​លាន​ដុល្លារ​។​


​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ​២៣ ខែមករា ឆ្នាំ ​២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​លទ្ធផល​បឋម​នៃ​ការ​ សិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាង​​ជើង ភ្នំពេញ​​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​សិក្សា​ដោយ CRBC ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ពី​ចម្ងាយ​ជា​​មួយក្រុម​ការងារ​ជំនាញ​នៃ​ក្រុម​​ហ៊ុន CRBC​។​

​តំណាង​ក្រុមហ៊ុន CRBC បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​ដែល​បាន​សិក្សា មក​បង្ហាញ​រួមមាន​ដូចជា ទិដ្ឋភាព​ទូទៅ​នៃ​គម្រោង​, ការវិភាគ​លើ​ទំហំ​សេដ្ឋកិច្ច និង​ទំហំ​ចរាចរណ៍​, ផែនការ​នៃ​ការ​​សាងសង់​, ស្តង់ដា​បច្ចេកទេស​គោល​នៃ​ខ្សែ​ផ្លូវដែក​, ការរៀបចំ​ការដឹកជញ្ជូន​រយៈពេល​នៃ​ការ​​សាងសង់ និង​ការវិនិយោគ​សរុប​, ការវាយតម្លៃ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​ការបញ្ជាក់​អំពី​បញ្ហាសំខាន់ៗ​មួយចំនួន​។​

​តាមរយៈ​ការសិក្សា​បឋម​នេះ តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់ថា គម្រោង​នេះ មាន​ប្រវែង​ស​​រុ​បប្រមាណ ៣៨២ គ​.​ម ត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជាង ៤​ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រួម​​បញ្ចូល​ទាំង​ក្បាល និង​ទូរថភ្លើង​សម្រាប់​ដំណើរការ និង​ប្រើ​រយៈ​​ពេល​សាងសង់​ប្រមាណ ៤​ ឆ្នាំ​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ខ្នាត​ទទឹង​ប្រវែង ១ ៤៣៥ ម​ម ល្បឿន​សម្រាប់​ធ្វើចរាចរ​ណ៍​គឺ ១៦០​ គ​.​ម​/​ម៉ និង​មាន​ស្ថានីយ​សរុប​ចំនួន​ ៣៣ សម្រាប់​ដំណើរ​​ការ (​ស្ថានីយ​ចំនួន​ ១៩ ក្នុង​ផែនការ​រយៈពេល​ខ្លី និង​គ្រោង​បន្ថែមចំនួន​ ១៤ ​ទៀត ក្នុង​ផែនការ​រយៈពេល​វែង​)​។


​ក្នុងនោះដែរ ខ្សែ​រថភ្លើង​ត្រូវ​បំពាក់​ប្រភេទ​ក្បាលរថភ្លើង ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដោយមាន​ការសាងសង់​ផ្លូវអាកាស​រំលង​កាត់​ទទឹងផ្លូវ​ប្រមាណ​ជាង ៣០០​កន្លែង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់ចំណុច​ប្រសព្វ​ជា​​មួយ​ផ្លូវថ្នល់ និង​មាន​បែងចែក​ដាច់ពីគ្នា រវាង​ស្ថានីយ​អ្នកដំណើរ និង​ស្ថានីយ​លើកដាក់​ទំនិញ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (១ ​នៅ​ស្ថានីយ​ភ្នំពេញ​សម្រាប់​អ្នកដំណើរ និង ​១ ​ទៀត​នៅ​ស្ថា​ នី​យ​សំរោង​សម្រាប់​លើកដាក់ទំនិញ​)​។ ក្រោយពី​ទទួល​ព័ត៌មាន​នេះ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោង​នឹង​លើកយក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​បានជា​មូលដ្ឋាន​សម្រាប់​ជំនួប​ពិភាក្សា​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៣០ មករា ឆ្នាំ ​២០២៣​។


​លោក​បាន​បញ្ជាក់ថា​៖ «​ជំនួប​ពិភាក្សា​នេះដែរ គឺ​នឹង​ធ្វើឡើង ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព និង​លក្ខខណ្ឌ​នៃ​ការអនុវត្ត​គម្រោង ព្រមទាំង​ស្នើសុំ​អនុសាសន៍​ណែ​​នាំ​បន្ថែមទៀត ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​នៃ​ការសិក្សា​នេះ​មាន​លក្ខណៈ​លម្អិត និង​សព្វ​ជ្រុង​​ជ្រោយ សំដៅ​ឆ្ពោះទៅ​ការ​អនុ​​វត្ត​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ក្នុងពេល​អ​នា​​គ​ត​ឆាប់ៗ​»​។​

​លោក​បន្ថែមថា ការសិក្សា​នេះ ក៏​ដើម្បីឱ្យ​ស្របទៅតាម​ស្មារតី​សម័យប្រជុំ​ពេញអង្គ​គណៈ​រដ្ឋ​​មន្ត្រី ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ​១៣ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ ដែល​រាជរដ្ឋាភិបាល ជំ​រុញឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ និង​ក្រសួង​សាធារណការ សហការគ្នា​ព​ន្លឿ​ន​ការសិក្សា​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​​-ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ដើម្បី​បម្រើឱ្យ​វិស័យ​ដឹក​​ជញ្ជូន​កាន់តែ​សម្បូរបែប ជំរុញ​កំណើនសេដ្ឋកិច្ច​​សង្គមជាតិ ឱ្យ​កាន់តែ​រីកចម្រើន ជាពិសេស​គឺ​តាម​បណ្តា​ខេត្ត​និង​ក្រុង​នានា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង គឺជា​មធ្យោបាយ​មួយ​ដែលមាន​សក្តានុពល​ខ្លាំងណាស់ សម្រាប់​វិស័យ​ដឹកជញ្ជូន មិន​ត្រឹមតែ​សម្រាប់​ដឹក​អ្នកដំណើរ​ប៉ុណ្ណោះ​ទេ តែ​ការដឹកជញ្ជូន​ទំនិញ​ចំណេញ​ច្រើន​បន្ទាប់ពី​ការដឹកជញ្ជូន​ផ្លូវ​ដឹក​។​

​លោក​បញ្ជាក់បាន​បន្ថែម​ថា​៖ «​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត មាននៅ​ក្នុង​គម្រោង​មេ​របស់​ក្រសួង​ទៅហើយ​។ ការ​​ជំរុញ​ឱ្យ​ព​ន្លឿ​ន​លើ​ការសិក្សាគម្រោង​នេះ​បន្ថែម ពី​រាជរដ្ឋាភិបាល ជា​ដំណឹង​ល្អ​ខ្លាំងណាស់ សម្រាប់​វិស័យ​ឯកជន​។ ខាង​វិស័យ​ដឹកជញ្ជូន​យើង​ក៏​រំពឹងថា គម្រោង​នេះ​នឹង​ចេញ​ជា​រូបរាង​ឆាប់ៗ​នេះដែរ ដើម្បី​បម្រើ​ដល់​ការដឹកជញ្ជូន​ប្រកបដោយ​ភាពងាយស្រួល​ ១ កម្រិត​ទៀត​»​។​

​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន នេះ​គឺជា​គម្រោង​ដែល​ផ្តោត​ចម្បង​លើ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ក៏ដូចជា​ការដឹកជញ្ជូន​អ្នក​​ដំណើរ​និង​ទំនិញ​តាម​ខ្សែបណ្ដោយ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ផងដែរ​៕

វីដេអូ៖